26 C
Phnom Penh

ក្រសួង​អប់រំ​ចេញការ​ព្រមានចុងក្រោយ​ចំពោះ​ការ​លួច​ចម្លងនៅ​​មុនពេល​ប្រឡង​បាក់ឌុប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហង់ ជួន ណារ៉ុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អប់​​​រំ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​មាន​​​ជំនឿ​​​ថា ការ​​​ប្រឡងសញ្ញាបត្រ​​​មធ្យម​​​សិក្សា​​​ទុតិយភូមិ​​​ឆ្នាំ​​​២០១៤​​​ដែល​​​នឹង​ចាប់​​​ផ្តើម​​​នៅ​​​ថ្ងៃ​​​ច័ន្ទ និង​​​​​​ជា​​​ការ​​​ចាត់​​​វិធាន​​​ការ​​​ម៉ឺងម៉ាត់​ដើម្បី​​​លុប​​​បំបាត់​​​ការ​​​លួចចម្លង​​​នោះ​​​ អាច​​​​​​ផ្ត​ល់​​​​​ចំណេះ​​​ដឹង​​​ពិត​​​ប្រាកដដល់​កូនខ្មែរដើម្បី​ឲ្យ​ពួកគេមាន​សមត្ថភាពក្នុងការ “ជួសជុល​ប្រាសាទ​អង្គរ​”​​។

ថ្លែង​​​ទៅ​​​កាន់​​​មន្ត្រី​​​អប់​​​រំ​​​ជាង​​​៥០០​​​នាក់​​​ ដែល​​​បាន​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​វិទ្យា​​​ស្ថាន​​​ជាតិ​​​អប់​​​រំ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ជា​​​ថ្មី​​​ម្តង​​​ទៀត​​​លោក ណារ៉ុន បាន​​​ព្រមាន​​​ដល់សិស្ស​​​ គ្រូ និង​​​អនុរក្ស​​​ថា អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ដ៏​​​មាន​​​អំណាច​​​ នឹង​​​ឃ្លាំ​​​មើល​​​ការ​​​ប្រឡង​​​នៅ​​​តាម​​​មណ្ឌល​​​ប្រឡង​​​ចំនួន​១៥៤​​​​​​មណ្ឌល​​​ទូ​​​ទាំង​​​ប្រទេស​​​ដោយ​​​មាន​​​សិទ្ធិ​​​ដាក់​​​ទោស​​​តាម​​​ច្បាប់​​​​​​ចំពោះ​​​ការ​​​លួច​​​ចម្លង​​​។

លោក ណារ៉ុន បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​អំពើ​​​ពុក​​​រលួយ​​​ដែល​​​បាន​​​ញាំញី​​​ការ​​​ប្រឡង​​​ថ្នាក់​​​ជាតិ​​​ជា​​​យូ​​​រ​​​មក​​​ហើយ​​​ថា “នៅ​​​ឆ្នាំ​​​មុនៗ​​​មាន​​​ពាក្យ​​​ចចាម​​​អារា៉ម​​​ថា មាន​​​គ្រូ​​​ពួន​​​ក្នុង​​​បរិវេណ​​​សាលា​​​ដើម្បី​​​​​ផ្តល់​​​ក្រដាស​​​ចម្លើយ​​​។ប៉ុន្តែ នៅ​​​ឆ្នាំ​​​នេះ​​​គឺតឹង​​​រឹុង​បំផុត​​”។

លោក ណារ៉ុន បាន​​​និយាយ​​​អំពី​​​ការ​​​ប្រឡង​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ថា ជា​​​កត្តា​​​​​​តែ​​​មួយ​​​គត់​​​ដើម្បី​កំណត់​សមត្ថភាព​របស់​សិស្ស​ក្នុង​ការ​ចូល​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​ បន្ទាប់ពី​ច្រើន​ឆ្នាំ​មក​នេះ​សិស្ស​ប្រឡង​ជាប់​ថ្នាក់​ទី១២ ដែល​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ចូល​សិក្សា​នៅ​សាកល​វិទ្យាល័យ​ ដោយ​ជ្រើស​រើស​ជំនាញ​ និង​ចំណេះ​ដឹង​ដែល​មិន​ស័ក្តិសម​នឹង​សមត្ថភាព​របស់​ពួកគេ​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អនុរក្ស​​​ជាង​​​២.៦០០​​​នាក់​​​នឹង​​​ត្រូ​​​វ​​​ដាក់​​​ពង្រាយឲ្យឃ្លាំ​​​មើល​​​សិស្សដែល​​​ចូល​​​រួម​​​ប្រឡងចំនួន​៩៣.៤៥៦​​​នាក់​​​ ដែល​​​លោក​​​លើក​​​ឡើង​​​ថា នឹង​​​ចំណាយ​​​ប្រាក់​​​រហូត​​​ដល់​​​៤​​​លាន​​ដុល្លារ​​​​ ដើម្បី​​​លើក​​​កម្ពស់​​​គុណភាព​​​សិក្សា​​​នៅ​​​ទូទាំង​​​ប្រទេស​​​។

លោក ណារ៉ុន បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​ការ​​​ប្រឡង​​​នៅ​​​ឆ្នាំ​​​នេះ​​​មិន​​​តឹង​​​រឹុង​​​ទេ​​​នោះ​​​ នឹង​​​មាន​​​​​​ការ​​​បាត់​​​បង់​​​ទំនុក​​​ចិត្ត​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​។ អ្វី​​​ដែល​​​យើង​​​កំពុង​​​ធ្វើ​​​គឺ​​​មិន​​​ត្រឹម​​​តែ​​​ដាក់​​​ទណ្ឌ​​​កម្ម​​​ទេ ប៉ុន្តែ យើង​​​ត្រូ​វ​​​ការ​​​គុណ​​​ភាព​​​អប់​​​រំ​​​”។

លោក ឱម យ៉ិន​​​ទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​ចូល​​​រួម​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា អ្នក​​​​​​សង្កេត​​​ការណ៍​​​ស្ម័គ្រ​​​ចិត្ត​​​ និង​​​អ្នក​​​សើុប​​​​​​អង្កេត​​​មក​​​ពី​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​ជាង​​​៣.០០០​​​នាក់​​​នឹង​​​ត្រូវ​​​ដាក់​​​ពង្រាយឲ្យ​​​ឃ្លាំ​​​មើល​​​ការ​​​ប្រឡង​​​ ហើយ​​​ថា ពួក​​​គេ​​​នឹង​​​ធ្វើ​​​​​​ពាក្យ​​​បណ្តឹង​​​​​​ផ្លូវ​​​ការ​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​បាន​​​ឃើញ ការ​​​សូក​​​ប៉ាន់ ឬ​​​ការ​​​​​​លួច​​​ចម្លង​​​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​មាន​​​ប្រសាសន៍​​ថា អ្នក​​​សង្កេត​​​ការណ៍ និង​​​​​​អ្នក​​​សើុប​​​អង្កេត​​​ទាំង​​​នេះ​​​នឹ​ងមិន​​​ចូលក្នុង​​​​បន្ទប់​​​ប្រឡងចំនួន​​​​៣.៧៧៩​​​បន្ទប់​​​ឡើយ​​​។

លោក ឱម យ៉ិន​​​ទៀង បាន​​​មាន​​​ប្រសាសន៍​​​ថា “គោល​​​បំណង​​​សំខាន់​​​​​​របស់អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​​​​រលួយ គឺ​​​យើង​​​មិន​​​ចង់​​​ឃើញ​​​គ្រូ​​​ៗរំលោភ​​​អំណាច​​​របស់​​​ខ្លួន​​​​​​ឡើយ​​​៕​​​សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស