កាលពីម្សិលមិញ បុរសម្នាក់ដែលអះអាងថា ខ្លួនជាព្រះសិអារ្យមេត្រីយ៍ បានចូលខ្លួននៅចំពោះមុខមន្ត្រីសង្ឃជាន់ខ្ពស់ និងមន្ត្រីខេត្តកណ្តាលដើម្បីសូមអភ័យទោសចំពោះការប្រព្រឹត្តខុសលើប្រជាពលខ្មែរ។
ធាន វុទ្ធី ដែលស្លៀកសពាក់ស និងអង្គុយលើបល្ល័ង្កព្រះដើម្បីទទួលភ្ញៀវនៅវត្តទួលរាជាក្នុងស្រុកកោះធំ ត្រូវបានមន្ត្រីរិះគន់ខ្លាំងៗជាសាធារណៈចំពោះ “ការប្រព្រឹត្តខុសធ្ងន់ធ្ងរធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា”។
លោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា ធាន វុទ្ធី បានចូលខ្លួនឆ្លើយបំភ្លឺនៅសាលាខេត្តកាលពីម្សិលមិញតាមការកោះហៅ។ លោកមានប្រសាសន៍ថា “គាត់បានសូមទោសរឿងគ្រប់យ៉ាងដែលគាត់បានប្រព្រឹត្តខុស ធ្វើឲ្យប្រជាពលរដ្ឋខ្មែរមិនសប្បាយចិត្តចំពោះគាត់”។
លោកបានមានប្រសាសន៍ទៀតថា បុរសស្លៀកសពាក់សរូបនេះត្រូវចូលខ្លួនឆ្លើយបំភ្លឺនៅក្រសួងធម្មការនិងសាសនានៅថ្ងៃនេះ ដើម្បីជួបជាមួយលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដើម្បីបកស្រាយបន្ថែមទៀតចំពោះទង្វើរបស់ខ្លួន។
ធាន វុទ្ធី កំពុងស្ថិតក្រោមការសុើបអង្កេតជុំវិញការអះអាងថា បុរសរូបនេះបានបោកលុយពីអ្នកគោរពបូជាចំពោះខ្លួន។
លោក ផៃ ប៊ុនឈឿន បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថា គាត់នឹងត្រូវទទួលការផ្តន្ទាទោស ឬក៏អត់នោះទេ ក្រសួងនឹងសម្រេចរឿងនេះ”។
នៅក្នុងវីដេអូមួយបង្ហោះតាមហ្វេសប៊ុក កាលពីម្សិលមិញ ធាន វុទ្ធី បានសន្យាកែប្រែរចនាបថ និងការតុបតែងខុសទំនងនៅក្នុងវត្តរបស់ខ្លួន ដែលរួមមានពុទ្ធប្បដិមាដ៏ធំពីរព្រះអង្គ ដែលផុសត្រដែតលើវាលស្រែនៅជុំវិញនោះផង ប្រសិនបើក្រសួងធម្មការ និងសាសនាបញ្ជាឲ្យធ្វើដូច្នោះ។ ធាន វុទ្ធី និយាយថា “សូមអភ័យទោសឲ្យខ្ញុំផង នូវអ្វីដែលខ្ញុំបានធ្វើ ខ្ញុំមិនដឹងច្បាស់ថា ខ្ញុំបានធ្វើខុសនោះទេ ខ្ញុំជាមនុស្សអវិជ្ជា”។
ធាន វុទ្ធី និយាយទៀតថា មូលហេតុតែមួយគត់ដែលគាត់មិនបានចូលខ្លួនបកស្រាយចំពោះទង្វើរបស់ខ្លួនតាមការកោះហៅលើកមុនៗ គឺដោយសារគាត់មិនទទួលបានការជូនដំណឹង។ បុរសរូបនេះបាននិយាយទៀតថា “សូមសម្តេចព្រះសង្ឃរាជនិងព្រះសង្ឃនាយកទាំងអស់អភ័យទោសឲ្យខ្ញុំផង ហើយកុំគិតថា ខ្ញុំព្យាយាមគេចខ្លួន”។
បុរសឈ្មោះ ម៉េង លាង ដែលជាជំនួយការរបស់លោក ធាន វុទ្ធី បាននិយាយថា គាត់មានគម្រោងចូលខ្លួនឆ្លើយបំភ្លឺនៅក្រសួងធម្មការ និងសាសនានៅថ្ងៃនេះ។ ជំនួយការរូបនេះនិយាយថា “គាត់ចង់ឲ្យក្រសួងអប់រំគាត់ចំពោះអ្វីដែលគាត់បានប្រព្រឹត្តខុសនៅវត្តនេះ ហើយគាត់ចង់បកស្រាយប្រាប់ប្រជាពលរដ្ឋចំពោះអ្វីដែលគាត់បានធ្វើ។ ខ្ញុំគិតថា ប្រសិនបើគាត់មិនសូមអភ័យទោសនៅពេលនេះទេ ក្រសួងនឹងចោទប្រកាន់គាត់ចំពោះការប្រព្រឹត្តរឿងជាច្រើនមិនខាន”៕សុខុម