ក្នុងបន្ទប់តូចមួយនៅផ្នែកប្រសាទសាស្ត្រនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីព្រឹកថ្ងៃសុក្រ វេជ្ជបណ្ឌិត៤រូបអបអរថ្ងៃពិសេសមួយ ដោយបានក្លាយជាបុគ្គលិកដំបូងរបស់មន្ទីរពេទ្យនេះ ដែលបានទទួលវិញ្ញាបនបត្រអំពីរបៀបវាយតម្លៃ និងព្យាបាលជំងឺពិបាកលេបអាហារ។
ការប្រគល់វិញ្ញាបនបត្របានធ្វើឡើង បន្ទាប់ពីមានការបណ្តុះបណ្តាលហ្មត់ចត់រយៈពេលពីរខែ ដឹកនាំដោយគ្រូពេទ្យអាមេរិកផ្នែកបញ្ហានិយាយស្តី ដែលបានឃើញសេចក្តីត្រូវការបន្ទាន់ផ្តោតលើជំងឺនៃការពិបាកនិយាយស្តី និងការលេបអាហារនៅប្រទេសកម្ពុជា បើទោះជាគ្មានទិន្នន័យច្បាស់លាស់ក៏ដោយ ក៏ភ័ស្តុតាងបង្ហាញថា មិនសូវមានសេវាព្យាបាល និងជាបញ្ហាដែលវេជ្ជបណ្ឌិតនៅទីនេះជួបប្រទះជារឿយៗ ជាពិសេសក្នុងចំណោមអ្នកជំងឺដែលកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។
វេជ្ជបណ្ឌិត ទាវ វាសនា បានមានប្រសាសន៍ថា “យើងដឹងថា អ្នកជំងឺដាច់សរសៃឈាមក្នុងខួរក្បាលអាចមានបញ្ហាច្រើនពេលលេបអាហារ”។ វេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា “វាអាចបង្កឲ្យមានជំងឺរលាកសួត ឬក៏អ្នកជំងឺអាចខ្សោះជាតិទឹក ឬឈ្លក់។ វាសំខាន់ណាស់ចំពោះពួកយើង ដែលត្រូវដឹងពីរបៀបព្យាបាលជំងឺនេះ”។
ជំនួយបានមកពីលោកស្រី អេលីហ្សាបែ៊ត ឆាហ្វគូឡូហ្វ ជាវេជ្ជបណ្ឌិតរោគសាស្ត្រផ្នែកការនិយាយស្តី និងភាសា និងជាស្ថាបនិក Speech Therapy Cambodia ជាអង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន ដើម្បីដោះស្រាយតម្រូវការការព្យាបាលជំងឺនេះនៅប្រទេសកម្ពុជា។
មុនពិធីប្រគល់វិញ្ញាបនបត្រ លោកស្រីបានមានប្រសាសន៍ថា “នៅទីបំផុតគឺយើងចង់បង្កើតកម្មវិធីមួយសម្រាប់គ្រូពេទ្យព្យាបាលការនិយាយស្តីនៅកម្ពុជា” លោកស្រីបានមានប្រសាសន៍ថា ក្រុមនេះក៏ចង់បង្កើតគ្លីនិកព្យាបាលការនិយាយស្តី និងភាសាផងដែរ។
វេជ្ជបណ្ឌិត ព្រំុ ឈឿន បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលមានសារៈសំខាន់ណាស់ ក្នុងការជួយដល់រូបលោកអាចធ្វើការមិនត្រឹមតែជាមួយអ្នកជំងឺប៉ុណ្តោះទេ តែថែមទាំងគ្រួសាររបស់ពួកគេផងដែរ។ លោកបានមានប្រសាសន៍ថា “យើងបានរៀនសូត្រច្រើនណាស់។ ឥឡូវនេះយើងអាចកាត់បន្ថយជំងឺបែបនេះ និងឱកាសមរណភាព”។
លោក និងវេជ្ជបណ្ឌិត វាសនា ត្រូវបានជ្រើសរើសរួមជាមួយនឹងវេជ្ជបណ្ឌិតផ្នែកប្រសាទសាស្ត្រ ឈួ ច័ន្ទណារ៉ា និងគ្រូពេទ្យព្យាបាលដោយលំហាត់ប្រាណ ទុយ សំរេច ដើម្បីឲ្យមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។
នៅពេលនេះ កម្មវិធីបណ្តុះបណ្តាលបែបនេះមិនទាន់ជាផ្លូវការនៅឡើយទេ ដោយសារតែគ្មានកម្មវិធីព្យាបាលការនិយាយស្តីនៅតាមសាកលវិទ្យាល័យ៕មានិត