30 C
Phnom Penh

មេដឹកនាំយុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​បីរូប​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ ខណៈ​កិច្ច​ព្រម​ព្រៀង​ជិត​ចប់​សព្វគ្រប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយ​ថ្ងៃ​បន្ទាប់ពី​អាជ្ញាធរ​ចាប់​មេដឹកនាំ​យុវជន​គណបក្ស​ប្រឆាំង​ចំនួន​បីនាក់​ដាក់​ពន្ធនាគារ​​ពីបទចោទ​ដែល​ហាក​់​បី​ដូច​ជា​មិន​សម​ហេតុ​ផល​ពាក់ព័ន្ធ​នឹង​កុបកម្ម​ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា កិច្ច​ពិភាក្សា​ចុង​ក្រោយ​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​ទាក់ទិននឹង​សេចក្ដី​លម្អិត​នៃ​កិច្ច​ព្រម​ព្រៀង​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា រវាង​គណបក្ស​ទាំង​ពីរ​ឥឡូវ​នេះអាច “​ចាត់​ទុក​ថា​ចប់​សព្វ​គ្រប់​ហើយ​”។

កាលពី​ព្រឹក​ថ្ងៃសៅរ៍ នគរ​បាល​រាជ​ធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​ ឃិន ជំរឿន អាយុ​៣២​ឆ្នាំ ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​​​រាជ​ធានីភ្នំពេញ ហើយ​បាន​បញ្ជូន​​គាត់​ទៅ​សាលា​ដំបូង​ដើម្បី​សាក​សួរ​ពាក់ព័ន្ធ​នឹង​ការ​ប៉ះទង្គិច​គ្នា​តាម​ផ្លូវ​ ដែល​កើត​ឡើង​នៅ​កន្លែង​តវ៉ា​របស់​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​។

នាង​ សុឃុន អាយុ​២៨​ឆ្នាំ ជា​ហេរញ្ញិក​​​​ចលនាយុវជន​គណបក្ស​សង្គ្រោះ​ជាតិ​​ខណ្ឌ​ច្បារអំពៅ​ និង​​ សាន គឹមហេង អាយុ​២៨​ឆ្នាំ ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​​​ខណ្ឌ​ទួលគោក​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​រសៀល​ ហើយ​បន្ទាប់​មក​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​។ មេដឹកនាំ​យុវជន​ទាំង​បី​បន្ទាប់​មក​ត្រូវ​បាន​ចោទ​ប្រកាន់​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស។

លោក កែវ មុនី ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​កាល​ពីខែ​មុន​បាន​ចោទ​ប្រកាន់​សមាជិកសភា​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ប្រាំពីរ​រូប និង​មន្ត្រី​ម្នាក់​នៅ​ក្នុង​បក្ស​នេះ​ពី​បទ​ដឹកនាំ​ចលនា​កុបកម្ម​​ អំឡុង​ការ​តវា៉​កាលពី​ថ្ងៃ​ទី១៥ ខែ​កក្កដា បាន​បញ្ជាក់​ថា មេដឹកនាំ​យុវជន​ទាំង​បី​នាក់​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ករណី​ដូច​គ្នា​នេះ​ដែរ​។

ចៅក្រម​ មុនី ដែល​បដិសេធ​មិន​និយាយ​បន្ថែម​បាន​មាន​ប្រសាសន៍​ថា ” មេដឹកនាំ​យុវជន​ទាំង​បីនាក់​នេះ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចូលរួម​ចលនា​កុបកម្ម​”។

លោក សំ សុគង់ មេធាវី​តំណាង​មេដឹកនាំ​យុវជន​ទាំង​បី​នាក់​នេះ​បាន​លើក​ឡើង​ថា តាម​ពិត​ទៅ​ពួក​គេ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ចោទ​ចំនួន​បី។

លោក​បាន​មាន​ប្រសាសន៍​ថា “មេដឹកនាំ​យុវជន​ទាំង​បី​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចោទ​ចំនួន​បី​ ដូច​ជា ចូលរួម​នៅ​ក្នុង​ចលនា​កុបកម្ម​ ប្រឆាំង​អាជ្ញាធរ​សាធារណៈ និង​បង្ក​របួស​ស្នាម​ដោយ​ចេតនា​តាម​មាត្រា​៤៥៦​​ ៤៥៧​ ៥០៤ និង​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ”។ លោក​បាន​បន្ថែម​ថា យើង​នឹង​ស្នើ​សុំ​ឲ្យ​តុលាការ​ដោះ​លែង​​​ពួកគេ​ឲ្យ​នៅ​​ក្រៅ​ឃុំជា​បណ្ដោះ​អាសន្ន​​ក្នុង​ថ្ងៃ​នេះ។

អ្នកស្រី​ ឡេង កល្យាន អាយុ​៣៤​ឆ្នាំ​ ជា​ប្រពន្ធ​របស់​លោក​ ជំរឿន​ ​បាន​និយាយ​ថា គាត់​ខ្លាច​ក្រែង​ប្ដី​របស់​ខ្លួន​នឹង​ត្រូវ​គេ​ចាប់​ខ្លួន​ បន្ទាប់ពី​ត្រូវ​បាន​បង្ហាញ​ម្ដង​ហើយ​ម្ដង​ទៀត​​​ពីការ​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​តាម​រយៈ​កញ្ចក់​ទូរទស្សន៍អប្សរា​​ ដែល​ជា​ទូរទស្សន៍​មានទំនាក់​ទំនង​​ជាមួយ​រដ្ឋាភិបាល​ក្នុង​ពេលថ្មីៗ​នេះ​។

អ្នកស្រី​បាន​និយាយ​ថា “អាជ្ញាធរ​ចាប់​ខ្លួន​ពួកគាត់​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នៅ​ក្នុង​រដ្ឋសភា។ យើង​សង្ឃឹម​ថា គណបក្ស​ទាំង​ពីរ​នឹង​ចរចា​គ្នា​ដើម្បី​ជួយ​ឲ្យ​មាន​ការ​ដោះ​លែង​ប្ដី​របស់​ខ្ញុំ​”។

សមាជិក​សភា​ជាប់​ឆ្នោត​ទាំង​៧​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​មួយ​រូប​ទៀត​របស់​បក្ស​នេះ​ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ បន្ទាប់ពីកើត​មាន​ការ​តវ៉ា​ដោយ​អំពើ​ហិង្សា​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ត្រូវ​បាន​ដោះ​លែង​មួយ​សប្ដាហ៍​ក្រោយ​នៅ​ថ្ងៃទី​២២ ខែ​កក្កដា ពោល​គឺ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក សម រង្ស៊ី និ​ងលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រម​ព្រៀង​គ្នា​ដើម្បី​បញ្ចប់​ការ​ធ្វើ​ពហិការ​ម​ិន​ចូលសភា​របស់​គណបក្ស​ប្រឆាំង​ ដែល​អះ​អាង​ថា ការ​បោះ​ឆ្នោត​ជាតិកាលពី​ឆ្នាំ​មុន​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នោះ។

កាលពី​ម្សិលមិញ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា ការ​ចាប់ខ្លួន​​មេដឹកនាំ​​យុវជន​ទាំង​បី​រូប​ដាក់​ពន្ធនាគារ​ គឺ​វា​ផ្ទុយ​ទៅ​​នឹង​ស្មារតី​នៃ​​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ប៉ុន្តែ លោក​សង្ឃឹម​ថា រយៈពេល​ជាប់​ពន្ធនាគារ​របស់​ពួកគាត់​នឹង​មិន​យូរ​ទេ។

លោក​បាន​​មាន​ប្រសាសន៍​ថា “យើង​រំពឹង​ថា ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចុង​ក្រោយ​នឹង​បើក​ផ្លូវ​ឲ្យ​យើង​ចូល​សភា​ ហើយ​ស្រប​ពេល​នោះ​ ឬក៏មួយ​ម៉ោង​ក្រោយ​មក​​ពួក​គាត់​នឹង​ត្រូវ​ដោះ​លែង​”។

កាលពី​ថ្ងៃ​សុក្រ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ផ្ញើ​សេចក្ដី​ព្រាង​នៃ​ជំពូក​​​រដ្ឋធម្មនុញ្ញ​ដែល​លោក​ សម រង្ស៊ី ​បាន​ផ្ញើ​មក​ឲ្យ​គណបក្ស​កាន់​អំណាច​កាលពី​ថ្ងៃ​ពុធ តប​ទៅ​​លោក សម រង្ស៊ី វិញ​។

សេចក្ដី​ព្រាង​នៃ​ជំពូក​រដ្ឋធម្មនុញ្ញ​ដែល​លោក ស ខេង បាន​ផ្ញើ​តបទៅវិញនោះ​បាន​ដក​ចេញ​នូវ​មាត្រា​ ដែល​ផ្ដល់​អភ័យ​ឯកសិទ្ធិ​ដល់​សមាជិក​ទាំង​ប្រាំបួនរូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ឲ្យ​រួច​ផុតពី​ការ​ផ្ដន្ទាទោស​។

លោក សម រង្ស៊ី បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះជាតិ​បាន​ទទួល​សេចក្ដី​ព្រាង​ដែល​មាន​ចែងត្រឹម​តែ​ថា សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​ថ្មីមាន​អាណត្តិ​ប្រាំ​ឆ្នាំ​ ហើយ​បាន​យល់ព្រមជា​គោលការណ៍។

លោក​បាន​មាន​ប្រសាសន៍​ថា “បន្ទាប់ពី​ទទួល​បាន​សេចក្ដី​ព្រាង​នៃ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ យើង​បានបើក​កិច្ច​ប្រជុំ​មួយ​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ជម្រះ​ចោល​នូវ​ការ​ខ្វែង​គំនិត​គ្នា​ដែល​នៅ​សេស​សល់ ហើយ​វា​ជិត​បញ្ចប់​ហើយ​។ មាន​ការ​ខ្វែង​គំនិត​គ្នា​បន្តិច​បន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​វា​អាច​ចាត់​ទុក​បាន​ថា ចប់​សព្វ​គ្រប់​ហើយ​”។

លោក​បាន​លើក​ឡើង​បន្ត​ថា ការ​ខ្វែង​គំនិត​គ្នា​ដែល​នៅ​សេស​សល់​នឹង​ត្រូវ​ដោះ​ស្រាយ​តាម​រយៈ​ការ​សន្ទនា​តាម​​​ទូរស័ព្ទ​ជាមួយ​លោក ស ខេង ហើយ​សេចក្ដី​ព្រាង​ថ្មី​ត្រូវ​បាន​បញ្ជូន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ចុង​សប្ដាហ៍​ដើម្បី​សុំ​ការ​យល់​ព្រម​លើ​ពាក្យ​ពេចន៍​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “យើង​កំពុង​រង់ចាំ​ភាគី​របស់​យើង​ថា តើ​ពួកគាត់​យល់ព្រម​ចំពោះ​ពាក្យ​ពេចន៍​របស់​យើង​ ឬក៏ថា តើ​ពួកគាត់​ស្នើ​ឲ្យ​មាន​ពាក្យ​ពេចន៍​ថ្មី​ឬយ៉ាង​ណា​។ ខ្ញុំគិត​ថា នឹង​គ្មាន​បញ្ហា​នោះ​ទេ​ មិន​យូរ​ទេ​បញ្ហា​នេះ​នឹង​ត្រូវ​ដោះស្រាយ​បាន​ហើយ​ ហើយ​បន្ទាប់​មក​នឹង​មាន​ការ​កំណត់​ថ្ងៃ​សម្រាប់​ការ​ស្បថ​ចូល​កាន់​តំណែង​”។

តាម​ការ​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា គណបក្ស​ទាំង​ពីរ​នឹង​ជ្រើស​រើស​សមា​ជិកបួន​រូប​ក្នុង​គណបក្ស​នីមួយៗ​ ដើម្បី​ចូល​រួម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​ ហើយ​សមាជិក​ទី៩​នឹង​ត្រូវ​ជ្រើស​រើស​ដោយ​មាន​ការ​យល់ព្រមពី​គណបក្ស​ទាំង​ពីរ​។

លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ត្រូវ​បាន​ជ្រើស​រើស​កាលពី​ថ្ងៃ​ច័ន្ទ​ជា​សមាជិក​ទី​៩ ប៉ុន្តែ​លោកស្រី​បាន​ស្នើ​សុំអភ័យ​ឯកសិទ្ធិ​។

លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ដែល​ដឹកនាំ​ក្រុម​ចរចា​មក​ពី​គណបក្ស​ប្រជា​​ជនកម្ពុជា ដើម្បី​ធ្វើ​សេចក្ដី​ព្រាង​នៃ​ជំពូក​រដ្ឋធម្មនុញ្ញ​ថ្មី​​ពាក់​ព័ន្ធ​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​​ ដែល​ត្រូវ​បាន​ធ្វើ​កំណែ​ទម្រង់​មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិល​មិញ។

លោក សម រង្ស៊ី ក៏បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ដែរ​ថា ក្រុម​ការ​ងារទទួល​បន្ទុក​​ធ្វើ​សេចក្ដី​ព្រាង​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី​នឹង​ពន្យារ​ពេល​ជួប​គ្នា​រហូត​ដល់​​ក្រោយ​ពេល​សមាជិក​សភា​ជាប់​ឆ្នោត​ទាំង​៥៥​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ស្បថ​ចូល​កាន់​តំណែង​ ហើយ​ទទួល​យក​អាសនៈ​របស់​ខ្លួន​ដើម្បី​ពន្លឿន​ដំណើរ​ការ​។

លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ” នៅ​ពេល​យើង​បាន​​សិក្សា​​បញ្ហា​​ទាំង​អស់​ ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី និង​ប្រព័ន្ធ​បោះ​ឆ្នោត​ទាំង​អស់​រួច​​ យើង​ទទួល​ស្គាល់​ថា អ្វី​ដែល​សំខាន់​នោះគឺ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ បន្ទាប់​មក ច្បាប់​បោះ​ឆ្នោត​អាច​ធ្វើ​វិសោធនកម្ម​យោងតាម​ការ​ចែង​ថ្មី​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ”៕ គឹមហឿន​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស