29 C
Phnom Penh

ចោទប្រកាន់​អង្គរក្ស​ តែ​សមាជិក​គ្រួសារ​ជាប់ចោទ​មួយ​នៅ​មាន​សេរីភាព​នៅឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា អង្គរក្ស​ម្នាក់​ដែល​ធ្វើការ​ឲ្យ​គ្រួសារ​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្ដម្ភ​មួយ​​ ​ដែលត្រូវ​បាន​ចោទ​ប្រកានពីបទរំលោភ​និង​បង្ខាំង​ក្មេងស្រី​អាយុ​១៨​ឆ្នាំ​ម្នាក់​រយៈ​ពេល​៨​ឆ្នាំ​ និង​ប្អូន​ប្រុស​អាយុ​១២​ឆ្នាំ​របស់​នាង​រយៈពេល​ពីរ​ឆ្នាំ​ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា កេងប្រវ័ញ្ច​ពលកម្ម​កុមារ ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ និង​ប្រើ​​ប្រាស់​អាវុធ​ខុស​ច្បាប់​កាលពី​ថ្ងៃ​សុក្រ។

សមាជិក​គ្រួសារ​នេះចំនួន​បួន​នាក់​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​រំលោភ​បំពាន​នៅ​ផ្ទះ​របស់​គេ​ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក ប៉ុន្តែ​នៅ​មាន​សេរីភាព​នៅ​ឡើយ​។

យោង​តាម​លោក អុិន បូរ៉ា ប្រធាន​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា លោក សឿង ហឿង ជាមេគ្រួសារ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ ចំណែក​អ្នកស្រី តាំង ស៊ឹមរ៉ុង ជា​ប្រពន្ធ​របស់​គាត់​ និង​កូន​ប្រុស​ពីរ​នាក់​ឈ្មោះ សឿង រដ្ឋា និង​ សឿង រតនា ដែល​ សឿង រតនា នេះ​ត្រូវ​បាន​ជាប់​ចោទ​ថា បាន​រំលោភ​ក្មេងស្រី​នេះ​នៅ​មាន​សេរីភាព​នៅ​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​យើង​ឆ្មក់​ចូល​ផ្ទះនេះ ជើង​និងដៃ​របស់​លោក សឿង ហឿង ហើម ហើយ​គាត់​សុំ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​មួយ​ក្នុងរាជធានីភ្នំពេញ ហើយ​គាត់​កំពុង​ស្ថិត​នៅ​ទីនោះ​នៅឡើយ។ កូនប្រុស​ទាំង​ពីរ​នាក់ និង​ប្រពន្ធ​របស់​គាត់​នៅ​មាន​សេរីភាព​នៅ​ឡើយ​ ប៉ុន្តែ​វា​ជា​កាតព្វកិច្ច​របស់​តុលាការ​ក្នុង​ការ​ចោទ​ប្រកាន់​ពួកគេ​”។

លោកស្រី សាន ស៊ូ ដាឡែន មេធាវី​តំណាង​ជន​រងគ្រោះ​បាន​មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​លើ​អង្គរក្ស​ឈ្មោះ យឹម ប៊ុនធឿន គួរ​ធ្វើ​ឲ្យ​បាន​ធ្ងន់ធ្ងរដែរ​​លើ​គ្រួសារ​នេះ​។

លោកស្រី ស៊ូ ដាឡែន បាន​មាន​ប្រសាសន៍​ថា “យើង​ខក​ចិត្ត​ណាស់ ដែល​តុលាការ​មិន​បាន​ចោទ​ប្រកាន់​មេគ្រួសារ​ ហើយ​ថា តុលាការ​ចាត់​ការ​រឿង​ក្តីនេះ​យឺតយ៉ាវមែនទែន”។

លោកស្រី​បានបន្ថែម​ថា “ជួនកាល​ អង្គរក្ស​គ្រាន់​តែ​ចូលរួម​តែ​ប៉ុណ្ណោះ​​នៅពេល​​មេគ្រួសារ​បាន​ប្រើ​អំពើ​ហិង្សា​លើ​ពួកគេ​។ មេគ្រួសារ​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ច្បាប់ ពីព្រោះ​គាត់​ដឹង​ថា មាន​គេ​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​ផ្ទះហើយ​ ប៉ុន្តែ​គាត់​នៅ​តែ​មិន​​បាន​ឃាត់​ទៀត​​”។

ចុង​ភៅ​​ក្នុង​គ្រួសារ​នេះ​ ឈ្មោះ គី ទៀង ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​​សប្ដាហ៍​មុន ប៉ុន្តែ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅឃុំ​ ដោយសារគា​ត់​​មាន​សុខភាព​​មិន​ល្អ​កាលពី​ថ្ងៃ​សុក្រ​។ លោក ហង្ស វិបុល ប្រធាន​អង្គការ​ផ្ទះ​របស់​យើង​ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ផ្ដល់​ការ​គាំទ្រ​ដល់​បង​ប្អូន​ប្រុស​ស្រី​នោះ​បាន​ចោទ​ប្រកាន់​មន្ត្រី​មូលដ្ឋាន​ថា បាន​ការ​ពារ​ចុង​ចោទ​។

លោក​បាន​មាន​ប្រសាសន៍ថា “យើង​នឹង​បន្ត​តវ៉ា​ទាម​ទារ​រក​យុត្តិធម៌​ឲ្យជន​រងគ្រោះ។ ខ្ញុំ​សូមស្នើ​ឲ្យ​តុលាការ​កុំបិទ​ការ​ស៊ើប​អង្កេត​ករណី​ប្រើអំពើ​ហិង្សា ចាប់​រំលោភ និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់នេះអី”។

នគរ​បាល​បានជួយ​សង្គ្រោះ​ក្មេង​ស្រី​អាយុ​១៨​ឆ្នាំ​រូប​នេះ កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ប្អូន​ប្រុស​របស់​នាង​បាន​គេច​ខ្លួន​រួច​កាលពី​ថ្ងៃ​មុន​នោះ។ ពួកគេ​ទាំងពីរ​អះអាង​ថា ត្រូវ​បាន​រង​ការ​រំលោភ​បំពាន​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​នៅ​ពេល​ត្រូវ​ចាប់​បង្ខាំង​នោះ​៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស