សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសដាក់ពន្ធនាគារស្ត្រីពាណិជ្ជករម្នាក់ ដែលមានសិទ្ធិផ្ដាច់មុខយកភាស៊ីតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ពីបទរំលោភសេចក្ដីទុកចិត្តទាក់ទងនឹងកិច្ចសន្យាម៉ៅការបន្ត ដែលចុះហត្ថលេខាកាលពីឆ្នាំ២០០៨ អនុញ្ញាតឲ្យដៃគូរកស៊ីមួយយកលុយថ្លៃចូលបន្ទប់ទឹកនៅផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញ។
ពាណិជ្ជករឈ្មោះ ហម មុនី អះអាងថា អ្នកស្រី រ័ត្ន សុភាព អាយុ៥២ឆ្នាំ ដែលជាម្ចាស់ក្រុមហ៊ុន រ័ត្ន សែន សុភាព គ្រប់គ្រងការយកភាស៊ីនៅផ្សារធំថ្មី ផ្សារកណ្ដាល និងផ្សារព្រែកព្នៅក្នុងរាជធានីភ្នំពេញ បានបោកប្រាស់លោកយកប្រាក់អស់១៤០.០០០ដុល្លារ។
លោក ហេង វីរៈ ក្រឡាបញ្ជីសាលាដំបូងរាជធានីបានបញ្ជាក់ពីការឃុំខ្លួនអ្នកស្រី សុភាព បណ្ដោះអាសន្ននៅក្នុងពន្ធនាគារព្រៃស។
លោក ហម មុនី អាយុ៧០ឆ្នាំអះអាងថា លោកបានចុះហត្ថលេខាលើកិច្ចសន្យាបន្តរយៈពេល១៣ឆ្នាំជាមួយអ្នកស្រី សុភាព កាលពីឆ្នាំ២០០៨ ដើម្បីយកលុយពីអ្នកដែលប្រើប្រាស់បន្ទប់ទឹកនៅផ្សារធំថ្មី តម្លៃ៥០០រៀលក្នុងម្នាក់ៗ។
លោក មុនី បាននិយាយកាលពីម្សិលមិញថា ” អ្នកស្រី សុភាព បានរំលោភកិច្ចសន្យា”។ លោក មុនី បានអះអាងថា លោកបានបង់ប្រាក់ចំនួន១២០.០០០ដុល្លារឲ្យអ្នកស្រី សុភាព ដើម្បីទទួលបានសិទ្ធិនេះរយៈពេលប្រាំមួយឆ្នាំមកហើយ ប៉ុន្តែត្រូវបានគេប្រាប់ឲ្យលោកបញ្ឈប់ប្រតិបត្តិការនៅផ្សារនេះកាលពីឆ្នាំមុន គឺមិនទាន់បានពាក់កណ្ដាលកិច្ចសន្យាផង។
លោក មុនី បាននិយាយថា លោកបានទៅរកអ្នកស្រី សុភាព ១០ថ្ងៃបន្ទាប់ពីលោកត្រូវបានប្រាប់ឲ្យឈប់យកភាស៊ី ហើយត្រូវបានគេប្រាប់ថា លោកអាចបន្តកិច្ចសន្យាបាន ប្រសិនបើលោកបង់ប្រាក់ដល់អ្នកស្រី សុភាព ចំនួន២០.០០០ដុល្លារបន្ថែមទៀត។
លោកបាននិយាយថា “ខ្ញុំបានយល់ព្រម ហើយបានបង់ប្រាក់នោះឲ្យអ្នកស្រី ប៉ុន្តែនៅពេលខ្ញុំមកធ្វើការអ្នកស្រីបាននិយាយថា អ្នកស្រីបានលក់ការយកភាស៊ីនេះទៅឲ្យអ្នកផ្សេងទៅហើយ”។
លោក ខៀវ តុលា មេធាវីតំណាងអ្នកស្រី សុភាព បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណីនេះទេ។ ប៉ុន្តែ កូនស្រីរបស់អ្នកស្រី សុភាព បានបដិសេធការចោទប្រកាន់នេះ។
រ័ត្ន កន្និកា អាយុ២២ឆ្នាំ បាននិយាយថា ម្ដាយរបស់នាងត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ហើយទុកពេលឲ្យរហូតមកដល់ថ្ងៃម្សិលមិញនេះដើម្បីបង់ប្រាក់ចំនួន១៤០.០០០ដុល្លារទៅឲ្យលោក មុនី។
កន្និកា បាននិយាយថា ” ម្ដាយរបស់ខ្ញុំបានយល់ព្រមបង់ប្រាក់ចំនួន២០.០០០ដុល្លារទៅឲ្យដើមចោទ ហើយដើមចោទក៏បានទទួលផងដែរ។ ខ្ញុំមិនយល់ថា តើហេតុអ្វីបានជាតុលាការមិនទទួលយកទៅវិញ។ ពួកគេចង់តែចាប់ម្ដាយរបស់ខ្ញុំដាក់គុក”។ នាងបាននិយាយថា ” វាមិនយុត្តិធម៌ចំពោះគ្រួសាររបស់យើងទេ ពីព្រោះម្ដាយរបស់ខ្ញុំមិនបានឆបោកប្រាក់ច្រើនដូចពួកគេចោទប្រកាន់គាត់ឡើយ”៕ សារុន