នគរបាលបានឲ្យដឹងថា ស្ត្រីវ័យ៥២ឆ្នាំម្នាក់ត្រូវបានសាលាដំបូងខេត្តកំពង់ចាមចោទប្រកាន់ពីបទជួញដូរមនុស្សកាលពីថ្ងៃអង្គារ ចំពោះការបញ្ចុះបញ្ចូលស្ត្រីម្នាក់ទៀតឲ្យរៀបការជាមួយបុរសជនជាតិចិន ដែលបានធ្វើបាបស្ត្រីរងគ្រោះ។
ស្ត្រីឈ្មោះ មីុ សៀកលីម ត្រូវបានចាប់ខ្លួននៅផ្ទះរបស់ខ្លួនក្នុងខេត្តត្បូងឃ្មុំ បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះ ឈ្មោះ រៀល ធីតា អាយុ៣១ឆ្នាំដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីសប្ដាហ៍មុន ក្រោយពីរស់នៅប្រទេសចិនបានមួយឆ្នាំ។
លោក ថៃ វន្ថា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា “ជនរងគ្រោះបាននិយាយថា បុរសជនជាតិចិននោះបានវាយធ្វើបាបនាងរាល់យប់ រំលោភនាង មិនឲ្យនាងហូបចុកគ្រប់គ្រាន់ និងបង្ខំឲ្យនាងធ្វើការបន្ថែមម៉ោងដោយគ្មានពេលដេក”។
សំណុំរឿងនេះ ត្រូវបានជំនុំជម្រះនៅក្នុងខេត្តកំពង់ចាម ពីព្រោះខេត្តត្បូងឃ្មុំ ដែលទើបបង្កើតឡើងកាលពីដើមឆ្នាំនេះ មិនទាន់មានតុលាការនៅឡើយ។
អ្នកស្រី រៀល ធីតា បានប្រាប់នគរបាលថា គាត់បានធ្វើដំណើរទៅប្រទេសចិនកាលពីខែសីហា ឆ្នាំមុន បន្ទាប់ពីជនសង្ស័យបានបញ្ចុះបញ្ចូលគាត់ថា គាត់នឹងបានរៀបការជាមួយបុរសអ្នកមាន។
ស្ត្រីរងគ្រោះបាននិយាយបន្តថា ស្ត្រីឈ្មោះ សៀកលីម បានឲ្យប្រាក់ចំនួន៣០០ដុល្លារទៅឲ្យម្តាយរបស់គាត់ ហើយបានធានាអះអាងចំពោះគាត់ថា នឹងឲ្យគាត់ប៉ុន្មានពាន់ដុល្លារទៀតនៅពេលគាត់បានរស់នៅប្រទេសចិន។
អ្នកស្រី រៀល ធីតា ត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញដោយមានជំនួយពីស្ថានទូតខ្មែរប្រចាំទីក្រុងប៉េកាំង បន្ទាប់ពីរត់ចេញពីផ្ទះរបស់ប្តីគាត់ ហើយសម្ងំលាក់ខ្លួនក្នុងព្រៃអស់មួយរយៈពេល៕ សុខុម