មេរោគជំងឺអេបូឡា (Ebola) មិនទាន់បង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជានៅឡើយទេ ប៉ុន្តែ ដោយសារតែការផ្ទុះករណីជំងឺនេះនៅអាហ្វ្រិកខាងលិច បានសម្លាប់មនុស្សអស់ជិត៨០០នាក់នោះ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) កាលពីម្សិលមិញបានជំរុញឲ្យសាធារណជនមានការប្រុងប្រយ័ត្ន ខណៈពេលមានការព្រួយបារម្ភកាន់តែខ្លាំងថា ជំងឺដ៏គ្រោះថ្នាក់នេះអាចឆ្លងរាលដាលកាត់ព្រំដែនអន្តរជាតិ។
អង្គការសុខភាពពិភពលោកបានព្រមានថា ការផ្ទុះករណីជំងឺនេះនៅក្នុងប្រទេសសៀរ៉ាឡេអូន ប្រទេសលីបេរីយ៉ា និងប្រទេសហ្គីណេ គឺលឿនជាងការខិតខំប្រឹងប្រែងគ្រប់គ្រងវាទៅទៀត។ ប៉ុន្តែ ដោយមិនសូវមានទំនាក់ទំនងជាមួយប្រទេសទាំងនោះ ក្រសួងសុខាភិបាលកម្ពុជាបានលើកឡើងថា ជំងឺអេបូឡា បង្កហានិភ័យតិចតួចប៉ុណ្ណោះចំពោះសុខភាពសាធារណជន ពីព្រោះការឆ្លងជំងឺនេះពីមនុស្សទៅមនុស្ស លុះត្រាតែប៉ះពាល់សារធាតុរាវលើរាងកាយអ្នកកើតជំងឺនេះ។
សេចក្ដីថ្លែងការណ៍រួមរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកមានខ្លឹមសារដូច្នេះថា “យើងសូមជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា បច្ចុប្បន្នគ្មានវត្តមានករណីជំងឺអេបូឡា នៅក្នុងប្រទេសកម្ពុជា ទេរហូតមកទល់ពេលនេះ។ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺអេបូឡា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានផ្ដល់ដំបូន្មានដល់ប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរទៅកាន់តំបន់ឆ្លងជំងឺនេះឲ្យរក្សាកាប្រុងប្រយ័ត្ន”។
សូមបញ្ជាក់ថា គ្មានវ៉ាក់សាំង ឬវិធីព្យាបាលទេចំពោះជំងឺអេបូឡា ដែលត្រូវបានរកឃើញនៅឆ្នាំ១៩៧៦នៅក្នុងសាកសពបុរសម្នាក់ ដែលបានស្លាប់ដោយសារជំងឺនេះ ដែលទំនងជាឆ្លងពីសត្វប្រជៀវមួយក្បាលនៅជិតទន្លេអេបូឡា (Ebola River) នៅសាធារណរដ្ឋកុងហ្គោ។ អ្នកដែលកើតជំងឺនេះក្នុង១០នាក់ មានឱកាសរស់តែមួយប៉ុណ្ណោះ។
ប៉ុន្តែ ដោយសារករណីជំងឺនេះត្រូវបានបញ្ជាក់ថាមានវត្តមានក្នុងពេលថ្មីៗនេះនៅក្នុងទី្រុងឡាហ្គោស (Lagos) ប្រទេសនីហ្សេរីយ៉ា មានហានិភ័យដែលអ្នកដំណើរអាចនឹងនាំយកមេរោគនេះឡើងលើជើងហោះហើរអន្តរជាតិឆ្ពោះមកកាន់តំបន់នេះ។
ក្រសួងព្រមានអ្នកដែលធ្វើដំណើរមកពីតំបន់ឆ្លងជំងឺនេះទាំងអស់ ឬអ្នកដែលសង្ស័យថា ខ្លួនទំនងជាឆ្លងមេរោគនេះ ឬបញ្ចេញអាការសញ្ញាដំបូងនៃជំងឺនេះដូចជាឈឺក្បាល គ្រុនក្តៅ និងឈឺសាច់ដុំជាដើម ត្រូវទៅរកគ្រូពេទ្យជាបន្ទាន់។
លោក សូនី គ្រីសនែន (Sonny Krishnan) មន្ត្រីផ្នែកទំនាក់ទំនងនៅការិយាល័យថ្នាក់តំបន់របស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា សេចក្ដីប្រកាសព័ត៌មាននេះធ្វើឡើងក្នុងគោលបំណងធានាអះអាងចំពោះសាធារណជនថា ទោះបីជាប្រព័ន្ធផ្សព្វផ្សាយមានការរំជើបរំជួលចំពោះជំងឺនេះក្តី ក៏ការគំរាមកំហែងចំពោះសាធារណជនស្ថិតក្នុងកម្រិតទាបប៉ុណ្ណោះ។ លោកបានបន្តថា “ប្រទេសកម្ពុជា កំពុងបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួន ហើយប្រសិនបើករណីជំងឺនេះពិតជាមកដល់មែន យើងនឹងជួយរដ្ឋាភិបាលបង្កើតដំណើរការប្រតិបត្តិការដើម្បីគ្រប់គ្រងវា”៕សុខុម