33 C
Phnom Penh

ការ​តម្កល់​ប្រាក់​សម្រាប់​ទៅ​ប្រទេស​ចិន​ត្រូវ​អង្គការ​សិទ្ធិមនុស្ស​រិះគន់​ថា មិន​គ្រប់​គ្រាន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​​ អង្គការសិទ្ធិ​មនុស្ស​បាន​រិះ​គន់​ថា មិនទាន់​​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ចំពោះ​សំណើរបស់​រដ្ឋាភិបាល​ ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ ដើម្បី​តម្រូវ​ឲ្យ​ស្ត្រី​នៅ​លីវ​តម្កល់​ប្រាក់​១០.០០០​ដុល្លារ​នៅ​ក្នុង​គណនី​ធនាគារចិន​ មុន​ពេល​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យទៅ​កម្សាន្ត​ប្រទេស​ចិន​ជា​ភ្ញៀវ​ទេសចរ​ ដែល​ជា​វិធានការ​មួយ​ដើម្បី​ទប់​ស្កាត់​ការ​ជួញដូរ​ស្ត្រី​កម្ពុជា​ឲ្យទៅ​រៀប​ការ​ជាមួយ​បុរស​ចិន​។

ក្រសួង​ការ​បរទេស​បាន​សរសេរ​​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា សេចក្ដី​ថ្លែង​ការណ៍​នេះ​នឹង​ ” ទប់​ស្កាត់​ការ​ជួញដូរ​ស្ត្រី​ខ្មែរ” ដែល​ជឿ​ជាក់​ថា ខ្លួន​​ទៅ​ប្រទេស​ចិន​អាច​ទទួល​បាន​ការ​ងារ​ល្អ​ ឬក៏រៀបការ​ជាមួយ​បុរស​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ​ ប៉ុន្តែ​ទី​បំផុត​ត្រូវ​​គេ​យក​ទៅ​ធ្វើ​បាប​ ឬលក់​ទៅ​ឲ្យ​បន​ស្រីនោះ​។

សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​ថា “ស្ថានទូត​ចិន​បាន​រឹត​បន្តឹង​ចំពោះ​ការ​ចេញ​ទិដ្ឋាការ​ឲ្យ​ស្ត្រី​ខ្មែរ​នៅ​លីវ​ ដោយ​តម្រូវ​ឲ្យ​មាន​​លិខិត​អញ្ជើញ​ដ៏ត្រឹម​ត្រូវ​​ជាមុន​សិន​ ហើយ​ពួកគេ​ត្រូវ​តែ​តម្កល់​ប្រាក់​ចំនួន​១០.០០០​ដុល្លារ​នៅ​ក្នុង​ធនាគារ​ចិន​ជាមុន​ ប្រសិន​បើ​ពួកគេ​ចង់​ទៅ​ប្រទេស​ចិន​ជា​ភ្ញៀវ​ទេសចរ។

លោកស្រី លឹម មុនី អនុ​ប្រធាន​​ផ្នែក​ស្ត្រី និង​កុមារ​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ឲ្យ​ដឹង​ថា វិធានការ​នេះ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ដែល​ទទួល​បាន​ផល​ចំណេញ​នៅ​ក្នុង​ការ​ជួញដូរ​ស្ត្រី​កម្ពុជា​ខ្លាចរអា​​នោះ​ទេ​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “មេខ្លោង​អាច​បង់​ប្រាក់​១០.០០០​ដុល្លារ​ទៅ​២០.០០០​ដុល្លារ​ដើម្បី​ជួញដូរ​ស្ត្រី​ ពីព្រោះ​ពួកគេ​មិន​ខ្វះ​ប្រាក់​​ចំនួន​ប៉ុណ្ណឹង​ទេ​។ អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​តែ​ធ្វើ​ជា​បន្ទាន់​ គឺបង្កើត​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ [រវាង​កម្ពុជា​ និង​ចិន​] ដោយ​លើក​ឡើង​ពី​លក្ខខណ្ឌ​អ្វី​ខ្លះ​ដែល​ចាំបាច់​សម្រាប់​ស្ត្រី​កម្ពុជា​ ដែល​ត្រូវ​រៀបការ​ជាមួយ​បុរស​ចិន​”។

ក្រសួង​ការ​បរទេស​បាន​ប្រកាស​កាលពី​ខែ​មុន​ថា ខ្លួន​កំពុង​ធ្វើការ​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​ប្រទេស​ចិនលើ​បញ្ហា​នេះ​ហើយ​ ប៉ុន្តែ​នៅ​មិន​ទាន់​ចេញ​សេចក្ដី​ព្រាង​សម្រាប់​ការ​ពិគ្រោះយោបល់​ជា​សាធារណៈ​នៅ​ឡើយ​ទេ​។

នៅ​ក្នុង​សន្និសីទ​កាសែតមួយ​​កាល​ពី​សប្ដាហ៍មុន អង្គការ​អាដ​ហុក​​ដាស់តឿន​ឲ្យ​ដឹង​ពី​សេចក្ដី​រាយការណ៍​ដែល​ចេះ​តែ​មាន​ច្រើនឡើង​ៗ​ថា មន្ត្រី​​កុង​ស៊ុល​កម្ពុជា​នៅ​ក្នុង​ប្រទេស​ចិន​កំពុង​តែ​ធ្វើ​ព្រងើយ​កន្តើយ​ ឬ​ក៏ច្រានចោល​បណ្ដឹង​ពី​ស្ត្រី​កម្ពុជា​ ដែល​ស្នើ​សុំ​ឲ្យ​ពួកគេ​ជួយ​ឲ្យ​ខ្លួន​បាន​រួច​ផុត​ទី​ស្ថានភាព​រំលោភ​បំពាន​។ រដ្ឋាភិបាល​បាន​បដិសេធ​នូវ​សេចក្ដី​រាយការណ៍​ទាំង​នេះ​។

លោកស្រី មុនី បាន​មាន​ប្រសាសន៍ទាក់​ទិន​នឹង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ការ​ពារ​ស្ត្រី​កម្ពុជា​​នៅ​ប្រទេស​ចិន​ថា “រឿង​ដែល​សំខាន់​នោះ​ គឺ​ត្រូវ​ត្រួតពិនិត្យ​លើ​ការ​បំពេញ​ការ​ងារ​របស់​មន្ត្រី​ស្ថានទូត​”។

លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​​លីកាដូ​ បាន​លើក​ឡើង​ថា ការ​បញ្ចប់​កិច្ច​ព្រម​ព្រៀង​នេះ​​អាស្រ័យ​លើ​ការ​ចូល​រួម​ពី​មន្ត្រី​មូលដ្ឋាន​នៅ​ក្នុង​​ប្រទេស​ទាំងពីរ​។

លោក​បាន​មាន​ប្រសាសន៍​ថា វិធានការ​ដ៏សំខាន់​គឺ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ថ្នាក់​ទាប។ ប្រសិន​បើ​ពួកគេ​អង្កេត​សកម្មភាពរបស់​មេខ្លោង​ ដែល​ចង់​នាំ​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ចិន​ ពួកគេ​ត្រូវ​ចាត់វិធានការ​ជា​បន្ទាន់​នៅ​ក្នុង​ដែន​សមត្ថកិច្ច​​របស់​ខ្លួន​”។

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​លើក​ឡើង​ថា ការ​តម្កល់​ប្រាក់​ចំនួន​១០.០០០​ដុល្លារ​អាច​ធ្វើ​ឲ្យ​និស្សិត​បោះបង់​គោល​បំណង​របស់​ខ្លួន​ ហើយ​អាច​ធ្វើ​ឲ្យ​ស្ត្រី​ដែល​គ្មាន​លទ្ធភាព​តម្កល់​​ប្រាក់​នៅ​ក្នុង​ធនាគារ​ចិន​ប្ដូរ​ទៅ​ប្រទេស​ផ្សេង​វិញ។ លោក​បានមាន​​ប្រសាសន៍​ថា “ប្រសិន​បើ​ពួកគេ​គ្មាន​លទ្ធភាព​ដើម្បី​តម្កល់​ប្រាក់​សម្រាប់​ដំណើរ​កម្សាន្ត​ជា​ភ្ញៀវ​ទេសចរ​ទេនោះ ពួកគេ​នឹង​ប្ដូរ​ទិស​ដៅ​ដំណើរ​កម្សាន្ត​របស់​ខ្លួន​ទៅ​ប្រទេស​ផ្សេង៕ គឹមហឿន​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស