35 C
Phnom Penh

អ្នក​​​សង្កេតការណ៍​​​ទទួល​​​រង​​​អំពើ​​​ហិង្សា​​​ និង​​​មាន​​​​​​សិស្ស​​​សន្លប់​​​នៅ​​​ថ្ងៃ​​​​​​ចុង​​​ក្រោយ​​​នៃ​​​ការ​​​ប្រឡង​​​​​​ថ្នាក់​​​ជាតិ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​យោងតាម​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អប់រំ យុវជន និង​​​កីឡា បាន​​​ឲ្យ​​​ដឹង​​​ថា ថ្ងៃទី២ និង​​​ជា​​​ថ្ងៃ​​​ចុង​​​ក្រោយ​​​នៃ​​​ការ​​​ប្រឡង​​​បាក់ឌុប​​​ទូទាំង​​​ប្រទេស​​​ បាន​​​ប្រព្រឹត្តទៅ​​​ក្នុង​​​ “បរិយាកាស​​​គួរ​​​ជា​​​ទី​​​ពេញ​​​ចិត្ត” ទោះបី​​​ជា​​​មាន​​​សិស្ស​​​ម្នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​បាន​​​ប្រើ​​​ប៊ិច​​​ចាក់​​​​​ទៅ​​​លើ​​​អ្នក​​​សង្កេត​​​ការណ៍​​​​​​ការ​​​ប្រឡង​​​ស្ម័គ្រ​​​ចិត្ត​​​ម្នាក់ និង​​​សិស្ស​​​មួយ​​​ចំនួន​​​សន្លប់​​​ ខណៈ​​​ពេល​​​កំពុង​​​ប្រឡង​​​ក្តី​​​។

សិស្ស​​​ជាង​​​៩០.០០០នាក់​​​បាន​​​បញ្ចប់​​​ការ​​​ប្រឡង​​​កាល​​​ពី​​​ម្សិលមិញ ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ក្រោម​​​ការ​​​ត្រួត​​​ពិនិត្យ​​​យ៉ាង​​​តឹង​​​រឹុង​​​ពី​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ ដោយ​​​​​​ករណី​​​លួច​​​ចម្លង​​​​​​ដែល​​​ត្រូវបាន​​​រាយ​​​ការណ៍ ​​​​​​មានតែ​​​ពី​​​របី​​​ករណី​​​ប៉ុណ្ណោះ។

ប៊ុន ភារម្យ ដែល​​​ជាសិស្ស​​​មក​​​ពី​​​វិទ្យាល័យ​​​ទួល​​​ទំពូង​​​ ​​​កំពុង​​​ប្រឈម​​​ការ​​​ចោទ​​​ប្រកាន់​​​បទ​​​ល្មើស​​​​​​ព្រហ្មទណ្ឌ បន្ទាប់​ពី​​​រូប​​​គេ​​​​​​​​​បាន​​​​​វាយ​​​ និង​​​​​​ចាក់​​​​​​អ្នក​​​សង្កេត​​​ការណ៍​​​ម្នាក់​​​ដែល​​​រារាំងខ្លួន​​​ព្យាយាម​​​​​លួច​​​ចម្លង​​​ក្នុង​​​ម៉ោង​​​​​​មុខ​​​វិជ្ជា​​​ជីវវិទ្យា។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​​​ក្រសួងអប់រំ​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “សិស្ស​​ម្នាក់​​​នេះ​​​​​​​​​ភ័យ​​​ខ្លាំង​​​ណាស់ ហើយ​​​រូប​​​គេ​​​​​​ក៏​​​វាយ​​​​​អ្នក​​​សង្កេត​​​ការណ៍​​​របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​”។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា អ្នក​​​សង្កេត​​​ការណ៍​​​ស្រី​​​ដែល​​​​​​មិន​​​ត្រូវ​​​បាន​​​​​​បញ្ចេញ​​​អត្ត​​​សញ្ញាណ​​​នេះ​​​មិន​​​បាន​​​រង​​​របួស​​​ធ្ងន់​​​​​​ទេ។

សិុន សុវី ជា​​​អ្នក​​​សង្កេត​​​ការណ៍​​​ម្នាក់​​​នៅ​​​វិទ្យាល័យ​​​ទួល​​​ទំពូង​​​ និង​​​ព្រះ​​​សង្ឃ​​​មួយ​​​អង្គ​​​បាន​​​លើក​​​ឡើង​​​ថា ប៊ុន ភារម្យ​​​ ផ្ទុះ​​​កំហឹង ហើយ​​​ក៏​​​ “វាយ​​​នាង​​​ចំ​​​មុខ​​​ ពី​​​ព្រោះ​​​អ្នក​​​សង្កេត​​​ការណ៍​​​រូប​​​នេះ​​​សកម្ម​​​ជាង​​​អ្នក​​​សង្កេត​​​ការណ៍​​​ផ្សេង​​​ៗ​​​ទៀត​​​”។

លោក ហង់ ជួន ណារ៉ុន មាន​​​ប្រសាសន៍ថា សិស្ស​​​ម្នាក់​​​នេះ​​​បាន​​​យក​​​ប៊ិច​​​ចាក់​​​អ្នក​​​សង្កេត​​​ការណ៍​​​ស្រី​​​រូប​​​នោះ​​​ ហើយ​​​រូប​​​គេ​​​ទំនង​​​ជា​​​ត្រូវ​​​ដក​​​សិទ្ធិ​​​ប្រឡង​​​នៅ​​​ឆ្នាំ​​​នេះ ហើយ​​​គ្មាន​​​សិទ្ធិ​​​ប្រឡង​​​រហូត​​​ដល់​​​ឆ្នាំ​​​២០១៧​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “តាម​​​បទ​​​បញ្ជា​​​​​​ផ្ទៃ​​​ក្នុង​​​របស់​​​យើង ​​​​​​ប្រសិន​​​បើ​​​សិស្ស​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​អ្នក​​​រៀប​​​ចំ​​​ការ​​​ប្រឡង​​​ សិស្ស​​​នោះ​​​នឹង​​​ធ្លាក់ ហើយ​​​មិន​​​ត្រឹម​​​តែ​​​គ្មាន​​​សិទ្ធិ​​​ប្រឡង​​​ពីរ​​​ឆ្នាំ​​​​​​ប៉ុណ្ណោះ​​​ទេ​​​ ថែម​​​ទាំង​​​ត្រូវ​​​ប្រឈម​​​​​​នឹង​​​បទ​​​ល្មើស​​​ព្រហ្មទណ្ឌ​​​តាម​​​ផ្លូវ​​​ច្បាប់​​​ទៀត​​​ផង​​​​​​”។

លោក ឆាយ​​​ សាវុធ អនុ​​​ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ទទួល​​​បន្ទុក​​​ផ្នែក​​​ឃ្លាំ​​​មើល​​​ការ​​​ប្រឡង​​​ ដែល​​​ជាច្រើន​​​ឆ្នាំ​​​មក​​​នេះ​​​​​​ញាំញី​​​ដោយ​​​​​​ករណី​​​សូក​​​ប៉ាន់​​​ និង​​​ការ​​​លួច​​​ប្រឡង​​​នោះ​​​​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​នេះ​​​ទេ​​​។

ប៉ុន្តែ លោក​​​បាន​​​ធ្វើការ​​​វាយ​​​តម្លៃ​​​​​​លើក​​​រណី​​​សន្លប់​​​មួយ​​​ចំនួន​​​អំឡុង​​​ពេល​​​ប្រឡង​​​ពីរ​​​ថ្ងៃ​​​នេះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សិស្ស​​​ខ្លះ​​​ពិត​​​ជា​​​បាន​​​សន្លប់​​​មែន​​ វា​​​​​​រឿង​​​ធម្មតា​​​ទេ។ វា​​​មិន​​​មែន​​​រឿង​​​បង្ក​​​ឡើង​​​ដោយសារ​​​អារម្មណ៍​​​ភ័យ​​​ខ្លាច​​​ទេ​​​ គឺ​​​ដោយសារ​​​​​សុខ​​​ភាព​​​របស់​​​ពួក​​​គេ​​​​​​តែ​​​ម្តង​​​​​​។ គ្មាន​​​នរណា​​​គំរាម​​​កំហែង​​​ពួក​​​គេ​​​ឡើយ​​​​​​”។

លោក ហង់ ជួន ណារ៉ុន ដែល​​​ចាប់​​​តាំង​​​ពី​​​ទទួល​​​បាន​​​ការ​​​តែង​​​តាំង​​​ជា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អប់រំ កាល​​​ពីឆ្នាំ​​​មុន បាន​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ការ​​​ប្រឡង​​​បាក់ឌុប​​ ជា​​​អាទិភាព​​​កំពូល​​​នោះ​​​ ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​​​​ថា លោក​​​ទទួល​​​បាន​​​របាយការណ៍​​​បឋម​​​ពី​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​ស្តីពី​​​​​​ករណី​​​​​អនុរក្ស​​​ទទួល​​​ការ​​​សូក​​​ប៉ាន់​​​ពី​​​សិស្ស​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​ធំ និង​​​មួយ​​​ករណី​​​ទៀត គឺ​​​​អ្នក​​​បន្លំ​​​ខ្លួន​​​​​​ម្នាក់​​​​​​បាន​​​ព្យាយាម​​​ចូល​​​ប្រឡង​​​នៅ​​​តុ​​​របស់​​​បេក្ខជន​​​ប្រឡង​​​​​​ម្នាក់​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង។ លោក​​​មាន​​​ប្រសាសន៍​​​ថា “អនុរក្ស​​​បាន​​​ប្រមូល​​​ប្រាក់​​​ ប៉ុន្តែ យើង​​​ត្រូវ​​​រង់​​​ចាំ​​​របាយការណ៍​​​ពេញ​​​លេញ​​​ពី​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​សិន​​​”។

នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពីម្សិលមិញ សិស្ស​​​ម្នាក់​​​​​​ឈ្មោះ កៅ ម៉េង​​​លាង អាយុ​​​១៨​​​ឆ្នាំ​​​ដែល​​​បានបញ្ចប់​​​​​​ការ​​​​​​​​​ប្រឡង​​​​​​ថ្នាក់​​​ជាតិ​​​នៅ​​​វិទ្យាល័​​​យ​​​បាក់​​​ទូក និយាយ​​​ថា រូប​​​គេ​​​មាន​​​សង្ឃឹម​​តិច​​​តួច​​​ណាស់​​​ដែលអាច​​​​​​ប្រឡង​​​​​ជាប់ និង​​​អាច​​​ចូល​​​សិក្សា​​​​​​បន្ត​​​នៅ​​​សាកល​​​វិទ្យាល័យ​​​បាន​​​។ យុវ​​​ជន​​​រូប​​​នេះ​​​បន្ត​​​ថា “ពិន្ទុ​​​ជាប់​​​គឺ​​​២៧៥​​​ពិន្ទុ ប៉ុន្តែ បន្ទាប់​​​ពី​​​ខ្ញុំ​​​គណនា​​​ពិន្ទុ​​​របស់​​​ខ្ញុំ​​​ ខ្ញុំ​​​ទទួល​​​បាន​​​តែ​​​១៩០​​​ពិន្ទុ​​​ប៉ុណ្ណោះ​​​”។

កៅ ម៉េង​​​លាង​​​ និយាយ​​​ថា រូប​​​គេ​​​​​​បាន​​​ទិញ​​​ព្រីយ៉ុង​​​​​​ត្រៀម​​​សម្រាប់​​​ការ​​​ប្រឡង​​​​​​​​​នេះ​​​ ​​​ប៉ុន្តែ​​ត្រូវ​​​បាន​​​រារាំង​​​ដោយសារ​​​លក្ខខណ្ឌ​​​ថ្មី​​​ដ៏​​​តឹង​​​រឹុង​​​នៃ​​​ការ​​​ប្រឡង​​​ថ្នាក់​​​ជាតិ​​​។ យុវជន​​​រូ​​​ប​​​នេះ​​​​​​និយាយ​​​​​​ទៀត​​​ថា “ព្រីយ៉ុង​​​អាច​​​យក​​​ចូល​​​ទៅ​​​ក្នុង​​​បន្ទប់​​​ប្រឡង​​​បាន​​​ ប៉ុន្តែ​​​ខ្ញុំ​​​មិន​​​អាច​​​ប្រើ​​​ប្រាស់​​​វា​​​បាន​​​”៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស