33 C
Phnom Penh

កសិករ​ងាក​ទៅ​ដាំ​ដំណាំ​ម្រេច​ដើម្បី​បង្កើន​ប្រាក់​ចំណូល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អ្នក​ដាំ​ដំណាំ​ម្រេច​បាន​ឲ្យ​ដឹង​ថា អ្នក​ចម្ការ​នៅ​តាម​បណ្តា​ខេត្ត​ដែល​ដាំ​ដំណាំ​ម្រេច​ក្នុង​ប្រទេស​កម្ពុជា កំពុង​បង្កើន​ការ​ដាំ​ដំណាំ​ដែល​ផ្តល់​ប្រាក់​ចំណេញ​ច្រើន​នេះកាន់​តែ​ខ្លាំង​ឡើង ក្នុង​ពេល​ដែល​តម្លៃ​កៅស៊ូ​នៅ​លើ​ទីផ្សារ​ពិភព​លោក​បាន​ធ្លាក់​ចុះ​ក្នុង​ពេល​ជាង​៦​ខែ​នេះ ដោយ​ដី​ដែល​ត្រូវ​ដាំ​ម្រេច​បាន​កើន​ឡើង​ទ្វេ​ដងក្នុង​តំបន់​មួយ​ចំនួន។

យោងតាម​លោក យិន សុផា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ម្រេច​ដា-មេមត់​បាន​ឲ្យ​ដឹង​ថា នៅ​ឃុំ​ដា ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ដាំ​ម្រេច​ច្រើន​បំផុត ពោលគឺ​ចំនួន​ប្រជាពល​រដ្ឋ​ដែល​ធ្វើ​ចម្ការ​ម្រេច​បាន​កើន​ឡើង​ពី​១.៧៣០​គ្រួសារ​កាលពី​ឆ្នាំ​មុន​ដល់​២.៣០០​គ្រួសារ​នៅ​ឆ្នាំ​នេះ រីឯ​ដី​ចម្ការ​ដាំ​ដុះ​បាន​កើន​ឡើង​ទ្វេ​ដង​ពី​៦០០​ហិកតា​ដល់​១.២០០​ហិកតា​ផងដែរ។

លោក សុផា បាន​និយាយ​ថា អ្នក​ចម្ការ​ភាគ​ច្រើន​បំផុត​បាន​ប្តូរ​ពី​ដំណាំ​កៅស៊ូ​មក​ដំណាំ​ម្រេច​វិញ ក្នុង​ពេល​ដែល​ប្រាក់​ចំណូល​ពី​កៅស៊ូ​បាន​ធ្លាក់​ចុះ​ដោយសារ​តម្លៃ​នៅ​លើ​ទីផ្សារ​សាកល​លោក​ក៏ធ្លាក់​ចុះ​ដែរ។ ប្រាក់​ចំណូល​ពី​ការ​នាំចេញ​កៅស៊ូ​ក្នុង​រយៈ​ពេល​៦ខែ​ដើម​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​ពីរ​ភាគរយ គឺ​ពី​៧៦,៥​លាន​ដុល្លារ​មក​នៅ​ត្រឹម​៧៥​លាន​ដុល្លារ​ប៉ុណ្ណោះ។

លោក សុផា បាន​និយាយ​ថា “ម្រេច​ជា​ផលិតផល​កសិកម្ម​ដែល​ផ្តល់​ប្រាក់​ចំណូល​ខ្ពស់ ពីព្រោះ​តម្រូវការ​លើ​ពិភព​លោក​ចេះតែ​កើន​ឡើង ហើយ​គេ​អាច​លក់​ម្រេច​ក្នុង​តម្លៃ​ខ្ពស់ នៅ​គ្រា​ដែល​មាន​ប្រទេស​មិន​ច្រើន​ទេ​ដាំ​ម្រេច​នោះ”។

លោក​បាន​មាន​ប្រសាសន៍​ថា ផលិតផល​ម្រេច​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល​១២.០០០​ដុល្លារ​ក្នុង​មួយ​ហិកតា ហើយ​អាច​ផ្តល់​ផល​មក​វិញ​រវាង​៣៥.០០០​និង​៥០.០០០​ដុល្លារ។បច្ចុប្បន្ន​ផលិតផល​ម្រេច​លក់​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​ប្រហែល១០​ដុល្លារ។

អំឡុង​ការ​ប្រមូល​ផល​ឆ្នាំ​នេះ ពី​ខែ​មីនា​ដល់​ខែ​ឧសភា អ្នក​ចម្ការ​នៅ​ឃុំ​ដា​​បេះ​ប្រមូល​ផល​បាន​ប្រហែល​៥.000​តោន ហើយ​នៅ​រដូវ​បន្ទាប់ គេ​រំពឹង​ថា​នឹងបាន​ផល​ប្រហែល​៦.៥០០​តោន។

លោក ងួន ឡាយ ប្រធាន​សមាគម​លើក​កម្ពស់​​ម្រេច​កំពត​បាន​មាន​ប្រសាសន៍​ថា ខេត្ត​កែប​និង​ខេត្ត​កំពត​ដែល​ល្បីម្រេច​ល្អ​នោះ ក៏​ឃើញ​មាន​ការ​កើន​ឡើង​ស្រដៀង​គ្នា​ក្នុង​ការ​ដាំដុះ​ម្រេច​ដែរ ចំពេល​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ចំពោះ​ដំណាំ​របស់​ខ្លួន។

លោក ឡាយ បាន​មាន​ប្រសាសន៍​ថា កាលពី​ឆ្នាំ​២០១៣ មាន​ប្រជាពលរដ្ឋ​២៦៥​គ្រួសារ​ធ្វើ​ចម្ការ​ម្រេច​លើ​ផ្ទៃ​ដី​៩០​ហិកតា​ក្នុង​ខេត្ត​ទាំងពីរ​ធៀប​នឹង​៣០០​គ្រួសារ​ដែល​ធ្វើ​ចម្ការ​នៅ​លើ​ផ្ទៃ​ដី​១៥៥​ហិកតា​នៅ​ឆ្នាំ​នេះ។

លោក ឡាយ បាន​ឲ្យ​ដឹង​ថា ការ​យល់​ព្រម​និង​ការ​អនុម័ត​កាលពី​ខែ​វិច្ឆិកា​នូវ​ច្បាប់​ស្តី​អំពី​សន្ទស្សន៍​សម្គាល់​ភូមិ​សាស្ត្រ (ជា​ឋានៈ​ត្រូវ​គេ​ទទួល​ស្គាល់​លើ​ពិភព​លោក​ដែល​គេ​ផ្តល់​ឲ្យ​ដើម្បី​ការពារ​ទំនិញ​ល្បីៗ មាន​ប្រភព​មកពី​តំបន់​ណាមួយ​ជាក់លាក់) បាន​បង្កើន​តម្រូវការ​ម្រេច​កំពត​ដែល​មាន​គុណភាព​ខ្ពស់​នេះ។

សមាគម​ម្រេច​នៅ​ពេល​ថ្មីៗ​នេះ​បាន​ទទួល​ការ​បញ្ជា​ទិញចំនួន​៦តោន​ក្នុង​មួយ​ឆ្នាំ​ទៅ​ប្រទេស​ជប៉ុន និង​ការ​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​នានា​នៅ​អាមេរិក ក្នុង​ពេល​ដែល​មាន​តម្រូវ​ការ​ពី​អន្តរជាតិ​ខ្លាំង​កំពុង​ដាក់​សម្ពាធ​លើ​អ្នក​ផលិត។

លោក​ឡាយ​មាន​ប្រសាសន៍​ថា “អ្នក​បញ្ជា​ទិញ​នៅ​ជុំវិញ​ភិភព​លោក​កំពុង​ទទួល​ស្គាល់​កាន់តែ​ខ្លាំង​ឡើង​នូវ​គុណភាព​ម្រេច​របស់​យើង ជាពិសេស ម្រេច​កំពត ព្រោះ​វា​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ។ ប៉ុន្តែ​ការ​ផលិត​ម្រេចមិន​អាច​បំពេញ​តាម​តម្រូវ​ការ​បាន​ទេ”៕ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស