35 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​មាន​គម្រោង​ធ្វើ​ជា​គណបក្ស​ប្រឆាំង​ដើម្បី​កែប្រែ​ប្រវត្តិសាស្ត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពីរ​ទសវត្សរ៍​បន្ទាប់ពី​អង្គការ​សហ​ប្រជា​ជាតិបាន​បង្កើត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា តំណាង​រាស្ត្រ​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចាប់​ផ្ដើម​ចូល​ប្រជុំ​នៅ​ក្នុង​រដ្ឋសភា​នៅ​ថ្ងៃ​សុក្រ ដោយ​សង្ឃឹម​ថា នឹង​ប្រើ​ប្រាស់​សមាជិក​ដ៏ច្រើន​របស់​ខ្លួន​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​អ្វី​ដែល​អ្នក​មុនពួកគាត់​មិនអាច​សម្រេច​បាន​។

ចាប់ពី​ការ​កោះ​ហៅ​រដ្ឋមន្ត្រី​បម្រើ​ការ​រយៈ​ពេល​យូរ​ ដែល​បាន​គេច​វេះ​ពីការ​រិះគន់​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ដែល​នៅ​ពេល​នោះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ គឺ​ជា​គណៈកម្មាធិការ​របស់​បក្ស​កុម្មុយនីស្ត​ រហូត​ដល់​ការ​បង្កើត​ “​គណៈ​រដ្ឋ​មន្ត្រី​ស្រមោល” ដែល​ស្មោះ​ត្រង់​លើក​ដំបូង​នៅ​កម្ពុជា​នោះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​នូវ​វប្បធម៌​នយោបាយ​ថ្មីមួយ​។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៤ ខែ​​កក្កដាថា ” យើង​ចង់​ឲ្យ​មាន​ការ​ទទួល​ស្គាល់​គណបក្ស​ប្រឆាំង​ដូច​នៅ​ក្នុង​ប្រព័ន្ធ​អង់គ្លេស​ ដូច​ជា​គណបក្ស​​ប្រឆាំង​ដែល​ស្មោះ​ត្រង់​របស់​មហាក្សត្រី​ (HerMajesty’sLoyalOpposition)”។ លោក​បាន​មាន​ប្រសាសន៍​ថា បើ​មាន​ការបង្កើត​រដ្ឋាភិបាល​មួយ​ផ្សេង​ទៀត​ មែន អាច​មាន​ការ​ផ្ទេរ​អំណាច​ដោយ​រលូន​នៅ​ឆ្នាំ​២០១៨​។

ទោះ​ជាយ៉ាង​ណា ផែន​ការ​បែប​នេះ​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​និយាយ​ថា ជា​ការ​ខុស​ច្បាប់​ប្រសិន​បើ​មាន​មែន​នោះ មិន​ធ្លាប់​មានទេ​នៅ​ក្នុង​ប្រទេស​នេះ​ (​កាលពី​ឆ្នាំ​២០០៥​រដ្ឋាភិបាល​បាន​ចាប់​មន្ត្រី​គណបក្ស​ប្រឆាំង​ម្នាក់​ដាក់​ពន្ធនាគារ​ពីបទ​ព្យាយាម​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ស្រមោល​)។

យោង​តាម​​លោក ហង់រី ឡូកាត ប្រវត្តិ​វិទូ​បារាំង​ដ៏ឆ្នើម​បាន​ឲ្យ​ដឹង​ថា លោក សម រង្ស៊ី ដែល​ឥឡូវ​នេះ​មាន​អាយុ​៦៥​ឆ្នាំ​ តាម​ពិត​លោក​មាន​អាយុ​តែ​៩​ឆ្នាំ​​ប៉ុណ្ណោះ​នៅ​ពេល​ដែល​គំនិត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង។

លោក ឡូកាត​ បាន​ឲ្យ​ដឹង​ថា ” លោក សម​ សារី ឪពុក​របស់​លោក សម រង្ស៊ី ចង់​បង្កើត​គណបក្ស​ប្រឆាំង​មួយ​ និង​រដ្ឋាភិបាល​ប្រឆាំង​មួយ​យក​គំរូ​តាម​ប្រទេស​អង់គ្លេស​ នៅ​ពេល​លោក​ត្រូវ​ចាក​ចេញ​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​ឡុងដ៍ កាលពី​ទសវត្សរ៍​៥០​។ សីហនុ សម្រេច​ចាប់​​ខ្លួន​គាត់ ប៉ុន្តែ​មិត្ត​ភក្ដិ​​នៅ​ក្នុង​រដ្ឋាភិបាល​នោះ​បាន​ឲ្យ​ដំណឹង​ដល់​គាត់​មុន ហើយ​បាន​គេច​ខ្លួន​។

ឪពុក​របស់​លោក សម រង្ស៊ី បាន​ធ្វើ​សំណើ​ជា​ផ្លូវ​ការ​ទៅ​ព្រះ​អង្គ​ម្ចាស់​ សីហនុ កាលពី​ខែ​មករា ឆ្នាំ​១៩៥៩​ គឺ​មាន​រយៈ​ពេល​បួន​ឆ្នាំ​បន្ទាប់​ពី​ព្រះ​អង្គ​បាន​បង្កើត​របប​ផ្ដាច់​ការ​សង្គម​រាស្ត្រ​និយម​ ហើយ​បាន​យក​ជ័យជម្នះ​លើ​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​បាន​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​១៩៤៦​ ១៩៤៧​ និង​១៩៥១​។

ផ្ទុយ​ទៅវិញ​ លោក សម សារី បាន​ចូល​រួម​ជាមួយ​ឧទ្ទាម​ខ្មែរ​សេរី ជា​កង​ជីវពល​ជាតិ​និយម​ ដែល​ប្រឆាំង​នឹង​ សីហនុ ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ជើង ជា​ឧទ្ទាម​ដែល​លោក សឺន ង៉ុកថាញ់ អតីត​នាយក​រដ្ឋមន្ត្រី​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​អាមេរិក​។ លោក សម សារី ត្រូវ​បាន​បាញ់​សម្លាប់​បួន​ឆ្នាំ​ក្រោយ​មក​នៅ​ក្នុង​ខេត្ត​បា៉កសេ​របស់​ឡាវ​ជាប់​ព្រំដែន។

​នៅ​ក្នុង​កំណត់​ប្រវត្តិ​ផ្ទាល់​ខ្លួន​ឆ្នាំ​២០១៣​របស់លោក ដែល​មាន​ចំណង​ជើង​ថា ” យើង​មិន​បាន​បង្កាត់​ភ្លើង​” លោក សម រង្ស៊ី បាន​សរសេរ​ថា ​ការ​ខ្វះ​សមត្ថភាព​របស់​ឪពុក​លោក​ ​ក្នុង​ការ​បង្កើត​គណបក្ស​ប្រឆាំង​ បាន​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​ធ្ងន់ធ្ងរ​នៅ​ក្នុង​វប្បធម៌​នយោ​បាយ​កម្ពុជា។

លោក សម រង្ស៊ី បាន​សរសេរ​ថា ” ការ​ដែល​ សម សារី ខ្វះ​សមត្ថភាព​បង្កើត​រដ្ឋាភិបាល​មួយ​ទៀត​សម្រាប់​​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​របស់​រដ្ឋ​សម័យ​ទំនើប ដែល​លោក​បាន​ជួយ​បង្កើត​ឡើង​។ គំនិត​នៃ​បក្ស​ប្រឆាំង​ដែល​ស្មោះ​ត្រង់ និង​ស្រប​ច្បាប់​នេះ​មិន​ត្រូវ​បាន​ទទួល​យក​ទេ”។

លោក ឡូកាត បាន​បញ្ជាក់​ថា “គ្រួសារ​របស់​លោក សម រង្ស៊ី បាន​ទៅ​ដល់​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៦៥​ ដោយ​បាន​ក្លាយ​ជា​ជន​ភៀស​ខ្លួន​នយោបាយ​ទី១​នៅ​ក្នុង​ទីក្រុង​បារីស” ខណៈ​ដែល​ព្រះ​អង្គម្ចាស់​ សីហនុ លាក់​បាំង​ទង្វើ​របស់​គណបក្ស​ប្រឆាំង​ផ្សេងៗ​ក្នុង​​រយៈ​ពេល​ប្រាំ​ឆ្នាំ​ក្រោយ​រហូត​ដល់​ព្រះអង្គ​ត្រូវ​បាន​ លន់ នល់ ទម្លាក់​នៅ​ក្នុង​ឆ្នាំ១៩៧០​។

