35 C
Phnom Penh

អ្នក​ភូមិឡ​ពាង​​​ម្នាក់​​​រង​​​របួស​​​ដោយសារ​​​រថយន្ត​​​នគរបាល​​​​​​ក្នុង​​​ពេល​​​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​អ្នក​​​ភូមិ​និង​​​បុគ្គលិក​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​តវ៉ា​​​ម្នាក់​​​បាន​​​រង​​​របួស​​​អំឡុង​​​មាន​ការ​​​ប្រឈម​​​មុខ​​​គ្នា​​​រវាង​​​អ្នក​​​ភូមិ​​​ឡ​ពាង និង​​​នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង​​​កាលពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​ក្រុម​​​អ្នក​​​តវ៉ា​​​ត្រូវ​​​គេ​​​រារាំង​​​​​​មិន​​​ឲ្យ​​​ដើរ​​​ហែ​​​ទៅ​​​សាលាខេត្ត។

អ្នក​​​ភូមិ​​​ជាង​​​៦០​​​នាក់​​​បាន​​​ប៉ុន​​​ប៉ង​​​ដើរ​​​ហែ​​​ចេញ​​​ពី​​​វត្ត​​​មួយ​​​​​​ទៅ​​​សាលាខេត្ត​​​ ទី​​​ដែល​​​ពួក​​​គេ​​​ចង់់​ដាក់​​​ញត្តិ​​​សុំ​​​ឲ្យ​ដោះ​​​លែង​​​បុរស​​​ពីរ​​​នាក់​​​ ដែល​​​ជាប់​​​ពន្ធ​​​នាគារ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជម្លោះ​​​ដី​​​ធ្លី​​​រាំុ​​​រ៉ៃ​ជាមួយ​​​ក្រុម​​​ហ៊ុន​ខេឌីស៊ី ជា​​​ក្រុមហ៊ុន​​​របស់​​​លោក​​​ស្រី ជា ខេង ដែល​​​ជា​​​ភរិយា​​​របស​​​់លោក ស៊ុយ​​​ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួ​​​ង​​​រ៉ែ​​​ និង​​​ថាម​​​ពល។

អ្នក​​​ស្រី​​​ អ៊ុំ​​​ សុភី ជា​​​តំណាង​​​អ្នក​​​ភូមិ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ការ​​​ដើរ​​​ហែ​​​របស់​​​ក្រុម​​​អ្នក​​​តវ៉ា​​​​​​​​​ត្រូវ​​​បាន​​​រារាំង​​​ដោយ​​​នគរ​​​បាល​​​ប្រហែល​​​៥០​​​នាក់​​​ ដែល​​​ត្រូវ​​​គេ​​​ដាក់​​​រាយ​​​តាម​​​បណ្តោយ​​​ផ្លូវ​​​ជាតិ​​​ ហើយ​​​ការ​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​មួយ​​​ភ្លែត​​​បាន​​​ផ្ទុះ​​​ឡើង​​​រវាង​​​ភាគី​​​ទាំង​​​ពីរ។

អ្នកស្រី​​​បាន​​​និយាយ​​​ថា “អំឡុង​​​ការ​​​ប្រឈម​​​មុខ​​​គ្នា​​​ជាមួយ​​​នគរ​​​បាល​​​ ដែល​​​ប្រដាប់​​​ដោយ​​​ខែល​និង​​​ដំបង​​​ ស្រាប់តែ​រថយន្ត​​​នគរ​​​បាល​​​​​​​​​មួយ​​​គ្រឿង​​​ដែល​​​បើក​​​យ៉ាង​​​លឿន​​​​​​ បាន​​​បើក​​​សំដៅ​​​មក​​​យើង បុក​​​អ្នក​​​ភូមិ​​​ម្នាក់​​​។ ប្រសិន​​​បើ​​​អ្នក​​​ភូមិ​​​របស់​​​យើង​​​ និង​​​កូនៗ​​​របស់​​​យើង​​​​​​មិន​​​បាន​​​គេច​​​ចេញ​​​ឲ្យ​ឆាប់​​​រហ័ស​​​ពី​​​រថយន្ត​​​នគរ​​​បាល​​​​​​នោះ​​​ទេ​​​ យើង​​​​​មុខ​​​ជា​​​នឹង​​​ត្រូវ​​​ស្លាប់​​​​​​ដោយ​​​រថយន្ត​​​​​​ដែល​​​បើក​​​យ៉ាង​​​លឿន​​​នោះ​​​​​​ជា​​​មិន​​​ខាន”។

អ្នក​​​ស្រី សុភី បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ត្រី​​​ដែល​​​រង​​​របួស​​​នោះ​​​ឈ្មោះ យ៉ុង ម៉ៅ ត្រូវ​​​បាន​​​ គេ​​​យក​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​​​​ ដោយ​​​ប្រហែល​​​ជា​​​​​បាក់​​​ដៃ​​​។ ក៏​​​ប៉ុន្តែ លោក​​​ គង់ ច័ន្ទ​​​មុនី អ្នក​​​សម្រប​​​សម្រួល​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ប្រចាំ​ខេត្ត​នេះ បាន​​​និយាយ​​​ថា ​​​រូប​​​ថត​​​កាំ​​​រស្មី​​​អិុច​​​​​​បាន​​​បង្ហាញ​​​ថា ដៃ​​​នោះ​​​មិន​​​បាក់​​​ទេ។

លោក ច័ន្ទ​​​មុនី បាន​​​និយាយ​​​ថា “​​​អាជ្ញាធរ​​​ និង​​​នគរ​​​បាល​​​មិន​​​គួរ​​​ឃាត់​​​ដំណើរ​​​អ្នក​​​ភូមិ​​​ទេ​​​ ពីព្រោះ អ្នក​​​ភូមិ​​​ក្រី​​​ក្រ​​​ទាំង​​​នោះ​​​គ្មាន​​​ចេតនា​​​ប្រើ​​​អំពើ​​​ហិង្សា​​​ឡើយ​​​”។ “ពួក​​​គេ​​​គ្រាន់​​​តែ​​​ចង់​​​បង្ហាញ​​​កង្វល់​​​ និង​​​ចង់​​​ដាក់​​​ញត្តិ​​​​​​ទៅ​​​អាជ្ញាធរ​​​​​​រក​​​ដំណោះ​​​ស្រាយ​​​​​​ជម្លោះ​​​ដី​​​ធ្លី​​​ ដែល​​​ពួក​​​គាត់​បាន​​​​​​តស៊ូ​​​​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​”។

លោក​​​ លី វីរៈ ស្នង​​​ការ​​រង​​​​នគរបាល​​​ខេត្ត​​​បាន​​​ច្រាន​​​ចោល​​​ការ​​​ចោទ​​​​​​ដែល​​​ថា រថយន្ត​​​នគរ​​​បាល​​​មួយ​​​គ្រឿង​​​​​​បាន​​​បើក​​យ៉ាង​​​​លឿន​​​សំដៅ​​​ក្រុម​​​អ្នក​​​តវ៉ា ហើយ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​​​​មិន​បាន​​ប្រើ​​​អំពើ​​​ហិង្សា​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ទាក់​​​ទង​ដោយ​​​សន្តិវិធី​​​ជាមួយ​​​អ្នក​​​ភូមិ ហើយ​​​ពួក​​​គាត់​​ក៏​​​អាច​​​ដាក់​​​ញត្តិ​​​ទៅ​​​អភិបាល​​​ខេត្ត​​​បាន​​​ដែរ​​​ គ្មាន​​​ការ​​​ប្រឈម​​​មុខ​​​គ្នា​​​ធំ​​​ដំុ​​​ទេ”។

អ្នក​​​ភូមិ​​​​​​ម្នាក់​​​ឈ្មោះ ស្ងួន ញឿន បាន​​​និយាយ​​​ថា  បន្ទាប់ពី​​​ប្រឈម​​​មុខ​​​គ្នា​​​​​​មួយ​​​ស្របក់​​​ អ្នក​​​ភូមិ​​​អាច​​​ដាក់​​​ញត្តិ​​​​​​ទៅ​​​អភិបាល​​​ខេត្ត​​​  ទៅ​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​គណបក្ស​​​ប្រជា​​ជន​​​កម្ពុជា​​​ ហើយ​​​នឹង​សាលា​​​ដំបូង​​​ខេត្ត​​​​​​ដើម្បី​​ទាម​​​ទារ​​​ឲ្យ​​​ដោះ​​​លែង​​​បុរស​​​ពីរ​​​នាក់​​​នោះ​​​ ឲ្យ​ទម្លាក់​​​ការ​​​ចោទ​​ប្រកាន់​​​លើ​​​មនុស្ស​​​ប្រាំបី​​​នាក់​​​ផ្សេង​​​ទៀត​​​ និង​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​នេះ​​​៕មានិត​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស