31 C
Phnom Penh

ក្រសួង​​​ការ​​​បរទេស​​​ថា បាន​​​ប្រឹង​​​ប្រែង​​​ជួយ​​​បញ្ឈប់​​​ការ​​​រំលោភ​​​បំពាន​​​លើ​​​ស្ត្រី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ថ្ងៃ​​​សុក្រ​​​ ក្រសួង​​​ការ​​​បរទេស​​​បាន​​​ការ​​​ពារ​​​ស្ថាន​​​ទូត​និង​​​ស្ថាន​​​កុងស៊ុល​​​ខ្មែរ​​​នៅ​​​ប្រទេស​​​ចិន​​​ ដែល​​​ត្រូវ​​​គេ​​​ចោទ​​​ថា ​​​មិន​​​បាន​យក​​​ចិត្ត​​​ទុក​​​​​​ចំពោះ​​​ស្ត្រី​​​ខ្មែរ​​​ ដែល​​​កំពុង​​​រង​គ្រោះ​នៅ​​​ទី​​​នោះ​​​ និង​បាន​​​និយាយ​​​ថា ខ្លួន​​​បាន​​​ខិត​​​ខំ​​​ជួយ​​​ទប់​​​ស្កាត់​​​​​​មិន​ឲ្យ​មាន​ស្ត្រី​​​​​ខ្មែរ​​​ត្រូវ​​​គេ​​​លក់​​​ទៅ​​​​​ឲ្យ​​​ផ្ទះ​​​បន​​​ ឬ​​​ការ​​​រៀប​​​ការ​​​ដោយ​​​បង្ខំ។

ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ ​​​ក្រសួង​​​នេះ​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​អះ​​​អាង​​​ពី​​​សំណាក់​​​អង្គ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​ជន​​​រងគ្រោះ​​​ ដែល​​​លើក​​​ឡើង​​​ថា ស្ថាន​​​ទូត​​​នៅ​​​ទី​​​ក្រុង​​​ប៉េកាំង និង​​​ស្ថាន​​​កុងស៊ុល​​​​​​ក្នុង​​​ប្រទេស​ចិន មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ជួយ​​​ស្ត្រី​​​ខ្មែរ​​​ ដែល​​​បាន​​​រត់​​​គេច​​​ចេញ​​​ពី​​​​​​ស្ថាន​​​ភាព​​​រំលោភ​​​បំពាន​​​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​លក់ និង​​​បង្ខំ​​​ឲ្យ​​​រៀប​​​ការ​​​ដោយ​​​មេខ្យល់​​​​​​ដែល​​​បាន​​​សន្យា​​​ថា នឹង​​​រក​​​ប្តី អ្នក​​​មាន​​​ ឬ​​​ការ​​​ងារ​​​មាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​បាន​​​ឲ្យ​​​ដឹង​​​ថា “ក្រសួង​​​ការបរទេស​​​ [​​​ស្ថាន​​​ទូត​​​ និង​​​ស្ថាន​​​កុង​​​ស៊ុល​​​]​​​ ជា​​​និច្ច​​​កាល​​​​​​តែង​​​តែ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​សង្គ្រោះ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ដែល​​​រង​​​គ្រោះ មិន​​​ថា កាលៈ​ទេស​​​ៈ​​​ណា​​​ទេ​​​ ដោយ​​​មិន​​​​​ព្រងើយ​​​កន្តើយ​​​នឹង​​​ជន​​​រង​​​គ្រោះ​​​ ប្រឈម​​​នឹង​​​ទុក​​្ខ​​​លំបាក​​​ដូច​​​ដែល​​​អង្គការ​​​អាដ​​​ហុក​​​ចោទ​​​​​​​​​នោះ​​​ឡើយ​”។

កាល​​​ពី​​​ថ្ងៃ​​​ពុធ អង្គការ​​​អាដ​​​ហុក​​​ បាន​​​ផ្សព្វ​​​ផ្សាយ​​​តួ​​​លេខ​​​​​​សម្រាប់​​​រយៈ​​​ពេល​​​​​​ប្រាំ​​​មួយ​​​ខែ​​​​​​ដើម​​​​​​​ឆ្នាំ​​​២០១៤​​​ ដែល​​​បាន​​​បង្ហាញ​​​​​​​​ថា ២៩​​​ករណី​​​នៃ​​​ស្ត្រី​​​ខ្មែរ​​​​​​ចាញ់​​​បោក​​​មេ​​​ខ្យល់​​​​​ធ្លាក់​​​ចូល​​​ស្ថាន​​​ការណ៍​​​ត្រូវ​​​គេ​​​​​​រំលោភ​​​បំពាន​​​។ កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ ​​​គេ​​​បាន​​​រាយការណ៍​​​ករណី​​​បែប​​​នេះ​​​​​​តែ​​​ប្រាំ​​​បី​​​ប៉ុណ្ណោះ។

ជន​​​រង​​​គ្រោះ​​​ជាច្រើន​​​​​​បាន​​​អះ​​​អាង​​​ថា ពួក​​​គេ​​​​​​មិន​​​បាន​​​ទទួល​​​ការ​​​ជួយ​​​សម​​​រម្យ​​​ពី​​​សំណាក់​​​​​​ស្ថា​​​ប័ន​​​ការទូត​​​នៅ​​​ប្រទេស​​​ចិន​​​ទេ​​​​​​។ ជន​​​រង​​​គ្រោះ​​​ម្នាក់​​​បាន​​​និយាយ​​​ថា ស្ថាន​​​កុងស៊ុល​​​នៅ​​​ក្រុង​​​គ័ង​​​ចូវ បាន​​​ប្រគល់​​​នាង​​​ទៅ​​​ឲ្យ​​​មេខ្យល់​​​​​​ដែល​​​បាន​​​លក់​​​នាង​​​ទៅ​​​ឲ្យ​បុរស​​​ម្នាក់​​​​​​ ដែល​​​បាន​​​បង្ខាំង​​​ និង​​​រំលោភ​​​នាង​​​អស់​​​រយៈ​​​ពេល​​​ប្រាំ​​​បី​​​ខែ។

ស្ត្រី​​​បរទេស​​​ ដែល​​​ចង់​​​រៀប​​​ការ​​​ជាមួយ​​​បុរស​​​ចិន ត្រូវ​​​ផ្តល់​​​ឯកសារ​​​ ដើម្បី​​​បញ្ជាក់​​​ថា ពួក​​​គេ​​​នៅ​​​លីវ​​​។ អង្គការ​​​អាដហុក​​​​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​បក​​​ប្រែ​​​ឯកសារ​​​ទាំង​​​នេះ​​​ អាច​ផ្តល់​​ប្រាក់​​​ចំណូល​​​សម្រាប់​​​ក្រុម​​​មន្ត្រី​​​នៅ​​​ស្ថាន​​​ទូត​​​ និង​​​ស្ថាន​​​កុងស៊ុល​​​​​​ប្រទេស​​​នេះ​​​។

ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​របស់​​​ខ្លួន​​​​​​ ក្រសួង​​​​​​ការ​​​បរទេស ​​​​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​ណែ​​​នាំ​​​បុគ្គលិក​​​នៅ​​​ទី​នោះ​​​ថា ពួក​​​គេ​​​​​​មិន​​​ត្រូវ​​​ “​​​ធ្វើ​​​ការ​​​បញ្ជាក់​​​​​​លិខិត​​​​​​នៅ​​​លីវ​​​ឲ្យ​​​ស្ត្រ្ី​​​ខ្មែរ​​​ឡើយ”។

ក្រសួង​​​នេះ​​​ក៏​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ខ្លួន​​​បាន​​​ជួយ​​​ធ្វើ​​​មាតុ​​​ភូមិ​​​និវត្ត​​​ស្ត្រី​​​១៨​​​នាក់​​​ក្នុង​​​ឆ្នាំ​​​​​​២០១៤​​​។ ម្នាក់​​​ក្នុង​​​ចំណោម​​​នោះ​​​ ឈ្មោះ រដ្ឋា អាយុ​​​១៨​​​ឆ្នាំ ដែល​​​បាន​​​និយាយ​​​ថា ​​​ស្ថាន​​​កុង​​​ស៊ុ​​​ល​​​នៅ​​​ក្រុង​​​គ័ង​​​ចូវ​​​ មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​នឹង​នាង​​​ទេ​​​ ពីព្រោះ​​​នាង​​​គ្មាន​​​​​​លិខិត​​​ឆ្លង​​​ដែន​​​ ដែល​​​ត្រូវ​​​បាន​​​ដក​ហូត​​​ទុក​​​​​​​​​ដោយ​​​ប្តី​​​ឃោរ​​​ឃៅ ដែល​​​នាង​​​ត្រូវ​​​គេ​​​លក់​​​ទៅ​​​ឲ្យ​​​ ហើយ​​​នាង​​​បាន​​​រត់​​​គេច​​​ខ្លួន​​​រួច។

នាង​​​បាន​​​និយាយ​​​ថា “នៅ​​​ពេល​​​នោះ ប្រសិនបើ​​​ខ្ញុំ​​​មាន​​​លិខិត​​​ឆ្លង​​​ដែន​​​​​​​​​​​​​​​​​​ខ្ញុំ​​​នឹង​​​មិន​​​បាន​​​ទៅ​​រក​​​មន្ត្រី​​​នៅ​​​ស្ថាន​​​កុងស៊ុល​​​ខ្មែរ​​​ទេ។ខ្ញុំ​​​នឹង​​​​​​​​​ទៅ​​​អាកាសយានដ្ឋាន​​​​​​តែ​​​ម្ដង​​​ ដើម្បី​​​ជិះ​​​យន្តហោះ​​​​​​​​មក​​​ប្រទេស​​​ខ្ញុំ​។“​​​នេះ​​​មិន​​​មែន​​​ជា​​​ការ​​​ចោទ​​​ប្រកាន់​​​ទេ​​​។ វា​​​ជា​​​រឿង​​​ពិត​​​ដែល​​​ក្រុម​​​មន្ត្រី​​​នៅ​​​ទី​​​នោះ​​​​​​មិន​​​បាន​​​ជួយ​​​ខ្ញុំ​​​ ពេល​​​ដែល​​​ខ្ញុំ​​​​​​ទៅ​​​រក​​​ពួក​​​គេ​​​”៕មានិត​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស