26.6 C
Phnom Penh

អ្នក​ភូមិ​នាំ​គ្នា​ហែ​ក្បួន​តវ៉ា​ទៅ​តុលាការ​ខេត្ត​ពាក់​ព័ន្ធ​វិវាទ​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ខេឌីស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​សង្ឃ​និង​អ្នក​ភូមិ​ប្រហែល​២០០​អង្គ-នាក់​​បាន​ហែ​ក្បួន​ទៅ​កាន់​តុលាការ​ខេត្ត​កំពង់​ឆ្នាំង កាលពី​ម្សិលមិញ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​អ្នក​ភូមិ​ពីរ​នាក់​ពី​ពន្ធនាគារ និង​តវ៉ា​ចំពោះ​ការ​កោះ​ហៅ​មនុស្ស​ប្រាំបី​នាក់​ទៀត​ឲ្យ​ចូល​ទៅ​តុលាការ​ខេត្ត​។ អ្នក​ភូមិ​ទាំង​នេះ​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ដ៏​យូរ​ជាមួយ​ក្រុម​ហ៊ុន​ខេឌីស៊ី ដែល​មានអំណាច​នេះ​ ហើយ​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា បាន​បង្ក​អំពើ​ហិង្សា​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​នៅ​​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្មករ​ក្រុម​ហ៊ុន​នេះ​។

អ្នក​ស្រី អ៊ុំ សុភី ជា​តំណាង​អ្នក​ភូមិ​ដែល​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ជម្លោះ​នេះ​បាន​ដឹក​នាំ​ការ​ហែក្បួន​ចម្ងាយ​៣០​គីឡូម៉ែត្រ​ពី​ភូមិ​ឡពាង ដែល​មាន​សភាព​ស្ងប់​ស្ងាត់​ទៅ​កាន់​តុលាការ​នៅ​ក្នុង​ទីរួម​ខេត្ត​នេះ។ លោក​ ស្ងួន ញឿន អាយុ​៣៤​ឆ្នាំ​ជាប្ដី​របស់​អ្នកស្រី សុភី គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំង​ប្រាំបី​នាក់​ ដែល​ចៅក្រម​ស៊ើប​សួរ​ ញួង ចន្ធី បាន​កោះ​ហៅ​ឲ្យ​ទៅ​តុលាការ​កាលពី​ម្សិលមិញ។

អ្នកស្រី សុភី បាន​និយាយ​អំពី​ឈ្មោះ ម៉ាង យ៉ាវ អាយុ​៣០ឆ្នាំ និង​ឈ្មោះ សា៊ង ហេង អាយ​ុ៣៤​ឆ្នាំ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​កាលពី​ថ្ងៃទី​២២ ខែ​កក្កដា ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ពួកគេ​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ដែល​បណ្ដាល​ឲ្យ​កម្មករ​ក្រុម​ហ៊ុន​ខេឌីស៊ី១០​នាក់​រង​របួស​នោះ​ថា ” យើង​ទាម​ទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នកភូមិ​ជាប់ពន្ធនាគារ​ទាំង​ពីរ​នាក់ ពីព្រោះ​ពួកគេ​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ក្រុម​ហ៊ុន​ចោទ​ពួកគេ​ទេ​។

អ្នកស្រី​បាន​បន្ថែម​ថា ” យើង​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ទាំង​ប្រាំ​បីនាក់​ចូល​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ​ទេ ពីព្រោះ​តុលាការ​មិន​យុត្តិធម៌​ និង​មិន​អព្យាក្រឹត​នៅ​ក្នុង​ការ​វិនិច្ឆ័យ​របស់​ខ្លួន​”។

ប្ដី​របស់​អ្នកស្រី គឺ​លោក ញឿន បាន​ចូល​រួម​នៅ​ក្នុង​ការ​ហែ​ក្បួន​នេះ​ ប៉ុន្តែ​មិន​បាន​ចូល​រួម​នៅ​ក្នុង​ការ​សាកសួរ​ទេ។ គាត់​បាន​និយាយ​ថា ” តុលាការ​បាន​កោះ​ហៅ​ខ្ញុំ​ឲ្យ​ចូល​ទៅ​តុលាការ​សម្រាប់​ការ​សាក​សួរ​នៅ​ថ្ងៃ​នេះ​ ប៉ុន្តែ​ខ្ញុំ​សម្រេច​ចិត្ត​មិន​ចូល​ទៅ​ទេ ពីព្រោះ​ពួកគេ​លម្អៀង​ និង​ធ្វើ​ការ​បម្រើ​តែ​ក្រុម​ហ៊ុន​”។

ក្រុម​ហុ៊ន​ខេឌីស៊ី គឺ​ជា​ក្រុម​ហ៊ុន​របស់​អ្នកស្រី ជា ខេង ភរិយា​របស់​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។ អ្នកភូមិ​និយាយ​ថា អ្នកស្រី​បាន​រំលោភ​យក​ដី​កសិកម្ម​របស់​ពួកគេ​អស់​១៤៥​ហិកតា​កាលពី​ឆ្នាំ​២០០២​។ ជម្លោះ​ដ៏អូស​បន្លាយ​ពេល​របស់​ពួកគេ​ជាមួយ​អ្នកស្រី​បាន​ផ្ទុះ​ឡើង​​ខ្លាំង​កាលពី​ខែ​មុន នៅ​ពេល​ដែល​កម្មករ​ចាប់​ផ្ដើម​សាង​សង់​របង​បេតុង​បិទ​ជុំវិញ​ដី​មាន​វិវាទ​នេះ ដែលបង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​ជា​បន្ត​បន្ទាប់​រវាង​អ្នក​ភូមិ​ និង​កម្មករ​។

លោក ញឿន បាន​និយាយ​ថា អ្នក​ភូមិ​នឹង​បន្ត​ការ​តវ៉ា​នៅ​ខាង​​ក្រៅ​​តុលាការ​ទៀត​នៅ​ថ្ងៃ​នេះ បន្ទាប់ពី​រក​កន្លែង​ស្នាក់​នៅ​បាន​ គឺ​នៅ​ក្នុង​វត្ត​មួយ​​នៅ​ក្នុង​ទីក្រុង។ គេមិន​អាច​ទាក់​ទង​មន្ត្រី​តុលាការ​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​៕ គឹមហឿន​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស