លោក ជាម យៀប តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា កាលពីថ្ងៃសុក្រ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ញើជូនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នូវសេចក្តីព្រាងវិសោធនកម្មរបស់គណបក្សប្រជាជនកម្ពុជា ចំពោះរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោត ដែលមិនមានការលើកឡើងអំពីអភ័យឯកសិទ្ធិសម្រាប់សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)ថ្មី។
សេចក្តីព្រាងថ្មីនេះធ្វើឡើងក្នុងថ្ងៃតែមួយដែលសាលាដំបូងរាជធានីភ្នំពេញបានកោះហៅតំណាងរាស្ត្រជាប់ឆ្នោតចំនួនប្រាំបីរូបមកពីគណបក្សសង្គ្រោះជាតិ ដើម្បីសាកសួរជុំវិញការពាក់ព័ន្ធរបស់ពួកគាត់នៅក្នុងការតវ៉ាមួយដឹកនាំដោយគណបក្សប្រឆាំងនៅឯទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ដែលអំឡុងពេលនោះសន្តិសុខខណ្ឌរាប់សិបនាក់ បានរងការវាយដំ និងរបួស។
សេចក្តីព្រាងរបស់គណបក្សប្រជាជនកម្ពុជានេះត្រូវបានបញ្ចេញមួយថ្ងៃបន្ទាប់ពីលោក សម រង្ស៊ី បានគេចវេះពីក្រុមការងារចម្រុះរបស់គណបក្សទាំងពីរ ដែលត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាសេចក្តីលម្អិតនៃកិច្ចព្រមព្រៀងមួយធ្វើឡើងកាលពីសប្តាហ៍មុន ដែលបានបញ្ចប់ការធ្វើពហិការមិនចូលសភារបស់គណបក្សប្រឆាំង ហើយលោកបែរជាផ្ញើសេចក្ដីព្រាងនៃជំពូករដ្ឋធម្មនុញ្ញថ្មីមួយទៅ លោក ស ខេង។
លោក ជាម យៀប បានមានប្រសាសន៍ថា សេចក្ដីព្រាងរបស់គណបក្សទាំងពីរ គឺ “ដូចគ្នាប្រហែល៨៥ភាគរយ”។
ទាំងសេចក្ដីព្រាងរបស់គណបក្សប្រជាជនកម្ពុជា និងសេចក្ដីព្រាងរបស់គណបក្សសង្គ្រោះជាតិមានបទប្បញ្ញត្តិ ដែលចែងថា ស្ថាប័នរៀបចំការបោះឆ្នោតថ្មីនេះនឹងមានស្វ័យភាពហិរញ្ញវត្ថុ ប៉ុន្តែ សំណើតែមួយគត់របស់គណបក្សសង្គ្រោះជាតិលើកឡើងថា សមាជិក គ.ជ.ប.ដែលមានសមាជិកបួនរូបមកពីគណបក្សនីមួយៗ និងប្រធានឯករាជ្យទី៩ គួរទទួលបានអភ័យឯកសិទ្ធិគេចផុតពីការផ្តន្ទាទោស។
លោក ជាម យៀប បានមានប្រសាសន៍តាមទូរស័ព្ទថា “ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាដឹងនាំដោយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង ជាមួយអ្នកជំនាញខាងច្បាប់ប្រហែល៣០រូប បានសម្រេចមិនយល់ព្រមផ្តល់អភ័យឯកសិទ្ធិឲ្យសមាជិករដ្ឋសភា [ ដែលនឹងក្លាយជាសមាជិកនៃស្ថាប័នរៀបចំការបោះឆ្នោតថ្មី] ទេ”។
លោក ជាម យៀប បានមានប្រសាសន៍បន្ថែមទៀតថា “អ្នកជំនាញខាងច្បាប់របស់យើងបានសិក្សាលម្អិតអំពីច្បាប់ជាធរមាន ច្បាប់អន្តរជាតិ និងច្បាប់ខុំមិនឡ (ប្រព័ន្ធច្បាប់មានប្រភពពីប្រទេសអង់គ្លេស) ទាំងអស់ ហើយយើងបានរកឃើញថា មានតែអភ័យឯកសិទ្ធិពីរប្រភេទប៉ុណ្ណោះ ទី១ អភ័យឯកសិទ្ធិផ្តល់ឲ្យសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ ដែលមានន័យថា សភា ឬព្រឹទ្ធសភា ហើយទី២គឺអភ័យឯកសិទ្ធិការទូត ដែលចេញឲ្យសម្រាប់តែឯកអគ្គរាជទូតប៉ុណ្ណោះ។ ដូច្នេះគណបក្សប្រជាជនកម្ពុជាមិនអាចទទួលយក និងយល់ព្រមតាមសំណើសុំឲ្យផ្ដល់អភ័យឯកសិទ្ធិដល់សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទេ ដោយផ្អែកលើគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ”។
លោក សម រង្ស៊ី បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកសង្ឃឹមថា លោក និងតំណាងរាស្ត្រជាប់ឆ្នោត៥៤រូបទៀតអាចស្បថចូលកាន់មុខតំណែងក្នុងរដ្ឋសភានៅសប្ដាហ៍ក្រោយ។ នៅពេលបញ្ចេញសេចក្ដីព្រាងទាំងពីរនេះ ក្រុមការងារមួយ ដែលទទួលបន្ទុកធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតបានធ្វើការចរចាកាលពីរសៀលថ្ងៃសុក្រ។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូ ត្រូវបានគណបក្សទាំងពីរជ្រើសរើសនៅសប្តាហ៍នេះឲ្យធ្វើជាសមាជិកឯករាជ្យទី៩នៃស្ថាប័នរៀបចំការបោះឆ្នោតថ្មីនេះ។ លក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌចំនួនបី ដែលលោកស្រីបានមានប្រសាសន៍ថា មានសារៈសំខាន់ចំពោះលោកស្រីទទួលមុខតំណែងនេះគឺថា សមាជិកគ.ជ.ប.ត្រូវមានអភ័យឯកសិទ្ធិ។ លោកស្រី ពុង ឈីវកេក មិនបានឆ្លើយតបនឹងសំណើសុំការឆ្លើយបំភ្លឺទេកាលពីថ្ងៃសុក្រ។
លោក គល់ បញ្ញា ជាសមាជិកមួយរូបនៃសម្ព័ន្ធកំណែទម្រង់បោះឆ្នោត (ERA) និងជានាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានមានប្រសាសន៍ថា អភ័យឯកសិទ្ធិនឹងធានាថា មន្ត្រីបោះឆ្នោតអាចធ្វើការបានដោយគ្មានអារម្មណ៍ភ័យខ្លាចចំពោះការបំភិតបំភ័យ។
លោកមានប្រសាសន៍បន្តថា “ខ្ញុំគិតថាក្នុងប្រទេសមួយចំនួន ដូចជាប្រទេសថៃជាដើម ពួកគេផ្តល់សិទ្ធិអំណាចដល់ប្រធាន គ.ជ.ប. ។ ពួកគេមានអំណាចធានាឲ្យមានអភ័យឯកសិទ្ធិសម្រាប់ពួកគេ។ [គណបក្សសង្គ្រោះជាតិ] មានការព្រួយបារម្ភថា អ្នកដែលមានអំណាចអាចប្រើប្រាស់ស្ថាប័នទាំងអស់របស់រដ្ឋ ដើម្បីគំរាមកំហែងសមាជិករបស់ គ.ជ.ប. នៅពេលពួកគាត់បំពេញការងាររបស់ខ្លួន”។
សម្ព័ន្ធកំណែទម្រង់បោះឆ្នោតបានផ្តល់អនុសាសន៍ឲ្យស្ថាប័នរៀបចំការបោះឆ្នោតថ្មីនេះមានសមាជិកឯករាជ្យទាំងអស់។ ពេលនេះគេមិនទាន់ដឹងថា តើអ្នកណាខ្លះទៀតមកពីគណបក្សនីមួយៗ នឹងបំពេញមុខតំណែងចំនួនប្រាំបីផ្សេងទៀតនៅឡើយទេ ប៉ុន្តែ ការកោះហៅរបស់តុលាការកាលពីថ្ងៃសុក្រ បានធ្វើឲ្យមានមន្ទិលជុំវិញបញ្ហាអភ័យឯកសិទ្ធិសម្រាប់អ្នកនយោបាយ ដែលមិនទាន់ទទួលយកអាសនៈរបស់ខ្លួនជាផ្លូវការ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា “មនុស្សប្រាំបីនាក់ត្រូវបានកោះហៅ រួមទាំងលោក កឹម សុខា ផង។ [តំណាងរាស្ត្រ] ប្រាំពីររូបដែលត្រូវបានដាក់ពន្ធនាគារ ហើយបន្ទាប់មកគឺលោក កឹម សុខា”។
កញ្ញា កឹម មនោវិទ្យា អគ្គនាយករងទទួលបន្ទុកកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ បានចាត់ទុកការកោះហៅទាំងនេះថា ជា “ការគំរាមកំហែងផ្នែកនយោបាយ” ។ កញ្ញា បានលើកឡើងទៀតថា “តុលាការគឺគ្រាន់តែជាឧបករណ៍របស់គណបក្សកាន់អំណាចប៉ុណ្ណោះ ដែលខុសតាំងពីដំបូងដោយសារការចោទប្រកាន់មកលើតំណាងរាស្ត្រជាប់ឆ្នោត និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ”។
លោកស្រី មូរ សុខហួរ ជាតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ ដែលបានជាប់ឃុំនៅមន្ទីរអប់រំកែប្រែទី២នៃពន្ធនាគារព្រៃស អស់រយៈពេលមួយសប្តាហ៍ ក្រោយពីលោកស្រីត្រូវចាប់ខ្លួន បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា មេធាវីរបស់លោកស្រីត្រូវគេបដិសេធមិនឲ្យទទួលសំណុំរឿងរបស់លោកស្រីឡើយ។
លោកស្រីបានមានប្រសាសន៍ទៀតថា “ពេលនេះខ្ញុំត្រូវតុលាការកោះហៅនៅថ្ងៃទី១១ ប៉ុន្តែ តើមេធាវីរបស់ខ្ញុំអាចការពារខ្ញុំដោយគ្មានសំណុំរឿងរបស់ខ្ញុំម៉េចនឹងបាន…? ខ្ញុំនឹងទៅតុលាការ ពីព្រោះខ្ញុំគិតថា ពួកគេកំពុងព្យាយាមអនុវត្តនីតិវិធី ប៉ុន្តែ ពួកគេបានល្មើសនីតិវិធីតាមរយៈការឃំុខ្លួនខ្ញុំ ចោទប្រកាន់ខ្ញុំក្នុងនាមខ្ញុំជាសមាជិកសភា។ ប៉ុន្តែ ខ្ញុំនឹងកំដរលេងហ្គេមនេះ”៕សុខុម