មន្ត្រីនគរបាលខេត្តម្នាក់បានបង្ហាញខ្លួនសម្រាប់ការសាកសួរនៅតុលាការខេត្តប៉ៃលិន កាលពីម្សិលមិញ បន្ទាប់ពីកងរាជអាវុធហត្ថដែលទទួលបានព័ត៌មានពីអង្គការក្រៅរដ្ឋាភិបាលផ្នែកសត្វព្រៃមួយ ដែលតារាភាពយន្តអាមេរិក លោកស្រី អ៊ែនជេលីណា ជូលី បានបង្កើតឡើងនោះ ចាប់បានមន្ត្រីនេះពេលកំពុងដឹកឈើគ្រញូងខុសច្បាប់ជាង១៧៧គីឡូក្រាម កាលពីថ្ងៃអាទិត្យ។
លោក សោ ផល្លា ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង៤ល្ងាចថ្ងៃអាទិត្យនៅក្នុងក្រុងប៉ៃលិន ពេលកំពុងបើកបររថយន្តតូយ៉ូតាកាមរីរបស់គាត់ដឹកឈើមានតម្លៃ។
លោក សៀង វណ្ណដន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបាននិយាយថា មន្ត្រីរបស់លោកប្រាំមួយនាក់ត្រូវបានដាក់ឲ្យស្ទាក់ចាប់បន្ទាប់ពីមានការផ្ដល់ព័ត៌មានពីមន្ត្រីនៅមូលនិធិ ម៉ាដុក ជូលី ភីត (MJP)នៅស្រុកសំឡូត ជាអង្គការដែលផ្ដល់ការគាំទ្រដល់ការអនុវត្តច្បាប់ និងការឃ្លាំមើលសត្វព្រៃ។ មូលនិធិនេះបានទូរស័ព្ទប្រាប់មន្ត្រីដែលខ្លួនធ្វើការជាមួយឲ្យតាមលោក ផល្លា។
លោក ចាន់ សុជាតិ អនុប្រធានផ្នែកអនុវត្តច្បាប់នៅមូលនិធិ MJP បាននិយាយថា “បន្ទាប់ពីយើងបានទទួលព័ត៌មានពីអ្នកភូមិ យើងបានទូរស័ព្ទប្រាប់មន្ត្រីបរិស្ថាន កងរាជអាវុធហត្ថ និងនគរបាលឲ្យតាមរថយន្តនោះ”។
លោក សុជាតិ បាននិយាយថា រថយន្តនគរបាលបីគ្រឿងបានបើកដេញតាមលោក ផល្លា ទៅដល់ស្រុកបវេល នៅក្នុងខេត្តបាត់ដំបង ហើយបានបញ្ជាឲ្យគាត់ឈប់ ប៉ុន្តែលោកបាននិយាយថា ជនសង្ស័យមិនព្រមឈប់ទេ។ លោក សុជាតិ បានឲ្យដឹងទៀតថា ” យើងបានប្រើរថយន្តបីគ្រឿងបើកដេញតាមរថយន្តជននេះបញ្ជាឲ្យគាត់ឈប់ដើម្បីត្រួតពិនិត្យរថយន្តរបស់គាត់ ប៉ុន្តែគាត់មិនព្រមឈប់ទេ។ នៅពេលគាត់ឃើញកម្លាំងរបស់យើង គាត់បានបើករថយន្តយ៉ាងលឿនចូលតាមផ្លូវលំនៅក្នុងស្រុកបវេល”។
ការបើករថយន្តដេញតាមក្នុងល្បឿនលឿននេះ ជនសង្ស័យបានបើកកៀរឲ្យរថយន្តនគរបាលមួយគ្រឿងធ្លាក់ផ្លូវចូលទៅក្នុងបឹងមួយ បណ្ដាលឲ្យមន្ត្រីជិះនៅក្នុងរថយន្តនោះរងរបួសស្រាល។ បន្ទាប់ពីប៉ុនប៉ងបិទផ្លូវមិនបានសម្រេច កងកម្លាំងបានយកដែកគោលដាក់នៅចំកណ្ដាលផ្លូវធ្វើឲ្យបែកកង់រថយន្តរបស់លោក ផល្លា។
លោក សុជាតិ បាននិយាយថា ” ប្រហែល១ម៉ោងបន្ទាប់ពីយើងមិនអាចបញ្ឈប់រថយន្តរបស់ជនសង្ស័យបាន យើងបានបោះដែកគោលនៅលើក្ដារយកទៅដាក់នៅលើផ្លូវ ដើម្បីទម្លុះកង់រថយន្តនោះ”។
លោក ចិត្រ វណ្ណនី ស្នងការរងនគរបាលខេត្តបាននិយាយថា លោក ផល្លា មិនសូវឃើញទៅធ្វើការទេ សូម្បីតែនៅមុនពេលគាត់ត្រូវបានឃាត់ខ្លួននៅសប្ដាហ៍នេះ។ លោកបាននិយាយថា “ពីមុនគាត់ធ្វើការនៅស្នងការដ្ឋាននគរបាលខេត្ត ប៉ុន្តែឥឡូវនេះខ្ញុំមិនដឹងទេ។ ចាំខ្ញុំពិនិត្យមើលម្ដងទៀតសិន”៕ គឹមហឿន