29 C
Phnom Penh

កសិករ​គំរាម ANZ ដោយ​ការ​តវ៉ា​និង​ទាមទារ​ជំនួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កសិករ​មក​ពី​ខេត្ត​កំពង់ស្ពឺ​បាន​ប្រគល់ញត្តិ​ទៅ​ឲ្យ​ធនាគារ ANZ Royal Bank កាលពី​ថ្ងៃ​សុក្រ ដោយ​បញ្ជាក់​ថា ធនាគារ​នេះ​នៅ​តែ​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ជួយ​ដោះស្រាយ​ការ​ខូចខាត​ដោយសារ​ចម្ការ​អំពៅ ដែល​ខ្លួន​បាន​ជួយ​ហិរញ្ញវត្ថុ បើទោះជា​ធនាគារ​នេះ និង​ក្រុមហ៊ុន​ធ្វើ​ចម្ការ​អំពៅ បាន​បែក​ចេញពី​គ្នា​នៅ​ពេលថ្មីៗ​នេះ​ក៏​ដោយ។

ក្រុម​កសិករ​បាន​គំរាម​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ការិយាល័យ​ធំ​របស់​ធនាគារ​នេះ​នៅ​ក្រុង​ភ្នំពេញ ប្រសិនបើធនាគារ​នេះ​មិន​ព្រម​ជួយពួកគាត់​នៅ​ក្នុង​សប្តាហ៍​នេះ​ទេ។

ប្រជា​កសិករ​រាប់រយ​គ្រួសារ​ចោទក្រុមហ៊ុនចម្ការ​អំពៅ​ភ្នំពេញ​របស់​លោក លី យ៉ុង​ផាត់ ជា​សមាជិក​ព្រឹទ្ធ​សភា ថា​បាន​លួច​ដី​ចម្ការ​របស់​ពួកគាត់ ហើយ​មិន​បាន​ផ្តល់​សំណង​ជាថ្នូរ​ឡើយ។

កសិករ​១៣​នាក់​បាន​មក​ដល់​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​ប្តឹង និង​សុំ​ជំនួយ​ពី ANZ Royal Bank ដែល​បាន​ផ្តល់ហិរញ្ញប្បទាន​ដល់​ចម្ការ​នេះ ប៉ុន្តែ​ធនាគារ​នេះ​បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា កម្ចី​របស់​ខ្លួន​ត្រូវ​គេ​សង​អស់​ហើយ។

ឆេង សុភាព ជា​អ្នក​ភូមិ​ម្នាក់​ដែល​បាន​ជួប​ក្រុម​មន្ត្រី​ធនាគារ​រយៈ​ពេល​ខ្លី​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយ​ថា “យើង​បាន​ស្នើ​ធនាគារ ANZ ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ករណី​នេះ ពីព្រោះ​ធនាគារ​នេះ​ផ្តល់​ប្រាក់​ដល់​ក្រុមហ៊ុន​សម្រាប់​ការ​អភិវឌ្ឍ”។

កាលពី​ឆ្នាំ​២០១០ មាន​ក្រុម​គ្រប់គ្រង​បរិស្ថាន​អន្តរ​ជាតិ ជា​ក្រុម​ពិគ្រោះ​យោបល់​មាន​មូលដ្ឋាន​នៅ​ក្រុង​បាងកក បាន​វាយ​តម្លៃ​បរិស្ថាន​និង​សង្គម​លើ​គម្រោង ANZ Royal។ ក្រុម​នេះ​បាន​រក​ឃើញ​គុណ​វិបត្តិ និង​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ផងដែរ។ការ​វាយ​តម្លៃ​មួយ​ផ្សេងទៀត​ដោយ​ក្រុមហ៊ុន​នេះ​កាលពី​ឆ្នាំ​២០១៣ ទៅ​លើ​ក្រុមហ៊ុន​ស្ករ​ស​ភ្នំពេញ បាន​រក​ឃើញ​ថា អនុសាសន៍​ជាច្រើន​មិន​ត្រូវ​បាន​អនុវត្ត​តាម​ទេ។

ក្នុង​លិខិត​របស់​ខ្លួន​ទៅ​ក្រុមហ៊ុន ANZ Royal មាន​ស្នាម​មេដៃ​ជាង​៣០០​នាក់​ផង ពី​គ្រួសារ​រង​ប៉ះពាល់ ក្រុមអ្នក​ភូមិ​ចោទ​ធនាគារ​នេះ​ថា​បាន​”បោះបង់”​ពួកគាត់​ចោល បន្ទាប់ពីបាន​បែក​ចេញ​ពី​ក្រុមហ៊ុន​ភ្នំពេញ​ស្ករ​ស។ ថ្វីបើ ANZ Royal ធ្លាប់​បាន​ផ្តល់​ប្រាក់​ឲ្យ​ក្រុមហ៊ុនPhnomPenhSugar ក៏​ដោយ ក៏​អ្នក​ភូមិ​និយាយ​សំដៅ​ដល់​ក្រុមហ៊ុន​ចម្ការ​ស្ករ​ស​កំពង់ស្ពឺ ដែល​ចុះ​បញ្ជី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ស្រី គឹម ហៀង ដែល​ជា​ភរិយា​របស់​លោក លី យ៉ុងផាត់ ផងដែរ។

លិខិត​នោះ​បាន​ចោទ​ក្រុមហ៊ុន​ចម្ការ​ស្ករ​ស​នេះ​អំពី​បទ​រំលោភ​បំពាន​ជាច្រើន មាន​ដូចជា​រំលោភ​យក​ដី​ចម្ការ​អ្នក​ភូមិ រហូត​ដល់​ចាប់​គោ​ក្របី​របស់​អ្នក​ភូមិ​ទុក​ជាថ្នូរ និង​ធ្វើ​ឲ្យ​ពួកគាត់​ជាប់​បំណុល​ជាដើម។ អ្នក​ដែល​ទទួល​បាន​សំណង និយាយ​ថា លុយសំណង​មាន​ចំនួន​តិចតួច​ណាស់ ហើយ​ដី​ថ្មី​ដែល​គេ​ផ្តល់​ឲ្យ ជា​ដី​គ្មាន​ជីជាតិ និង​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​ទៀត។

លិខិត​នោះ​មាន​ខ្លឹមសារ​ថា ANZ Royal មាន​កាតព្វ​កិច្ច​ជួយ​ពួកគាត់​តាម​បទដ្ឋាន​សង្គម​និង​បរិស្ថាន​របស់​ខ្លួន និង​ហត្ថលេខា​ស្តីពី​គោល​ការណ៍គ្រប់គ្រង​ហានិភ័យ Equator Principles ជា​ក្រម​ប្រតិបត្តិ​ស្ម័គ្រ​ចិត្ត ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ប្រកាន់​យក​ការ​វិនិយោគដែល​មាន​ការ​ទទួល​ខុស​ត្រូវ។ ក្រៅពី​នេះ លិខិត​បន្ថែម​ថា ពលរដ្ឋ​ត្រូវ​ខាតបង់ រីឯ​ធនាគារ​បាន​ចំណេញ​ទៅ​វិញ ហើយ​ភារកិច្ច​របស់​ធនាគារ​ក្នុង​ការ​ជួយ​ពួកគាត់​មិន​ទាន់​បាន​បញ្ចប់​ទេ ទោះជា​​កម្ចី​នោះត្រូវ​បាន​សង​អស់​ហើយ​ក៏​ដោយ។

លិខិត​នោះ​បាន​លើក​ឡើង​ថា “នៅ​ពេល​សហគមន៍​រង​ទុក្ខ​លំបាក ANZ ទទួល​បាន​ចំណេញ​ពី​ការ​ប្រាក់លើ​ប្រាក់​ដើម​ដែល​ឲ្យ​[ក្រុមហ៊ុន Phnom Penh Sugar]​ខ្ចី ហើយ​​ទទួល​បាន​ចំណេញ​ពីទុក្ខ​លំបាក​របស់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់ ហេតុ​ដូច្នេះ​​ក្រុមហ៊ុន​ត្រូវតែ​ផ្តល់​សំណង​ដល់​សហគមន៍​ទាំង​នោះ​វិញ”។

លិខិត​បាន​បញ្ចប់​ថា “ដើម្បី​អនុវត្ត​តាម​គោលនយោបាយ​ផ្ទៃ​ក្នុង​របស់​ខ្លួន និង​កាតព្វកិច្ច​អន្តរជាតិ ANZ ត្រូវ​តែ​ផ្តល់​សំណង​និង​ជំនួយ​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ។ បើ ANZ មិន​ព្រម​ផ្តល់​សំណង​និង​ជំនួយ​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទាំង​នោះ​ទេ យើង​នឹង​បន្ត​ទាមទារ​សំណងពី ANZ និង​ធ្វើ​បាតុកម្មនៅ​មុខ​ការិយាល័យ ANZ Royal រហូត​ដល់​ទទួល​បាន​ដំណោះស្រាយ”។

ប៉ែន វិចិត្រ ជា​អ្នក​ភូមិ​ម្នាក់​ទៀត​ដែល​បាន​ជួប​ក្រុម​មន្ត្រី​ធនាគារ​កាលពី​ថ្ងៃ​សុក្រ បាន​និយាយ​ថា ធនាគារ​នេះ​បាន​យល់ព្រម​ពិនិត្យ​ឡើង​វិញ​នូវ​សំណង​ផ្តល់​ជូន​គ្រួសារ​ទាំង​នោះ។ លោក​បាន​និយាយ​ថា “តំណាង​ធនាគារ​បាន​ប្រាប់​យើង​ថា ពួកគេ​នឹង​ពិនិត្យ​ឡើង​វិញ ថាតើ​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​អ្នក​ភូមិហើយ​ឬយ៉ាងណា”។

លោក សុភាព បាន​និយាយ​ថា អ្នកភូមិ​ចង់​បាន​ដី​របស់​ខ្លួន​មក​វិញ ឬក៏គិត​តាម​តម្លៃ​ទីផ្សារ​ចំពោះ​ដី​ដែល​ពួកគាត់​បាន​បាត់បង់ ដែល​មាន​តម្លៃ​ចាប់ពី​២.៥០០​ដុល្លារ​ដល់​៣.០០០​ដុល្លារ​ក្នុង​មួយ​ហិកតា។ លោក​បាន​និយាយ​ថា “ក្នុង​ករណី ANZ បដិសេធ យើង​នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​ធនាគារ​នេះ ដើម្បី​តវ៉ា​ទាល់តែ​យើង​បាន​ជោគ​ជ័យ”។

លោក ហ្គ្រែន ណាក់ឃី (Grant Knuckey) នាយក​ប្រតិបត្តិ ANZ Royal ដែល​បាន​ចូលរួម​ប្រជុំ​កាលពី​ថ្ងៃ​សុក្រ​ជាមួយ​តំណាងអ្នក​ភូមិ​ខេត្ត​កំពង់ស្ពឺ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​កិច្ច​ប្រជុំ​នេះ ឬ លិខិត​នោះ​ទេ។ លោក​បាន​បង្វែរ​សំណួរ​ទាំងអស់​ទៅ​លោក ស្តេហ្វិន រីស៍​(Stephen Ries) ជា​អ្នក​នាំពាក្យរបស់ ANZ ដែល​ជាម្ចាស់​ភាគហ៊ុន​ធំ​របស់ ANZ Royal។

ក្នុង​អីុម៉េល​មួយ លោក រីស៍ បាន​និយាយ​ថា ធនាគារ​នេះបាន​ចាត់​វិធានការ​ដោះស្រាយ​ការ​តវ៉ា​ទាំង​នោះ​ហើយ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា កាតព្វកិច្ច​ទាំងនោះ​ឥឡូវ​នេះ​ចប់​ហើយ។មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស