បុរសម្នាក់ដែលតាំងខ្លួនជាព្រះសេអារ្យមេត្រី កំពុងរងគំនាបកាន់តែខ្លាំងឡើងៗ បន្ទាប់ពីទង្វើរបស់ខ្លួនបានលេចឮដល់អាជ្ញាធរ ដែលបានកោះហៅឲ្យគាត់ចូលខ្លួនដើម្បីបកស្រាយពាក់ព័ន្ធនឹងរឿងនេះ។
ធាន វុទ្ធី ដែលបានកសាងវត្តមួយនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល បានអះអាងថា ខ្លួនជាព្រះ។ ជននេះប្រមូលបានប្រាក់យ៉ាងច្រើនពីអ្នកគោរពបូជាដែលមកតាំងពីប្រទេសថៃ ដោយសារពួកគេជឿថា ជននេះមានបារមីខ្លាំងពូកែ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ធាន វុទ្ធី ដែលគេដឹងឮថា បានអង្គុយលើបល្ល័ង្កព្រះពុទ្ធ ត្រូវបានកោះហៅឲ្យចូលមកបំភ្លឺពាក់ព័ន្ធនឹងសកម្មភាពរបស់ខ្លួន។
ការកោះហៅឲ្យចូលខ្លួនមកបំភ្លឺនេះ ធ្វើឡើងក្រោយពីការឆ្មក់ចូលវត្តទួលរាជា កាលពីថ្ងៃអាទិត្យ ដោយមន្ត្រីក្រសួងធម្មការ និងសាសនា បានដកហូតវត្ថុតាងមួយចំនួនដែលតាំងលក់ រួមមាន រូបថត និងវីដេអូជាដើម។
លោក សេង សុមុនី បានមានប្រសាសន៍ថា ដំបូងឡើយ ធាន វុទ្ធី បានបួសជាតាបសតាំងពីឆ្នាំ១៩៩២មកម្លេ៉ះ ហើយត្រូវបានក្រសួងព្រមានជាច្រើនលើកមកហើយ ប៉ុន្តែ នេះជាលើកទី១ហើយដែលគេដឹងថា ជននេះបានតាំងខ្លួនជាព្រះ។
លោកបានបន្តថា “គាត់បានធ្វើខុសដោយការយកសាសនាទៅបោកប្រាស់ប្រជាពលរដ្ឋ [ហើយ] គាត់ក៏បានបំពានច្បាប់ព្រះពុទ្ធសាសនាដែរ ពេលគាត់អង្គុយលើបល្ល័ង្កព្រះ ហើយឲ្យប្រជាពលរដ្ឋគោរពខ្លួន ប៉ុន្តែ យើងមិនអាចផ្តន្ទាទោសគាត់ដូចជនសង្ស័យបានទេ”។
ក្រសួងធម្មការ និងសាសនាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃច័ន្ទថា ការអះអាងរបស់ ធាន វុទ្ធី បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃសាសនារដ្ឋរបស់កម្ពុជា។
ហើយមិនមែនមានតែប្រជាពលរដ្ឋខ្មែរទេ ដែលបានចាញ់បោកព្រះក្លែងក្លាយនេះ។ យោងតាមគេហទំព័រព័ត៌មាន Khaosod Daily បានឲ្យដឹងថា អ្នកធម្មយាត្រាថៃ បានឆ្លងដែនចូលមកប្រទេសកម្ពុជា ដើម្បីគោរពថ្វាយបង្គំព្រះក្លែងក្លាយនេះ បណ្តាលឲ្យអាជ្ញាធរថៃចេញការព្រមានណែនាំប្រជាពលរដ្ឋរបស់ខ្លួនកុំឲ្យចាញ់បោកជននេះ។
ព្រះតេជគុណ ប៊ុត ប៊ុនទិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យបានមានសង្ឃដីកាថា ក្រសួងធម្មការ និងសាសនា គួរតែអន្តរាគមន៍លឿនជាងនេះ។ ព្រះអង្គមានសង្ឃដីកាទៀតថា ” ធាន វុទ្ធី មិនមែនជាមនុស្សទៀងត្រង់ទេ បុគ្គលនេះបានកសាងវត្តមួយដើម្បីប្រមូលប្រាក់ ហើយបើក្រសួងធម្មការ និងសាសនា មិនដាក់ទោសជននេះទេ ជននេះនឹងប្រព្រឹត្តបែបនេះទៀត។ វាមិនមែនជាលើកទី១ទេ”។
ទោះជាយ៉ាងណា មន្ត្រីអាចជួបការលំបាកក្នុងការតាមចាប់ខ្លួន ធាន វុទ្ធី ។ លោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា លោកជឿថា ធាន វុទ្ធី លែងនៅវត្តទួលរាជាទៀតហើយ។ លោកបានបន្តថា “គាត់តែងតែទៅមកៗ ចេញចូលវត្តនេះ។ គាត់មានផ្ទះច្រើនណាស់”៕សុខុម