ជិត​៥០​ឆ្នាំ​ក្រោយ​មក​ ការ​កើន​ឡើង​​ហួស​ពីការ​រំពឹង​ទុក​នៃ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៣​អាច​ធ្វើ​ឲ្យ​ការ​គាំទ្រ​លោក ហ៊ុន សែន ដែល​បាន​កាន់​អំណាច​អស់​រយៈ​ពេល​២៩​ឆ្នាំ​នោះ​ធ្លាក់​ចុះ នៅ​ពេល​ដែល​លោក​​ពិចារណា​ពី​ការ​ទាម​ទារ​របស់​លោក សម រង្ស៊ី និង​ស្វះ​ស្វែង​ដាក់​សម្ពាធ​ដើម្បី​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដល់​ការ​ប្រឆាំង​ដែល​កំពុង​តែ​កើន​ឡើង​។

លោក ហ៊ុន សែន គឺ​ជា​មនុស្ស​ហេតុការណ៍​និយម​ដ៏ប្រុង​ប្រយ័ត្ន​ ដោយ​បង្ហាញ​​កម្លាំង​​ចំពោះ​​អ្នក​​ប្រឆាំង​ទន់​ខ្សោយ ប៉ុន្តែ​បង្ហាញ​ពី​ការ​រួច​ទុក្ខ​ទោស​​នៅ​ពេល​ត្រូវ​បាន​​គំរាម​កំហែង។ ផែន​ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​គណបក្ស​កាន់​អំណាច​ ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី​មើល​ឃើញ​​ប្រយោជន៍​នៅ​ក្នុង​ការ​ប្រមូល​​អ្នក​ប្រឆាំង​ឲ្យ​ចូល​ទៅ​ក្នុង​ក្រុម​តែ​មួយ​តាម​ដែល​លោក​អាច​គ្រប់​គ្រង​បាន​ រហូត​ដល់​មាន​ជម្រើស​ផ្សេង​ទៀត​។

លោក JohnCiorciari​ សាស្ត្រាចារ្យ​​បង្រៀន​​អំពី​កម្ពុជា​នៅ​​មហាវិទ្យាល័យ​គោល​នយោ​បាយ​សាធារណៈ GeraldR. Ford នៃ​សាកល​វិទ្យាល័យមីឈីហ្គែន បាននិយាយ​ថា ” ទោះ​ជា​យ៉ាង​ណា​ការ​បង្កើត​គណបក្ស​​ប្រឆាំង​ខ្លាំង​មួយ​នៅ​ក្នុង​រដ្ឋសភា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ គណបក្ស​​ប្រជាជន​កម្ពុជា​មាន​​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ និង​មាន​ប្រវត្តិ​ប្រើ​ប្រាស់​វិធាន​ការ​ល្អ និង​អាក្រក់​យ៉ាងមាន​​ប្រសិទ្ធភាព​ជាយូរ​មក​ហើយ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រឆាំង​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា​ចុះ​ខ្សោយ​”។

លោក Ciorciari​ បាន​និយាយ​ថា លោក ហ៊ុន សែន ​មានអំណាច​ផ្ដាច់​ការ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ការ​ដឹក​នាំ​របស់​លោក​ចាប់​តាំង​​ពី​លោក​បាន​ក្លាយ​ជា​អ្នក​កែទម្រង់​និយម​នាំមុខ​គេ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ប៉ុន្តែ​នៅ​តែ​មាន​អំណាច​កំពូល​នៅ​ក្នុង​រចនាសម្ព័ន្ធ​គណបក្ស​ ដែល​មាន​អ្នក​កែ​ទម្រង់​និយម​សម័យ​ទំនើប​ដែល​ចង់​ឃើញ​សំណើ​របស់​គណបក្ស​ប្រឆាំង​ស្មោះ​ត្រង់​។

លោក​បាននិយាយ​ថា ” ច្បាប់​ និង​ការ​អនុវត្ត​នានា​ដែល​អាច​ជួយ​ការ​ពារ​គណបក្ស​សង្គ្រោះ​ជាតិ​សព្វ​ថ្ងៃ​នេះ​ក៏​មាន​សារៈ​សំខាន់​ផង​ដែរ​នៅ​ក្នុង​ការ​ផ្ទេរ​អំណាច​នាពេល​អនាគត ដោយ​ធានាអះអាង​ចំពោះ​សមាជិក​គណបក្ស​ប្រជា​ជន​កម្ពុជា​ថា ពួកគេ​នឹង​ទទួល​បាន​ការ​ការ​ពារ​ពី​ស្ថាប័ន​ណាមួយ​ ប្រសិន​បើ​​ពួកគេ​បាន​ក្លាយ​ជា​គណបក្ស​ដែល​មាន​សំឡេង​តិច​”។

លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ការ​អះអាង​បែប​នេះ​ចំពោះ​គណបក្ស​កាន់​អំណាច​មាន​សារៈ​សំខាន់​សម្រាប់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​ការ​បង្កើត​គណបក្ស​ប្រឆាំង​ ដែល​ស្មោះ​ត្រង់​នៅ​ក្នុង​រដ្ឋសភា។

លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ” យើង​ដឹង​យ៉ាង​ច្បាស់​ថា យើង​ឈ្នះ​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​នេះ ប៉ុន្តែ​យើង​ត្រូវ​​តែ​ប្រាកដ​​។ គោល​បំណង​របស់​យើង​ឥឡូវ​នេះ គឺ​ដើម្បី​បង្កើត​ ព្យាយាម​​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​​ក្នុង​វប្បធម៌​នេះ​”។

លោក​បាន​បន្ត​ទៀត​ថា ” វប្បធម៌​នេះគឺ​ជា​វប្បធម៌​ដែល​ ហ៊ុន សែន បាន​និយាយ ‘នៅ​ពេល​ទឹក​ឡើង​ ត្រីស៊ីស្រមោច នៅ​ពេល​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​’។ យើង​កំពុង​ស្ថិត​នៅក្នុង​​វប្បធម៌​សង​សឹក​នេះ គឺ​ថា គណបក្ស​ណា​ដែល​ឡើង​កាន់​អំណាច​នឹង​លុប​បំបាត់​អ្នក​កាន់​អំណាច​មុន​”។

“ ដំណោះ​ស្រាយ​របស់​យើង​នៅ​ពេល​នេះ គឺ​ដើម្បី​បង្កើត​វប្បធម៌​ថ្មីមួយ​ និង​ធ្វើ​ឲ្យ​ប្រជាជន​ និង​គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​មាន​ការ​ភ័យ​ខ្លាច​អំពី​ការ​ផ្លាស់​ប្ដូរ​របប​ ដែល​នឹង​មិន​នាំ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម និង​ការ​សង​សឹក​”។

ទោះជាយ៉ាង​ណា មនុស្ស​ដែល​ជិត​ធ្វើ​ឲ្យ​​លោក ហ៊ុន សែន ទុក​ចិត្ត​​មិន​បាន​បង្កើត​គណបក្ស​​ប្រឆាំង​ដ៏មាន​ន័យ​ទេ នៅ​ពេល​ណា​មាន​ភាព​ចលាចលកាន់​តែ​ខ្លាំង​នោះ។

កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​ នៅពេល​ដែល​ការ​ចរចា​បញ្ចប់​សង្គ្រាម​ស៊ីវិល​​ហាក់​ដូច​ជា​ដើម្បី​ទាក់​ទាញ​ឧទ្ទាម​ហ្វុ៊នស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់​ សីហនុ ឲ្យធ្វើ​ជា​គណបក្ស​នយោ​បាយ​សម្រាប់​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ទូទៅ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នោះ មន្ត្រី​កុម្មុយនីស្ត​មួយ​ក្រុម​បាន​ស្នើ​បង្កើត​គណបក្ស​ថ្មី​របស់​ខ្លួន​។

ដឹក​នាំ​ដោយ​លោក អឹុង ផាន អតីត​ប្រធាន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​បាន​ភៀស​ខ្លួន​​ពី​របប​ខ្មែរ​ក្រហម​ទៅ​ប្រទេស​វៀតណាម​នៅ​ក្នុង​ឆ្នាំ​១៩៧៧​ ក្រុម​នេះ​បាន​ស្នើ​ដោយ​ចំហ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​​សង្គម​សេរី។

​លោក អុីវ៉ាន ហ្កតថេសមែន បាន​បញ្ជាក់​នៅ​ក្នុង​សៀវភៅ​របស់​លោក​​​ដែល​​មាន​ចំណង​ជើង​ ” កម្ពុជា​ក្រោយ​របប​ខ្មែរ​ក្រហម” ដែល​ផ្អែក​តាម​ឯកសារ​បណ្ណាល័យ និង​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​របស់​បក្ស​កុម្មុយនីស្តិ​មុន​សម័យ​អ៊ុនតាក់​ថា កាលពី​​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​១៩៩០​ សំណើរបស់​លោក ផាន សុំ​បង្កើត​គណបក្ស​នេះ​ត្រូវ​បាន​អនុម័ត​​ដោយ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​។

លោក ហ្កតថេសមែន បាន​សរសេរ​ថា លោក ផាន និង​លោក នូ សាំងខន មន្ត្រី​ក្រសួង​ទូរគមនាគមន៍​​ដែល​បាន​បង្កើត​គោល​នយោបាយ​បក្ស​នេះ​ ក្រោយ​មក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​មេសា បន្ទាប់ពី​ពួកគាត់​បាន​ចែក​ចាយ​គោល​នយោបាយ​របស់​បក្ស​ពួក​គាត់​ទៅ​ឲ្យ​មន្ត្រី​នានា​ រួម​មាន​លោក ហុ៊ន សែន និង​លោក ជា ស៊ីម ដែល​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​បក្ស​។

មន្ត្រី​ផ្សេងៗ​នៅ​ក្នុង​ក្រសួង​ការ​បរទេស​ និង​ក្រសួង​ការ​ពារ​ជាតិ​ ព្រមទាំង​លោក ធន សារ៉ាយ ប្រធាន​អង្គការ​អាដហុក​បច្ចុប្បន្ន ដែល​នៅពេល​នោះ​បាន​ដឹក​នាំ​ស្ថាប័ន​ស្រាវ​ជ្រាវ​មួយ​ពាក់​ព័ន្ធ​នឹង​គណបក្ស​កុម្មុយនីស្ត​ ដែល​គេ​ស្គាល់​ថា ជា​វិទ្យាស្ថាន​សង្គម​វិទ្យា ក៏​បានជាប់​ពន្ធនាគារ​ផង​ដែរ ហើយការ​ដក​ហូត​ក៏​បាន​ចាប់​ផ្ដើម​ឡើង​ធ្វើ​ឲ្យ​មាន​ការ​ដោះ​ដូរ​រដ្ឋមន្ត្រី​មួយ​ចំនួន​។

លោក ហ្កតថេសមែន បាន​សរសេរ​ថា ” វិទ្យាស្ថាន​សង្គម​វិទ្យា​បិទ​ទ្វារ​ដោយ​សារ​ការ​ឃុំ​ខ្លួន​លោក​ ធន សារ៉ាយ។ លោក ខៀវ កាញារីទ្ធ និពន្ធនាយក​ដែល​មិន​សូវ​សេរី​របស់​កាសែត​ប្រចាំ​សប្ដាហ៍​កម្ពុជា​ និង​សព្វ​ថ្ងៃ​នេះ​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ក៏​ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​របស់​លោក​មួយ​រយៈ​ពេល​ខ្លី​ដែរ។ ការ​ពិភាក្សា​​ដែល​បាន​ធ្វើ​ឡើង​អំពី​​កំណែ​ទម្រង់​នយោបាយ​កាន់តែ​មាន​ការ​សម្ងាត់​ថែម​ទៀត​”។

ដោយ​មានការ​ប្រឈម​​​នៅ​ពេល​ក្រោយ​មក​ជាមួយ​នឹង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា សកម្មភាព​ទាំង​នោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​ឡើង​ដោយ​ចំហ​ ហើយ​ក្រោយ​មក​ត្រូវ​បាន​កែប្រែ​វិញ​។

លោក ខាលីល ថាយ័រ អ្នក​ជំនាញ​ផ្នែក​អាស៊ីអាគ្នេយ៍​នៅ​បណ្ឌិត​សភា​កង​កម្លាំង​ការ​ពារ​ជាតិ​អូស្ត្រាលី​បាន​និយាយ​ថា ការ​ជៀស​វាង​ពី​ប្រតិកម្ម​ភ្លាមៗ​បែប​នេះ​ គឺ​ជា​ទង្វើ​មាន​តុល្យ​ភាព​សម្រាប់​លោក សម រង្ស៊ី នៅ​ពេល​លោក​ព្យាយាម​បង្កើន​កម្លាំង​គណបក្ស​ប្រឆាំង​របស់​លោក​ បន្ទាប់ពី​មាន​កិច្ច​ព្រម​ព្រៀង​ដោយ​ប្រុង​ប្រយ័ត្ន​ជាមួយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២២ ខែ​កក្កដា។

លោក ថាយ័រ ក៏​បាន​និយាយ​ថា ” យើង​ត្រូវ​ពិនិត្យ​មើល​អ្វី​ដែល​គេ​បាន​អនុវត្ត​ ព្រោះ​កាល​ពី​អតីត​កាល​កិច្ច​ព្រមព្រៀង​បែប​នេះ​មិន​មាន​ប្រយោជន៍ទេ។​នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​បាន​ធ្វើ​អ្វី​មួយ​ រដ្ឋាភិបាល​ ជា​ពិសេស​លោក ហ៊ុន សែន មិន​ចូល​ចិត្ត​ឡើយ​”។

លោក​បាន​និយាយ​ថា ភារកិច្ច​ធំបំផុត​របស​់​លោក សម រង្ស៊ី គឺ​បន្ត​​បង្កើន​ការ​គាំទ្រ​លោក​ និង​ធ្វើ​ជា​គណបក្ស​ប្រឆាំង​ក្នុង​សភា​ ហើយ​លោក​ ហ៊ុន សែន ​ពិត​ជា​មិន​ចូល​ចិត្ត​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​នៅពេល​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ជិត​ចូល​មក​ដល់​។

លោក​បាននិយាយ​ថា ” បញ្ហា​ប្រឈម​គឺ​ការ​បង្កើន​ការ​គាំទ្រ​បន្តិចម្តងៗ​ និង​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ចូលរួម​នៅ​ក្នុង​សភា​បន្តិចម្តងៗ​។ ប្រសិន​បើ​លោក​ទទួល​យក​ វា​ជា​កេរដំណែល​សម្រាប់​កម្ពុជា​ ដែល​នឹង​មាន​រយៈ​ពេល​យូរ​ទៀត​បន្ទាប់ពី​រូប​លោក​ទៅ”។

ទោះ​ជាយ៉ាង​ណា លោក ដេវីដ ឆានល័រ ប្រវត្តិវិទូ​អំពី​កម្ពុជា​ដ៏ឆ្នើម​នេះ​បាន​និយាយ​ថា លោក​គិត​ថា លោក សម រង្ស៊ី ទំនង​ជា​មិន​មាន​សំណាង​ជាង​ឪពុក​របស់​លោក​​ក្នុង​ការ​បង្កើត​គំនិត​អំពី​គណបក្ស​ប្រឆាំង​ស្មោះ​ត្រង់​នេះ​ទេ។

លោក ឆានល័រ បាន​សរសេរ​តាម​អុីម៉េល​ថា ចំពោះ​ខ្ញុំ​វា​ហាក់​ដូច​ជា​នៅ​ក្រៅ​ព្រំ​ដែន​នៃ​កិច្ច​ពិភាក្សា​នយោបាយ​កម្ពុជា​ ប៉ុន្តែ​​ការ​ទទួល​យក​អាសនៈ​របស់​សមាជិក​​គណបក្ស​ប្រឆាំង​ទាំង​៥៥​រូប​ បន្ទាប់ពី​​មិន​ចូល​ធ្វើការ​អស់រយៈ​ពេល​មួយ​ឆ្នាំ​ គឺ​ជា​សញ្ញា​ល្អ​ដែល​មាន​តុល្យភាព”។

លោក​បាន​លើក​ឡើង​ថា ” មិន​មាន​រឿង​បែប​នេះ​នៅ​អាមេរិក​ ឬ​បារាំង​ទេ ហើយ​រដ្ឋធម្ម​នុញ្ញ​របស់​កម្ពុជា​ក៏​មិន​យក​គំរូ​តាម​រដ្ឋធម្មនុញ្ញ​អង់គ្លេស​ដែរ​។ គេ​ពិត​ជា​ចង់​ឃើញ​អ្វី​ដែល​លោក​ ហ៊ុន សែន ធ្វើ​ជា​មួយ​សមាជិក​គណបក្ស​ប្រឆាំង​”៕ គឹមហឿន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស