មន្ត្រីតុលាការម្នាក់បាននិយាយថា បុរសប្រាំនាក់ដែលជាប់ពន្ធនាគារដោយគ្មានការជំនុំជម្រះទោសតាំងពីខែធ្នូ ជុំវិញការលួចព្រះសារីរិកធាតុពីភ្នំឧត្តុង្គ នឹងត្រូវចោទប្រកាន់ ឬ ត្រូវដោះលែងឲ្យរួចខ្លួននៅត្រឹមចុងខែនេះ។
បុរសប្រាំនាក់ មានទាំងសន្តិសុខបួននាក់ដែលគេជួលឲ្យការពារព្រះសារីរិកធាតុផង ត្រូវគេចាប់ដាក់ពន្ធនាគារនៅខេត្តកណ្តាល បន្ទាប់ពីព្រះសារីរិកធាតុត្រូវបានលួចពីសក្យមុនីចេតីនៅលើកំពូលភ្នំឧដុង្គដែលត្រូវសាងសង់អស់ទឹកប្រាក់៤,៥លានដុល្លារ។ ជនសង្ស័យទាំងអស់បានអះអាងម្តងហើយម្តងទៀតថាខ្លួនគ្មានទោសកំហុសទេ។
លោក លឹម សុគន្ធា ចៅក្រមស៊ើបអង្កេតនៅតុលាការខេត្តកណ្តាល មិនបានផ្តល់សេចក្តីលម្អិតអំពីការស៊ើបអង្កេតរបស់លោកទេកាលពីម្សិលមិញ ប៉ុន្តែលោកបានមានប្រសាសន៍ថា លោកនឹងសម្រេច ថាតើត្រូវតុលាការកាត់ក្តីពួកគេនៅត្រឹមចុងខែសីហានេះឬយ៉ាងណា។
ចៅក្រមរូបនេះមានប្រសាសន៍ថា “ខ្ញុំរវល់ណាស់ជាមួយនឹងសំណុំរឿងជាច្រើនទៀត នេះមិនមែនជាសំុណុំរឿងតែមួយរបស់ខ្ញុំទេ។ យើងនឹងដឹងអំពីរឿងក្តីនេះនៅចុងខែនេះ និងថាតើត្រូវបញ្ជូនពួកគេទៅជំនុំជម្រះ ឬត្រូវដោះលែង”។
នៅពេលសុំព័ត៌មានបន្ថែម លោកបានមានប្រសាសន៍ថា “វាខុសវិជ្ជាជីវៈដែលនិយាយអំពីថាតើពួកគាត់នឹងត្រូវជំនុំជម្រះទោស ឬត្រូវដោះលែងនោះ”។
កាលបរិច្ឆេទជាច្រើនលើកច្រើនសាកំណត់ដោយចៅក្រម សុគន្ធា បានកន្លងផុតទៅចាប់តាំងពីបុរសទាំងនោះត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទលួចព្រះសារីរិកធាតុកាលពីពាក់កណ្តាលខែធ្នូ។ ឥឡូវនេះ ជនសង្ស័យទាំងនេះត្រូវជាប់ឃុំបណ្តោះអាសន្នអស់រយៈពេលជិតប្រាំបីខែមកហើយ។
អ្នកជាប់ឃុំទាំងប្រាំនាក់គឺសន្តិសុខឈ្មោះ ចម ថៃ អាយុ៥៧ឆ្នាំ សៀង សារិន អាយុ៥៨ឆ្នាំ និងឈ្មោះ កា សាក់ អាយុ៤៦ឆ្នាំ ហើយនិងប្រធានសន្តិសុខ ឈ្មោះ ផា សុខែម អាយុ៥៩ឆ្នាំ រួមជាមួយនឹងឈ្មោះ កាន់ សុភក្តិ អាយុ៣៩ឆ្នាំ ជាអ្នករត់ម៉ូតូឌុប។
ព្រះសារីរិកធាតុត្រូវបានគេរកឃើញនៅផ្ទះកសិករឈ្មោះ កែវ រស្មី ក្នុងខេត្តតាកែវ កាលពីខែកុម្ភៈ ហើយឥឡូវនេះត្រូវតម្កល់ទុកនៅព្រះបរមរាជវាំង។
លោក រស្មី ដែលនគរបាលបាននិយាយថា ជាពិរុទ្ធជនតែម្នាក់គត់ក្នុងការលួចនេះ នៅជាប់ក្នុងពន្ធនាគារនៅឡើយទេ។
លោក ទឹម តន់ ប្រធានសន្តិសុខនៅសក្យមុនីចេតីលើកំពូលភ្នំឧដុង្គ បានមានប្រសាសន៍កាលពីម្សិលមិញថា ក្រសួងវប្បធម៌និងវិចិត្រសិល្បបានចាប់ផ្តើមជួសជុលសក្យមុនីចេតីដែលខូចខាតដោយសារអំពើចោរកម្មនេះហើយ។ “ប្រហែលនៅពេលពួកគេជួសជុលហើយ គេនឹងនាំយកព្រះសារីរិកធាតុមកតម្កល់ទុកនៅសក្យមុនីចេតីនេះវិញ”។ មានិត