យោងតាមកងរាជអាវុធហត្ថបានឲ្យដឹងថា បុរសអាយុ២៦ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ពីបទក្លែងជាសមាជិកខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទទួលបានប្រាក់ពីមន្ត្រីរដ្ឋាភិបាលជាថ្នូរនឹងការសន្យាដំឡើងតួនាទី។
កាលពីខែមិថុនា ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីបានជូនដំណឹងដល់មន្ត្រីរដ្ឋាភិបាលនៅទូទាំងប្រទេសពីគម្រោងដែលសុំឲ្យវេរលុយតាមទូរស័ព្ទ ជាថ្នូរនឹងការដំឡើងតួនាទីនេះ។
យោងតាមលោក សាន ប៊ុនថន ស្នងការនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា សួន មុនីលីណា ដែលកងរាជអាវុធហត្ថនិយាយថា មិនមានការងារធ្វើនោះ ជាប់សង្ស័យថា បានទូរស័ព្ទទៅមន្ត្រីរាជការម្នាក់ក្នុងរាជធានីភ្នំពេញ ដែលក្រុមមន្ត្រីបានបដិសេធមិនប្រាប់ឈ្មោះ ហើយបានសន្យាដំឡើងតួនាទីដល់លោកជាថ្នូរនឹងការឲ្យវេរលុយតាមក្រុមហ៊ុនវីង។
លោក ប៊ុនថន បានមានប្រសាសន៍ថា ” ជនសង្ស័យបានបង្គាប់ឲ្យជនរងគ្រោះវេរលុយឲ្យខ្លួនតាមសេវាវេរលុយរបស់ក្រុមហ៊ុនវីង។ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅនគរបាលបន្ទាប់ពីពួកគេជឿថា វាជាករណីឆបោក ពីព្រោះគ្មាននរណាម្នាក់ស្គាល់ជនសង្ស័យរូបនេះឡើយ”។
យោងតាមលោក ប៊ុនថន បានឲ្យដឹងថា មុនីលីណា ត្រូវបានចាប់ខ្លួននៅពេលដែលគាត់បានទៅដកប្រាក់ពីសាខារបស់ក្រុមហ៊ុនវីងនៅក្នុងខេត្តស្វាយរៀង កាលពីថ្ងៃសុក្រ ហើយត្រូវបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថជាតិក្នុងរាជធានីភ្នំពេញ កន្លែងដែលជនរងគ្រោះបានដាក់ពាក្យបណ្ដឹងដើម្បីសាកសួរ។
លោកបានមានប្រសាសន៍ថា នៅពេលចាប់ខ្លួន នគរបាលដកហូតបានប្រាក់៤០០ដុល្លារ ទូរស័ព្ទដៃមួយគ្រឿង និងភ័ស្តុតាងមួយចំនួនទៀតពីជនសង្ស័យរូបនេះ។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេសបានមានប្រសាសន៍ថា មុនីលីណា នឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនៅថ្ងៃច័ន្ទ បន្ទាប់ពីកងរាជអាវុធហត្ថបានបញ្ចប់ការសាកសួរជនសង្ស័យរូបនេះ។
លោក ខេង ទីតូ បានមានប្រសាសន៍ថា ជនសង្ស័យរូបនេះដែលអះអាងថា ធ្វើការឲ្យលោក ហ៊ុន សែន ក៏បានប្រមូលប្រាក់ពីមន្ត្រី និងពាណិជ្ជករតាមរយៈការសុំឲ្យពួកគេបញ្ជូនប្រាក់មកខុទ្ទកាល័យដើម្បីសាងសង់សាលារៀន និងអគារផ្សេងៗទៀតផងដែរ។
សេចក្ដីជូនដំណឹងរបស់ខុទ្ទកាល័យលោក ហ៊ុន សែន កាលពីថ្ងៃទី១១ ខែមិថុនា បានក្រើនរំឭកមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ “ឲ្យប្រុងប្រយ័ត្ននឹងសកម្មភាពមិនល្អនេះ”។
សេចក្ដីជូនដំណឹងនេះមានខ្លឹមសារថា ” ប្រសិនបើលោកអ្នកទទួលបានការហៅទូរស័ព្ទពីនរណាម្នាក់ដែលអះអាងថា ជាមន្ត្រីខុទ្ទកាល័យ ហើយសូមឲ្យវេរលុយសម្រាប់កិច្ចការមួយចំនួន សូមទាក់ទងមកខុទ្ទកាល័យជាមុនសិន”៕ សារុន