27 C
Phnom Penh

ការ​​​ប្រឡង​​ថ្នាក់​​​ជាតិ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​ស្អាតស្អំ ប៉ុន្តែ សិស្ស​​​នៅ​​​តែ​​​ព្យាយាម​​​លួច​​​ចម្លង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​ក្រសួង​​​អប់​​​រំ​​​ យុវជន និង​​​កីឡា​​​ ដើម្បី​​​ទប់ស្កាត់​​​ការ​​​លួច​​​ចម្លង​​​ និង​​​ការ​​​សូក​​​ប៉ាន់​​​ អំឡុង​​​ពេល​​​ប្រឡង​​​ថ្នាក់​​​ទី​​​១២​​​នៅ​​​ទូទាំង​​​ប្រទេស​​​ ទទួល​​​បាន​​​ការ​​​កោត​​​សរសើរ​​​ថា​​​ជា​​​ជោគ​​​ជ័យ​​​ ក្រោយ​​​ពី​​​​​​ការ​​​ប្រឡង​​​ថ្ងៃ​​​ទី​​​១​​​កាល​​​ពី​​​ម្សិលមិញ ​​ដោយ​​​មន្ត្រី​​​សង្កេត​​​ការណ៍​​​ប្រឡង​​​រាយ​​​ការណ៍​​​ថា មាន​​​ករណី​​​ប៉ុន​​​ប៉ង​​​​លួច​​ចម្លង​​​​​​តែ​​​ពីរ​​​បី​​​ករណី​​​ប៉ុណ្ណោះ​​​ និង​​​គ្មាន​​​អនុរក្ស​​​​​​ពុក​​​រលួយ​​​ឡើយ​​​។front

លោក​​​ ឆាយ​​​ សាវុធ អនុ​​​ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ ដែល​​​បាន​​​បញ្ជូន​​​មន្ត្រី​​​ទៅ​​​កាន់​​​មណ្ឌល​​​នីមួយ​​​ៗ​​​ក្នុង​​​ចំណោម​​​មណ្ឌល​​​ប្រឡង​​​ចំនួន​​​១៥៤​​​មណ្ឌល​​​នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “គ្មាន​​​អំពើ​​​ពុក​​​រលួយ​​​​​​​​កើត​​​ឡើង​​​ទេ​​​”។

លោក ហង់ ជួន ណារ៉ុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អប់​​​រំ​​​ ដែល​​​បាន​​​ចំណាយ​​​ពេល​​​ពេញ​​​មួយ​​​ថ្ងៃ​​​ចុះ​​​ទៅ​​​ពិនិត្យ​​​តាម​​​សាលា​​​នានា​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​វិន័យ​​​ល្អ​​​ណាស់​​​ ហើយ​​​គ្មាន​​​ការ​​​លួច​​​ចម្លង​​​ទេ​​​”។

លោក ហង់ ជួន ណារ៉ុន ដែល​​​បាន​​​ពន្យល់​​​ថា លោក​​​ទទួល​​​បាន​​​របាយការណ៍​​​ស្ទើរ​​​គ្រប់​​​មណ្ឌល​​​ប្រឡង​​​នៅ​​​តាម​​​ខេត្ត​​​ បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “គ្មាន​​​ការ​​​រាយការណ៍​​​អំពី​​​ការ​​​លួច​​​ចម្លង​​​ទេ។មាន​​​ករណី​​​ប៉ុន​​​ប៉ង​​​យក​​​ទូរស័ព្ទ​​​ស្មាត​​​ហ្វូន​​​ចូល​​​បន្ទប់​​​ប្រឡង​​​តែ​​​មួយ​​​ករណី​​​ប៉ុណ្ណោះ ហើយ​​​គ្មាន​​​ករណី​​​យក​​​ក្រដាស​​​ចូល​​​​​​ក្នុង​​​ថ្នាក់​​​ទេ​​​”។

លោក​​​បាន​​​បន្ត​​​ថា ទោះ​​​ជា​​​យ៉ាង​​​ណា វា​​​មិន​​​មែន​​​ល្អ​​​ឥត​​​ខ្ចោះ​​​ឡើយ​​​  ដោយសារ​​​​​​មាន​​​ជន​​​បន្លំ​​​ខ្លួន​​​បី​​​ករណី​​​​​​ដែល​​​ព្យាយាម​​​ចូល​​​ទៅ​​​អង្គុ​​​យ​​​ប្រឡង​​​នៅ​​​តុ​​​របស់​​​សិស្ស​​​ដែល​​​ចុះ​​​ឈ្មោះ​​​ប្រឡង​​​ ដោយ​​​ក្នុង​​​នោះ​​​ពីរ​​​ករណី​​​កើត​​​ឡើង​​​ក្នុង​​​ខេត្ត​​​កណ្តាល និង​​​មួយ​​​ករណី​​​ទៀត​​​កើត​​​ឡើង​​​នៅ​​​ខេត្ត​​​ស្វាយ​​​រៀង​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “អ្នក​​​សង្កេត​​​ការណ៍​​​បាន​​​សង្កេត​​​ឃើញ​​​ថា ប័ណ្ណ​​​សម្គាល់​​​ខ្លួន​​​សិស្ស​​​នោះ​​​​​​មិន​​​ត្រូវ​​​គ្នា​​​។ ពួកគេ​​​នឹង​​​ត្រូវ​​​​​​ដក​​​សិទ្ធិ​​​​​​មិន​​​ឲ្យ​​​ប្រឡង​​​​​​​​​​​​​​​​​​រហូត​​​ដល់​​​ឆ្នាំ​​​២០១៧​​​”។

កាល​​​ពី​​​ខែ​​​មីនា អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ដែល​​​ឆ្នាំ​​​នេះ​​​ត្រូវ​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​ជួយ​​​សង្កេត​​​ការ​​​ប្រឡង​​​ថ្នាក់​​​ជាតិ​​​នេះ​​​ជា​​​លើក​​​ដំបូង​​​ បាន​​​គំរាម​​​ដាក់​​​ពន្ធនាគារ​​​​​​អ្នក​​​ដែល​​​លួច​​​ចម្លង​​​។

ប៉ុន្តែ លោក ឆាយ សាវុធ បាន​​​មាន​​​ប្រសាសន៍​​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា សិស្ស​​​បន្លំ​​​ខ្លួន​​​ទាំង​​​បី​​​នាក់​​​នោះ​​​នឹង​​​មិន​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ល្មើស​​​ទេ ហើយ​​​ថា អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​ដោះ​​​ស្រាយ​​​តែ​​​បញ្ហា “អំពើ​​​ពុក​​​រលួយ ការ​​​សូក​​​ប៉ាន់​​​លុយ​​​នៅ​​​ក្នុង​​​​​ថ្នាក់​​​ប៉ុណ្ណោះ”។

តំណាង​​​មួយ​​​ចំនួន​​​មក​​​ពី​​​សមាគម​​​គ្រូ​​​បង្រៀន​​​កម្ពុជា​​​ឯករាជ្យ​​​​​​ ដែល​​​ធ្វើ​​​ជា​​​អនុរក្ស​​​ ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា គ្មាន​​​ការ​​​លួច​​​ចម្លង​​​ ឬ​​​​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​​​​ថ្នាក​​​់​​​រៀន​​​ទេ។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក សន ជ័យ មន្ត្រី​​​សម្រប​​​សម្រួល​​​បណ្តាញ​​​រួប​​​រួម​​​ដើម្បី​​​គណនេយ្យ​​​ភាព​​​សង្គម​​​ប្រចាំ​​​អាស៊ីបូពា៌​​​ ដែល​​​បាន​​​ផ្តល់​​​​​​៨០​​​ភាគ​​​រយ​​​នៃ​​​អ្នក​​​សង្កេត​​​ការណ៍​​​ជាង​​​២.០០០នាក់​​​របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ បាន​​​មាន​​​ប្រសាសន៍​​​ផ្សេង​​​ពីនេះ​​​។

លោក សន ជ័យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​លួច​​​ចម្លង​​​ មាន​​​តែ​​​ពីរ​​​បី​​​ករណី​​​ប៉ុណ្ណោះ​​​ដែល​​​សិស្ស​​​អាន​​​ឯកសារ​​​នៅ​​​ក្នុង​​​បន្ទប់​​​ប្រឡង​​​”។ លោក​​​បាន​​​លើក​​​​​​ឡើង​​​ទៀត​​​ថា អ្នក​​​សង្កេត​​​ការណ៍​​​របស់​​​លោក​​​បាន​​​រាយការណ៍​​​ទៅ​​​មន្ត្រី​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ ដែល​​​ឈរ​​​ជើង​​​នៅ​​​តាម​​​​​​សាលា​​​នីមួយ​​​ៗ។ “បន្ទាប់​​​ពី​​​នោះ ​​​យើង​​​មិន​​​ដឹង​​​ថា ​​​​​​​​​​​​​​​​​​មាន​​​អ្វី​​​កើត​​​ឡើង​​​នោះ​​​ទេ។ យើង​​​គ្រាន់​​​តែ​​​រាយការណ៍​​​ទៅ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ ហើយ​​​ពួក​​​គេ​​​​​​ជា​​​អ្នក​​​ចាត់​​​ការ”។

ខណៈ​​​ដែល​​​ក្រសួង​​​អប់រំ​​​ និង​​​​​​ អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​លើក​​​ឡើ​​​ងថា ដំណើរ​​​ការ​​​ប្រឡង​​​នៅ​​​ក្នុង​​​សាលា​​​​​​ស្ទើរ​​​តែ​​​គ្មាន​​​ការ​​​លួច​​ចម្លង​​​នោះ ទិដ្ឋ​​​ភាព​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​គឺ​​​ខុស​​​គ្នា​​​ស្រឡះ​​​។

​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ល្បាត​​​​​​នៅ​​​តាម​​​បរិវេណ​​​សាលា​​​រៀន​​​​​​នានា​​​ ខណៈ​​​ពេល​​​សិស្ស​​​នាំ​​​គ្នា​​​ចេញ​​​ចូល​​​ៗ​​​​​​កន្លែង​​​ថត​​​ចម្លង​​​ ដើម្បី​​​ថត​​​ចម្លង​​​ព្រីយ៉ុង​​​សរសេរ​​​ដោយ​​​ដៃ​​​ ដោយ​​​ថត​​​វា​​​ចូល​​​ទៅ​​​ក្នុង​​​ទូរស័ព្ទ​​​​​​ស្មាត​​​ហ្វូន​​​​​​ និង​​​ចែក​​​រំលែក​​​តៗ​​​គ្នា​​​តាម​​​ហ្វេស​​​ប៊ុក​​​។

មាន​​​អ្នក​​​ដើរ​​​ចែក​​​ចាយ​​​វិញ្ញាសា​​​ដោយ​​​បើក​​​ចំហ​​​ ប៉ុន្តែ ពួក​​​​​​គេ​​​បាន​​​លាក់​​​វិញ្ញាសា​​​​​​ទាំង​​​នោះ​​​ទុក​​​ នៅ​​​ពេល​​​ត្រូវ​​​អ្នក​​​យក​​​ព័ត៌​​​​​​មាន​​​សាកសួរ។ នៅ​​​ទល់​​​មុខ​​​វិទ្យាល័យ​​​ ជា ស៊ីម សន្ធរ​​​ម៉ុក ក្នុង​​​ខណ្ឌ​​​ទួល​​​គោក ហាង​​​ថត​​​រូប​​​ និង​​​ថត​​​ចម្លង​​​ម្កុដ​​​ពេជ្រ​​​ថ្មី​​​បាន​​​បំពាន​​​បញ្ជា​​​របស់​​​មន្ត្រី​​​សង្កាត់​​​ដែល​​​ហាម​​​ឃាត់​​​មិន​​​ឲ្យ​​​ធ្វើ​​​អាជីវកម្ម​​​ថត​​​ចម្លង​​​នៅ​​​ថ្ងៃ​​​ប្រឡង​​​ ហើយ​​​កន្លែង​​​ថត​​​ចម្លង​​​ប្រហែល​​​១០​​​ទៀត​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​ក៏​​​បាន​​​ធ្វើ​​​ដូច​​​គ្នា​​​នេះដែរ​​​។

