សាលាដំបូងរាជធានីភ្នំញនឹងសាកសួរសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិចំនួនបីរូបនៅព្រឹកនេះ ជុំវិញការប៉ះទង្គិចគ្នាតាមផ្លូវនៅកន្លែងតវ៉ាកាលពីថ្ងៃទី១៥ ខែកក្កដា ដែលអាជ្ញាធរបានចាត់ទុកថា ជា ” ការធ្វើកុបកម្មប្រឆាំងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ មេដឹកនាំយុវជនមកពីគណបក្សសង្គ្រោះជាតិចំនួនបីរូបនៅជាប់ពន្ធនាគារនៅឡើយទាក់ទិននឹងការប៉ះទង្គិចគ្នា។
យោងតាមដីកាកោះរបស់តុលាការ ដែលចេញកាលពីសប្ដាហ៍មុន និងចុងខែមុន លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ សមាជិកសភាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងលោក កែវ ភិរម្យ ដែលជាសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិដែរនោះ នឹងបង្ហាញខ្លួនចំពោះមុខតុលាការនៅថ្ងៃនេះសម្រាប់ការសាកសួរ។
មន្ត្រីរបស់គណបក្សសង្គ្រោះជាតិទាំងបីរូបនេះបានស្បថចូលកាន់តំណែងជាសមាជិកសភាកាលពីថ្ងៃអង្គារ ហើយឥឡូវនេះទទួលបានអភ័យឯកសិទ្ធិពីការផ្ដន្ទាទោសតាមច្បាប់។
ដីកាកោះមួយពីចៅក្រមស៊ើបសួរ កែវ មុនី មានខ្លឹមសារថា ” ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញលោក កឹម សុខា ភេទប្រុស អាយុ៦១ឆ្នាំ ជាតិខ្មែរ ជាអ្នកទទួលខុសត្រូវក្នុងនាមជាមេដឹកនាំគណបក្សសង្គ្រោះជាតិ ឲ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១១ ខែសីហា វេលាម៉ោង១០ព្រឹក”។
ដីកាកោះនេះមានខ្លឹមសារបន្តថា “សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផងប្រសិនបើមាន”។
នៅថ្ងៃនៃការប៉ះទង្គិចគ្នាតាមផ្លូវកាលពីថ្ងៃទី១៥ ខែកក្កដា ដែលអ្នកតវ៉ាគាំទ្រគណបក្សប្រឆាំងបានសងសឹកយ៉ាងហិង្សាលើសន្តិសុខខណ្ឌ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី ប្រធានគណបក្សបានអះអាងនៅពេលនោះថា បាននៅលើកោះដាច់ស្រយាលមួយក្នុងប្រទេសបារាំង។
ការតវ៉ាដែលដឹកនាំដោយលោកស្រី មូរ សុខហួរ បានធ្វើឲ្យសមាជិកសភាជាប់ឆ្នោតរហូតដល់ទៅប្រាំពីររូប និងមន្ត្រីរបស់គណបក្សសង្គ្រោះជាតិមួយរូបត្រូវបានចាប់ដាក់ពន្ធនាគារ ហើយត្រូវបានដោះលែងវិញក្រោយពីមានដំណោះស្រាយបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយជិតមួយឆ្នាំ កាលពីថ្ងៃទី២២ ខែកក្កដា បន្ទាប់ពីលោក សម រង្សី ត្រឡប់ពីប្រទេសបារាំងមក។
សមាជិកសភាទាំងប្រាំពីររូប និងមន្ត្រីបក្សមួយរូបទៀតរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្នភ្លាមៗ ដោយមានការលើកឡើងពីមន្ត្រីគណបក្សប្រជាជនកម្ពុជាថា បទចោទប្រកាន់ពួកគេអាចនឹងលើកលែងនៅពេលពួកគេស្បថចូលកាន់តំណែងជាសមាជិកសភា ដោយទទួលបានអភ័យឯកសិទ្ធិពីការផ្ដន្ទាទោស។
សមាជិកសភាជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិបានស្បថចូលកាន់តំណែងកាលពីថ្ងៃអង្គារ ហើយបានចូលសភាជាលើកដំបូងនៅកាលពីថ្ងៃសុក្រ។ ទោះជាយ៉ាងណា កាលពីថ្ងៃទី៣ ខែសីហា បីថ្ងៃមុនពេលពិធីស្បថចូលកាន់តំណែងអាជ្ញាធររាជធានីភ្នំពេញបានចាប់ខ្លួនមេដឹកនាំយុវជនរបស់គណបក្សសង្គ្រោះជាតិចំនួនបីនាក់ក្នុងរាជធានីភ្នំពេញ ហើយបានចាប់ពួកគេដាក់ពន្ធនាគារពីបទតវ៉ាដោយហិង្សា។
លោក សម រង្ស៊ី បានទៅសុខទុក្ខមេដឹកនាំយុវជនទាំងបីនាក់នេះនៅពន្ធនាគារព្រៃសកាលពីថ្ងៃសៅរ៍ ហើយបាននិយាយម្ដងទៀតពីការអះអាងដែលលោកបានធ្វើឡើងកាលពីមួយសប្ដាហ៍កន្លងមកថា រដ្ឋាភិបាលនឹងដោះលែងពួកគេក្នុងពេលឆាប់ៗ។
លោក សម រង្ស៊ី បានថ្លែងប្រាប់អ្នកយកព័ត៌មានម្ដងទៀតកាលពីថ្ងៃសៅរ៍ថា លោកសូមធានាថា មេដឹកនាំទាំងបីនេះនឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ” យើងមិនទាន់ដឹងអ្វីនៅឡើងទេ។ យើងសង្ឃឹមថា នឹង[ដឹង] នៅថ្ងៃច័ន្ទ វាមិនយូរពេកទេ”។
លោក សម សុគង់ មេធាវីរបស់សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ ក៏ដូចជារបស់សកម្មជនយុវជនបានលើកឡើងថា សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិមិនត្រូវបានតម្រូវឲ្យចូលរួមការសាកសួរទេ។
លោក សុគង់ បានមានប្រសាសន៍ថា ” ចៅក្រមមិនអាចសាកសួរសមាជិកសភាបានទេ ហើយត្រូវពន្យារពេលការសាកសួរ ព្រោះថា ពួកគេមានអភ័យឯកសិទ្ធិ។ ប្រសិនបើចៅក្រមចង់សាកសួរពួកគេ គឺត្រូវតែសរសេរលិខិតស្នើសុំទៅរដ្ឋសភាដកអភ័យឯកសិទ្ធិពួកគេជាមុនសិន”។
ការធ្វើដូច្នេះនឹងត្រូវតម្រូវឲ្យមានការយល់ព្រមពីសមាជិកសភាចំនួន៨៣រូប ឬ២ភាគ៣នៃសមាជិកសភា។ គណបក្សប្រជាជនកម្ពុជាមានសមាជិកសភាចំនួន៦៨រូប។
លោក យែ៉ម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ទោះបីជាមានអភ័យឯកសិទ្ធិពីការផ្ដន្ទាទោសក៏ដោយ ក៏លោក កឹម សុខា លោកស្រី មូរ សុខហួរ និងលោក កែវ ភិរម្យ នឹងនៅតែបង្ហាញខ្លួនក្នុងតុលាការតាមការកោះហៅដដែល៕ គឹមហឿន