35 C
Phnom Penh

ពិធីបុណ្យ​សព​អតីតមេបញ្ជា​ការ​ខ្មែរ​ក្រហម​ប្រារព្ធធ្វើនៅស្រុក​អន្លង់វែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពិធី​បុណ្យ​សព​លោក យឹម ពឹម អតីត​មេបញ្ជាការ​ឧទ្ទាម​ខ្មែរ​ក្រហម​ ​​ត្រូវ​បាន​រៀបចំឡើង​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ កាលពី​ម្សិលមិញ។

លោក ងួន នៅ មេបញ្ជាការរង​យោធភូមិភាគ៤​នៃ​កង​យោពល​ខេមរភូមិន្ទ​បាន​មាន​​ប្រសាសន៍​ថា លោក យឹម ពឹម ដែល​បាន​ផ្ដាច់​ខ្លួន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កាលពី​ឆ្នាំ​១៩៩៨​ ហើយ​បាន​បន្ត​បម្រើការ​ងារ​ជា​មេ​បញ្ជាការ​កង​ពល​តូច​អន្តរាគមន៍​លេខ​៨​នៃ​កង​យោ​ពល​ខេមរភូមិន្ទ​តំបន់​ប្រាសាទ​​ព្រះវិហារ ត្រូវ​បានបញ្ចុះនៅ​ពិធី​មួយ​ដែល​មាន​ការ​ចូល​រួម​​ពី​លោក​ ជា តារា ​អគ្គមេបញ្ជាការ​រង​កង​យោពល​ខេមរភូមិន្ទ​ និង​លោក​ ហ៊ុន ម៉ាណែត កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក យឹម ពឹម បាន​ផ្ដាច់​ខ្លួន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​កាលពី​ខែ​មីនា ឆ្នាំ​១៩៩៨​ ហើយ​បាន​ដើរ​តួនាទី​ដ៏សំខាន់​ក្នុង​ការ​ចាប់​ខ្លួន​តាម៉ុក មេដឹកនាំ​ខ្មែរ​ក្រហម​ក្បាល​រឹង​មួយ​ឆ្នាំ​ក្រោយ​មក​។

លោក​ឧត្តម​សេនីយ៍ត្រី នួន​ នៅ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា អតី​ត​មេបញ្ជា​ការ​ឧទ្ទាម​រូប​នេះ​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​ឧត្តម​សេនីយ៍ទោ​ទៅ​ឧត្តម​សេនីយ៍​ឯក​មុន​ពេល​ពិធី​បញ្ចុះសព​។

លោក ស៊ុយ សេង អធិការ​នគរ​បាល​ស្រុក​អន្លង់​វែង បាន​មាន​ប្រសាសន៍​ថា អង្គភាព​ចំនួន​៤០​មកពី​នគរ​បាល​ខេត្ត​ កងរាជ​អាវុធ​ហត្ថ និង​កង​យោពល​ខេមរភូមិន្ទ​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​ ហើយ​ថា សពអតីត​​មេបញ្ជាការ​ឧទ្ទាម​រូប​នេះ​នឹង​ត្រូវ​បញ្ចុះ​នៅ​ថ្ងៃ​នេះ​នៅ​ដីមួយកន្លែង​ ដែល​ជាកម្មសិទ្ធិ​របស់​ក្រុម​គ្រួសារ​លោក​​ក្នុង​ស្រុក​អន្លង់វែង​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស