34 C
Phnom Penh

ខ្មែរ​ក្រោម​សាក​ល្បង​ការ​អត់ឱន​របស់​សាលា​រាជធានី​ចំពោះ​ការ​ប្រមូល​ផ្ដុំជា​សាធារណៈ​ និង​ការ​ធ្វើ​បាតុកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះសង្ឃ​ខ្មែរ​ក្រោម​ និង​អ្នក​តវ៉ា​ដែល​ជា​អ្នក​ជាតិ​និយម​ជាង​១.០០០អង្គ-​នាក់​ បាន​សាក​ល្បង​ការ​អត់​ឱន​របស់​សាលា​រាជ​ធានី​ចំពោះ​ការ​​ប្រមូល​ផ្ដុំ​ជា​សាធារណៈ​ និង​ការ​ធ្វើ​បាតុកម្ម​កាលពី​ម្សិលមិញ ដោយ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យជាលើក​ដំបូង​ ចាប់​តាំង​ពី​កន្លែង​នេះ​ត្រូវ​បាន​បើក​ឡើង​វិញ​កាលពី​សប្ដាហ៍​មុន ហើយ​បាន​បន្ត​ហែក្បួន​តាម​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​សុំអភ័យ​ទោស​​ពី​ស្ថាន​ទូត​វៀតណាម។khmer-krom

អ្នក​តវ៉ា​ដែល​កំពុង​ទាម​ទារ​ឲ្យមាន​ការ​ដក​ចេញ​វិញ​នូវ​ការ​លើក​ឡើង​របស់​មន្ត្រី​ទូត​វៀតណាម​ម្នាក់​កាលពី​ខែ​មិថុនា ដែល​ថា វៀតណាម​ខាង​ត្បូង​ ឬកម្ពុជា​ក្រោម​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​មុន​ត្រូវ​បាន​ប្រគល់​ជា​ផ្លូវ​ការ​ដោយ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៤៩​នោះ ត្រូវ​សាលា​រាជ​ធានី​ភ្នំពេញ​ប្រាប់​ថា មនុស្ស​​ត្រឹម​តែ​១០​នាក់​ប៉ុណ្ណោះ​ដែល​អាច​ហែក្បួន​តាម​ផ្លូវ​​ក្នុង​រាជ​ធានី​បាន​។

ទោះ​ជាយ៉ាង​ណា អ្នក​តវ៉ា​ជាង​១.០០០​នាក់​បាន​ហែក្បួន​ចេញ​ពី​ទីលាន​ប្រជា​ធិបតេយ្យ​ ហើយ​ដាក់​ញត្តិ​ជូន​ក្រសួង​ការ​បរទេស​ ស្ថានទូត​ភូមា និង​ស្ថានទូត​ឡាវ មុន​ពេល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស្ថានទូត​វៀតណាម​ ដែល​ត្រូវ​បាន​ការ​ពារ​យ៉ាង​តឹង​រ៉ឹង​ដោយ​នគរ​បាល​បង្ក្រាប​បាតុកម្ម និង​របាំង​ដែក​។

លោកស្រី សុខ សុធា អាយុ​៣៣​ឆ្នាំ ដែល​ជា​អ្នក​សម្រប​​សម្រួល​ការ​ហែក្បួន​កាលពី​ម្សិល​មិញ ជួស​មុខ​ឲ្យអង្គការ​យុវជន​ចំនួន​១៣​ និង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ (KKKC) បាន​និយាយ​ថា ​លោកស្រី​មិន​អាច​រារាំង​​ពល​រដ្ឋ​មិន​ឲ្យ​បំពាន​សារាចរ​ណែនាំ​របស់​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ឡើយ​។

លោកស្រី សុធា បាន​មាន​ប្រសាសន៍​ថា “យើង​ស្នើ​សុំ​ការ​អនុញ្ញាត​សម្រាប់​មនុស្ស​១.០០០​នាក់។ ពួកគេ​អនុញ្ញាត​ឲ្យ​យើង​ត្រឹម​តែ​១០​នាក់​ប៉ុណ្ណោះ”។ លោកស្រី​បាន​មាន​ប្រសាសន៍​ខណៈ​អ្នក​ហែក្បួន​បាន​រៀបចំ​បដា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ថា “តំណាង​១០​នាក់​របស់​យើង​នឹង​ហែក្បួន​ ប៉ុន្តែ​យើង​មិន​អាច​ឃាត់​ពួកគាត់​មិន​ឲ្យ​ដើរ​តាម​ពីក្រោយ​បាន​ឡើយ​ ពួកគាត់​នឹង​មក​ជាមួយ​យើង​”។

នៅ​ពេល​អ្នក​តវ៉ា​​ត្រៀម​ខ្លួន​សម្រាប់​ការ​ហែក្បួន​ រថយន្ត​ដឹក​កង​សន្តិសុខ​ នគរ​បាល​បង្ក្រាប​បាតុកម្ម​រាជធានី​ និង​កង​រាជ​អាវុធ​ហត្ថ​បាន​បើក​ក្រឡឹង​ចុះ​ក្រឡឹង​ឡើង។ អ្នក​​តវ៉ា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ហែក្បួន​ចេញ​ពីទីលាន​ប្រជាធិបតេយ្យ​ និង​អនុញ្ញាត​ឲ្យ​ហែ​តាម​ផ្លូវ​ក្នុង​រាជ​ធានី​ដោយ​គ្មានការ​រារាំង​។

តែ​ទោះ​ជាយ៉ាង​ណា លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​តវ៉ា​បាន​រំលោភ​បំពាន​កិច្ច​ព្រម​ព្រៀង​របស់​ពួកគេ​ជាមួយ​សាលា​រាជ​ធានី​។ លោក​បាន​មាន​ប្រសាសន៍ដោយ​បដិសេធ​មិន​និយាយ​ថា តើ​ទណ្ឌកម្ម​អ្វី​ដែល​​អ្នក​រៀបចំ​ការ​ហែក្បួន​​អាច​ត្រូវ​ប្រឈម​ថា ” យើង​បាន​អង្គុយ​​ចរចា​គ្នា​​។ យើង​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ហែក្បួន​ទេ​។ ឥឡូវ​នេះ​ពួកគេ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះការ​រំលោភ​បំពាន​នេះ​”។

នៅ​ពេល​ទៅ​ដល់​ក្រសួង​ការ​បរទេស​ ជាទីដែល​អ្នក​តវ៉ា​បាន​ចាប់​ផ្ដើម​ច្រៀង​ចម្រៀង​ស្នេហា​ជាតិ ខណៈ​បុរស​ម្នាក់​លេង​ហ្គីតា​តាម​រយៈ​ឧបករណ៍​បំពង​សំឡេង​ រដ្ឋលេខាធិការ​ លោក ឡុង វីសាលោ បាន​ជួប​ជាមួយ​​អ្នក​តវ៉ា​ ហើយ​ទទួល​យក​ញត្តិ​។

លោក​ វីសាលោ បាន​ប្រាប់​លោក​ ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍ខ្មែរ​កម្ពុជា​ក្រោម​ថា លោក​បាន​បញ្ជូន​បញ្ហា​នេះ​បន្ត​​ទៅ​កាន់​ស្ថានទូត​វៀតណាម​រួច​ហើយ​ ហើយ​ថា​រឿង​នេះ​វា​មិន​ស្ថិត​ក្នុង​ដៃ​​របស់​លោក​ទេ។

លោក​ វីសាលោ បាន​មាន​ប្រសាសន៍​ថា ” ឆ្លើយ​ឬមិន​ឆ្លើយ​ វា​ជា​សិទ្ធិ​របស់​ពួកគេ។ អ្នក​មាន​សិទ្ធិ​សួរ​សំណួរ​ ហើយពួកគេ​មាន​សិទិ្ធ​សម្រេច​ថា តើ​ពួកគេ​ចង់​ឆ្លើយ​តប​សំណួរ​របស់​​​អ្នក​ឬក៏អត់​”។

បន្ទាប់ពី​សម្រាក​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ ដែល​ ” អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រទេស​” ជា​អ្នក​ឧបត្ថម្ភ​ ក្រុម​អ្នក​តវ៉ា​បន្ទាប់​មក​បាន​ប្រគល់​ញត្តិ​ជូន​ស្ថានទូត​ភូមា​ និង​ឡាវ មុន​ពេល​ទៅ​ដល់​ស្ថានទូត​វៀតណាម ដែល​ត្រូវ​បាន​ការ​ពារ​សន្តិសុខ​យ៉ាង​តឹង​រ៉ឹង​ និង​ជា​ទី​ដែល​អ្នក​គាំទ្រ​រាប់​រយ​នាក់​បាន​ប្រមូលផ្ដុំគ្នា​។

អ្នក​តវ៉ា​នៅ​តែ​រក្សា​​ភាព​ស្ងប់​ស្ងាត់ ហើយ​នគរ​បាល​ក៏អ៊ីចឹង​ដែរ​ ខណៈ​អ្នក​លេង​ហ្គីតា​នៅ​តែ​បន្ត​លេង​ហ្គីតា ហើយ​លោក សេដ្ឋា និង​អ្នក​ផ្សេងៗ​ទៀត​បាន​ចែក​រំលែក​សារ​ និង​​ស្រែក​គំរាម​​តាម​រយៈ​ឧគ្ឃោសនសព្ទ​។

លោក សេដ្ឋា ដែល​ក៏​ជា​សមាជិក​មួយ​រូប​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដែល​មាន​សមា​ជិក​ចំនួន​២៦​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា យើង​នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​វៀតណាម​ជាបណ្ដោះ​អាសន្ន​ រហូត​ដល់​វៀតណាម​គោរព​​អធិបតេយ្យ​ភាព​របស់​ខ្មែរ និង​ពលរដ្ឋខ្មែរ​”។

លោក​បាន​មាន​​ប្រសាសន៍​​​បន្ថែម​ថា ” យើង​នឹង​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​នៅទូទាំង​ប្រទេស​ឈប់​ប្រើ​​ប្រាស់​ផលិត​ផល​វៀតណាម​។ ប្រសិន​បើ​ស្ថានទូត​វៀតណាម​មិន​សុំទោស​ទេ​ ការ​តវ៉ា​នឹង​បន្ត​ទៀត​”៕ គឹមហឿន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស