28 C
Phnom Penh

ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​បើក​​​វិញ​​​ហើយ​​​ ខណៈ​​​ស្ថាន​​​ភាព​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​វិល​​​ទៅ​​​រក​​​សភាព​​​ធម្មតា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ព្រឹក​​​ម្សិល​​​មិញ​​​ របាំង​​​លួស​​​បន្លា​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​វិញ នគរ​​​បាល​​​បង្ក្រាប​​​បាតុកម្ម​​​បាន​​​ចាក​​​ចេញ ហើយ​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ត្រូវ​​​បាន​​​បើក​​​ឡើង​​​វិញ​​​ស្វាគមន៍​​​សាធារណជន​​​ជាលើក​​​ដំបូង​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​ពីរ​​​ខែ​​​មក​​​នេះ​​​ នៅ​​​ពេល​​​សាលា​​​រាជ​​​ធានី​​​ប្រកាស​​​ថា រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​វិល​​​ទៅ​​​រក​​​សភាព​​​ធម្មតា​​​វិញ​​​ហើយ​​​” ក្រោយ​​​ពី​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ទាំង​​​៥៥​​​រូប​​​របស់​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ។ front

សាលា​​​រាជ​​​ធានី​​​បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួួ​​​​​យ​​​នៅ​​​មុន​​​ពេល​​​​​​បើក​​​​​​ទី​​​លាន​​​ប្រជា​​​ធិប​​​តេយ្យ​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ឡើង​​​វិញ​​​ ដែល​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា ដោយសារ​​​តែ​​​សន្តិសុខ​​​ សុវត្ថិភាព និង​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ​​​បាន​​​វិល​​​ទៅ​​​រក​​​សភាព​​​ធម្មតា​​​វិញ​​​ សាលា​​​រាជ​​​ធានី​​​បាន​​​សម្រេច​​​អនុ​​​ញ្ញាត​​​ឲ្យ​​​បើក​​​​​​ទី​​​លាន​​​ប្រជា​​​អធិបតេយ្យ​​​​​​ឡើង​​​វិញ

ក្រុម​​​អ្នក​​​ជំនាញ​​​ខាង​​​ច្បាប់​​​បាន​​​ធ្វើ​​​ការ​​​សន្និដ្ឋាន​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​ថា ការ​​​បិទ​​​ទី​​​លាន​​​បាតុកម្ម​​​ដែល​​​មាន​​​តែ​​​មួយ​​​គត់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នេះ​​​​​​ ដែល​​​ធ្វើឡើង​​​ស្រប​​​ពេល​​​ចេញ​​​បម្រាម​​​មិន​​​ឲ្យ​​​មាន​​​ការ​​​តវ៉ា​​​នៅ​​​តាម​​​ទី​​​សាធារណៈ​​​ គឺ​​​ជា​​​ការ​​​បំពាន​​​សិទ្ធិ​​​បញ្ចេញ​​​មតិ និង​​​សិទ្ធិ​​​ជួប​​​ជុំ​​​ដែល​​​មាន​​​ចែង​​​នៅ​​​ក្នុង​​​រដ្ឋធម្មនុញ្ញ។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​មិន​​​ដែល​​​ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​សិទ្ធិ​​​ទាំង​​​នោះ​​​ឡើយ​​​។ លោក​​​បាន​​​និយាយ​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​ពេល​​​នគរបាល​​​ដក​​​របាំង​​​លួស​​​បន្លា​​​​​​ថា យើង​​​បិទ​​​ទី​​​លាន​​​ប្រជា​​​អធិបតេយ្យ​​​​​​​​​ជា​​​បណ្ដោះ​​​អាសន្ន​​​ប៉ុណ្ណោះ។ វា​​​មិន​​​មាន​​​ន័យ​​​ថា ជា​​​ការ​​​​​​បិទ​​​សេរីភាព​​​បញ្ចេញ​​​មតិ​​​នោះ​​​ទេ​​​។ សេរីភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​នេះ​​​អាច​​ធ្វើ​​​នៅ​​​កន្លែង​​​ឯកជន​​​ផ្សេង​​​ៗ​​​ទៀត​​​បាន​​​

ជា​​​ចំណុច​​​ជួប​​​ជុំ​​​ដ៏​​​សំខាន់​​​នៃ​​​មហា​​​បាតុកម្ម​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ និង​​​ការ​​​តវ៉ា​​​ក្នុង​​​វិស័យ​​​ការងារ​​​ ក្រោយ​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​​​កាល​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣ ទី​​​លាន​​​ប្រជា​​​អធិបតេយ្យ​​​​​​ ត្រូវ​​​បាន​​​បិទ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៤​​​ ខែ​​​មករា​​​ នៅ​​​ពេល​​​ក្រុម​​​សន្តិសុខ​​សណ្ដាប់​​​ធ្នាប់​​​​ខណ្ឌ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​​​ក្រុម​​​បុរស​​​ស្លៀក​​​ពាក់​​​ស៊ីវិល​​​ប្រដាប់​​​ដោយ​​​ពូថៅ និង​​​ដំបង​​​ឈើ​​​ បាន​​​ប្រើ​​​ហិង្សា​​​បោស​​​សម្អាត​​​អ្នក​​​តវ៉ា​​​សន្តិ​​​វិធី​​​ចេញ​​​ពី​​​ទីលាន​​​នេះ​​​។

មិន​​​យូរ​​​ប៉ុន្មាន​​​​​​ក្រោយ​​​ពី​​​នោះ​​​ សាលា​​​រាជ​​​ធានី​​​ និង​​​​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ប្រកាស​​​បម្រាម​​​មិន​​​ឲ្យ​​​មានការ​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​តាម​​​ទី​​​សាធារណៈ​​​។ កាល​​​ពី​​​ខែ​​​មេសា​​​ បន្ទាប់​​​ពី​​​លោក​​​ស្រី មូរ សុខហួរ តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ព្យាយាម​​​ចូល​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​​​​​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ កម្លាំង​​​នគរបាល​​​ត្រូវ​​​បាន​​​ដាក់​​​ពង្រាយ​​​​​​ជា​​​អចិន្ត្រៃយ៍​​​អម​​​ដោយ​​​របាំង​​​លួស​​​បន្លា​​​ហ៊ុម​​​ព័ទ្ធ​​​ជុំវិញ​​​ទីលាន​​​នេះ។

ការ​​​តវ៉ា​​​មួយ​​​ដើម្បី​​​ រំដោះ​​​ទី​​​លាន​​​ប្រជា​​​អធិបតេយ្យ​​​​​​​​​” កាល​​​ពី​​​ខែ​​​មុន​​​​​​បាន​​​បណ្ដាល​​​ឲ្យ​​​មាន​​​ហេតុការណ៍​​​ជា​​​បន្ត​​​បន្ទាប់​​​រហូត​​​ឈាន​​​​​​ដល់​​​​​​ដំណាក់​​​កាល​​​លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​បញ្ចប់​​​​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​រយៈពេល​​​១០​​​ខែ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​​​​​​​។

គួរ​​​រំឭក​​​ថា កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ខែកក្កដា បាតុកម្ម​​​មួយ​​​ដឹក​​​នាំ​​​ដោយ​​​លោក​​​ស្រី មូរ សុខហួរ​​​ បាន​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​ នៅ​​​ពេល​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​តប​​​ត​​​ទៅ​​​លើ​​​ក្រុម​​​សន្តិ​​​សុខ​​​ខណ្ឌ​​​ ប្រដាប់​​​ដោយ​​​ដំបង​​​ឈើ​​​ ដោយ​​​វាយ​​​​​​ពួក​​​គេ​​​​​​មួយ​​​ចំនួន​​​ឲ្យ​​​រង​​​របួស​​​​​​​​​រហូត​​​បញ្ជូន​​​ទៅ មន្ទីរ​​​ពេទ្យ​​​។

ហេតុការណ៍​​​នេះ​​​បាន​​​ឈាន​​​ទៅដល់​​​ការ​​​ចាប់​​​ខ្លួន​​​ និង​​​ការ​​​ឃុំ​​​ខ្លួន​​​តំណាង​​​រាស្ត្រ​​ប្រាំពីរ​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង ​​​និង​​​សកម្មជន​​​មួយ​​​រូប​​​របស់​​​គណបក្ស​​​នេះ​​​​​ តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ដឹក​​​នាំ​​​កុបកម្ម ​​​និង​​​ញុះញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​។

សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​បដិសេធ​​​មិន​​​​​​ផ្តល់​​​ព័ត៌​​​មាន​​​លម្អិត​​​ស្តី​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​​ទេ។ ប៉ុន្មា​​​ន​​​ថ្ងៃ​​​ក្រោយ​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​​​​ លោក ឈាង​​​ វុន តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សន្និសីទ​​​កាសែត​​​មួយ​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ទៅ​​​កាន់​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​​នៅ​​​ក្នុង​​​ថ្ងៃ​​​នោះ​​​ដោយ​​​មាន​​​ផែនការ​​​គិត​​​ទុក​​​ជាមុន​​​ ដើម្បី​​​វាយ​​​សន្តិសុខ​​​ខណ្ឌ​​​ ហើយ​​​ចាប់​​​ផ្ដើម​​​កុបកម្ម។

ទោះ​​​ជា​​​យ៉ាង​​​ណា ភ័ស្តុ​​​តាង​​​វីដេអូ និង​​​រូប​​​ថត​​​បាន​​​បង្ហាញ​​​យ៉ាង​​​ច្បាស់​​​​​​​​​​​​​​​​​​ពី​​​រថយន្ត​​​មួយ​​​គ្រឿង​​​របស់​​​សាលា​​​រាជ​​​ធានី​​​ដឹក​​​ដំបង​​​ និង​​​សន្តិសុខ​​​ដែល​​​កាន់​​​ដំបង​​​ទាំង​​​នោះ​​​។

បួន​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​ការ​​​ឃុំ​​​ខ្លួន​​​តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ លោក សម រង្ស៊ី បាន​​​វិល​​​ត្រឡប់​​​ពី​​​​​​ការ​​​សម្រាក​​​លំហែ​​​កាយ​​​​​​នៅ​​​ឯ​​​កោះ​តូច​​​មួយ​​​​​នៅ​​​បរទេស​​វិញ ហើយ​​​លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ទាំង​​​ពីរ​​​ត្រូវ​​​ជួប​​​គ្នា​​​ ដើម្បី​​​​​​ស្វែង​​​រក​​​ដំណោះស្រាយ​​​ឲ្យបាន​​​ឆាប់​​​​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន

បី​​​ថ្ងៃ​​​ក្រោយ​​​មក​​​ លោក សម រង្ស៊ី និង​​​លោក ហ៊ុន សែន បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជាមួយ​​​គ្នា​​​ដើម្បី​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​ចូល​​​សភា​​​។ ពេល​​​នោះ​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទាំង​​​ប្រាំ​​​បី​​​រូប​​​ក៏​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​​​​​​​នៅ​​​ប៉ុន្មាន​​ម៉ោង​​​ក្រោយ​​​មក​​​។

លោក​​​ ព្រុំ សុខា រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ខែ​​​មុន​​​ថា នៅ​​​ពេល​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង ​​​រដ្ឋ​​​សភា​​​នឹង​​​ ពិចារណា​​​ផ្តល់​​​អភ័យ​​​ឯកសិទ្ធិ​​​ឲ្យ​​​ពួក​​​គាត់​​​ និង​​​ស្នើ​​​សុំ​​​ឲ្យ​​​តុលាការ​​​ឈប់​​​​​​ចាត់​​​ការ​​​​​​រឿង​​​ក្តី​​​នេះ​​​

ប៉ុន្តែ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ពោល​​​គឺ​​​បី​​​ថ្ងៃ​​​មុន​​​ពេល​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​ ប្រធាន​​​យុវជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំនួន​​​បី​​​រូប​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ជុំ​​​វិញ​​​ករណី​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​កក្កដា តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ស្រដៀង​​​គ្នា​​​ទៅ​​​នឹង​​​តំណាង​​​រាស្ត្រ​​​ទាំង​​​នេះ​​​ដែរ​​​។

ពេល​​​ទាក់​​​ទង​​​ទៅ​​​កាល​​​ពី​​​​​​​ម្សិលមិញ លោក សម រង្ស៊ី ដែល​​​បាន​​​ដើរ​​​​​​នៅ​​​លើ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ជាមួយ​​​លោក​​​ស្រី មូរ​​​ សុខហួរ អំឡុង​​​ពេល​​​ថ្ងៃ​​​ត្រង់​​​ មាន​​​ប្រសាសន៍​​​ថា សកម្ម​​​ជន​​​គណបក្ស​​​ដែល​​​ជាប់​​​ឃុំ​​​ទាំង​​​បី​​​នាក់ នឹង​​​ត្រូវ​​​ដោះ​​​លែង រង់ចាំ​​​តែ​​​ទម្រង់​​​បែប​​​បទ​​​ប៉ុណ្ណោះ​​​

មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជំនួប​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​កក្កដា ជាមួយ​​​សត្រូវ​​​នយោបាយ​​​ជា​​​យូរ​​​មក​​​ហើយ​​​របស់​​​លោក បាន​​​ធ្វើ​​​ឲ្យ​​​លោក​​​ជឿ​​​ជាក់​​​ថា តុលាការ​​​អាច​​​ត្រូវ​​​បាន​​​​​​បញ្ចុះ​​​បញ្ចូល​​​​​​​​​​​​ឲ្យ​​​​​​ដក​​​ការ​​​ចោទ​​​ប្រកាន់​​​​​​លើ​​​សកម្ម​​​ជន​​​ទាំង​​​បី​​​នាក់​​​ ព្រម​​​ទាំង​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទាំង​​​ប្រាំបី​​​រូ​​​ប​​​ ដែល​​​ជាប់​​​ឃុំ​​​កាល​​​ពី​​​លើក​​​មុន​​​ផង​​​ដែរ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នោះ​​​ជា​​​ស្មារតី​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង ដើម្បី​​​បញ្ចប់​​​ភាព​​​តាន​​​តឹង​​​ខាង​​​នយោបាយ​​​នៅ​​​ក្នុង​​​លក្ខណៈ​​​ទូលំទូលាយ។​​​ នឹង​​​គ្មាន​​​ចំណាត់​​​ការ​​​​​​​​​​​​របស់​​​តុលាការ​​​មក​​​លើ​​​បក្ស​​​ប្រឆាំង​​​ទៀត​​​ទេ៕​​​សុខុម​​​​​​

 

​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស