កម្មកររោងចក្រកាត់ដេរម្នាក់បានស្លាប់ និងជាង១០នាក់ទៀតរងរបួសនៅពេលរថយន្តដែលពួកគេជិះនោះបានក្រឡាប់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំេពញកាលពីរសៀលថ្ងៃសៅរ៍ ជាករណីថ្មីបំផុតក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរពាក់ព័ន្ធនឹងកម្មកររោងចក្រកាត់ដេរ ដែលបានប្រជ្រៀតគ្នាជិះរថយន្តធ្វើដំណើរទៅនិងមកពីរោងចក្រនៅទូទាំងប្រទេស។
យោងតាមលោក ផាន់ ភឿន នាយប៉ុស្តិ៍សង្កាត់កំបូល បានឲ្យដឹងថា កែវ ចាន់នឿន អាយុ១៨ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ ហើយកម្មករបួននាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីរថយន្តក្រឡាប់ ជាេហតុការណ៍ដែលនគរបាលសង្ស័យថា បណ្ដាលមកពីការធ្វេសប្រហែល ឬការស្រវឹងរបស់អ្នកបើកបរ ដែលបានព្យាយាមរត់គេចពីកន្លែងកើតហេតុបន្ទាប់ពីបង្កគ្រោះថ្នាក់។
លោក ភឿន បានមានប្រសាសន៍ថា ” សាក្សីបានឃើញរថយន្តនេះដឹកកម្មករពេញរេទៅឆ្វេងផងស្ដាំផងក្នុងល្បឿនយ៉ាងលឿន។ បន្ទាប់មកអ្នកបើកបររថយន្តបានបាត់បង់ម្ចាស់ការ ហើយរថយន្តក្រឡាប់គ្រវែងកម្មករចេញពីរថយន្តចម្ងាយពី៣ទៅ៤ម៉ែត្រ។ លោកបានបន្ថែមថា អ្នកភូមិបានវាយអ្នកបើកបររថយន្តខណៈដែលបានព្យាយាមរត់គេចខ្លួនមុនពេលត្រូវចាប់បាន។
គ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងកម្មករធ្វើដំណើរពីតំបន់សេដ្ឋកិច្ចពិសេសទៅស្រុកពញាឮ ខេត្តកណ្ដាលនេះ គឺជាករណីថ្មីបំផុតក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ជាច្រើនលើកនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងរថយន្តដឹកកម្មករលើសចំណុះបានក្រឡាប់។
លោកស្រី ជីល ថាក់ឃើ ប្រធានទីប្រឹក្សាបច្ចេកទេសនៅរោងចក្រកាត់ដេរល្អប្រសើរនៅកម្ពុជា ជាកម្មវិធីដែលគ្រប់គ្រងដោយអង្គការពលកម្មអន្តរជាតិបានមានប្រសាសន៍ថា រោងចក្របើរៀបចំរថយន្តដែលមានសុវត្ថិភាពសម្រាប់ដឹកកម្មករ ជាជាងផ្ដល់ប្រាក់ជាប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើរវិញនោះវាអាចកាត់បន្ថយហានិភ័យទាំងនេះ។
លោកស្រី ថាក់ឃើ បានមានប្រសាសន៍ថា “ជាអកុសលកម្មកររោងចក្រដែលធ្វើដំណើរតែងជិះរថយន្តធុនធំបែបនេះ ហើយជាទូទៅបើទោះណាជាគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហានៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏កម្មកររោងចក្រកាត់ដេរនៅតែមិនខ្លាចរអាដែរ”។ លោកស្រីបានបន្ថែមថា ” រោងចក្រមួយចំនួនបានរៀបចំរថយន្តផ្ទាល់ខ្លួន ហើយខ្ញុំមិនទាន់ទទួលបានព័ត៌មានថា មានគ្រោះថ្នាក់ចរាចរណ៍បែបនេះកើតឡើងដល់ពួកគេទេ។ វាជាដំណោះស្រាយដ៏ល្អមួយ ហើយវាមិនចាំបាច់ចំណាយលុយច្រើនជាងការផ្ដល់ប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើរទៀតផង”។
លោក សំ អុន មន្ត្រីព័ត៌មាននៅមូលនិធិបេឡាជាតិរបបសន្តិសុខសង្គម បានមានប្រសាសន៍ថា អង្គការនេះបានចំណាយសម្រាប់ថ្លៃព្យាបាលកម្មករ ហើយថាមានការបង្កើតគណៈកម្មការមួយដើម្បីព្យាយាមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ស្រដៀងគ្នានេះ”។
លោក អុន បានមានប្រសាសន៍ថា ” យើងអប់រំអ្នកបើកបរកុំឲ្យពិសាស្រាពេលបើកបរ។ កាលពីម្សិលមិញ អ្នកបើកបរស្រវឹងស្រា ដូច្នេះគាត់មានការធ្វេសប្រហែស និងធ្វើឲ្យមានគ្រោះថ្នាក់ដោយចៃដន្យ។ នេះមិនមែនជាកំហុសរបស់អង្គការខ្ញុំទេ ប៉ុន្តែជាកំហុសរបស់អ្នកបើកបរ”។
លោកបានបន្ថែមថា បើទោះណាជាគ្រោះថ្នាក់នេះកើតឡើងនៅក្រៅរោងចក្រក៏ដោយ ក៏វានៅតែត្រូវបានរ៉ាប់រងការចំណាយដោយមូលនិធិបេឡាជាតិរបបសន្តិសុខសង្គមដដែល។
យ៉ាងហោចណាស់កម្មកររោងចក្រកាត់ដេរ៨៦នាក់បានរងរបួសកាលពីខែកុម្ភៈ នៅពេលដែលរថយន្តចំណុះ៣តោនបានក្រឡាប់ក្នុងខេត្តស្វាយរៀង និង៤៥នាក់ទៀតបានរងរបួសកាលពីខែមុន បន្ទាប់ពីរថយន្តបុកដើមឈើក្នុងខេត្តកំពង់ចាម។
យោងតាមលោក ភឿន បានឲ្យដឹងថា អ្នកបើកបរអាយុ៣០ឆ្នាំ ដែលនគរបាលមិនប្រាប់ឈ្មោះ កំពុងត្រូវបានសាកសួរនៅប៉ុស្តិ៍នគរបាលចរាចររាជធានីកាលពីម្សិលមិញ៕ សារុន