35 C
Phnom Penh

អតីត​​អ្នក​បើក​បរ​រថយន្ត​ក្រុង​ភ្នំពេញសូរិយាបន្ត​​ត​វ៉ា​ទាម​ទារឲ្យ​យក​ពួកគេ​​ចូល​បម្រើ​ការ​ងារ​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​បើក​បរ​រថយន្ត​ក្រុង​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពីក្រុម​ហ៊ុន​​ភ្នំពេញសូរិយា ដឹក​ជញ្ជូន​​អ្នក​ដំណើរ កាលពី​ដើម​ឆ្នាំ​នេះ​បាន​ធ្វើការ​តវ៉ា​ថ្មី​មួយ​នៅខាង​ក្រៅ​ចំណត​រថយន្ត​ក្រុង​នេះ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​ ដោយ​អំពាវ​នាវ​​ឲ្យ​អ្នក​​ដំណើរ​​​ឈប់​ប្រើ​​សេវា​រថយន្ត​ក្រុង​នេះ​បើមិន​យក​​ពួកគេ​ចូល​បម្រើការងារ​​វិញ ឬ​ផ្ដល់​សំណង​សមរម្យ​​ទេនោះ​។sorya-drivers

អ្នក​​បើក​​បរ​រថយន្ត​ទាំង​​១៧​នាក់នេះត្រូវ​បាន​បណ្ដេញ​ចេញ​កាលពី​ខែមេសា បន្ទាប់ពី​ពួក​គេ​បាន​ព្យា​យាម​បង្កើត​សហជីព​ ហើយ​បាន​យក​កូន​សោ​រថយន្ត​ក្រុង​ជា​ផ្នែក​មួយ​នៃ​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ និង​លក្ខខណ្ឌ​ការ​ងារ​ល្អ​ប្រសើរ​។

បន្ទាប់ពី​ពិនិត្យមើល​ករណី​នេះកាលពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​គួរទទួល​យក​បុគ្គលិក​ទាំង​នេះ​ចូលបម្រើ​ការងារ​វិញ។ក្រុម​ហ៊ុន​បាន​ច្រាន​ចោល​សេចក្ដី​សម្រេច​មិន​ភ្ជាប់​កាតព្វកិច្ច​ផ្លូវ​ច្បាប់​នេះ​បួន​ថ្ងៃ​ក្រោយ​មក ហើយ​បាន​ត​បត​ទៅនឹង​ការ​តវ៉ា​កាលពី​ម្សិលមិញ ដោយ​បាន​​ជួល​ឧគ្ឃោសនសព្ទ​ពីរ​គ្រឿង​ដើម្បី​បំពង​សំឡេង​លុបលើ​សំឡេង​នៃការ​​តវ៉ា​នោះ។

លោក យឹម គុយ​បា អតីត​អ្នក​បើក​បរ​រថយន្ត​ និង​ជា​អ្នក​រៀប​ចំ​ការ​តវ៉ាមកពីសហភាព​ការ​ងារ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ” មូលហេតុ​ដែល​យើង​មក​តវ៉ា​នៅ​មុខ​ចំណត​រថយន្ត​ក្រុ​ង​នៅ​ថ្ងៃ​នេះ គឺ​ដោយ​សារ​ក្រុម​ហ៊ុន​មិន​បានទទួល​យក​អតីត​អ្នក​បើក​បរ​រថយន្ត​ទាំង​១៧រូប​ឲ្យ​ចូលបម្រើការងារ​​វិញ​”។

លោក​បាន​បន្ថែម​ថា ” យើង​ចង់​ឲ្យពួកគេ​ឈប់​រើស​អើង​លើ​​សហជីព​​ដែរ។ យើង​មិន​ចង់​ឈរ​ហាល​ថ្ងៃ​ធ្វើ​​ការ​តវ៉ា​ និង​រំខាន​ដល់​អ្នក​ដំណើរ​ទេ ប៉ុន្តែ​ក្រុម​ហ៊ុននេះ​​បាន​រំលោភ​សិទ្ធិ​ស្ដីពី​ច្បាប់​ការ​ងារ​របស់​បុគ្គលិក​ អ្វី​ដែល​យើង​ធ្វើ​គឺ​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់​ខែប៉ុណ្ណោះ ហើយ​ពួក​គេ​បាន​​បណ្ដេញ​​ពួក​យើង​ចេញ​”។

