ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា មនុស្សបួននាក់បានស្លាប់ក្នុងទឹកជំនន់ ដែលបានធ្វើឲ្យប៉ះពាល់ដល់ខេត្តចំនួនប្រាំបួនកាលពីសប្តាហ៍មុននេះ។ មនុស្សពីរស្លាប់ក្នុងទឹកជំនន់នៅខេត្តក្រចេះ ម្នាក់ស្លាប់នៅខេត្តស្ទឹងត្រែង និងម្នាក់ទៀតនៅខេត្តកណ្តាល។
យោងតាមលោក ញឹម វណ្ណដា អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ទឹកជំនន់បានឡើងលើសកម្រិតប្រកាសអាសន្ននៅខេត្តក្រចេះនិងខេត្តស្ទឹងត្រែង។
លោក ញឹម វណ្ណដា មានប្រសាសន៍ថា “ខេត្តចំនួនប្រាំបួនបានរងប៉ះពាល់ដោយទឹកជំនន់ ហើយរហូតមកដល់នេះ មនុស្សតែបួននាក់ប៉ុណ្ណោះបានស្លាប់។ កម្ពស់ទឹកនៅតែបន្តឡើង ដូច្នេះយើងមិនអាចប្រមាណទំហំខូចខាតបាននៅឡើយទេ”។
លោកបានបន្ថែមថា ឥទ្ធិពលព្យុះទីហ្វុង Rammasun ដែលបានបង្កការខូចខាតនៅប្រទេសចិន វៀតណាម និងប្រទេសលាវ ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើឲ្យកម្ពស់ទឹកបណ្តាខេត្តភាគឦសានឡើងខ្ពស់ថែមទៀត។
ក្រសួងធនធានទឹកនិងឧតុនិយមបានព្រមានអំពីផលប៉ះពាល់ដោយសារព្យុះទីហ្វុងនេះកាលពីថ្ងៃសុក្រ ដោយលើកឡើងថា ការធ្លាក់ភ្លៀងខ្លាំងអាចបណ្តាលឲ្យមានទឹកជំនន់នៅចន្លោះថ្ងៃទី២ដល់ថ្ងៃទី៧ ខែសីហា។
លោក អ៊ុំ វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាមបានចាត់ទុកព្យុះទីហ្វុងនេះថា ជាមូលហេតុធ្វើឲ្យកម្រិតទឹកកើនឡើងលឿនជាងឆ្នាំមុន ប៉ុន្តែបានបន្ថែមថា ការជន់លិចមួយចំនួនគឺកើតមានជា “ធម្មតា”។
លោក ស ចំរ៉ុង អភិបាលខេត្តក្រចេះបានមានប្រសាសន៍ថា ស្រុកបួនបានទទួលរងគ្រោះទឹកជំនន់លើសពីកម្រិតប្រកាសអាសន្ន។
លោក ចំរ៉ុង បានមានប្រសាសន៍កាលពីម្សិលមិញថា ” វាមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ ហើយ យើ់ងកំពុងត្រៀមកម្លាំងជួយជម្លៀសប្រជានជនទៅកាន់ទីទួលសុវត្ថិភាព”។ លោកបានបន្ថែមថា ដីស្រែទំហំប្រហែល១.៧០០ហិកតាបានរងការជន់លិច។
លោក ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែងមិនបានដឹងថា មានមនុស្សស្លាប់នៅក្នុងខេត្តរបស់លោកទេ ប៉ុន្តែបានមានប្រសាសន៍ថា មន្ទីរពេទ្យបង្អែកខេត្តបានជន់លិចហើយ។ លោកបានបន្ថែមថា មានការត្រៀមលក្ខណសម្រាប់ទប់ទល់គ្រោះទឹកជំនន់តាំងពីពេលមួយខែមុន។
លោក តារា បានមានប្រសាសន៍ថា “យើងបានត្រៀមទូករួចហើយដើម្បីជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព ហើយប្រជាជនក៏បានត្រៀមខ្លួនផងដែរចាប់តាំងពីកម្រិតទឹកកើនឡើង”។
ប្រជាពលរដ្ឋជាង១,៨លាននាក់បានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់កាលពីឆ្នាំមុន ដែលបណ្តាលឲ្យមនុស្សប្រហែល១៦៨នាក់ស្លាប់នៅទូទាំងប្រទេស៕ មានិត