មន្ត្រីនិយាយថា កាលពីម្សិលមិញ សាលាដំបូងខេត្តប៉ៃលិនបានកោះហៅកូនប្រុសវ័យ២៣ឆ្នាំ របស់ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តនេះទៅសាកសួរជុំវិញរូបថតបង្ហោះតាមហ្វេសប៊ុកកាលពីសកម្មភាពខែមុន ដែលបង្ហាញពីយុវជនរូបនេះកាន់កាំភ្លើងវែង និងបង្ហាញពីសត្វព្រៃការពារដែលត្រូវបានគេសម្លាប់។
លោក ជុំ សែនសុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានមានប្រសាសន៍ថា សាលាដំបូងបានកោះហៅយុវជន គឿន ណាំឆូក កាលពីថ្ងៃទី២៨ ខែកក្កដា បន្ទាប់ពីនគរបាលសើុបអង្កេតលើរូបថតទាំងនោះ ដែលជនសង្ស័យបានបង្ហោះរូបរបស់ខ្លួនជាមួយខ្លាដំបងងាប់មួយក្បាល កំប្រុក មួយចំនួន និងក្តាន់ញ៉ែងពីរក្បាល។
លោកមានប្រសាសន៍ថា “យើងនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់គេចផុតពីច្បាប់ឡើយ ប្រសិនបើយើងរកឃើញថា ពួកគេមានទោសពីបទសម្លាប់សត្វជិតផុតពូជ”។ លោកបានលើកឡើងបន្តថា អំឡុងពេលសាកសួរ យុវជន គឿន ណាំឆូក បានបដិសេធថា ខ្លួនមិនបានបរបាញ់សត្វទេ។
ព្រះរាជអាជ្ញា ជុំ សែនសុធា បានមានប្រសាសន៍ថា តុលាការនឹងកោះហៅមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត និងមន្ទីរកសិកម្មខេត្តដើម្បីប្រមូលព័ត៌មានបន្ថែមទៀតពាក់ព័ន្ធនឹងករណីនេះ។ មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀត លោកបានមានប្រសាសន៍ថា “សំណុំរឿងនេះកំពុងដំណើរការទៅមុខ ប៉ុន្តែ ការសើុបអង្កេតកំពុងបន្តនៅឡើយ”។
លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានមានប្រសាសន៍ថា លោកបានលើកឡើងថា លោកបានស្គាល់អត្តសញ្ញាណកសិករប្រហែល១០នាក់ នៅក្នុងតំបន់ដែលកំពុងដាក់អន្ទាក់សត្វព្រៃជិតផុតពូជ ហើយលក់សាច់ឲ្យទៅភោជនីយដ្ឋានក្នុងក្រុងប៉ៃលិន។
ប៉ុន្តែ លោកបានមានប្រសាសន៍ថា ទាហានកងយោធពលខេមរភូមិន្ទជាអ្នកបង្កការគំរាមកំហែងធំបំផុតចំពោះសត្វព្រៃការពារក្នុងតំបន់នោះ។
លោកមានប្រសាសន៍ទៀតថា “អ្នកបរបាញ់សត្វព្រៃការពារភាគច្រើនជាទាហានឈរជើងនៅតាមបណ្តោយព្រំដែន [កម្ពុជា-ថៃ] ហើយវាពិតជាពិបាកបញ្ឈប់ពួកគេណាស់ ពីព្រោះពួកគេមានអាវុធ ហើយពេលខ្លះពួកគេតបតនៅពេលមន្ត្រីរបស់យើងព្យាយាមបង្ក្រាប”។
យុវជន គឿន ណាំឆូក ដែលបានសារភាពថា ខ្លួនបានបង្ហោះរូបថតទាំងនេះតាមហ្វេសប៊ុកដោយខ្លួនឯង បដិសេធថា រូបគេមិនបានសម្លាប់សត្វទាំងនេះទេ។
យុវជនរូបនេះបាននិយាយទៀតថា “តុលាការបានសួរខ្ញុំថា រូបថតទាំងនេះថតនៅកន្លែងណា ខ្ញុំបានប្រាប់ពួកគាត់ថា រូបថតទាំងនោះថតនៅចម្ការមួយកន្លែងក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។ តុលាការបានសួរខ្ញុំថា ‘តើខ្ញុំបានសម្លាប់សត្វព្រៃដោយកាំភ្លើងនេះឬ?’ ខ្ញុំបានប្រាប់ពួកគាត់ថា ខ្ញុំមិនដែលសម្លាប់សត្វព្រៃទេ។ តុលាការបានប្រាប់ខ្ញុំថា ទោះបីជាខ្ញុំមិនបានសម្លាប់សត្វទាំងនេះក៏ដោយ ក៏ខ្ញុំនៅតែមានទោសដដែលពីបទការប្រើប្រាស់កាំភ្លើងខុសច្បាប់”៕សុខុម