32 C
Phnom Penh

លោក យឹម ពឹម អតីតមេបញ្ជាការ​ឧទ្ទាម​ខ្មែរ​ក្រហម​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្រុង​បាងកក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនៅ​ស្រុក​កំណើត​របស់​លោក យឹម ពឹម ក្នុង​ស្រុក​អន្លង់វែងបាន​ឲ្យ​ដឹង​ថា លោក យឹម ពឹម អតីត​មេបញ្ជា​ការ​ឧទ្ទាម​ខ្មែរ​ក្រហម​​ដែល​បាន​​មក​ដឹក​នាំ​អង្គភាព​រដ្ឋាភិបាល​មាន​មូល​ដ្ឋាន​នៅ​ប្រាសាទ​ព្រះ​វិហារ បន្ទាប់​ពី​លោក​បា​ន​ផ្ដាច់​ខ្លួន​កាលពី​ឆ្នាំ​១៩៩៨​ បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​ក្រុង​បាងកក​​កាលពី​ថ្ងៃ​សៅរ៍។

លោកឧត្តម​សេនីយ៍ទោ​ យឹម ពឹម អាយុ​៦៤​ឆ្នាំ​ ដែល​បាន​ដឹក​នាំ​ទ័ពឧទ្ទាមកង​ពល​ធំ​​លេខ​៩៨០​ មុន​ពេល​លោក​ផ្ដាច់​ខ្លួន​កាល​ពី​ខែ​មីនា ឆ្នាំ​១៩៩៨​ បាន​ជួយ​​រដ្ឋាភិបាលវាយយក​ស្រុក​អន្លង់វែង ជា​មូល​ដ្ឋាន​រឹង​មាំ​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម ហើយ​ទីបំផុត​បាន​ចាប់​ខ្លួន​តាម៉ុក​ ​មេដឹកនាំ​ឧទ្ទាម​ក្បាល​រឹង​ចុង​ក្រោយ​។

លោក​ត្រូវ​បាន​តែង​តាំង​ជា​មេបញ្ជាការ​កងពល​ធំលេខ​២៣​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​​មាន​មូលដ្ឋាន​នៅ​ស្រុក​អន្លង់​វែង មុន​ពេល​ត្រូវ​បាន​តែង​តាំង​ជា​មេបញ្ជាការ​កង​ពល​តូច​អន្តរាគមន៍​លេខ​៨​នៅ​ប្រាសាទ​ព្រះវិហារ។

លោក​ តូច រ៉ា ប្រធាន​ទំនាក់​ទំនង​ព្រំ​ដែន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ជាំសាង៉ាំ ក្បែរ​ស្រុក​អន្លង់​វែង ដែ​ល​លោក​ធ្លាប់​បម្រើការ​ក្រោម​ការ​ដឹកនាំរបស់​​លោក​ យឹម ពឹម ក្នុង​ចំណោម​ពួក​ទ័ព​ឧទ្ទាម​បាន​មាន​ប្រសាសន៍​ថា សាកសព​របស់​មេបញ្ជាការ​រូប​នេះ​ត្រូវ​បាន​បញ្ជូន​មក​ដល់​នៅ​ម៉ោង​១០​​និង​៣០​នាទីយប់​ថ្ងៃ​សៅរ៍។

លោក​ តូច រ៉ា បានមាន​ប្រសាសន៍​ថា “​សាកសព​លោក​ឧត្តមសេនីយ៍ទោ​ យឹម ពឹម បាន​មក​ដល់​ច្រកព្រំដែន​ជាំ​កាលពី​យប់​មិញ​ ហើយ​មាន​ទាហាន​ជាង​១០០​នាក់​មក​អម​មឈូស​របស់​លោក​។ លោក​បាន​បន្ថែម​ថា ” ព្រះ​សង្ឃ​ អតីត​ទាហាន​ខ្មែរ​ក្រហម និង​សហសេវិក​បាន​ដឹកនាំ​ការ​ហែ​សព​តាម​ប្រពៃណី​ព្រះពុទ្ធសាសនាដោយ​មាន​រថយន្ត​ជាង​៥០​គ្រឿង​ពី​ច្រក​ព្រំដែន​”។

លោក តូច រ៉ា បាន​ពន្យល់​ថា ពិធី​បុណ្យ​សព​មេបញ្ជាការ​យោធា​រូប​នេះ​គ្រោង​ធ្វើ​នៅ​ម៉ោង​៩ព្រឹក ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​។

លោក​ សូ នៅ អធិការរង​នគរបាល​ស្រុក​អន្លង់វែង បាន​មាន​ប្រសាសន៍​ថា លោក​ យឹម ពឹម បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​ទីក្រុង​បាងកក​រយៈពេល​១០​ថ្ងៃ​មក​ហើយ ប៉ុន្តែ​លោក​មិន​ដឹង​ថា គាត់​មានជំងឺ​អ្វី​នោះទេ។ លោក​ តូច រ៉ា ក៏​បាន​មាន​ប្រសាសន៍ផង​ដែរ​ថា លោក​ក៏មិន​ច្បាស់​ថា លោក​ យឹម ពឹម មាន​ជំងឺ​អ្វី​ដែរ​។

លោក ឈុំ​ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា លោក​ យឹម ពឹម បាន​ស្លាប់​ទេ​ ប៉ុន្តែ​លោក​ក្រៀម​ក្រំ​ណាស់​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​។

លោក យឹម ពឹម ស្ថិត​ក្នុងចំណោម​ទាហាន​ខ្មែរ​ក្រហម​រាប់​ពាន់​នាក់​ ដែល​បាន​ផ្ដាច់​ខ្លួន​​​កាលពី​ខែ​មីនា ឆ្នាំ​១៩៩៨​ បន្ទាប់​ពី​លោក កែ ពក ជា​នាយសេនាធិការ​រង​កង​ទ័ព​ខ្មែរ​ក្រហម​បោះ​បង់​ចោល​តាម៉ុក មេដឹកនាំ​ក្បាល​រឹង​របស់​ពួកគេ ហើយ​បាន​ផ្ដាច់​ខ្លួន​ចូល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។

មួយ​ឆ្នាំ​ក្រោយ​មក លោក​ដើរ​តួនាទី​ដ៏សំខាន់​ក្នុង​ការ​តាម​ចាប់​ខ្លួន​តាម៉ុក ដែល​បាន​ដឹក​នាំ​ក្រុម​ឧទ្ទាម​ចាប់​តាំង​ពី ប៉ុល ពត បាន​ស្លាប់​កាលពី​ខែ​កក្កដា ឆ្នាំ​១៩៩៧​ បន្ទាប់​ពី​លោក​ត្រូវ​បានអញ្ជើញ​​ឲ្យ​មក​ចូល​រួម​ប្រជុំ​នៅ​ក្នុង​ស្រុក​អន្លង់វែង​ ដែលរៀបចំឡើងដោយ​រដ្ឋាភិបាល​ ខណៈ​លោក​សម្ងំ​លាក់​ខ្លួន​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស