សហជីពនិងរោងចក្រនៅតែខ្វែងគំនិតគ្នាជុំវិញការកំណត់ប្រាក់ខែគោលនៅឆ្នាំក្រោយសម្រាប់វិស័យកាត់ដេរបន្ទាប់ពីកិច្ចប្រជុំរវាងតំណាងមកពីភាគីទាំងពីរកាលពីថ្ងៃសុក្រ ប៉ុន្តែពួកគេបានយល់ព្រមបន្តការចរចានៅចុងខែនេះទៀត។
កាលពីដើមឆ្នាំនេះ គណៈកម្មាធិការប្រឹក្សាការងារដែលមានតំណាងរដ្ឋាភិបាល រោងចក្រនិងសហជីព បានយល់ព្រមរៀបចំឲ្យមានការចរចាជាច្រើនលើកដែលនឹងឈានទៅរកការចាប់ផ្តើមកំណត់ប្រាក់ខែគោលថ្មីសម្រាប់កម្មកររោងចក្រកាត់ដេរនៅថ្ងៃទី១ ខែមករា។
គណៈកម្មាធិការនេះមានគោលបំណងដោះស្រាយប្រាក់ខែគោលថ្មីនៅខែតុលាហើយការប្រជុំកាលពីថ្ងៃសុក្រគឺជាលើកទី១ហើយរវាងសហជីពនិងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាដើម្បីចាប់ផ្តើមដំណើរការនេះ។
លោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានមានប្រសាសន៍ថា សហជីពទាំងអស់ដែលចូលរួមប្រជុំបានយល់ព្រមចំពោះការទាមទារដំឡើងប្រាក់ខែគោលពី១០០ដុល្លារដែលមានក្នុងពេលឥឡូវនេះ ដល់១៧៧ដុល្លារ។
លោកបានមានប្រសាសន៍ថា “យើងចង់ឲ្យនិយោជកដំឡើងប្រាក់ប្រាក់ខែគោលពី១៦០ដុល្លារទៅ១៧៧ដុល្លារក្នុងមួយខែ។ បើទោះជាមិនបានឈានដល់ការព្រមព្រៀងគ្នាក៏ដោយ ក៏សមាគមរោងចក្រកាត់ដេរនៅកម្ពុជានិងសហជីពបានពិភាក្សា ដោះដូរយោបល់គ្នាដែរ ហើយយើងនឹងបន្តពិភាក្សាគ្នាទៀត”។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានលើកឡើងដដែលៗថា រោងចក្រមិនអាចមានលទ្ធភាពធ្វើការដំឡើងប្រាក់ខែច្រើនភ្លាមៗបានឡើយ ហើយលោក អាទិត្យ បានមានប្រសាសន៍ថា អ្វីៗនៅតែដដែលជាថ្មីម្តងទៀតកាលពីថ្ងៃសុក្រ។ ប៉ុន្តែសហជីពមានការសង្ស័យ និងចង់ឃើញភ័ស្តុតាងពីប្រាក់ចំណូលរបស់រោងចក្រ។
ការតវ៉ានៅទូទាំងប្រទេសទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារបានប៉ះពាល់ដល់ឧស្សាហកម្មនេះរយៈពេលខ្លីកាលពីចុងខែធ្នូ ហើយមានការបង្ក្រាបដ៏ហិង្សាកាលពីថ្ងៃទី៣ ខែមករា នៅពេលដែលកងរាជអាវុធហត្ថបានបាញ់ទៅលើក្រុមបាតុករ ដោយបណ្តាលឲ្យកម្មករប្រាំនាក់ស្លាប់ និងរបួសជាច្រើននាក់ទៀត។
ការសិក្សារបស់រដ្ឋាភិបាលកាលពីឆ្នាំមុនបានសន្និដ្ឋានថា ប្រាក់ខែគោលដែលអាចរស់បានសម្រាប់កម្មកររោងចក្រកាត់ដេរគឺចន្លោះ១៥៧ដុល្លារដល់១៧៧ដុល្លារ។ រោងចក្រ លោកឡើងថា កម្មករទទួលបានប្រាក់បន្ថែមម៉ោង និងផលប្រយោជន៍ផ្សេងៗទៀត ប៉ុន្តែសហជីព អង្គការពលកម្មអន្តរជាតិមិនយល់ស្រប។
លោក គង់ អាទិត្យ បានមានប្រសាសន៍ថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានជំទាស់នឹងសំណើរបស់សហជីពនៅកិច្ចប្រជុំកាលពីថ្ងៃសុក្រដោយផ្តល់ឲ្យតែ១១៥ដុល្លារប៉ុណ្ណោះ។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានបដិសេធមិនបញ្ជាក់ ឬបដិសេធថា តើរោងចក្របានស្នើតួលេខនេះឬយ៉ាងណាឡើយ។
លោក កែន លូ ដែលអះអាងថា កិច្ចប្រជុំនេះមិនមែនជាការចរចានោះបានមានប្រសាសន៍ថា “វាមិនមែនជាដំណាក់កាលដែលយើងអាចពិភាក្សាលម្អិតឡើយ។ មិនមានការចរចាតែរឿងទាមទារដំឡើងប្រាក់ខែនោះទេ អំឡុងកិច្ចប្រជុំមានការពិភាក្សាដោះដូរយោបល់បន្ថែមទៀត”។
លោក អាទិត្យ និងលោក កែន លូ បានលើកឡើងថា ភាគីទាំងពីរបានយល់ព្រមជួបប្រជំុគ្នាម្តងទៀតស្តីពីបញ្ហានេះ ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយទេ។
ចំពោះបញ្ហានេះ រដ្ឋាភិបាលបានប្រកាសផែនការនៅខែធ្នូដំឡើងប្រាក់ខែគោលដល់១៦០ដុល្លារជាដំណាក់កាលៗក្នុងរយៈពេលប្រាំឆ្នាំក្រោយ៕សារុន