38.1 C
Phnom Penh

សិស្ស​​​ថ្នាក់​​​ទី​​​១២​​​​​​ដែល​​​ប្រឡង​​​ធ្លាក់​​​នៅ​​​ឆ្នាំ​​​នេះ​​​មាន​​​ឱកាស​​​ប្រឡង​​​ជា​​​លើក​​​ទី​​​២​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ ខណៈ​​​ពេល​​​សិស្ស​​​ថ្នាក់​​​ទី​​​១២​​​នៅ​​​តែ​​​បន្ត​​​ព្រួយ​​​បារម្ភ​​​​​​អំពី​​​លទ្ធផល​​​នៃ​​​ការ​​​ប្រឡង​​​ថ្នាក់​​​ជាតិ​​​​​​ប្រចាំ​​​ឆ្នាំ​​​២០១៤​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ប្រកាស​​​ថា សិស្ស​​​ដែល​​​ប្រឡង​​​​​​ធ្លាក់​​​នៅ​​​ក្នុង​​​ការ​​​ប្រឡង​​​​​​ដែល​​​មាន​​​ការ​​​សង្កេត​​​តាម​​​ដាន​​​យ៉ាង​​​តឹង​​​រឹុង​​​នេះ​​​​​​ នឹង​​​ទទួល​​​បាន​​​ឱកាស​​​ប្រឡង​​​ជា​​​លើក​​​ទី​​​២។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​ពិធី​​​ប្រគល់​​​សញ្ញាបត្រ​​​ដល់​​​និស្សិត​​​សាកលវិទ្យាល័យ​​​ន័រ​​​តុន ដែល​​​ប្រារព្ធ​​​ឡើង​​​នៅ​​​កោះ​​​ពេជ្រ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “យោង​​​តាម​​​ផែនការ​​​បម្រុង​​​របស់​​​ក្រសួង​​​អប់រំ នឹង​​​មាន​​​ការ​​​ប្រឡង​​​លើក​​​ទី​​​២”។

លោក​​​មាន​​​ប្រសាសន៍​​​ថា “គាត់​​​[ លោក ហង់ ជួន ណារ៉ុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អប់​​​រំ​​​] នឹង​​​ស្នើ​​​​​​សុំ​​​យោបល់​​​ពី​​​ខ្ញុំ​​​ ប៉ុន្តែ ខ្ញុំ​​​សូម​​​គាំទ្រ​​​យុទ្ធ​​​សាស្ត្រ​​​​​​របស់​​​គាត់​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា ​​​ការ​​​ប្រឡង​​​លើក​​​ទី​​​២​​​​​​អាច​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​រយៈ​​​ពេល​​​៦​​​សប្តាហ៍​​​ក្រោយ​​​។

ក្រោយ​​​ពី​​​ការ​​​ប្រឡង​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​កាល​​​ពី​​​សប្តាហ៍​​​មុន ដែល​​​ជា​​​លើក​​​ដំបូង​​​ត្រូវ​​​បាន​​​រៀប​​​ចំ​​​ឡើង​​​ក្រោម​​​ការ​​​សង្កេត​​​តាម​​​ដាន​​​របស់​​​អ្នក​​​សង្កេតការណ៍​​​ប្រឡង​​​រាប់​​​ពាន់​​​នាក់​​​​​​ ដែល​​​ជ្រើស​​​រើស​​​ដោយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ បណ្តា​​​គ្រូ​​​បង្រៀន​​​​​​ អនុរក្ស និង​​​អ្នក​​​សង្កេត​​​ការណ៍​​​បាន​​​ព្យាករ​​​ថា អត្រា​​​ប្រឡង​​​ជាប់​​​នៅ​​​ទូទាំង​​​ប្រទេស​​​នឹង​​​ធ្លាក់​​​ចុះ​​​ខ្លាំង​​​ដោយសារ​​​តែ​​​​​​សិស្ស​​​ត្រូវ​​​បាន​​​រារាំង​​​​​​​​​មិន​​​ឲ្យ​​​លួច​​​ចម្លង​​​។

លោក ហង់ ជួន ណារ៉ុន ដែល​​​ត្រូវ​​​បាន​​​ផ្លាស់​​​មុខ​​​តំណែង​​​​​​មក​​​ពី​​​ក្រសួង​​​​​​សេដ្ឋ​​​កិច្ច និង​​​ហិរញ្ញវត្ថុ​​​​​​​​​​​​​​​ ដើម្បី​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ក្រសួង​​​អប់រំ​​​ ក្រោយ​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​​​កាល​​​ពី​​​ឆ្នាំ​​​មុន បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​ប្រឡង​​​លើក​​​ទី​​​២​​​នេះ​​​មិន​​​មែន​​​ជា​​​គំនិត​​​របស់​​លោក​​​ទេ។

លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​សារ​​​ជា​​​អក្សរ​​​ថា “វា​​ជា​​​អនុសាសន៍​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ដែល​​​ផ្អែក​​​លើ​​​ការ​​​អនុវត្ត​​​កន្លង​​​មក​​​។ សិស្សា​​​នុសិស្ស​​​ត្រូវ​​​ត្រឡប់​​​ទៅ​​​សិក្សា​​​វិញ”។

ក្រសួង​​​អប់រំ​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ខែ​​​មីនា​​​ថា ការ​​​ប្រឡង​​​ថ្នាក់​​​ជាតិ​​​​​​នឹង​​​ក្លាយ​​​ជា​​​លក្ខខណ្ឌ​​​តែ​​​មួយ​​​​​​គត់​​​សម្រាប់​​​សិស្ស​​​​​​​​​ទទួល​​​បាន​​​ឱកាស​​​បន្ត​​​ការ​​​សិក្សា​​​នៅ​​​តាម​​​សាកល​​​វិទ្យាល័យ​​​រដ្ឋ ដោយ​​​​​​ក្រើន​​​រំឭក​​​ដល់​​​សិស្សានុសិស្ស​​​ឲ្យ​​​ត្រៀម​​​ខ្លួន​​​សម្រាប់​​​លក្ខខណ្ឌ​​ប្រឡង​​​ដ៏​​​តឹង​​​រឹុង​​​នៅ​​​ឆ្នាំ​​​នេះ ដែល​​​នៅ​​​ទី​​​បំផុត​​​នឹង​​​ធ្វើ​​​ឲ្យ​​​ការ​​​ប្រឡង​​​ដែល​​​​​​​​​ធ្លាប់​​​តែ​​​ញាំញី​​​ដោយ​​​ការ​​​សូក​​​ប៉ាន់​​​ និង​​​ការ​​​លួច​​​ចម្លង​​​ជាច្រើន​​​ឆ្នាំ​​​មក​​​នេះ​​​ មាន​​​ភាព​​​ស្អាត​​​ស្អំ។

លោក ហង់ ជួន ណារ៉ុន បាន​​​លើក​​​ឡើង​​​​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ថា លោក​​​ចង់​​​បាន​​​សិស្ស​​​​​​បញ្ចប់​​​ការសិក្សា ដែល​​​មាន​​​​​​សមត្ថភាព​​​​​​ខ្ពស់​​​​​​ជា​​​ជាង​​​បរិមាណ​​​ខ្ពស់​​​នៃ​​​ការ​​​ប្រឡង​​​ជាប់​​​ក្នុង​​​ចំណោម​​​​​​សិស្សានុសិស្ស​​​ជាង​​​៩០.០០០​​​នាក់​​​ ដែល​​​បាន​​​​​​ចូល​​​រួម​​​ការ​​​ប្រឡង​​​។​​​​​​​​​​​​​​​​​​​​​​​​​​

លោក រស់​​​ សាលីន អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​អប់រំ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​គ្មាន​​​ព័ត៌​​​មា​​​ន​​​ផ្លូវ​​​ការ​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ប្រឡង​​​ឡើង​​​វិញ​​​នេះ​​​ ប៉ុន្តែ លោក​​​បាន​​​លើក​​​ឡើង​​​ថា នឹង​​​មាន​​​កិច្ច​​​ប្រជុំ​​​ថ្នាក់​​​កំពូល​​​​​​មួយ​​​នៅ​​​សប្ដាហ៍​​​នេះ​​ ខណៈ​​​ពេល​​​​​​ការ​​​ប្រឡង​​​​​​លើក​​​ដំបូង​​​កំពុង​​​ត្រូវ​​​បាន​​​ដាក់​​​ពិន្ទុ​​​ជា​​​ដំណើរ​​​ការ​​​មួយ​​​​​​ដែល​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ ហើយ​​​តាម​​​ការ​​​រំពឹង​​​ទុក​​​ ដំណើរ​​​ការ​​​នេះ​​​នឹង​​​បន្ត​​​រយៈ​​​ពេល​​​ប្រាំ​​​បី​​​ថ្ងៃ​​​។

លោក​​​បាន​​​​​​ច្រាន​​​ចោល​​​ការ​​​លើក​​​ឡើង​​​ដែល​​​ថា ការ​​​ប្រឡង​​​ឡើង​​​វិញ​​​នេះ​​​​​​ជា​​​ការ​​​លើក​​​ទឹក​​​ចិត្ត​​​ដល់​​​អ្នក​​​មិន​​​សូវ​​​ខិតខំ ឬ​​​មិន​​​ខំ​​​ប្រឹង​​​រៀន​​​សូត្រ​​​​​​ ជាហេតុ​​​​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ដែល​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​​​​ចំពោះ​​​ការ​​​ក្រើន​​​រំឭក​​​របស់​​​ក្រសួង​​​ ហើយ​​​ខំប្រឹង​​​រៀន​​​សូត្រ​​​សម្រាប់​​​ការ​​​ប្រឡង​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ មាន​​​ទស្សន​​​មិន​​​ល្អ។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា “សិស្ស​​​ដែល​​​ខំ​​​​​​រៀន​​​សូត្រ​​​មាន​​​លក្ខណ​​​សម្បត្តិ​​​គ្រប់​​​គ្រាន់​​​រួច​​ទៅ​​​ហើយ​​​​​​ ពួក​​​គេ​​​មាន​​​សមត្ថភាព​​​​​​​​​​​​​​​។ សិស្ស​​​ខ្លះ​​​ទៀត​​​បាន​​​ធ្វើ​​​ខុស​​​​​​ ឬ​​​ប្រហែល​​​ជា​​​ឈឺ​​​ ហើយ​​​នឹង​​​ទទួល​​​បាន​​​ឱកាស​​​ម្តង​​​ទៀត ហើយ​​​អ្នក​​​ដែល​​​គ្មាន​​​សមត្ថ​​​ភាព​​​​​​នឹង​​​នៅ​​​តែ​​​ធ្លាក់​​​ដដែល”។

លោក រស់ សាលីន មាន​​​ប្រសាសន៍​​​ថា អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ ដែល​​​បាន​​​ជ្រើស​​​រើស​​​ និង​​​បណ្តុះ​​​បណ្តាល​​​អ្នក​​​សង្កេត​​​ការណ៍​​​ជាង​​​២.០០០នាក់​​​ដើម្បី​​​សង្កេត​​​តាម​​​ដាន​​​ការ​​​ប្រឡង និង​​​រាយការណ៍​​​ក្នុង​​​ករណី​​​សិស្ស​​​លួច​​​ចម្លង ឬ​​​គ្រូ​​​ទទួល​​​ការ​​​សូក​​​ប៉ាន់​​​ នឹង​​​ចូល​​​រួម​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​ប្រឡង​​​នៅ​​​លើក​​​ទី​​​២​​​នេះ​​​ទៀត។

នៅ​​​ពេល​​​​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក ឆាយ សាវុធ អនុ​​​ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ត្រូវ​​​រង់​​​ចាំ​​​មើល​​​លទ្ធផល​​​ជាមុន​​​សិន​​​”។

លោក ឆាយ វេ៉ត អាយុ​​​៤៣​​​ឆ្នាំ ជា​​​គ្រូ​​​បង្រៀន​​​ម្នាក់​​​មក​​​ពី​​​ខេត្ត​​​បាត់​​​ដំបង​​​ ដែល​​​ធ្វើ​​​ដំណើរ​​​មក​​​កាន់​​​ភ្នំពេញ​​​ដើម្បី​​​កែ​​​វិញ្ញាសា​​​ប្រឡង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អត្រា​​​ប្រឡង​​​ជាប់​​​គឺ​​​ទាប​​​ណាស់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ និង​​​ថ្ងៃ​​​ច័ន្ទ​​​ លោក​​​បាន​​​កែ​​​ក្រដាស​​​កិច្ច​​​ការ​​​​​ជា​​​ភាសា​​​អង់គ្លេស​​​​​​ចំនួន​​​១២៥​​​​​​​​​​​​​​​​​​​​​​​​ច្បាប់​​​ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា “ច្រើន​​​បំផុត​​​៣០​​​ភាគ​​​រយ” នៃ​​​បេក្ខជន​​​ប្រឡង​​​ ដែល​​​ជាប់​​​នៅ​​​ក្នុង “​​​ការ​​​ប្រឡង​​​​​​​​​ដ៏​​​ងា​​​យ​​​ស្រួល​​​ គឺ​​​ងាយ​​​ស្រួល​​​ជាង​​​ឆ្នាំ​​​មុន​​​ឆ្ងាយ​​​ណាស់​​​”។

លោក ផាន រិទ្ធីដែត ជា​​​សហសេវិក​​​ម្នាក់​​​របស់​​​លោក ឆាយ វ៉េត មក​​​ពី​​​ខេត្ត​​​បាត់​​​ដំបង​​​ ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​កែ​​​ឲ្យ​​​វិញ្ញាសា​​​ភាសា​​​អង់គ្លេស​​​ដែរ​​​នោះ​​​ បាន​​​បង្ហោះ​​​នៅ​​​​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​នូវ​​​ច្បាប់​​​ចម្លង​​​​​​នៃ​​​ក្រដាស​​​កិច្ច​​​ការ​​​សិស្ស​​​ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា ក្រដាស​​​កិច្ច​​​ការ​​​៩០​​​ភាគ​​​រយ​​​ ដែល​​​លោក​​​មើល​​​ឃើញ​​​ ត្រូវ​​​បាន​​​កែ​​​ឲ្យ​​​ធ្លាក់។

លោក ង៉ូវ ឈុន​​​ហាក់​​​ នាយក​​​វិទ្យាល័យ​​​បឹង​​​កេង​​​កង​​​ ដែល​​​បាន​​​ជួយ​​​ដឹក​​​នាំ​​មណ្ឌល​​​ប្រឡង​​​មួយ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​អំឡុង​​​ការ​​​ប្រឡង​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ បាន​​​មាន​​​ប្រសាសន៍​​​ថា សិស្ស​​​មួយ​​​ចំនួន​​​មិន​​​សរសេរ​​​អ្វី​​​សោះ​​​​​​ទៅ​​​លើ​​​​​​ក្រដាស​​​កិច្ច​​​ការ​​​របស់​​​ខ្លួន​​​។លោក​​​បាន​​​ព្យាករ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា “សិស្ស​​​​​​ដែរប្រឡង​​​ជាប់​​​នៅ​​​ឆ្នាំ​​​នេះ​​​មាន​​​ប្រហែល​​​២០​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​​​​”។

ទាំង​​​លោក ហ៊ុន សែន និង​​​លោក ហង់ ជួន ណារ៉ុន មិន​​​បាន​​​បញ្ជាក់​​​ពី​​​ហេតុ​​​ផល​​​សម្រាប់​​​ការ​​​ផ្តល់​​​ឱកាស​​​ប្រឡង​​​ជា​​​លើក​​​ទី​​​២​​​នេះ​​​ទេ​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា លោក ឆាយ វ៉េត ដែល​​​ជា​​​គ្រូបង្រៀន​​​មក​​​ពី​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​បក​​​ស្រាយ​​​ថា អាច​​​មាន​​​ហេតុផល​​​ពីរ​​​​​​យ៉ាង​​​។

លោក​​​បាន​​​បន្ត​​​ថា “មាន​​​ហេតុផល​​​ពីរ​​​។ ទី​​​១​​​ [ លោក​​​ ហ៊ុន សែន ]​​​​​​​​​ ចង់​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ផ្នែក​​​នយោបាយ​​​តាម​​​រយៈ​​​ការ​​​​​​ជួយ​​​សិស្ស​​​ដែល​​​ធ្លាក់​​​ឲ្យ​​​ប្រឡង​​​ជាប់​​​។ ទី​​​២ បណ្តា​​​សាកលវិទ្យាល័យ​​​ត្រូវ​​​ការ​​​និស្សិត​​​ ហើយ​​​ម្ចាស់​​​សាកលវិទ្យាល័យ​​​ទាំង​​​នោះ​​​ គឺ​​​ជា​​​មន្ត្រី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​”៕ សុខុម 

(រាយការណ៍​​​បន្ថែម​​​ដោយ ហ៊ុល​​​ រស្មី និង​​​ ផន បុប្ផា)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស