គ្រួសាររស់នៅក្បែរផ្លូវដែកក្នុងរាជធានីភ្នំពេញ ដែលប្រឈមនឹងការបាត់បង់ផ្នែកខ្លះនៃដីធ្លីរបស់ខ្លួន ដោយសារគម្រោងស្ដារផ្លូវដែក ដែលទទួលបានមូលនិធិជាចម្បងពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននាំគ្នាតវ៉ានៅខាងមុខទីស្នាក់ការកណ្ដាលរបស់ធនាគារនេះកាលពីម្សិលមិញ ទាក់ទិននឹងរឿងដែលពួកគេបានលើកឡើងថា កង្វះតម្លាភាពអំពីវាសនារបស់ពួកគាត់។
គ្រួសារទាំងនេះបានលើកឡើងថា ការជួបគ្នាមួយភ្លែតជាមួយលោក EricSidgwick នាយកប្រចាំប្រទេសរបស់ ADB នៅតែបន្សល់ភាពស្រពេចស្រពិលដល់ពួកគាត់។
គម្រោងក្នុងទឹកប្រាក់ចំនួន១៤៣លានដុល្លារ ដែលបានអស់ប្រាក់ដោយបន្សល់នៅការងារជាច្រើនមិនទាន់បញ្ចប់រួចរាល់នៅឡើយ បានបង្ខំឲ្យអ្នកភូមិរាប់រយគ្រួសារចាកចេញពីផ្ទះសំបែងរបស់ពួកគាត់ ដែលនៅតាមបណ្ដោយផ្លូវដែកក្នុងខេត្តមួយចំនួនរួចទៅហើយ។ គ្រួសារទាំងនេះបានរើទីលំនៅទៅរស់នៅកន្លែងដ៏ឆ្ងាយ និងគ្មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ។
បុរស ស្ត្រី និងក្មេងៗប្រហែល១០០នាក់ ដែលបានចូលរួមការតវ៉ាកាលពីម្សិលមិញ គឺមកពីគ្រួសារចំនួន១៦៥ ដែលរស់នៅតាមបណ្ដោយកំណាត់ផ្លូវដែកក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និងដែលមិនត្រូវប្ដូរទីលំនៅរបស់ខ្លួន ប៉ុន្តែនឹងទំនងជាលះបង់មួយផ្នែកនៃដីធ្លីរបស់ខ្លួន។
គ្រួសារទាំងនេះបានលើកឡើងថា ពួកគាត់ទទួលបានសេចក្ដីលម្អិត និងព័ត៌មានផ្សេងគ្នាតិចតួចទាក់ទិននឹងរឿងថា តើដីទំហំប៉ុណ្ណាដែលពួកគាត់នឹងត្រូវលះបង់។ នៅក្នុងសំណួរជាច្រើនដែលពួកគាត់បានផ្ដល់ទៅឲ្យធនាគារកាលពីថ្ងៃទី៤ ខែសីហា ពួកគាត់ក៏ចង់ដឹងអំពីកាលវិភាគពិតប្រាកដនៃការងារ អត្តសញ្ញាណវិនិយោគិនទាំងអស់ និងការទទួលខុសត្រូវរបស់ពួកគេក្នុងចំណោមសំណួរផ្សេងៗទៀត។
អ្នកស្រី នី សណ្ដោស ដែលជាអ្នកតវ៉ាម្នាក់បាននិយាយថា “ADB ត្រូវតែទទួលខុសត្រូវចំពោះគម្រោងនេះ។ ADB បានជួយប្រាក់ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកភូមិ”។
អ្នកស្រី សណ្ដោស ដែលបានចូលរួមនៅក្នុងជំនួបមួួយភ្លែតបាននិយាយថា តំណាងADB ដែលបានចេញមកមួយភ្លែតដើម្បីជួបជាមួយអ្នកតវ៉ាបានប្រាប់ពួកគាត់ថា លោក Sidgwick បានចេញពីប្រទេសកម្ពុជាហើយ។ តែទោះជាយ៉ាងណាមិនយូរប៉ុន្មានតំណាងចំនួនបួននាក់ត្រូវបានគេនាំចូលទៅក្នុងបរិវេណ ADB ដើម្បីជួបជាមួយលោក Sidgwick ដោយផ្ទាល់មួយភ្លែត។
អ្នកស្រីបានលើកឡើងថា នាយកប្រចាំប្រទេសមិនបានឆ្លើយសំណួរណាមួយរបស់ពួកគាត់ទេ ប៉ុន្តែបានសន្យាឆ្លើយតបប្រសិនបើគាត់មានចម្លើយខ្លះ។
អ្នកស្រី សណ្ដោស បាននិយាយថា ” លោក Eric បានប្រាប់ពួកយើងថា គាត់នឹងទាក់ទងពួកយើងតាមរយៈទូរស័ព្ទនៅថ្ងៃស្អែក ប្រសិនបើគាត់ទទួលបានព័ត៌មានជាក់លាក់សម្រាប់អ្នកតវ៉ា។ ប្រសិនបើលោក Eric មិនគោរពពាក្យសន្យារបស់ខ្លួនទេ យើងនឹងបន្តការតវ៉ាទៀត”។
ទោះបីជាគ្រួសារទាំងនេះគ្មានប័ណ្ណកម្មសិទ្ធិដីធ្លីក៏ដោយ ក៏ពួកគាត់បានលើកឡើងថា ខ្លួនបានរស់នៅក្បែរផ្លូវដែកអស់ជាច្រើនឆ្នាំឬច្រើនទសវត្សរ៍មកហើយ ហើយមានឯកសារដែលបញ្ជាក់ពីលំនៅដ្ឋានរបស់ពួកគាត់ ដែលមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
នៅក្នុងលិខិតមួយផ្ញើទៅគ្រួសារទាំងនេះកាលពីថ្ងៃសុក្រ លោក Sidgwick បានអះអាងថា នាយកដ្ឋានផ្ដល់ទីលំនៅថ្មីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងឆ្លើយសំណួររបស់ពូកគាត់ ព្រោះវាពាក់ព័ន្ធនឹងកម្មវិធីផ្ដល់ទីលំនៅថ្មីរបស់គម្រោង ទោះបីជាក្រុមគ្រួសារទាំងនេះមិនប្រឈមនឹងការប្ដូរទីលំនៅថ្មីក៏ដោយ។
ចំពោះការជួបគ្នាមួយភ្លែតរបស់លោក Sidgwick ជាមួយគ្រួសារទាំងនេះកាលពីព្រឹកម្សិលមិញវិញ ធនាគារបានលើកឡើងតាមរយៈអុីម៉េលមួយថា នាយកប្រចាំប្រទេស ” បានជួបជាមួយតំណាងគ្រួសារទាំងនេះ បានផ្ដល់ព័ត៌មាន ហើយសន្យាថា នឹងផ្ដល់ការបញ្ជាក់បន្ថែមតាមក្រោយទៀតប្រសិនបើមានការស្នើសុំ”៕ គឹមហឿន