លោក​បាន​មាន​ប្រសាសន៍​ថា អ្នក​បើក​បរ​រថយន្ត​ដែល​ស្លៀក​ពាក់​ឯកសណ្ឋានការ​ងារ​ចាស់​របស់​ខ្លួន​នឹង​ឈប់​តវ៉ា​ ប្រសិន​បើ​ពួកគាត​់​ទទួលបាន​ការ​ងារ​ចាស់​របស់ខ្លួន​​វិញ​នោះ។

ខណៈ​ដែល​បុរស​ទាំង​នេះ​ឈរ​កាន់​ស្លាក​សញ្ញា​អំពាវ​នាវ​​ទាម​ទារ​​សំណង និង​អំពាវនាវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឈប់​ប្រើ​​សេវា​រថយន្ត​ក្រុង​នេះ​ សេចក្ដី​ប្រកាសពី​ការ​​ចេញ​ដំណើរ​ពី​ចំណត​រថយន្ត​ត្រូវ​បាន​បំពង​សំឡេង​ឮៗ​តាម​រយៈ​តន្ត្រី​ ដែល​ក្រុម​ហ៊ុន​បាន​បំពង​សំឡេង​ដើម្បី​តបត​ទៅ​នឹង​ក្រុម​អ្នក​តវ៉ា​​។

អ្នកស្រី​ Chloe Journet ភ្ញៀវ​ទេសចរ​ជនជាតិ​បារាំង​ ដែល​បាន​រង់ចាំ​រថយន្ត​ក្រុង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ក្រចេះ​បាន​និយាយ​ថា ប្រសិន​បើ​​អ្នកស្រី​បាន​ដឹង​​អំពី​វិវាទ​នេះ​ អ្នក​ស្រី​ប្រហែល​ជា​ប្រើ​សេវា​ផ្សេង​ហើយ​។ អ្នកស្រី​បាន​និយាយ​ថា “ខ្ញុំ​គិត​ថា ប្រហែល​ជា​​ត្រូវប្ដូរ​​ទៅ​ថ្ងៃ​ផ្សេង​​តាម​រថយន្ត​ក្រុង​ផ្សេង​មួយ​ទៀ​ត​ទៅ​កាន់​ខេត្ត​ក្រចេះ ប៉ុន្តែ​សំបុត្រមាន​ត​ម្លៃ​ថ្លៃ​ណាស់​ ហើយ​យើង​បាន​​ទិញ​សំបុត្រ​ពី​សណ្ឋាគារ​រួច​ទៅ​ហើយ​”។

ការ​ចរចា​គ្រោង​​បន្ត​នៅ​ថ្ងៃ​ពុធរវាង​អ្នក​បើក​បរ​រថយន្ត​ និង​ក្រុម​ហ៊ុនភ្នំពេញសូរិយា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​។ លោក ចាន់ សុផាន់ណា អ្នក​គ្រប់​គ្រង​ទូទៅ​នៅ​ក្រុម​ហ៊ុន​​នេះ​បាន​មាន​ប្រសា​សន៍​ថា លោក​មិន​អាច​និយាយ​ថា តើ​អ្នក​បើក​បរ​រថយន្ត​ទាំង​នេះ​នឹង​ត្រូវ​ទទួលយក​មក​ធ្វើ​ការ​វិញ​ឬក៏អត់​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “អតីត​អ្នក​បើក​បរ​រថយន្ត​ទាំង​នេះ​មាន​សិទ្ធិ​ធ្វើការ​តវ៉ា​ ប៉ុន្តែ​ពួកគេ​មិន​គួរ​មក​រារាំង​រថយន្ត​ក្រុង​របស់​យើង​ទេ ពីព្រោះ​វា​ប៉ះពាល់​ដល់​សេវា​របស់​ក្រុម​ហ៊ុន​យើង​”៕ សារុន (រាយការណ៍​បន្ថែម​ដោយ Lauren Crothers)​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស