លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីករណីដ៏ចម្លែកទាក់ទងបុរសម្នាក់ ដែលអាងថាជា “ព្រះ” ដោយបង្គាប់ឲ្យលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាតាមដានឲ្យបានដិតដល់អំពីស្ថានភាពនេះ។

អាជ្ញាធរបានលើកឡើងថា ធាន វុទ្ធី ដែលស្លៀកសពាក់ស ហើយអង្គុយលើបល្ល័ង្ករបស់ព្រះពុទ្ធ បានបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនយកប្រាក់អស់ជាច្រើន ដោយអះអាងថា ខ្លួនជាព្រះសិអារ្យមេត្រីយ៍។
ធាន វុទ្ធី ដែលស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល ប៉ុន្តែទំនងជាបានរត់គេចខ្លួនបន្ទាប់ពីក្រសួងធម្មការ និងសាសនាបានចេញសេចក្ដីជូនដំណឹងកាលពីសប្ដាហ៍មុនថា ការអះអាងរបស់ជននេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ថ្លែងនៅពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យនៅកោះពេជ្រ លោកនាយករដ្ឋមន្ត្រីបានសម្ដែងការភ្ញាក់ផ្អើលដែលថា ធាន វុទ្ធី អាចបោកប្រាស់ប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃកើតនៅក្នុងសម័យបច្ចេកវិទ្យាបច្ចុប្បន្ននេះ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា ” សូម្បីព្រះមហាក្សត្រក៏ថ្វាយបង្គំព្រះសង្ឃដែរ ហេតុអ្វីបានជាព្រះសង្ឃទាំងនេះថ្វាយបង្គំជននោះទៅវិញ?។ រឿងខ្លះប្រជាពលរដ្ឋគួរជឿ ប៉ុន្តែពួកគាត់មិនជឿ។ រឿងនេះប្រជាពលរដ្ឋមិនគួរជឿ ប៉ុន្តែពួកគាត់បែរជាជឿទៅវិញ”។
លោក ហ៊ុន សែន ក៏បានប្រាប់ឲ្យលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាតាមដានករណីនេះផងដែរ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ក្រសួងមិនមានព័ត៌មានអំពីកន្លែងលាក់ខ្លួនរបស់ ធាន វុទ្ធី ទេ។ លោកបានមានប្រសាសន៍ថា ” យើងបានបង្កើតគណៈកម្មការបីឲ្យពិនិត្យបញ្ហាទាក់ទងនឹង ធាន វុទ្ធី រួមទាំងដីវត្តផងដែរ”។ លោកបានបន្ថែមថា ” យើងមិនទាន់ប្រាកដថា តើគាត់បានធ្វើអ្វីខុសទាក់ទងទៅច្បាប់សាសនា និងច្បាប់រដ្ឋនៅឡើយទេ ដូច្នេះយើងកំពុងស៊ើបអង្កេតករណីនេះ”។
លោក អា៊វ ចំរើន ស្នងការនគរបាលខេត្តកណ្ដាលបានមានប្រសាសន៍ថា ធាន វុទ្ធី ត្រូវបានកោះហៅឲ្យមកកាន់ក្រសួងធម្មការ និងសាសនា ដើម្បីបញ្ជាក់អំពីសកម្មភាពរបស់គាត់ ប៉ុន្តែមិនដែលមកទេ។ លោក ចំរើន បានមានប្រសាសន៍ថា នគរបាលកំពុងធ្វើការស៊ើបអង្កេត ប៉ុន្តែបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតបន្ថែមឡើយ។
វត្តទួលរាជាត្រូវបានអាជ្ញាធរចូលទៅឆែកឆេរកាលពីសប្ដាហ៍មុន ហើយដកហូតបានវត្ថុតាង ជាច្រើនពាក់ព័ន្ធសាសនា រួមទាំងរូបថត និងវីដេអូជាដើម។
យោងតាមបណ្ដាញព្រះសង្ឃឯករាជ្យបានឲ្យដឹងថា ធាន វុទ្ធី បានសាងសង់វត្តនេះកាលពីឆ្នាំ២០០៨។ ក្រសួងធម្មការ និងសាសនាបានលើកឡើងថា ដំបូង ធាន វុទ្ធី បានបួសជាតាបសតាំងពីឆ្នាំ១៩៩២ ហើយធ្លាប់ត្រូវបានព្រមានអំពីសកម្មភាពរបស់ខ្លួនផងដែរ៕ សារុន