ទោះ​​​ជាយ៉ាង​​​ណា​​​ នៅ​​​ក្នុង​​​ខេត្ត​​​តាកែវ នគរបាល​​​ខេត្ត​​​បាន​​​ឆ្មក់​​​បង្ក្រាប​​​កន្លែង​​​ថត​​​ចម្លង​​​មួយ​​​ ហើយ​​​បាន​​​ចាប់​​​ខ​​​្លួន​​​បុរស​​​ពីរ​​​នាក់​​​ នេះ​​​បើ​​​យោង​​​តាម​​​គេ​​​ហ​​​ទំព័រ​​​របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ។ បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​គេ​​​មើល​​​ឃើញ​​​ធ្វើ​​​សកម្មភាព​​​លក់​​​ក្រដាស​​​ចម្លើយ​​​នៃ​​​វិញ្ញាសា​​​ប្រឡង​​​ចំនួន​​​ប្រាំ​​​មុខ​​​វិជ្ជា​​​ក្នុង​​​ចំណោម​​​វិញ្ញាសា​​​ប្រឡង​​​ថ្នាក​​​់​​​ជាតិ​​​ចំនួន​​​១០​​​មុខ​​​វិជ្ជា។

នៅ​​​មុន​​​ការ​​​ប្រឡង​​​ លោក ហង់​​​ ជួន ណារ៉ុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អប់រំ​​​បាន​​​ព្រមាន​​​សិស្ស​​​​​​ឲ្យ​​​ប្រុង​​​ប្រយ័ត្ន​​​ចំពោះ​​​ព្រី​​​យ៉ុង​​​ក្លែង​​​ក្លាយ​​​ ដោយ​​​ពន្យល់​​​ថា ការ​​​លេច​​​ធ្លាយ​​​វិញ្ញាសា​​​ប្រឡង​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិន​​​អាច​​​ទៅ​​​រួច​​​ឡើយ​​​។ នៅ​​​ខាង​​​ក្រៅ​​​​​​បរិវេណ​​​វិទ្យាល័យ​​​ព្រះស៊ីសុវត្ថិ រាជ​​​ធានី​​​ភ្នំពេញ​​​ បុរស​​​ម្នាក់​​​ ឈ្មោះ ជួន  សម្បត្តិ​​​ បាន​​​រង់ចាំ​​​ប្អូន​​​ប្រុស​​​របស់​​​ខ្លួន​​​បញ្ចប់​​​ការ​​​ប្រឡង​​​មុខ​​​វិជ្ជា​​​គីមី និង​​​ជីវ​​​វិទ្យា​​​នៅ​​​ពេល​​​ព្រឹក​​​។

លោក ជួន សម្បត្តិ អាយុ​​​២៩​​​ឆ្នាំ បាន​​​និយាយ​​​ថា កាល​​​ពី​​​សម័យ​​​គាត់​​​ប្រឡង​​​ គាត់​​​អាច​​​យក​​​ម៉ាស៊ីន​​​​​​គិត​​​លេខ​​​ចូល​​​ប្រឡង​​​មុខ​​​វិទ្យា​​​គណិត​​​​​​បាន​​​។ ប៉ុន្តែ គាត់​​​បាន​​​និយាយ​​​ថា ប្អូន​​​ប្រុស​​​របស់​​​គាត់​​​បាន​​​ទិញ​​​ព្រីយ៉ុង​​​នៅ​​​​​​ឆ្នាំ​​​នេះ ហើយ​​​ដឹង​​​ច្បាស់​​​ណាស់​​​ថា វា​​​គ្មាន​​​ប្រយោជន៍​​​ទេ​​​។បុរស​​​រូប​​​នេះ​​​និយាយ​​​ទៀត​​​ថា “វា​​​បាន​​​ទិញ​​​ព្រីយ៉ុង​​​ពី​​​បណ្ណាគារ​​​នៅ​​​ខាង​​​ក្រៅ​​​វិទ្យាល័យ​​​បាក់​​​ទូក​​​ ប៉ុន្តែ វា​​​មាន​​​តម្លៃ​​​ត្រឹម​​​តែ​​​​​​២.០០០រៀល​​​ប៉ុណ្ណោះ​​​។ វា​​​បាន​​​អាន​​​ព្រីយ៉ុង​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ ប៉ុន្តែ វា​​​មិន​​​បាន​​​​​​យក​​​ទៅ​​​ខាង​​​ក្នុង​​​ទេ ពី​​​ព្រោះ​​​វា​​​ខ្លាច​​​គេ​​​ចាប់​​​អារម្មណ៍​​​”។

