ព្រះរាជអាជ្ញា រស់ សេរីសុជាតា បាននិយាយយ៉ាងម៉ឺងម៉ាត់ថា ចុងចោទមានពិរុទ្ធភាពពីបទជួញដូរមនុស្ស និងរួមភេទជាមួយអនីតិជន។ នៅពេលព្រះរាជអាជ្ញារូបនេះបញ្ចប់ការធ្វើសេចក្ដីសន្និដ្ឋានការពាររបស់ខ្លួន អង្គចៅក្រមបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយភាពតានតឹងនៅក្នុងសាលជម្រះក្តីក៏កាន់តែខ្លាំងដែរ។ នៅពេលសាលក្រមផ្ដន្ទាទោសត្រូវបានសម្រេចនៅក្នុងរឿងក្តី ស្រី ទេវី អ្នកចូលរួមនៅក្នុងសាលជម្រះក្ដីបានទះដៃសាទរកងរំពង។
ប៉ុន្តែ តាមពិត “សាលជម្រះក្តី” នេះគឺជាសាលប្រជុំមួយនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំណែកឯសំណុំរឿងទាំងមូល គឺគ្រាន់តែជាសវនាការប្រឌិត ដែលត្រូវបានរៀបចំ ឡើងដើម្បីត្រៀមលក្ខណៈមេធាវីជំនាន់ក្រោយសម្រាប់ពួកគេចូលបម្រើការងារនៅក្នុងតុលាការពិតប្រាកដប៉ុណ្ណោះ។
សម្រាប់កញ្ញា រស់ សេរីសុជាតា វ័យ២០ឆ្នាំ ដែលជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលមានក្តីប្រាថ្នាចង់ក្លាយជាមេធាវីតាំងពីកញ្ញានៅតូច ការឈ្នះនៅក្នុងការប្រកួតសវនាការប្រឌិត ដែលរៀបចំឡើងរយៈពេលបីថ្ងៃនៅសប្តាហ៍នេះ គឺជារឿងដ៏សំខាន់។
ប៉ុន្តែ កញ្ញានិងអ្នកចូលរួមផ្សេងៗទៀតដែលសុទ្ធតែជានិស្សិតឆ្នាំទី៤មកពីសាកលវិទ្យាល័យនានាទូទាំងរាជធានីភ្នំពេញ កំពុងត្រៀមខ្លួនចូលប្រឡូកការងារនៅក្នុងប្រព័ន្ធតុលាការមួយ ដែលមិនផ្តល់រង្វាន់លើកទឹកចិត្តដល់មន្ត្រីតុលាការ ដែលគោរពច្បាប់និងបំពេញការងារបានល្អ។
បណ្តាអ្នករិះគន់និយាយថា តុលាការនៅក្នុងប្រទេសកម្ពុជា ពោរពេញទៅដោយអំពើពុករលួយ និងខ្វះភាពឯករាជទាំងស្រុងពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។
កាលពីឆ្នាំ២០១០ លោក សុរិយា ស៊ូបេឌី អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បានចាត់ទុកប្រព័ន្ធតុលាការថា ជា “ស្ថាប័នមួយ ដែលមិនទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ”។
មានការផ្លាស់ប្ដូរតិចតួចណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ នៅក្នុងរបាយការណ៍ឆ្នាំ២០១៣របស់ខ្លួនស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានរិះគន់ខ្លាំងៗដូចគ្នានេះដែរ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានលើកឡើងថា “តុលាការទទួលរងឥទ្ធិពល និងការជ្រៀតជ្រែកពីអង្គនីតិប្រតិបត្តិ ហើយមានអំពើពុករលួយយ៉ាងរាលដាលក្នុងចំណោមចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការ។ ពេលខ្លះលទ្ធផលនៃសវនាការទំនងជាត្រូវបានរៀបចំទុកជាមុនផង”។
ទោះជាយ៉ាងណារស់ សេរីសុជាតា មានសុទិដ្ឋិនិយមចំពោះអ្វីដែលកញ្ញា និងមិត្តភក្តិរបស់ខ្លួនអាចសម្រេចបាន នៅពេលពួកគេចូលជាសមាជិកនៃគណៈមេធាវី។
កញ្ញានិយាយថា “ខ្ញុំគិតថា ប្រទេសកម្ពុជាពេលនេះគឺប្រសើរជាងកាលពីមុន ប៉ុន្តែ រឿងមួយចំនួន យើងចាំបាច់នៅតែត្រូវផ្លាស់ប្តូរ។ ប្រហែលវាអាចចាប់ផ្តើមពីក្មេងជំនាន់ក្រោយដូចជាពួកយើង ដើម្បីអនុវត្តច្បាប់របស់យើងឲ្យបានល្អប្រសើរ ហើយយើងត្រូវតែកាត់បន្ថយអំពើពុករលួយនៅក្នុងសង្គមរបស់យើង”។
កញ្ញា សែម សិរីរចនា អាយុ២០ឆ្នាំ ជាសមាជិកម្នាក់ទៀតនៃក្រុមសវនាការប្រឌិតដែលទទួលបានជ័យជម្នះ និយាយថា ទោះបីជាបញ្ហានៅក្នុងការអនុវត្តច្បាប់នៅតែមានក្តី ក៏កញ្ញាយល់ថា ប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជានាពេលនេះមិនសូវពុករលួយដូចពីមុនទេ។
កញ្ញាបាននិយាយទៀតថា “ក្រោយរបប ប៉ុល ពត មានមន្ត្រីនៅសេសសល់មិនច្រើនទេ ហើយអ្នកដែលត្រូវបានជ្រើសរើសកាលពីមុន គឺចូលតាមរយៈបក្ខពួកនិយម ឬមាសប្រាក់។ ពេលនេះវាប្រសើរជាងឆ្ងាយណាស់ បើប្រៀបធៀបទៅពីមុន។ ពេលនេះមិនសូវមានការពឹងផ្អែកលើបក្ខពួកនិយម ឬមាសប្រាក់នោះទេ”។
លោក សុក សំអឿន មេធាវីការពារសិទ្ធិមនុស្សដ៏ល្បីល្បាញ ដែលជាស្ថាបនិកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានមានប្រសាសន៍ថា ជាក់ស្តែងវាធ្ងន់ធ្ងរជាងនេះឆ្ងាយណាស់។
លោកមានប្រសាសន៍ថា “សំណុំរឿងធម្មតា ខ្ញុំដឹងថា [ យើងអាច ] ឈ្នះ ឬចាញ់ ប៉ុន្តែ សំណុំរឿងនយោបាយ យើងត្រូវតែចាញ់ ហើយសំណុំរឿងប្តឹងអ្នកមានអំណាចក៏ស្រដៀងគ្នាដែរ។ សំណុំរឿងនយោបាយគឺដោយសារតែខ្វះភាពឯករាជក្នុងប្រព័ន្ធតុលាការ និងដោយសារអំពើពុករលួយ”។
លោកបានថ្លែងថា លោកប្រយុទ្ធប្រឆាំងគឺដើម្បីទាមទារ “តែយុត្តិធម៌ប៉ុណ្ណោះ” ។ នៅពេលសាកសួរថា តើលោកគិតថានៅក្នុងប្រទេសកម្ពុជាមានមេធាវីផ្សេងទៀតធ្វើដូចនេះដែរឬយ៉ាងណានោះ គាត់សើច ហើយបានឆ្លើយតបថា “ប្រហែលជាមានមិនច្រើនទេ”។
លោក សុក សំអឿន បានមានប្រសាសន៍បន្តថា វាគឺជាការពិបាកសម្រាប់ឲ្យមេធាវីដើរលើមាគ៌ាឯករាជ្យ ពីព្រោះពួកគេត្រូវធ្វើតាមសហសេវិកជាន់ខ្ពស់។
មុនពេលពួកគេអាចចូលរួមជាសមាជិកគណៈមេធាវីបាន អនាគតមេធាវីត្រូវធ្វើការនៅក្រោមបង្គាប់របស់មេធាវីជាន់ខ្ពស់ម្នាក់ ដែលត្រូវផ្ដល់អនុសាសន៍ឲ្យចាត់តាំងពួកគេចូលជាសមាជិកគណៈមេធាវីកម្ពុជា។
ការចូលជាសមាជិកគណៈមេធាវីនៅតែជាការលំបាក។ យោងតាមគណៈមេធាវីបានឲ្យដឹងថា មានមេធាវីចុះបញ្ជីត្រឹមត្រូវតែ៧២៥រូបប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជាដែលមានប្រជាពលរដ្ឋប្រមាណ១៥លាននាក់។
នៅពេលសួរថា តើមានការសូកប៉ាន់ដែរទេនៅក្នុងដំណើរការកាត់ក្តី ឬតុលាការជាទូទៅនោះ លោក គង់ ពិសី មេធាវីជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា “ពិតជាពិបាកឆ្លើយសំណួរនេះណាស់ ។ ពួកគេលាក់បាំងអ្វី ដែលពួកគេកំពុងធ្វើដូច្នេះតើធ្វើម៉េចយើងដឹង?”។
មេធាវីរូបនេះបានមានប្រសាសន៍ថា ទោះបីជាសិទ្ធិទទួលបានសវនាការយុត្តិធម៌ត្រូវបានការពារដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាក្តី ក៏លោកបានមើលឃើញថា សំណុំរឿងជាច្រើនមិនទទួលបានសវនាការយុត្តិធម៌ទេ។ លោកបានបន្តថា “ជាទូទៅ [ ប្រព័ន្ធតុលាការ ] មិនយុត្តិធម៌ទេ ប៉ុន្តែ ប្រជាពលរដ្ឋមានសិទ្ធិនៅចំពោះមុខច្បាប់”។
ទោះជាយ៉ាងណា ព្រះរាជអាជ្ញា តន់ សីហតេជះ អមសាលាដំបូងខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីកំណែទម្រង់តុលាការ ដែលរដ្ឋាភិបាលបានអនុម័តកាលពីពេលថ្មីៗនេះ នឹងជួយដោះស្រាយគុណវិបត្តិផ្សេងៗបាន។
លោកបានមានប្រសាសន៍បន្តថា “ខ្ញុំមិនដែលឃើញមានបញ្ហាអ្វីទេនៅក្នុងប្រព័ន្ធតុលាការ។ នៅពេលយើងធ្វើសេចក្តីសម្រេចនៅក្នុងសំណុំរឿងមួយ ប្រសិនបើមិនពេញចិត្តទេ អាចប្តឹងឧទ្ធរណ៍បាន”។
មេធាវី សួន វិសាល ដែលជាទីប្រឹក្សាច្បាប់របស់ នួន ជា នៅសាលាក្តីខ្មែរក្រហមបានមានប្រសាសន៍ថា លោកគ្មានការជឿជាក់លើកំណែទម្រង់ទាំងនេះ ដែលនឹងផ្ដល់អំណាចសំខាន់ៗដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ច្រើនជាងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
លោកមានប្រសាសន៍បន្តទៀតថា “កំណែទម្រង់ទាំងនេះ ផ្ទុយពីភាពឯករាជរបស់ចៅក្រម ការត្រួតមើល និងថ្លឹងអំណាច”។
លោក សួន វិសាល បានលើកឡើងថា បញ្ហាខ្វះខាតមេធាវី ប្រាក់ខែទាប និងការខ្វះការយល់ដឹងផ្នែកច្បាប់ក្នុងចំណោមមន្ត្រីតុលាការបានរារាំងប្រព័ន្ធតុលាការ។ លោកមានប្រសាសន៍ថា មេធាវីជំនាន់ក្រោយនឹងត្រូវប្រើប្រាស់វិធីសាស្ត្រនិយាយមិនសំចៃមាត់ និងគោរពក្រមសីលធម៌ជាងបុព្វាធិការីរបស់ពួកគេ ប្រសិនបើពួកគេសង្ឃឹមចង់បានកំណែទម្រង់មានប្រសិទ្ធភាព។
លោកបានមានប្រសាសន៍ទៀតថា “នៅពេលនិស្សិតហ៊ាននិយាយ ពួកគេហ៊ាន [ ធ្វើការផ្លាស់ប្តូរ]។ ប្រសិនបើកត្តាដែលត្រូវបានលើកឡើងពីខាងដើម នៅតែគ្មានការដោះស្រាយប្រាក់ខែរបស់ពួកគេមិនទាន់គ្រប់គ្រាន់ ហើយគ្មានប្រព័ន្ធអង្កេតតាមដានឲ្យបានត្រឹមត្រូវ នោះនៅពេលមានឱកាស ពួកគេប្រហែលជាជ្រើសផ្លូវពុករលួយដូចៗគ្នា”។
នៅពេលសួរថា តើកញ្ញានឹងធ្វើយ៉ាងណា ប្រសិនបើកូនក្តីចង់ឲ្យកញ្ញាសូកប៉ាន់ចៅក្រម និស្សិតសាកលវិទ្យាល័យឆ្នាំទី២ លឹម រតនលាភផល អាយុ១៩ឆ្នាំនិយាយថាកញ្ញានឹងបដិសេធ។ កញ្ញានិយាយទៀតថា “សម្រាប់ខ្ញុំក្នុងនាមជាមេធាវី ខ្ញុំគិតថា ខ្ញុំមិនធ្វើរឿងនោះទេ។ ខ្ញុំគិតថាកូនក្តីប្រហែលជាស្អប់ ប៉ុន្តែ វាជាការប្រសើរដែលមានឈ្មោះជាមេធាវីល្អជាងមេធាវីអាក្រក់”។
កញ្ញា ធីតា អាយុ២១ឆ្នាំ ជាសមាជិកក្រុមសវនាការប្រឌិតដែលទទួលបានជ័យជម្នះ និងដែលកំពុងសិក្សានៅឆ្នាំបញ្ចប់ និយាយថា កញ្ញាចង់ប្រយុទ្ធប្រឆាំងដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋក្រីក្រ និងអ្នកគ្មានអំណាច។
កញ្ញានិយាយថា “ខ្ញុំគិតថា វាប្រហែលជាពិបាក ប៉ុន្តែ ខ្ញុំចង់ឲ្យ [ ជនរងគ្រោះ ] មានសង្ឃឹមឡើងវិញ ហើយខ្ញុំគិតថា ច្បាប់មានអំណាចខ្លាំងជាងមនុស្សអាក្រក់។ សព្វថ្ងៃខ្ញុំគិតថា ប្រទេសកម្ពុជាមានអាជ្ញាធរ និងបុគ្គលមានអំណាចគំរាមកំហែងជនរងគ្រោះ ឬសាក្សី។ ខ្ញុំចង់ជួយពួកគេទាំងអស់នោះឲ្យទទួលបានសិទ្ធិដូចអ្នកផ្សេងទៀតដែរ”។
លោក Billy Chia-Lung Tai ជាទីប្រឹក្សាផ្នែកសិទ្ធិមនុស្សនៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាចៅក្រមមួយរូបក្នុងចំណោមចៅក្រមក្នុងសវនាការប្រឌិតនេះ បានមានប្រសាសន៍ថា ឧត្ដមគតិនិយមរបស់ពួកគេ គឺជាលក្ខណសម្បត្តិរបស់និស្សិតដែលលោកបង្រៀននៅសាលាច្បាប់ចំនួនពីរនៅក្នុងរាជធានីភ្នំពេញ។
លោកបានមានប្រសាសន៍ទៀតថា “ខ្ញុំមើលឃើញមេធាវី និងនិស្សិតច្បាប់ក្មេងៗ ហើយពួកគេឆ្លាតៗណាស់ និងមានឧត្តមគតិច្រើន។ ខ្ញុំសង្ឃឹមថា យើងអាចតម្រង់ទិសអ្នកទាំងនោះឲ្យចូលទៅក្នុងស្ថានភាពអនុវត្តជាក់ស្ដែង ហើយសង្ឃឹមថា នឹងមានការផ្លាស់ប្ដូរនៅក្នុងប្រព័ន្ធតុលាការ”៕សុខុម