40.3 C
Phnom Penh

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ស្បថ​ចូល​កាន់​តំណែង​នៅ​ព្រះ​បរម​រាជវាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ នរោត្តម សីហមុនី បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​មួយ​នៅ​ព្រះ​បរម​រាជ​វាំង​កាលពី​រសៀល​ម្សិលមិញ ដើម្បី​ឲ្យ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្បថ​ចូល​កាន់​តំណែង​ គឺ​មាន​រយៈពេល​ជាង​១០ខែ​ បន្ទាប់ពី​ព្រះ​អង្គ​បាន​កោះ​ប្រជុំ​រដ្ឋសភា​ ចំ​ពេល​មាន​ការ​តវ៉ា​ដ៏ធំ​ពី​គណបក្ស​ប្រឆាំង​។front

ដោយ​គ្មាន​បន្លា​លួស​ និង​កង​រាជ​អាវុធ​ហត្ថ​បិទ​ផ្លូវ​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ​​ដូច​កាលពី​ខែ​កញ្ញា នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដឹកនាំ​តំណាង​រាស្ត្រ​៦៨​រូប​របស់​លោក​ស្បថ​ចូល​កាន់​តំណែង​នោះ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​៥២​រូប​ក្នុង​ចំណោម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​អស់​បាន​មក​ដល់​រដ្ឋសភា​នៅ​ម៉ោង​៣​រសៀល​សម្រាប់​​​ពិសា​តែ​ និង​អាហារ​សម្រន់​ដែល​ត្រៀម​ទុក​រួច​។

តំណាង​រាស្ត្រ​ដែល​ពាក់​អាវ​ធំ​ពណ៌ស និង​សំពត់​ចង​ក្បិន​ពណ៌ខៀវនិង​ពណ៌​ស្វាយ​ បាន​ដើរ​ចូល​ទៅ​ក្នុង​អាហារដ្ឋាន​របស់​រដ្ឋសភា​ ដើម្បី​ទៅ​យក​កញ្ចប់​​ផ្លាក​លេខ​រដ្ឋសភា​សម្រាប់​រថយន្ត​របស់​ពួកគាត់​។

នៅ​ខាង​ក្នុង​អគារ​រដ្ឋសភា​ តំណាង​រាស្ត្រ​ទាំង​នោះ​ពិសា​នំ​តូចៗ​ និង​ជួយ​តម្រង់​សំពត់​ចង​ក្បិន​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​យូរៗម្តង​បាន​ដើរ​ចេញ​ពី​បន្ទប់​យក​កញ្ចប់​របស់​ខ្លួន​ទៅ​ឲ្យ​សមាជិក​គ្រួសារ​។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​កិច្ច​ព្រមព្រៀង​កាលពី​ខែ​មុន​សម្រាប់​ឲ្យ​គណបក្ស​ប្រឆាំង​បញ្ចប់​ពហិការ​របស់​ខ្លួន​នោះ​ គឺ​ជា​កិច្ច​ព្រមព្រៀង​ល្អ​មួយ​សម្រាប់​គណបក្ស​លោក​ ហើយ​លោក​បាន​បដិសេធ​ថា ការ​ជាប់​ពន្ធនាគារ​របស់​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ប្រាំពីរ​រូប​របស់​គណបក្ស​នេះ​កាលពី​ខែ​មុន​នោះ មិន​មាន​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ទេ។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​និង​កំពុង​ធ្វើការ​លើ​រឿង​នេះ​ជា​ច្រើន​ខែ​មក​ហើយ ហើយ​យើង​បាន​រង់​ចាំ​រហូត​ដល់​យើង​ទទួល​បាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ធ្វើការ​បាន​ ដូច្នេះ​ហើយ​យើង​បាន​ចូល​រួម​តែ​ម្ដង​។ ដូច្នេះ មិន​មាន​សម្ពាធ​ណាមួយ​ធ្វើ​ឲ្យ​យើង​សម្រេច​ចិត្ត​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​នេះ​ទេ”។

លោក សុន ឆ័យ ដែល​បាន​គាំ​ទ្រ​ជាច្រើន​ខែ​​មក​ហើយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចប់​ការ​ធ្វើ​ពហិការ​របស់​ខ្លួន​នោះ ក៏បាន​មាន​ប្រសាសន៍​ដែរ​ថា រដ្ឋសភា​គ្រោង​បើក​សម័យ​ប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​សុក្រ ដោយ​តំណាង​រាស្ត្រ​៥៥រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​រួម​ជាមួយ​តំណាង​រាស្ត្រ​៦៨​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​លើក​ដំបូង​។

ប្រហែល​កន្លះ​ម៉ោង​ក្រោយ​មក តំណាង​រាស្ត្រ​ទាំង​៥២​រូប​បាន​​ចេញ​ពី​អាហារដ្ឋាន​ឆ្ពោះ​ទៅ​ជណ្ដើរ​ខាង​មុខ​។

នៅ​ទីនោះ​តំណាង​រាស្ត្រ​ទាំង​៥២​រូប​បាន​ជួប​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី ជូឡុង សូ៊ម៉ូរ៉ា តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ភ្នំពេញ​ ដែល​ជា​ភរិយា​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។

បន្ទាប់​ពី​បាន​ឈរ​ថត​រូប​ជា​មួយ​គ្នា​ តំណាង​រាស្ត្រ​ទាំង​នេះ​បាន​ឡើង​ជិះ​រថយន្ត​ទួរីស​ទៅ​កាន់​ព្រះបរម​រាជ​វាំង។ មាន​តែ​អ្នក​យក​ព័ត៌មាន​មក​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា​ទេ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ខាង​ក្នុង​ព្រះបរមរាជវាំង​។

តំណាង​រាស្ត្រ​ទាំង​នេះ​បាន​ស្បថ​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​ ព្រះមហាក្សត្រ​ សីហមុនី ដែល​បាន​ឡើង​គ្រងរាជ​តាំង​ពី​ខែ​​តុលា ឆ្នាំ​២០០៤​​ បន្ទាប់ពី​ព្រះ​បរម​រតនកោដ្ឋ​​សម្ដេច​ឪ នរោត្តម សីហនុ បាន​ដាក់​រាជ​ភ្លាមៗ​បន្ទាប់ពី​មាន​ការ​បញ្ចប់​ភាព​ទាល់​ច្រក​ក្រោយ​ការ​បោះ​ឆ្នោត​ស្រដៀង​គ្នា​នេះ​។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាក​ចេញ​ពី​ព្រះ​បរម​រាជ​វាំង​ជាមួយ​គ្នា​ មុន​ម៉ោង​៥​ល្ងាច​បន្តិច​។

លោក សម រង្ស៊ី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ពី​កៅអី​ក្រោយ​នៃ​រថយន្ត​របស់​លោក​នៅ​​ពេល​ចាក​ចេញ​ពី​ក្លោង​ទ្វារ​ព្រះបរមរាជវាំង​ថា ” យើង​បាន​បំពេញ​កាតព្វកិច្ច​របស់​យើង​ហើយ”។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា តំណាង​រាស្ត្រ​គណបក្ស​នេះ​ ឥឡូវ​នេះ​មាន​លទ្ធភាព​ប្រសើរ​ជាង​មុន​ក្នុង​ការ​ជួយ​អ្នក​គាំទ្រ​របស់​ខ្លួន​។ អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​សង្ស័យ​លើ​ការ​សម្រេច​ចិត្ត​បញ្ចប់​ការ​ធ្វើ​ពហិការ​របស់​គណបក្ស​នេះ​ ដោយសារ​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាម​ទារ​ដំបូង​របស់​ខ្លួន​តែ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​បំពេញ​នូវ​អ្វី​ដែល​យើង​​បាន​សន្យា​។ យើង​មាន​អភ័យ​ឯកសិទ្ធិ​ និង​អាច​តវ៉ា​ដោយ​អហិង្សា​។ គ្មាន​តុលាការ​ណា​អាច​គំរាម​កំហែង​យើង​ ឬ​បំភិត​បំភ័យ​យើង​ទៀត​ទេ ពីព្រោះ​យើង​មាន​អភ័យឯកសិទ្ធិ​”។

លោក សម រង្ស៊ី ក៏​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ដែរ​ថា ពេល​នេះ​លោក​សង្ឃឹម​ថា នឹង​មាន​ការ​ដោះ​លែង​មេដឹកនាំ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​បី​នាក់​ ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនា​គារ​កាលពី​ថ្ងៃ​សៅរ៍ ពី​បទ​ចូលរួម​ចលនា​កុបកម្ម​​នៅ​ក្នុង​ការ​វាយ​តប់​គ្នា​តាម​ផ្លូវ​កាលពី​ថ្ងៃទី​១៥ ខែ​កក្កដា ដូច​គ្នានេះ​ជាមួយ​សន្តិសុខ​ខណ្ឌ​ ហើយ​​បាន​នាំ​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាំពីរ​រូប​មួយ​រយៈ​ពេល​ខ្លី​កាលពី​ខែ​មុន​។

លោក សម សុគង់ មេធាវី​របស់​សកម្មជន​យុវជន​ទាំង​បី​នាក់​ គឺ​ ឃិន ជំរឿន អាយុ​៣២​ឆ្នាំ នាង​ សុឃុន អាយុ​២៨​ឆ្នាំ និង​ សាន គឹមហេង អាយុ​២៨​ឆ្នាំ បាន​និយាយ​ថា លោក​​មិន​ទាន់​បាន​ឮដំណឹង​មក​វិញ​អំពី​សំណើ​​សុំ​នៅ​ក្រៅ​ឃុំទេ។ លោក កែវ មុនី ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​មិន​អាច​ទាក់​ទង​បាន​ទេ។

លោក ជាម យៀប អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា លោក​ស្វាគមន៍​សហការី​ថ្មី​របស់​លោក​។លោក​បាន​មាន​ប្រសាសន៍​ថា ” ​តាង​នាម​ឲ្យ​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ យើង​ស្វាគមន៍​តំណាង​រាស្ត្រ​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ស្បថ​ចូល​កាន់​តំណែង​នៅ​រសៀល​នេះ​នៅ​ព្រះបរមរាជវាំង​”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” បន្ទាប់ពី​ស្បថ​ចូល​កាន់​តំណែង​រួច​ហើយ​ ពួកគាត់​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ទទួល​យក​អភ័យឯកសិទ្ធិ​សភា​ និង​អាសនៈ​របស់​ពួកគាត់​នៅ​ក្នុង​រដ្ឋសភា​ចាប់ពី​ពេល​នេះ​ទៅ​”៕ គឹមហឿន​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស