33 C
Phnom Penh

លោក​​​ ហ៊ុន សែន ព្រមាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ​​​ពេល​​​សំណើសុំ​​​ដោះ​​​លែង​​​សកម្ម​​​ជន​​​គណបក្ស​​​នេះនៅ​​​ក្រៅ​​​ឃុំ​​​​​​ត្រូវ​​​បាន​​​ច្រាន​​​ចោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ព្រមាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​នយោបាយ​​​ដែល​​​លោក​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​ជា​​​មួយ​​​​​​គណបក្ស​​​នេះ​​​កាល​​​ពី​​​ខែ​​​មុន​​​អាច​​​​​​នឹង​​​ទុក​​​ជាមោឃៈ​​​ ប្រសិនបើ​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ទាំង​​​៥៥​​​រូប​​​របស់​​​ខ្លួន​​​មិន​​​ចូល​​​ប្រជុំ​​​នៅ​​​រដ្ឋ​​​សភា​​​​​​នា​​​ព្រឹក​​​នេះ​​​ ដែល​​​ជា​​​សម័យ​​​ប្រជុំ​​​លើក​​​ដំបូង​​​​​​ចាប់​​​តាំង​​​ពី​​គណបក្ស​​​ប្រឆាំង​​​បាន​​​យល់​​​ព្រម​​​​​​បញ្ចប់​​​ការ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​របស់​​​ខ្លួន​​​​​​មក​​​។

ការ​​​ព្រមាន​​​របស់​​​លោក ហ៊ុន សែន ធ្វើ​​​ឡើង​​​ប៉ុន្មាន​​​ម៉ោង​​​ បន្ទាប់​​​ពី​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ចេញ​​​សេចក្តី​​​សម្រេច​​​ជំទាស់​​​ការ​​​ដោះ​​​លែង​​​ក្រៅ​​​ឃំុសម្រាប់​​​សកម្ម​​​ជ​​​ន​​​យុវជន​​​បី​​​រូប​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​ជាតិ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ តាម​​​ការ​​​ចោទ​​​ប្រកាន់​​​មិន​​​សម​​​ហេតុ​​​ផល​​​ពី​​​បទ​​​ពាក់ព័ន្ធ​​​ក្នុង​​​សកម្ម​​​ភាព​​​កុប​​​កម្ម​​​។

​​​ក្នុងព្រឹត្តិការណ៍​​​មួយ​​​របស់​​​កាក​​​បាទក្រហម​​​កម្ពុជា​​​ ដែល​​​រៀប​​​ចំ​​​ឡើង​​​នៅសាល​​​សន្និសីទ​​​ចតុ​​​មុខ​​​ លោក​​​ ហ៊ុន​​​ សែន​​​ បាន​​​ប្រាប់​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ថា ពួក​​​គាត់​​​ត្រូវ​​​តែ​​​បង្ហាញ​​​មុខ​​​ចូល​​​ប្រជុំ​​​សភា​​​នៅ​​​ព្រឹក​​​នេះ​​​ ប្រសិន​​​បើ​​​ពួក​​​គាត់​​​ចង់​​​អនុម័ត​​​ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​តាម​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពីថ្ងៃ​​​ទី​​​២២ ខែ​​​កក្កដា ដែល​​​លោក​​​បាន​​​ចុះ​​​ហត្ថលេខា​​​ជាមួយ​​​លោក សម ររង្ស៊ី ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​។

ដោយ​​​ព្យាករ​​​ថា មិន​​​យូរ​​​ទេ​​​គណបក្ស​​​សង្គ្រោះជាតិ​​​នឹង​​​មិន​​​ធ្វើ​​​តាម​​​ការ​​​សន្យា​​​ ហើយ​​​ស្នើ​​​សុំ​​​លើក​​​សម័យ​​​ប្រជុំនោះ​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​”ប្រសិន​​​អ្នក​​​ឯង​​​មិន​​​មក​​​ប្រជុំ​​​នៅ​​​ថ្ងៃ​​​ស្អែក​​​ទេ ពេល​​​នោះ​​​ខ្ញុំ​​​នឹង​​​មាន​​​កិច្ច​​​ការ​​​​ផ្សេង​​​ដែល​​​ត្រូវ​​​ធ្វើ”។

លោក​​​ ហ៊ុន សែន បាន​​​គំរាម​​​ថា តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ទាំង​​​៦៨​​​នាក់​​​របស់​​​គណបក្ស​​​​​​ប្រជា​​​ជន​​​កម្ពុជា​​​ ប្រហែល​​​ជា​​​គ្មាន​​​វិន័យ​​​បក្ស​​​​​​អនុញ្ញាត​​​ឲ្យ​​​​​​បោះ​​​ឆ្នោត​​​គាំ​​​ទ្រ​​​ការ​​​ធ្វើ​​​​​​កំណែ​​​ទម្រង់​​​ដោយ​​​គ្មាន​​​រូ​​​ប​​​លោក​​​​​​ចូល​​​រួ​​​ម​​​ឡើយ​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ប្រសិន​​​បើ​​​ខ្ញុំ​​​មិន​​​ចូល​​​សភា​​​ទេ ខ្ញុំ​​​សូម​​​ជម្រាប​​​ប្រាប់​​​អ្នក​​​ឯង​​​ថា  ការ​​​ទទួល​​​បាន​​​សំឡេង​​​ឆ្នោត​​​សម្រាប់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​មាន​​​ការ​​​ពិបាក​​​”។

តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​ចាប់​​​តាំង​​​ពី​​​សភា​​​ត្រូវ​​​បាន​​​កោះ​​​ប្រជុំ​​​​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​មក​​​ម៉េះ ដោយ​​​សំអាង​​​​​​ថា ការ​​​អះ​​​អាង​​​អាច​​​ជឿ​​​ទុក​​​ចិត្ត​​​បាន​​​ថា មាន​​​ការ​​​លួច​​​បន្លំ និង​​​ភាព​​​មិន​​​ប្រក្រតី​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ជ្រើស​​​តាំង​​​ តំណាង​​​រាស្ត្រ​​​កាល​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣​​​ មិន​​​ត្រូវ​​​បាន​​​សើុប​​​អង្កេត​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​។

លោក ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ដរាប​​​ណា​​​ តំណាង​​​រាស្ត្រគណបក្សសង្គ្រោះ​​​ជាតិ​​​ចូល​​​ប្រជុំ​​​នៅថ្ងៃ​​​នេះ ទើបការ​​​ចាប់​​​ផ្តើម​​​ដំណើរ​​​ការ​​​អនុម័ត​​​កំណែ​​​ទម្រង់​​​ការ​​​បោះ​​​ឆ្នោត និង​​​កំណែទម្រង់​​​រដ្ឋ​​​ធម្មនុញ្ញ​​​ដែល​​​លោក​​​បាន​​​សន្យា​​​ជាមួយ​​​លោក សម រង្ស៊ី កាល​​​ពីថ្ងៃ​​​ទី​​​២២​​​ ខែ​​​កក្កដា អាច​​​បន្ត​​​ទៅ​​​មុខ​​​បាន​​​។

ក្នុង​​​ចំណោម​​​កំណែ​​​ទម្រង​​​់​​​ទាំង​​​នោះ​​​​​​​​​រួម​​​មាន​​​ទាំង​​​ការ​​​ប្រគល់​​​​​​តំណែង​​​អនុ​​​ប្រធាន​​​ទី​​​១​​​នៃ​​​រដ្ឋ​​​សភា​​​ឲ្យ​​​ទៅ​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​​​​បាន​​​ដាក់​​​លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​ជា​​​បេក្ខភាព​​​របស់ខ្លួន​​​ផង​​​ដែរ​​​។ ការ​​​បោះ​​​ឆ្នោត​​​គាំ​​​ទ្រ​​​​​​លោក កឹម សុខា ឲ្យ​​​ធ្វើ​​​ជា​​​អនុ​​​ប្រធាន​​​ទី​​​១​​​នៃ​​​រដ្ឋ​​​សភា នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​សប្តាហ៍​​​ខាង​​​មុខ​​​។

លោក ហ៊ុន សែន ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ប្រាប់​​​គាត់​​​ហើយ​​​ថា ‘ខ្ញុំ​​​ធានា​​​ថា ខ្ញុំ​​​នឹង​​​​​​បញ្ចុះ​​​បញ្ចូល​​​សមាជិក​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ឲ្យ​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​លោក កឹម សុខា កុំបារម្ភ​​​អី​​​។ ខ្ញុំ​​​បាន​​​បញ្ជាក់​​​​​​​​​​ប្រាប់​​​មិន​​​ត្រឹម​​​តែ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ប៉ុណ្ណោះ​​​ទេ​​​​​​ គឺ​​​ថែម​​​ទាំង​​​​​​មន្ត្រី​​​គណបក្ស​​​ប្រជា​​​ជន​​​​​កម្ពុជា​​​ផង​​​ដែរ​​​ថា គណបក្ស​​​របស់​​​យើង​​​ជាគណបក្ស​​​នយោបាយ​​​ចាស់​​​ទុំ​​​។​​​យើង​​​ត្រូវ​​​តែ​​​ធ្វើ​​​តាម​​​​​​ការ​​​សន្យា​​​ផ្នែក​​​នយោបាយ​​​របស់​​​យើង​​​​​​​​​​​​”។

កាល​​​ពី​​​ព្រឹក​​​​​​ម្សិលមិញ ចៅ​​​ក្រម​​​ កែវ មុនី នៅសាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ចេញ​​​សេចក្តី​​​សម្រេច​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​ដោះ​​​លែង​​​នៅ​​​ក្រៅ​​​ឃុំ​​​សម្រាប់​​​សកម្មជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បី​​​រូប​​​ ដែលមាន​​​ដូច​​​ជា លោក ឃិន ជំរឿន អាយុ​​​៣២​​​ឆ្នាំ លោក នាង​​​ សុឃុន អាយុ​​​២៨​​​ឆ្នាំ និង​​​លោក សាន គឹម​​​ហុង អាយុ​​​២៨​​​ឆ្នាំ ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ​​៍​​​ ជុំវិញ​​​ការ​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​នៅ​​​ទីលា​​​ន​​​ប្រជា​​​ធិបតេយ្យ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា។

ចៅ​​​ក្រម កែវ មុនី បាន​​​សរសេរ​​​នៅក្នុង​​​សេចក្តី​​​សម្រេច​​របស់​​​លោក​​​ថា “ការ​​​ដោះ​​​លែង​​​ជន​​​ជាប់​​​ចោទ​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​បាន​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​ការ​​​សើុប​​​អង្កេត​​​របស់​​​តុលាការ ពី​​​ព្រោះ​​​ការ​​​សាក​​​សួរ​​​មិន​​​ទាន់​​​បាន​​​បញ្ចប់​​​នៅ​​​ឡើយ​​​​”។

លោក សម សុគង់ មេធាវី​​​តំណាង​​​ជន​​​ជាប់​​​ចោទ​​​ទាំង​​​បី​​​ បាន​​​រិះ​​​គន់​​​សេចក្តី​​​សម្រេច​​​នេះ ដោយ​​​លើក​​​ឡើង​​​ថា អ្នក​​​ទាំង​​​បី​​​សុទ្ធ​​​តែ​​​មានការ​​​ងារ​​​ និង​​​ក្រុម​​​គ្រួសារ​​​ ដែល​​​មិន​​​អាច​​​ឲ្យ​​​ពួក​​​គេ​​​រត់​​​គេច​​​ខ្លួន​​​ទៅ​​​ណារួម​​​ឡើយ​​​ ហើយ​​​ពួក​​​គេ​​​នឹង​​​ចូល​​​ខ្លួន​​​រាល់​​​ពេល​​​តុលាការ​​​កោះ​​​ហៅ​​​។

នៅឯការ​​​តវ៉ា​​​​​​​​​មួយ​​​ដើម្បីបើក​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​​​​កាល​​​ពីខែ​​​មុន​​​ ក្រុម​​​អ្នក​​​គាំទ្រ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បានវាយ​​​យ៉ា​​ង​​​ចាស់ដៃ​​​ទៅ​​​លើ​​​សន្តិសុខ​​​សណ្តាប់​​​ធ្នាប់​​​ខណ្ឌ​​​ ដែល​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ខែ​​​មក​​​នេះ​​​ បាន​​​គំរាម​​​កំហែង​​​ និង​​​វាយ​​​ដំ​​​អ្នក​​​ដែល​​​ព្យាយាម​​​ចូល​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​។

នៅប៉ុន្មាន​​​ថ្ងៃ​​​​​​ក្រោយពី​​​​​​នោះ អាជ្ញាធរ​​​បាន​​​ឃុំ​​​ខ្លួន​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំនួន​​​ប្រាំ​​​ពីរ​​​នាក់​​​ និង​​​មន្ត្រី​​​គណបក្ស​​​មួយ​​​រូប​​​ ដែល​​​មានវត្ត​​​មាន​​​​​​នៅ​​​កន្លែង​​​តវ៉ា​​​  ហើយ​​​បាន​​​ដោះ​​​លែង​​​មនុស្ស​​​ទាំង​​​ប្រាំ​​​បី​​​នាក់​​​នេះ​​​វិញ​​​នៅ​​​មួយ​​​សប្តាហ៍​​​ក្រោយ​​​មក​​​ ពោល​​​គឺ​​​ប៉ុន្មាន​​​ម៉ោង​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​លោក សម រង្ស៊ី និង​​​លោក ហ៊ុន សែន បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​បញ្ចប់​​​ការ​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​ដែល​​​បាន​​​អូស​​​បន្លាយ​​​អស់​​​រយៈ​​​ពេល​​​១២​​​ខែ​​​។

ក្នុង​​​ចំណាត់​​​ការ​​​ដ៏​​​ភ្ញាក់​​​ផ្អើល​​​មួយ​​​ សកម្ម​​​ជន​​​យុវជន​​​បីរូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បាន​​​ចាប់​​​ឃុំ​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ បីថ្ងៃ​​​មុន​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ស្បថ​​​ចូល​​​កាន់​​មុខ​​​តំណែង​​​នៅក្នុង​​​ព្រះ​​​រាជ​​​វាំង​​​។

លោក សម រង្ស៊ី បានមាន​​​ប្រសាសន៍​​​ចាប់​​​តាំង​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​អ្នក​​​ទាំង​​​បី​​​នាក់​​​នេះថា លោក​​​ជឿ​​​ថា ពួក​​​គេ​​​នឹង​​​ត្រូ​​​វដោះ​​​លែង​​​វិញ​​​ នៅ​​​ពេល​​​គណបក្ស​​​របស់​​​លោក​​​ស្បថ​​​ចូល​​​​​​កាន់​​​មុខ​​​តំណែង​​​នៅ​​​ក្នុង​​​ពិធី​​​មួយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ។ កាល​​​ពី​​​ថ្ងៃ​​​ពុធ លោក​​​បាន​​​អះ​​​អាង​​​ថា ដំណើរ​​​ការ​​​ដោះ​​​លែង​​​ប្រធាន​​​ក្រុម​​​យុវជន​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទាំង​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​ហើយ​​​។

កាល​​​ពី​​​​​​ម្សិលមិញ លោក សម រង្ស៊ី បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ធានា​​​អះអាង​​​ចំពោះ​​​លោក​​​ថា សកម្ម​​​ជន​​​ទាំង​​​បី​​​នាក់​​​នេះ​​​នឹង​​​ត្រូវ​​​ដោះ​​​លែង​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ខ្ញុំ​​​បាន​​​និយាយ​​​ជាមួយ​​​លោក ស ខេង​​​ រួច​​​ហើយ​​​។ គាត់​​​និយាយ​​​ថា គាត់​​​នឹង​​​ចាត់​​​វិធាន​​​ការ​​​ដើម្បី​​​ធានាថា ពួក​​​គេ​​​នឹង​​​ត្រូវ​​​បាន​​​ដោះ​​​​​​លែង​​​​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​ ប៉ុន្តែ ពួក​​​គេត្រូវ​​​អនុវត្ត​​​តាម​​​នីតិវិធី​​​មួយ​​​ចំនួន​​​។ ពេល​​​នេះ​​​វា​​​កំពុង​​​ស្ថិត​​​នៅ​​​ចន្លោះ​​​សាលា​​​ដំបូង​​​ និង​​​សាលាឧទ្ធរណ៍ ដូច្នេះ​​​មិន​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ទេ​​​។យើង​​​ត្រូវ​​​រង់​​​ចាំ​​​សិន​​​យូរ​​​បំផុត​​​ប៉ុន្មាន​​​ថ្ងៃ​​​ទៀត​​​”។

លោក ខៀវ សុភ័គ អ្ន​​​ក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​​​​មិន​​​​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​​​​បញ្ជាក់​​​ថា តើ​​​លោក ស ខេង​​​ ពិត​​​ជា​​​បាន​​​សន្យា​​​បែបនេះ​​​មែន​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​​​​ទេ។

លោក សម រង្ស៊ី ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ដែរ​​​ថា លោក ហ៊ុន​​​ សែន មិន​​​ចាំ​​​បាច់​​​ព្រមាន​​​លោក​​​ចំពោះ​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​ប្រជុំ​​​នៅ​​​រដ្ឋ​​​សភា​​​នៅ​​​ថ្ងៃ​​​នេះ​​​ទេ ដោយ​​​លោក​​​លើក​​​ឡើង​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពិត​​​ជា​​​ចង់​​​អនុម័ត​​​ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ក្រោម​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពី​​ថ្ងៃ​​​ទី​​​២២​​​ ​ខែ​​​កក្កដា ណាស់។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “គាត់​​​មិន​​​ចាំបាច់​​​ព្រមាន​​​យើង​​​បែប​​​នេះ​​​ទេ​​​ យើង​​​ចង់​​​ឲ្យ​​​ដំណើរ​​​ការ​​​នេះ​​​ប្រព្រឹត្ត​​​ទៅ​​​យ៉ាង​​​រលូន។  តំណាង​​​រាស្ត្រទាំង​​​៥៥​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ចូល​​​ប្រជុំ​​​នៅ​​​ថ្ងៃ​​​ស្អែក​​​”៕សុខុម 

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ AlexWillemyns)​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស