យោងតាមនគរបាលបានឲ្យដឹងថា អង្គរក្សម្នាក់ដែលធ្វើការឲ្យគ្រួសារមានទ្រព្យសម្បត្តិស្តុកស្ដម្ភមួយ ដែលត្រូវបានចោទប្រកានពីបទរំលោភនិងបង្ខាំងក្មេងស្រីអាយុ១៨ឆ្នាំម្នាក់រយៈពេល៨ឆ្នាំ និងប្អូនប្រុសអាយុ១២ឆ្នាំរបស់នាងរយៈពេលពីរឆ្នាំត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនា កេងប្រវ័ញ្ចពលកម្មកុមារ ការបង្ខាំងមនុស្សខុសច្បាប់ និងប្រើប្រាស់អាវុធខុសច្បាប់កាលពីថ្ងៃសុក្រ។
សមាជិកគ្រួសារនេះចំនួនបួននាក់បានជាប់ពាក់ព័ន្ធក្នុងករណីរំលោភបំពាននៅផ្ទះរបស់គេស្ថិតក្នុងខណ្ឌទួលគោក ប៉ុន្តែនៅមានសេរីភាពនៅឡើយ។
យោងតាមលោក អុិន បូរ៉ា ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោក សឿង ហឿង ជាមេគ្រួសារកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ចំណែកអ្នកស្រី តាំង ស៊ឹមរ៉ុង ជាប្រពន្ធរបស់គាត់ និងកូនប្រុសពីរនាក់ឈ្មោះ សឿង រដ្ឋា និង សឿង រតនា ដែល សឿង រតនា នេះត្រូវបានជាប់ចោទថា បានរំលោភក្មេងស្រីនេះនៅមានសេរីភាពនៅឡើយ។
លោកបានមានប្រសាសន៍ថា “នៅពេលយើងឆ្មក់ចូលផ្ទះនេះ ជើងនិងដៃរបស់លោក សឿង ហឿង ហើម ហើយគាត់សុំសម្រាកព្យាបាលនៅគ្លីនិកមួយក្នុងរាជធានីភ្នំពេញ ហើយគាត់កំពុងស្ថិតនៅទីនោះនៅឡើយ។ កូនប្រុសទាំងពីរនាក់ និងប្រពន្ធរបស់គាត់នៅមានសេរីភាពនៅឡើយ ប៉ុន្តែវាជាកាតព្វកិច្ចរបស់តុលាការក្នុងការចោទប្រកាន់ពួកគេ”។
លោកស្រី សាន ស៊ូ ដាឡែន មេធាវីតំណាងជនរងគ្រោះបានមានប្រសាសន៍ថា ការចោទប្រកាន់លើអង្គរក្សឈ្មោះ យឹម ប៊ុនធឿន គួរធ្វើឲ្យបានធ្ងន់ធ្ងរដែរលើគ្រួសារនេះ។
លោកស្រី ស៊ូ ដាឡែន បានមានប្រសាសន៍ថា “យើងខកចិត្តណាស់ ដែលតុលាការមិនបានចោទប្រកាន់មេគ្រួសារ ហើយថា តុលាការចាត់ការរឿងក្តីនេះយឺតយ៉ាវមែនទែន”។
លោកស្រីបានបន្ថែមថា “ជួនកាល អង្គរក្សគ្រាន់តែចូលរួមតែប៉ុណ្ណោះនៅពេលមេគ្រួសារបានប្រើអំពើហិង្សាលើពួកគេ។ មេគ្រួសារត្រូវតែប្រឈមមុខនឹងច្បាប់ ពីព្រោះគាត់ដឹងថា មានគេប្រើអំពើហិង្សានៅក្នុងផ្ទះហើយ ប៉ុន្តែគាត់នៅតែមិនបានឃាត់ទៀត”។
ចុងភៅក្នុងគ្រួសារនេះ ឈ្មោះ គី ទៀង ត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុន ប៉ុន្តែបានដោះលែងឲ្យនៅក្រៅឃុំ ដោយសារគាត់មានសុខភាពមិនល្អកាលពីថ្ងៃសុក្រ។ លោក ហង្ស វិបុល ប្រធានអង្គការផ្ទះរបស់យើង ជាអង្គការក្រៅរដ្ឋាភិបាលដែលផ្ដល់ការគាំទ្រដល់បងប្អូនប្រុសស្រីនោះបានចោទប្រកាន់មន្ត្រីមូលដ្ឋានថា បានការពារចុងចោទ។
លោកបានមានប្រសាសន៍ថា “យើងនឹងបន្តតវ៉ាទាមទាររកយុត្តិធម៌ឲ្យជនរងគ្រោះ។ ខ្ញុំសូមស្នើឲ្យតុលាការកុំបិទការស៊ើបអង្កេតករណីប្រើអំពើហិង្សា ចាប់រំលោភ និងបង្ខាំងមនុស្សខុសច្បាប់នេះអី”។
នគរបាលបានជួយសង្គ្រោះក្មេងស្រីអាយុ១៨ឆ្នាំរូបនេះ កាលពីថ្ងៃអង្គារ បន្ទាប់ពីប្អូនប្រុសរបស់នាងបានគេចខ្លួនរួចកាលពីថ្ងៃមុននោះ។ ពួកគេទាំងពីរអះអាងថា ត្រូវបានរងការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្តធ្ងន់ធ្ងរនៅពេលត្រូវចាប់បង្ខាំងនោះ៕ សារុន