31 C
Phnom Penh

តំណាង​កម្មករ​និង​តំណាង​ម្ចាស់​រោង​ចក្រ​ដែល​អគ្គិភ័យ​ឆាបឆេះ​នឹង​ជួប​គ្នា​នៅ​ក្រសួង​ការងារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​កម្មករ​ និង​ម្ចាស់​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​កាលពី​ខែ​មុន​នឹង​ជួប​គ្នា​នៅ​ក្រសួង​​ការ​ងារ​នៅ​ថ្ងៃ​នេះ​ ដើម្បី​ព្យាយាម​រក​ដំណោះ​ស្រាយ​បើក​ប្រាក់​ឲ្យ​កម្មករ​ ប៉ុន្តែ​តំណាង​រោងចក្រ​ម្នាក់​បាន​និយាយ​ថា ពួកគេ​នឹង​មិន​ធ្វើ​សេចក្ដី​សម្រេច​ណាមួយ​ទេ រហូត​ដល់​ម្ចាស់​រោងចក្រ​វិល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស​វិញ​។

រោងចក្រ​ ចេង សេង របស់​ចិនដែល​ផលិត​សម្លៀក​បំពាក់​ឲ្យ​ក្រុម​ហុ៊ន Kmart ជា​ក្រុម​ហ៊ុន​លក់​រាយ​របស់​អាមេរិក​ ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​អស់​កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ហើយ​ប្រធាន​ក្រុម​ការ​ងារ​ជន​ជាតិ​ចិន​របស់​រោងចក្រ​នេះ​​បាន​ស្លាប់​នៅ​ក្នុង​អគ្គិភ័យ​នោះ និង​ធ្វើ​ឲ្យ​កម្មករ​ប្រហែល​៩០០​នាក់​បាត់​បង់​ការ​ងារ​។

លោក​ សៀង យ៉ុត ជា​មន្ត្រី​ផ្នែក​ច្បាប់​នៅ​សម្ព័ន្ធ​សហជីព​​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ដែល​តំណាង​ឲ្យ​កម្មករ​ទាំង​នោះ​ បាន​បញ្ជាក់​ពី​ផែន​ការ​របស់​សហជីព​លោក​ក្នុង​ការ​ចូល​រួម​ប្រជុំ​នៅ​ថ្ងៃ​នេះ និង​ដើម្បី​ជំរុញ​ឲ្យ​បើក​ប្រាក់​បំណាច់​ការ​ងារ​សម្រាប់​កម្មករ ព្រមទាំង​ប្រាក់​ខែ​ចុង​ក្រោយ​របស់​ពួកគេ​។

លោក​បាន​និយាយ​ថា “យើង​នឹងទៅ​ក្រសួង​ការ​ងារ​ដើម្បី​ចរចា​រក​ដំណោះ​ស្រាយ​សម្រាប់​កម្មករ​។ យើង​ចង់​ឲ្យ​ក្រសួង​ការ​ងារ​​ប្រញាប់​រក​ដំណោះ​ស្រាយ​ឲ្យ​កម្មករ ពីព្រោះ​ពួកគេ​មិន​អាច​រង់ចាំ​យូរ​ទៀត​បានទេ។ ពួកគេ​ត្រូវ​ការ​លុយ​សម្រាប់​ការ​ចាយ​វាយ​”។

ម្ចាស់​មុន​របស់​រោងចក្រ​នេះ​ ដែល​ជា​មិត្ត​ភក្ដិ​របស់​ម្ចាស់​បច្ចុប្បន្ន​បាន​ឲ្យ​កម្មករ​ខ្ចី​លុយ​ប្រហែល​៨៥.០០០ដុល្លារ​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ពួកគេ​ ប៉ុន្តែ​កម្មករ​និយាយ​ថា ពួកគេ​នៅ​តែ​ចង់​បាន​ប្រាក់​ខែ​ចុង​ក្រោយ​ និង​ប្រាក់​បំណាច​់​ការ​ងារ​ឲ្យ​បាន​ឆាប់​។

អ្នកស្រី​ ហេល ផល្លា ប្រធាន​រដ្ឋបាល​រោងចក្រ​នេះ​បាន​និយាយ​ថា រោងចក្រ​ក៏​នឹង​ចូល​រួម​ប្រជុំ​នេះ​ដែរ​ ប៉ុន្តែ​រោងចក្រ​មិន​អាច​​ធ្វើការ​សម្រេច​ណាមួយ​បាន​ទេ​។ អ្នកស្រី​បាន​និយាយ​ថា “យើង​នឹង​ទៅ​ស្ដាប់​ ប៉ុន្តែ​យើង​មិន​អាច​ធ្វើ​ការ​សម្រេច​ណាមួយ​បាន​​ទេ ពីព្រោះ​ថៅកែ​របស់​យើង​មិន​នៅ​ទីនេះ​”។

អ្នកស្រី ផល្លា បាន​និយាយ​ថា ថ្ងៃ​មាន​អគ្គិភ័យ​នោះ​ម្ចាស់​រោងចក្រ​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន។ អ្នកស្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា អ្នកស្រី​មិន​បាន​ដឹង​ថា តើ​គាត់​ត្រឡប់​មក​វិញ​នៅ​ពេល​ណា​ទេ ហើយ​គាត់​មិន​បាន​ទទួល​ទូរស័ព្ទ​ពីរ​បី​ថ្ងៃ​មក​ហើយ។

ឧត្តម​សេនីយ៍ឯក ម៉ក់​ ជីតូ ដែល​ជា​ប្រធាន​នាយក​ដ្ឋាន​កណ្ដាល​យុត្តិធម៌​នៃ​អគ្គស្នង​ការដ្ឋាន​​នគរ​បាល​ជាតិ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​ពី​អគ្គិភ័យ​នេះ​នៅ​ឡើយ ហើយ​មិន​ទាន់​បាន​កំណត់​ពីមូល​ហេតុ​នៃ​អគ្គិភ័យ​នេះ​ទេ។ គេ​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​សុំ​អត្ថាធិប្បាយ​បាន​ទេ​៕ គឹមហឿន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស