40.3 C
Phnom Penh

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ សីហមុនី នឹង​ធ្វើ​ជា​ព្រះអធិបតី​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​​នៅ​ព្រះ​បរម​រាជ​វាំង​នៅ​រសៀល​នេះ សម្រាប់​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បានធ្វើ​ពហិការ​មិន​ទទួល​យកអាសនៈ​របស់​ខ្លួន​អស់​រយៈ​ពេល​១០​ខែ​មក​ហើយ ដោយសារ​ការ​អះអាង​ថា មានការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពីខែ​កក្កដា ឆ្នាំ​២០១៣​។

កាលពី​ម្សិលមិញ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា តំណាង​រាស្ត្រ​របស់​គណបក្ស​លោក​នឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃនេះ​។ លោក​បាន​មាន​ប្រសាសន៍​តាមទូរស័ព្ទ​អំពីការ​ស្បថ​នេះ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​អំពី​ការ​ប្រើ​ពាក្យពេចន៍​នៅ​ក្នុង​ជំពូក​ថ្មីមួយ​របស់​រដ្ឋធម្មនុញ្ញ​ថា ” ថ្ងៃ​ស្អែក​វេលា​ម៉ោង​៤ល្ងាច​នៅ​ព្រះ​បរម​រាជ​វាំង​”។

លោក គង់ សំអុល រដ្ឋមន្ត្រី​ព្រះបរមរាជវាំង​ក៏បាន​បញ្ជាក់នៅ​ក្នុងលិខិត​មួយ​ដែរ​ថា ព្រះ​មហាក្សត្រ​ សីហមុនី នឹង​ធ្វើ​ជាព្រះ​អធិបតី​នៅ​ក្នុង​ពិធី​នេះ​។ កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​មុន ព្រះ​អង្គ​បាន​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​តំណាង​រាស្ត្រ​៦៨​រូប​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា ដោយគ្មាន​ការ​ចូល​រួមពីគណបក្ស​សង្គ្រោះជាតិ​។ លោក​បាន​សរសេរ​ថា ” ខ្ញុំ​មាន​កិត្តិយស​សូមជូន​ដំណឹង​ដល់​ឯកឧត្តម​លោក​ជំទាវ​ថា ក្រសួង​ព្រះបរម​រាជ​​វាំង​ត្រៀម​ខ្លួន​រៀបចំ​ពិធី​ស្បថ​ចូល​កាន់​តំណែង​សម្រាប់​តំណាង​រាស្ត្រ​ទាំង​៥៥​រូប​​រួច​ហើយ​ ហើយ​ព្រះមហាក្សត្រ​កម្ពុជា​នឹង​ធ្វើ​ជា​អធិបតីក្នុង​ពិធី​នេះ​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង​៤​ល្ងាច​នៅ​ព្រះ​បរមរាជ​វាំង​”។

ពិធី​ស្បថ​​នៅ​ថ្ងៃ​នេះ​ធ្វើ​ឡើង​ពីរ​សប្ដាហ៍​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ សម រង្ស៊ី បាន​ព្រម​ព្រៀង​គ្នា​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចប់​ការ​ធ្វើ​ពហិការ​របស់​ខ្លួន​ ជា​ថ្នូរ​នឹង​ការ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចោទ​ថា បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។

តាម​កិច្ច​ព្រម​​ព្រៀង​នេះ គ.ជ.ប. ដែល​មាន​សមាជិក​ភាគ​ច្រើន​មកពី​គណបក្ស​កាន់​អំណាច​នោះ នឹង​ត្រូវ​កែទម្រង់ និង​ដាក់​ឈ្មោះ​ថ្មី ហើយ​គណបក្ស​នីមួយៗ​ត្រូវ​ជ្រើស​រើស​សមា​ជិក​បួន​រូប​ និង​សមាជិក​ទី៩​ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​ទាំង​ពីរ​។

ដំណើរ​ការ​ជ្រើសរើស​សមាជិក​នេះ ត្រូវ​មាន​ចែង​នៅ​ក្នុង​ជំពូក​​១៥​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រាង​អស់​រយៈពេល​ពីរ​សប្ដាហ៍​មក​ហើយ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ទាម​ទារ​ឲ្យ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​អំពី​ព័ត៌​មាន​លម្អិត​នៃ​ការ​កែ​ទម្រង់​នេះ​មុន​ពេល​តំណាង​រាស្ត្រ​របស់​ខ្លួន​ចូល​រដ្ឋសភា​។

តាម​កិច្ច​ព្រម​ព្រៀង​លាយ​លក្ខណ៍​​អក្សរ​ដែល​បាន​ធ្វើ​នៅ​ពេល​ព្រឹក និង​បន្ទាប់​ពី​មាន​ការ​ទាម​ទារ​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា ជំពូក​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នេះ​នឹង​ចែង​តែ​អំពី​សមាស​ភាព​បួនៗ​របស់​គ.ជ.ប.ថ្មី និង​ថវិកា​ស្វយ័ត​របស់​ស្ថាប័ន​នេះ​ ព្រម​ទាំង​ឯករាជភាព​របស់​ស្ថាប័ន​នេះ​ពី​រដ្ឋា​ភិបាល​​ប៉ុណ្ណោះ។

អ្វី​ដែល​មិន​មាន​ដាក់បញ្ចូល​​នៅ​ក្នុង​ជំពូក​១៥ គឺ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សុំ​ឲ្យ​មាន​អភ័យ​ឯកសិទ្ធិ​សម្រាប់​សមាជិក​គ.ជ.ប.ថ្មី ឬ​ព័ត៌មាន​លម្អិត​អំពី​ការ​ជំនួស​សមាជិក​ទាំង​នេះ​​ប្រសិន​បើ​ពួកគាត់​មិន​អាច​បំពេញ​ភារកិច្ច​បាន​។

យោង​តាម​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​ទ្វេភាគី​កាលពី​ម្សិល​មិញបង្ហាញ​ថា ប៉ុន្តែ​ចំណុច​ទាំង​នេះ​នឹង​ដាក់​បញ្ចូល​នៅ​ក្នុង​ច្បាប់​ថ្មី​មួយ​ស្ដីពី​ការរៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​នេះ ដែល​បំបែក​ចេញពី​ច្បាប់​​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​បច្ចុប្បន្ន​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ជំនួស​ឲ្យអភ័យ​ឯកសិទ្ធិ​នេះ សមាជិក​គ.ជ.ប.នឹង​ទទួល​បាន​ការ​ការ​ពារ​ដូច​គ្នា​នឹង​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​ឧត្តមក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ដែរ។

លោក សម រង្ស៊ី បាន​ពន្យល់​ប្រាប់​ថា ” ខ្លឹម​សារ​លម្អិត​ទាំង​អស់​នេះ​នឹង​មាន​ចែង​នៅ​ក្នុង​ច្បាប់ស្ដីពីការ​រៀបចំ និង​ការ​ប្រព្រឹត្តទៅ​របស់​គ.ជ.ប.។ នេះគឺ​ជាការប្ដេជ្ញា​ នេះគឺ​ជា​កាតព្វកិច្ច​ច្បាប់​ កំណត់​ហេតុទាំង​នេះ​គឺ​ជា​ឯកសារ​ផ្លូវការ​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​អំពី​រឿង​នេះ​ ហើយពួកគេ​បាន​ប្ដេជ្ញា​ដាក់​បញ្ចូល​ចំណុច​ទាំង​នេះ​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​”។

ច្បាប់​ស្ដីពី​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ចែង​ថា សមាជិក​របស់​ខ្លួន​មិន​ត្រូវ​មាន​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ​ ឬ​រដ្ឋប្បវេណី​ ចំពោះ​ការ​សម្រេច​ណាមួយ​ពេល​បំពេញ​តួនាទី​របស់​ខ្លួន​ជា​សមា​ជិក​នោះទេ ប៉ុន្តែ​ពួកគេ​អាច​បាត់​បង់​តំណែង​របស់​ខ្លួន​ប្រសិន​បើ​ត្រូវ​​កាត់​ឲ្យ​ជាប់​ទោស​ពី​បទ​មជ្ឈិម​ ឬបទ​ឧក្រិដ្ឋ។

កាលពី​ថ្ងៃ​ពុធ លោក សម រង្ស៊ី បាន​ព្រាង​ជំពូក​១៥​ ដែល​មាន​ដាក់​បញ្ចូល​អភ័យ​ឯកសិទ្ធិ​សម្រាប់​សមាជិក​ទី៩​របស់​គ.ជ.ប.ថ្មី។ ប៉ុន្តែ​មួយ​ថ្ងៃ​ក្រោយមក គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ច្រាន​ចោល​សំណើ​នេះ​ ដោយ​លើក​ឡើង​ថា ការ​ផ្ដល់​សិទ្ធិ​ពិសេស​បែប​នេះ​ដល់​អ្នក​រៀបចំ​ការ​បោះ​ឆ្នោត​​មិន​មាន​ទេ​នៅ​លើ​ឆាក​អន្តរជាតិ។

កាលពី​ល្ងាច​ថ្ងៃ​សុក្រ នៅ​ឯកិច្ច​ប្រជុំ​ក្រុម​ការ​ងារ​មួយ​រវាង​គណបក្ស​ទាំង​ពីរ​ នៅ​ពេល​នោះ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ព្រម​ដក​ការ​ទាម​ទារ​របស់​ខ្លួន​សុំ​ឲ្យ​មាន​អភ័យ​ឯកសិទ្ធិ​នេះ ហើយ​ជំនួស​ទៅ​វិញ​បាន​ស្នើ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​ដំណើរ​ការ​ជ្រើស​រើស​អ្នក​ជំនួស​​សមាជិក​គ.ជ.ប.ទៅ​ក្នុង​ជំពូក​១៥ ដើម្បី​ធានា​សន្តិសុខ​សម្រាប់​សមាជិក​នោះ​។

ទោះ​ជា​យ៉ាង​ណា​ ​សំណើនេះ​​ក៏​ត្រូវ​បាន​បដិសេធដែរ​។​កាលពី​យប់​ថ្ងៃ​អាទិត្យ​ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ផ្សព្វ​ផ្សាយជា​សាធារណៈ​នូវ​លិខិត​ដែល​លោក​ផ្ញើ​ជូនលោក សម រង្ស៊ី ដោយ​លើក​ឡើង​ថា គណបក្ស​កាន់​អំណាច​គិត​ថា វា​មិន​ចាំបាច់​ដាក់​បញ្ចូល​ដំណើរ​ការ​បែប​នេះនៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ។

លោក​ ស ខេង បាន​សរសេរ​ថា ដំណើរ​ការ​ជ្រើស​រើស​សមាជិក​ជំនួស​គឺ​ជា​បញ្ហា​ដែល​ត្រូវ​កំណត់​នៅ​ក្នុង​ច្បាប់​ ដែល​រដ្ឋសភា​បាន​អនុម័ត។

លោក ស ខេង បាន​សរសេរ​ថា ” គណបក្ស​សង្គ្រោះជាតិ​បានលើក​ឡើង​អំពី​បញ្ហា​គ.ជ.ប.​ដើម្បី​ឲ្យ​បន្ថែម​ចំណុច​ដែល​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​ជ្រើសរើស​សមាជិក​ថ្មី​ក្នុង​ករណី​ដែល​សមាជិក​គ.ជ.ប.កំពុង​បម្រើ​ការ​ងារ​បាត់​បង់​សមាជិក​ភាព​”។

“គណបក្ស​ប្រជាជន​កម្ពុជា​គិត​ថា ចំណុច​នេះ​មិន​ចាំបាច់​ដាក់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ ពីព្រោះ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិចែង​តែ​ពី​ចំណុច​សំខាន់ៗប៉ុណ្ណោះ​។

សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សុំ​ឲ្យ​មាន​ការ​ការ​ពារសមាជិក​គ.ជ.ប.​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សំណើ​ពី​លោក​ស្រី ពុង ឈីវកេក ប្រធាន​អង្គកាលីកាដូ​ឲ្យ​ផ្ដល់​អភ័យឯកសិទ្ធិ​ដល់​សមាជិក​គ.ជ.ប.។

លោក ពុង ឈីវកេក ដែល​មិន​អាច​ទាក់​ទង​​តាម​ទូរស័ព្ទ​បាន​កាលពី​ម្សិលមិញ និង​មិន​បាន​ឆ្លើយ​តប​តាម​សំណើ​សុំ​អត្ថាធិប្បាយ​តាម​អុីម៉េល​នោះ ត្រូវ​បាន​គណបក្ស​ទាំង​ពី​រ​ជ្រើសរើស​ជា​សមាជិក​គ.ជ.ប.ដែល​មាន​ការ​ព្រមព្រៀង​គ្នា​ចុង​ក្រោយ​ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​នឹង​ទទួល​យក​តួនាទី​នេះ​​ឲ្យ​តែ​មាន​ការ​​ផ្ដល់​អភ័យ​ឯកសិទ្ធិ​។

ទោះជាយ៉ាង​ណា​ លោក អំ សំអាត អ្នក​គ្រប់​គ្រង​ផ្នែក​បច្ចេកទេស​នៅ​អង្គការ​លីកាដូ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​លោកស្រី ពុង ឈីវកេក កំពុង​ពិចារណា​ពី​ជម្រើស​របស់​លោក​ស្រី។

លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា ” លោកស្រី​នឹង​ពិចារណា​អំពី​កិច្ច​ព្រមព្រៀង​ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ​ ពីព្រោះ​អ្វី​ដែល​លោកស្រី​បាន​ស្នើ​សុំ​នោះ​មិន​ទាន់​បាន​ឆ្លើយ​តប​ទេ។ លោកស្រី​ក៏​ចង់​ឲ្យមាន​ការ​ដាក់​បញ្ចូល​​​​ស្វយ័ត​ភាព​នៅ​ក្នុង​ដំណើរ​ការ​ជ្រើស​រើស​បុគ្គលិក​គ.ជ.ប.ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ដែរ ប៉ុន្តែ​ចំណុច​នេះ​នឹង​ត្រូវ​ដាក់​តែ​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ប៉ុណ្ណោះ”។

កាលពី​យប់​មិញ​ យុវជន​គណបក្ស​សង្គ្រោះជាតិ​បី​នាក់​ក៏​កំពុង​ជាប់​ឃុំ​ដែរ​ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​សៅរ៍ ចំពោះ​ការ​ចូល​រួម​ដឹក​នាំ​ចលនា​កុបកម្ម​ ដោយ​សារ​វត្តមាន​របស់ពួកគេ​នៅ​កន្លែង​វាយ​តប់​គ្នា​តាម​ផ្លូវ​នៅពេល​មាន​ការ​តវ៉ា​ពី​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

កាលពី​ថ្ងៃ​អាទិត្យ​ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា អ្នក​ជាប់​ឃុំទាំង​បី​ ដែល​មាន​ឈ្មោះ ឃិន ជំរឿន អាយុ​៣២​ឆ្នាំ​ នាង​ សុឃុន អាយុ​២៨​ឆ្នាំ និង​ សាន គឹមហេង អាយុ​២៨​ឆ្នាំ​ ទំនង​ជា​ត្រូវ​ដោះ​លែង​វិញ​បន្ទាប់ពី​មាន​ការ​ប្រកាស​អំពី​កាល​បរិច្ឆេទ​សម្រាប់​ការ​ស្បថ​ចូល​កាន់​តំណែង​។

ទោះជា​យ៉ាង​ណា លោក សម សុគង់ មេធាវី​តំណាង​ឲ្យ​អ្នក​ទាំង​បី​បាននិយាយ​ថា លោក​បាន​ធ្វើ​សំណើ​សុំ​ឲ្យ​តុលាការ​ដោះ​លែង​ពួកគាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ទេ។ លោក​បាន​និយាយ​ថា ” យើង​បាន​ដាក់​សំណើ​នៅ​ព្រឹក​នេះ​សុំធានា​អ្នក​ទាំង​បី​ឲ្យ​នៅ​ក្រៅ​ឃុំ​ ពីព្រោះពួកគេ​មាន​ការ​ងារ​ធ្វើ មាន​គ្រួសារ​ ដូច្នេះ​ពួកគេ​នឹង​បង្ហាញ​ខ្លួន​នៅ​េពល​ណា​តុលាការ​ចង់​ជួប​ពួកគេ​”។

លោក កែវ មុនី ចៅក្រម​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​ ​បាន​បដិសេធ​ថា តុលាការ​មិន​បាន​ទទួល​សំណើ​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​នៅ​ក្នុង​រឿង​ក្តី​នេះ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​មិន​ទាន់​បាន​ទទួល​សំណើ​សុំ​នៅ​ក្រៅ​ឃុំទេ”។

លោក សម រង្ស៊ី បាន​លើក​ឡើង​សាជា​ថ្មី​ថា តាម​លក្ខខណ្ឌ​​នៃ​កិច្ច​ព្រម​ព្រៀង​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា របស់​លោក​ជាមួយលោក ហ៊ុន សែន មេដឹកនាំ​យុវជន​ទាំង​បី​គួរ​តែ​ត្រូវ​ដោះ​លែង​ភ្លាម​ៗ​បន្ទាប់ពី​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​៥៥​រូប​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​នេះ​នៅ​វេលាម៉ោង​៤​ល្ងាច​។ លោក​បាន​មាន​ប្រសាសន៍​ថា ” លោក ហ៊ុន សែន បាន​សន្យា​ថា នឹង​បើក​ទីលាន​ប្រជាធិបតេយ្យ ផ្តល់​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន ដូច​ជា​សិទ្ធិ​ជួប​ជុំគ្នា​ ហើយ​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ហេតុការណ៍​​ពីមុនៗ​នឹង​ត្រូវ​ដោះ​លែង”៕ គឹមហឿន​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស