ក្រុមមន្ត្រីយោធាខេត្តបន្ទាយមានជ័យបានដកមេបញ្ជាការកងអនុសេនាតូចម្នាក់ចេញពីតួនាទីពាក់ព័ន្ធការរកស៊ីឈើ បន្ទាប់ពីគាត់បានគេចពីការឃាត់ខ្លួនដោយទាហានមួយក្រុមកាលពីដើមសប្ដាហ៍នេះ ប៉ុន្តែ គេនៅមិនទាន់ច្បាស់ថា តើគាត់នឹងត្រូវបណ្តេញចេញ ឬត្រូវផ្ដន្ទាទោសឡើយ។
លោក ភោគ សម្បត្តិ មេបញ្ជាការរងយោធានៅក្នុងខេត្តនេះបានមានប្រសាសន៍ថា លោក ព្រំ ប៊ុននឿន ដែលជាមេបញ្ជាការកងអនុសេនាតូច ត្រូវគេសង្ស័យថា បានរកស៊ីឈើខុសច្បាប់ ហើយត្រូវបានដកចេញពីតួនាទីកាលពីថ្ងៃអង្គារ។
លោក សម្បត្តិ បានមានប្រសាសន៍ថា “លោក ប៊ុននឿន ត្រូវបានដកចេញពីតួនាទីនៅទីបញ្ជាការដ្ឋានយោធាខេត្តកាលពីថ្ងៃអង្គារ ហើយយើងបានដំឡើងតួនាទីមេបញ្ជាការរងរបស់លោកឲ្យធ្វើជាមេបញ្ជាការស្តីទីដោយសារលោក ប៊ុននឿន ជាប់ពាក់ព័ន្ធនឹងការរកស៊ីឈើ”។
លោកបានមានប្រសាសន៍ ថា ឈើទាំងនេះត្រូវបានរក្សាទុកនៅបន្ទាយ ប៉ុន្តែ បានបដិសេធមិនប្រាប់ពីប្រភេទឈ្មោះឈើ ឬថាតើឈើនោះមានតម្លៃប៉ុន្មានឡើយ។ លោក សម្បត្តិ បានមានប្រសាសន៍ថា លោកមិនដឹងថា តើជនសង្ស័យរូបនេះត្រូវបានដកចេញពីតួនាទីជាអចិន្ត្រៃយ៍ ឬយ៉ាងណាឡើយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនប្រាកដថា តើលោក ប៊ុននឿន ត្រូវបានដកចេញពីតួនាទីរបស់លោករហូតឬយ៉ាងណាឡើយ ពីព្រោះនេះជាសេចក្តីសម្រេចរបស់ថ្នាក់លើ”។
លោក ផ្លុន តារា មេបញ្ជាការយោធាប្រចាំខេត្តនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
លោក ណៃ ពៅ មេឃុំគោករមៀត ក្នុងស្រុកថ្មពួក បានមានប្រសាសន៍ថា លោកបានឃើញទាហានក្នុងមូលដ្ឋានព្យាយាមឃាត់ដែរ តែមិនអាចឃាត់រថយន្តរបស់លោក ប៊ុននឿន បានទេកាលពីយប់ថ្ងៃច័ន្ទ ខណៈដែលលោកបានបើករថយន្តទៅបន្ទាយកងអនុសេនាតូច ដោយបើកគេចពីការបិទផ្លូវជាច្រើនកន្លែង។
លោកបានមានប្រសាសន៍ថា “បុរសរូបនេះ បានបើករថយន្តម៉ាក តូយ៉ូតា ហាយឡិនឌ័រ ហើយបានព្យាយាមបុកមន្ត្រីយោធាមួយក្រុមនៅពេលដែលពួកគេព្យាយាមឃាត់រថយន្តរបស់លោកមិនឲ្យបើកចូលក្នុងបន្ទាយយោធា”។
អង្គការសិទ្ធិមនុស្សអាដហុកបានលើកឡើងថា លោក ប៊ុននឿន គឺជាអ្នករកស៊ីឈើដ៏ល្បីឈ្មោះនៅក្នុងតំបន់នេះ។
លោក ស៊ុម ចាន់គា អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សប្រចាំខេត្តនេះបានមានប្រសាសន៍ថា “យើងដឹងថា បុរសរូបនេះរកស៊ីឈើជាយូរមកហើយ ប៉ុន្តែ គ្មានអាជ្ញាធរមូលដ្ឋានណាហ៊ានចាត់វិធានការឡើយ”។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា មេបញ្ជាការកងអនុសេនាតូចរូបនេះ គួរត្រូវបណ្តេញចេញ ឬផ្តន្ទាទោសប្រសិនបើមានភ័ស្តុតាងរឹងមាំ ដើម្បីធ្វើឲ្យអ្នកផ្សេងទៀតខ្លាចរអា។
លោកបានមានប្រសាសន៍ថា “យើងស្វាគមន៍ការព្យួរតួនាទីនេហដើម្បីបើកការសើុបអង្កេត។ ប្រសិនបើការសើុបអង្កេតរកឃើញថា គាត់មានពិរុទ្ធភាពមែននោះ គេត្រូវបញ្ជូនគាត់ទៅតុលាការតាមផ្លូវច្បាប់។ បើមិនដូច្នោះទេ អ្នកផ្សេងទៀតនឹងមិនគោរពច្បាប់ឡើយ”៕សារុន