នៅ​​​ឯ​​​វិទ្យាល័យ​​​ដដែល​​​នេះ ស្ត្រី​​​វ័យ​​​៥៥​​​ឆ្នាំ​​​​​​ម្នាក់​​​​​​ដែល​​​ប្រាប់​​​ត្រឹម​​​ឈ្មោះ ធី បាន​​​រង់​​​ចាំ​​​កូន​​​ប្រុស​​​របស់​​​គាត់​​​ចេញ​​​ពី​​​ប្រឡង​​​។ អ្នកស្រី ធី បាន​​​និយាយ​​​ថា កូន​​​ប្រុស​​​របស់​​​គាត់​​​​​​ប្រើ​​​វិធី​​​​​​​​​​​​​​​​​​ខុស​​​ពី​​​នេះ​​​ក្នុង​​​ការ​​​ប្រឡង​​​ ហើយ​​​ជា​​​ជាង​​​ការ​​​ប្រថុយ​​​ប្រថាន​​​យក​​ព្រីយ៉ុង​​​គ្មាន​​​ប្រយោជន៍​​​ដែល​​​​​លក់​​​នៅ​​​ខាង​​​ក្រៅ​​​ ចូល​​​​​​ទៅ​​​ក្នុង​​​បន្ទប់​​​ប្រឡង​​​ កូន​​​ប្រុស​​​របស់​​​គាត់​​​​​​នឹង​​​រង់ចាំ​​​ ហើយ​​​ព្យាយាម​​​ទិញ​​​ព្រីយ៉ុង​​​នៅ​​​ខាង​​​ក្នុង​​​។

អ្នកស្រី​​​និយាយ​​​​​​ថា “វា​​​ជា​​​រឿង​​​ល្អ​​​បំផុត​​​ប្រសិន​​​បើ​​​គេ​​​អាច​​​ទទួល​​​បាន​​​ចម្លើយ​​​ចម្លង​​​ពី​​​គ្រូ​​​”។ អ្នកស្រី​​​បាន​​​បន្ត​​​ថា បន្ទាប់ពី​​​ចំណាយ​​​ប្រាក់​​​​​​ជា​​​ច្រើន​​​​​​ឆ្នាំ​​​​​​លើ​​​ការ​​​សិក្សា​​​​​​របស់​​​កូន​​​គាត់​​​ទាំង​​​ផ្លូវ​​​ការ​​​ ទាំង​​​តាម​​​រយៈ​​​ការ​​​សូក​​​ប៉ាន់​​​ វា​​​ជា​​​រឿង​​​សំខាន់​​​ណាស់ ដែល​​​កូន​​​ប្រុស​​​របស់​​​គាត់​​​ទទួល​​​បាន​​​សញ្ញាបត្រ​​​បាក់​​​ឌុប​​​។ អ្នក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “ខ្ញុំ​​​គ្រាន់​​​តែ​​​ចង់​​​ឲ្យ​​​គេ​​​ទទួល​​​​​​បាន​​​និទ្ទេស​​​ល្អ ហើយ​​​អាច​​​ចូល​​​សិក្សា​​​នៅ​​​មហាវិទ្យាល័យ​​​បាន​​​ប៉ុណ្ណោះ​​​។ ពេល​​​នោះ​​​ខ្ញុំ​​​នឹង​​​ចំណាយ​​​ប្រាក់​​​ដើម្បី​​​ឲ្យ​​​គេ​​​ទទួល​​​បាន​​​ការ​​​អប់​​​រំល្អ”៕សុខុម​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស