មន្ត្រីខេត្តម្នាក់បាននិយាយកាលពីម្សិលមិញថា ឥឡូវនេះប្រជាពលរដ្ឋជាច្រើនរយគ្រួសារត្រូវបានជម្លៀសចេញដោយសារការជន់លិច ក្នុងពេលដែលកម្ពស់ទឹកបន្តឡើងនៅខេត្តក្រចេះ។
យោងតាមលោក ជួង សៀងហាក់ ស្នងការនគរបាលខេត្តបានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧៣ ដែលឆ្លងកាត់ខេត្តនេះ បានរងផលប៉ះពាល់ដោយសារការជន់លិចនេះ។ លោក សៀងហាក់ បានមានប្រសាសន៍ថា “ផ្នែកខ្លះនៃផ្លូវនេះត្រូវបានទឹកហូរកាត់ ប្រវែងពី២០០ម៉ែត្រទៅ៥០០ម៉ែត្រ។ ជម្រៅទឹកលើជង្គង់ ដូច្នេះការធ្វើដំណើរតាមយានយន្តត្រូវបានផ្អាកជាបណ្តោះអាសន្ន”។ លោកបានបន្ថែមថា ប្រជាពលរដ្ឋ២៣៤គ្រួសារត្រូវបានជម្លៀសចេញពីផ្ទះសំបែង ប៉ុន្តែមិនមានអ្នកស្លាប់បន្ថែមទៀតទេ បន្ទាប់ពីមនុស្សពីរនាក់បានលង់ទឹកស្លាប់កាលពីសប្តាហ៍មុននោះ។
លោក សៀងហាក់ មានប្រសាសន៍ថា សាលារៀនមួយកន្លែងបានជន់លិច តែវាមិនបានប៉ះពាល់ដល់ការប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីម្សិលមិញទេ ពីព្រោះអាជ្ញាធរបានត្រៀមបូមទឹកចេញ។
យោងតាមលោក អ៊ុំ វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាមបានឲ្យដឹងថា កម្រិតទឹកនៅខេត្តកំពង់ចាមខ្ពស់ជាងកម្រិតទឹកកាលពីឆ្នាំមុន ប៉ុន្តែស្ថិតក្នុងកម្រិតធម្មតានៅឡើយ។ លោក អ៊ុំ វិបុល មានប្រសាសន៍ថា “ជាការធម្មតាទេសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ចាម ពីព្រោះវាតែងតែជន់លិចអ៊ីចឹង ជាពិសេស តំបន់នៅតាមបណ្តោយច្រាំងទន្លេ”៕ មានិត