ទោះបីដឹងថា អនាគតរបស់ខ្លួនអាស្រ័យលើការប្រឡងដែលធ្វើឡើងនៅថ្ងៃនេះក៏ដោយ ក៏ ស៊ុន វីរៈ អាយុ១៩ឆ្នាំគ្មានការភិតភ័យឡើយ។ សិស្សរូបនេះមានគម្រោងលួចចម្លងដដែល។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានលើកឡើងពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃនេះថា ជាឱកាសដើម្បីកែទម្រង់ដំណើរការប្រឡងដែលត្រូវបានញាំញីច្រើនឆ្នាំមកហើយដោយការលួចចម្លង និងការសូកប៉ាន់ ហើយដើម្បីធ្វើឲ្យមានទំនុកចិត្តនៅក្នុងប្រព័ន្ធអប់រំឡើងវិញ។
ប៉ុន្តែ បើទោះណាជារដ្ឋាភិបាលបានប្រឹងប្រែងលុបបំបាត់ការលួចចម្លងក៏ដោយ ក៏ វីរៈ បាននិយាយកាលពីម្សិលមិញថា ខ្លួននៅតែមានគម្រោងទិញវិញ្ញាសា និងក្រដាសចម្លើយមកទន្ទិញឲ្យចាំមុនពេលប្រឡងដដែល។
វីរៈ បាននិយាយថា ” វាមានតម្លៃពី២០០ទៅ៣០០ដុល្លារ។ វាមានតម្លៃប្រហែល១០ដុល្លារក្នុងមួយមុខវិជ្ជា ពីព្រោះខ្ញុំនឹងចែករំលែកជាមួយមិត្តភក្ដិរបស់ខ្ញុំ”។
វីរៈ បាននិយាយថា ខ្លួននិងមិត្តរបស់ខ្លួនមួយក្រុមនៅក្នុងរាជធានីភ្នំពេញ នឹងបានសំណៅចម្លើយនេះតាមរយៈអ្នកចែកចាយតាមខេត្ត។ គាត់បាននិយាយថា “មិត្តភក្តិរបស់ខ្ញុំនឹងថតចម្លងឲ្យខ្ញុំ និងមិត្តភក្ដិដទៃទៀត។ ខ្ញុំនឹងអានវា ហើយប្រហែលជាយកទៅតាមខ្លួននៅថ្ងៃប្រឡង”។ ខ្ញុំត្រូវតែមើលស្ថានភាពនៅតាមសាលាដែលខ្ញុំត្រូវប្រឡង”។
ទោះជាយ៉ាងណា នៅឆ្នាំនេះអង្គភាពប្រឆាំងអំពើពុករលួយនឹងដាក់តំណាងនៅតាមមណ្ឌលប្រឡងនីមួយៗក្នុងចំណោមណ្ឌលប្រឡង១៥៤មណ្ឌលទូទាំងប្រទេស។
ជាការប្រឹងប្រែងដើម្បីលុបបំបាត់ការប្រឡងថ្នាក់ជាតិ រដ្ឋាភិបាលបានផ្ដល់សិទ្ធិឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានគំរាមចាប់ដាក់ពន្ធនាគារចំពោះអ្នកដែលរកឃើញថាលួចចម្លង ហើយបានចេញសេចក្ដីអំពាវនាវឲ្យមានអ្នកឃ្លាំមើលឯករាជ្យ។ សិស្សជាង២.០០០នាក់បានស្ម័គ្រចិត្តឃ្លាំមើលការប្រឡងរយៈពេលពីរថ្ងៃ ហើយនឹងត្រូវដាក់ជាមួយគ្រូពីរនាក់នៅក្នុងបន្ទប់ប្រឡងនីមួយៗក្នុងចំណោមបន្ទប់ប្រឡងទាំង៣.៧៧៩បន្ទប់។
លោក ណារ៉ុន ក៏បានលើកឡើងផងដែរអំពីការប្រឡងនេះថា ជាកត្តាតែមួយគត់ដែលធ្វើឲ្យសិស្សមានសមត្ថភាពចូលរៀននៅតាមសាកលវិទ្យាល័យរដ្ឋនានា បន្ទាប់ពីប្រឡងជាប់បានចូលរៀននៅថ្នាក់ឧត្តមសិក្សាដោយគ្មានចំណេះដឹងគ្រប់គ្រាន់។
លោក ណារ៉ុន បានមានប្រសាសន៍កាលពីម្សិលមិញថា ” នៅតាមខេត្ត-ក្រុងទាំងអស់ វិញ្ញាសាត្រូវបានបិទជិតហើយដាក់នៅក្នុងប្រអប់។ យើងបានចាត់វិធានការតឹងរ៉ឹងបំផុត។ ខ្ញុំមានជំនឿថា មិនអាចមានការលួចចម្លងបានឡើយ។
លោក ណារ៉ុន បានបន្ថែមថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួនរួចហើយនៅក្នុងដំណើរឆ្ពោះទៅរកការប្រឡងនៅថ្ងៃនេះ ដោយបានសន្យាមិនពិតថានឹងថតចម្លងវិញ្ញាសាជាថ្នូរនឹងប្រាក់៤០ដុល្លារនៅក្នុងខេត្តកំពង់ចាម។ ទោះជាយ៉ាងណាលោកបានមានប្រសាសន៍ថា មនុស្សដែលត្រូវចាប់ខ្លួននេះត្រូវបានអប់រំរួចហើយ និងបានដោះលែងវិញ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនចង់បង្ហាញអត្តសញ្ញាណបុគ្គលនោះទេ ពីព្រោះពួកគេបានសន្យាថា នឹងមិនធ្វើរឿងនេះទៀតឡើយ”។
អង្គភាពប្រឆាំងអំពើពុករលួយក្នុងនាមជាដៃគូជាមួយអង្គការតម្លាភាពកម្ពុជា បានផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍នៅក្នុងដំណើឆ្ពោះទៅរកការប្រឡង ដោយបង្ហាញអ្នកឃ្លាំមើលដែលទទួលយកប្រាក់សំណូកពីសិស្ស។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានមានប្រសាសន៍ថា “ពួកគេចង់ផ្ញើសារប្រាប់សិស្សថា ការលួចចម្លងគឺជារឿងមិនត្រឹមត្រូវ។ ពួកគេត្រូវតែខិតខំរៀនសូត្រ”។
លោក ព្រាប កុល បានមានប្រសាសន៍ថា លោកមិនច្បាស់ថា តើការប្រឡងនឹងស្អាតស្អំ១០០ភាគរយឡើយ ប៉ុន្តែការពិតនឹងមានការលួចចម្លងតិចជាងឆ្នាំមុនៗ។
កញ្ញា សន ហា៊នី ជាសិស្សអាយុ១៨ឆ្នាំនៅវិទ្យាល័យភ្នំពេញថ្មីបាននិយាយថា នាងបារម្ភអំពីការប្រឡងនៅឆ្នាំនេះ ពីព្រោះរដ្ឋាភិបាលបង្ក្រាបទៅលើការលួចចម្លង។
ដើម្បីធ្វើកុំឲ្យភ័យ ហា៊នី ដែលមិនមានគម្រោងលួចចម្លងនោះបានទៅឲ្យព្រះសង្ឃនៅវត្តសំរោងអណ្ដែតស្រោចទឹក។ នាងបាននិយាយថា “បន្ទាប់ពីស្រោចទឹករួច ខ្ញុំកាត់បន្ថយអារម្មភ័យបាន៣០ភាគរយ”៕ សារុន