កាលពីថ្ងៃសុក្រ អ្នកភូមិប្រហែល១៦០នាក់មកពីស្រុកស្នួល ខេត្តក្រចេះ ត្រូវបានគេរារាំងមិនឲ្យដើរហែទៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកអន្តរាគមន៍ក្នុងជម្លោះដីធ្លីរបស់ពួកគាត់។
សន្តិសុខខណ្ឌមានជ័យជាង២០នាក់បានជួបក្រុមអ្នកភូមិនៅក្លោងទ្វារវត្តសាមគ្គីរង្សី ដែលពួកគាត់កំពុងស្នាក់នៅ មុនការដើរហែតាមការគ្រោងទុក ហើយបានរារាំងពួកគាត់មិនឲ្យចាកចេញពីវត្ត។
នៅម៉ោងប្រហែល៨ព្រឹក មួយម៉ោងបន្ទាប់ពីការចាប់ផ្តើមតាមផែនការ មន្ត្រីម្នាក់បានមកវត្តនេះ ដើម្បីទទួលញត្តិពីក្រុមអ្នកភូមិ។
លោក ហៀក ចាន់លៀង អភិបាលរងខណ្ឌមានជ័យបាននិយាយថា “តើមានច្បាប់ឯណាឲ្យពួកគេដើរហែនោះ? ខ្ញុំបានទទួល [ ញត្តិ] ពីព្រោះសាលារាជធានីមិនចង់ឲ្យអ្នកភូមិទាំងនោះបង្កការរំខានក្នុងក្រុង”។ លោក លៀង បាននិយាយថា នឹងមានការឆ្លើយតបក្នុងពេលពីរសប្តាហ៍ខាងមុខ។
អ្នកភូមិបានមកដល់វត្តនេះពីរបីសប្តាហ៍មកហើយ ហើយបានស្វះស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលជាច្រើនលើក ឲ្យជួយដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់។ ក្រុមអ្នកភូមិអះអាងថា ពួកគាត់បាន និងកំពុងធ្វើស្រែចម្ការលើដីនោះតាំងពីឆ្នាំ២០០០មក ហើយសព្វថ្ងៃនេះកំពុងមានជម្លោះជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ Horizon Agricultural Development ពាក់ព័ន្ធនឹងដីប្រហែល១.៥០០ហិកតា ដែលក្រុមហ៊ុននេះចង់ធ្វើចម្ការដំឡូងមី និងម្រេច។
យោងតាមអ្នកភូមិបានឲ្យដឹងថា មន្ទីររៀបចំដែនដីខេត្តក្រចេះបានផ្តល់ដីបីហិកតាទៅឲ្យអ្នកភូមិក្នុងមួយគ្រួសារ ជាទំហំដីមិនគ្រប់គ្រាន់។
លោក ឌិន សារឿន អាយុ៣៩ឆ្នាំបានសួរថា “មន្ទីររៀបចំដែនដីនៅខេត្តក្រចេះបានឲ្យដឹងថា គេអាចឲ្យត្រឹមតែបីហិកតាប៉ុណ្ណោះទៅអ្នកភូមិក្នុងមួយគ្រួសារ ហើយនឹងធ្វើការចាប់ឆ្នោត។ ខ្ញុំបានប្រឹងប្រែងធ្វើស្រែចម្ការដើម្បីរស់នៅទីនោះយូរមកហើយ ហេតុអ្វីពួកគេឲ្យតែបីហិកតា?”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបាននិយាយថា សាលារាជធានីបានអំពាវនាវដល់អ្នកភូមិឲ្យត្រឡប់ទៅស្រុកវិញ ហើយប្តឹងទៅអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។
លោកបានបន្ថែមថា “ញត្តិណាមួយពីអ្នកភូមិទៅនាយករដ្ឋមន្ត្រីក្នុងការស្វែងរកអន្តរាគមន៍ យើងនឹងទទួល ពីព្រោះតាមពិតយើងមិនចង់ឲ្យពួកគេធ្វើអ្វីមួយប៉ះពាល់ដល់រាជធានីឡើយ”។
កាលពីខែឧសភា អ្នកភូមិមួយក្រុមផ្សេងទៀតមកពីស្រុកដដែលនេះ បានមកជ្រកនៅវត្តសាមគ្គីរង្សី ពេលធ្វើការតវ៉ាប្រឆាំងនឹងការបណ្តេញចេញ។នៅទីបញ្ចប់ ពួកគេបានទទួលដីសម្បទានសង្គមកិច្ចចំនួន៧៥០ហិកតា។
ព្រះចៅអធិការវត្តស្តីទី ព្រះនាម ថាច់ ហាសំអាង បានមានសង្ឃដីកាថា ក្រុមចុងក្រោយនេះត្រូវបានស្វាគមន៍ឲ្យស្នាក់នៅរយៈពេលប៉ុន្មានក៏បានដែរ៕មានិត