26 C
Phnom Penh

ទាហាន​​​កង​​​យោធពល​​​ខេម​​​រភូមិន្ទ​​​ម្នាក់​​​បាញ់​​​សម្លាប់​​​សមាជិក​​​គ្រួសារ​​​ ទាហាន​ម្នាក់​​​ទៀត​​​បាញ់​​​ឲ្យ​​​របួស​​​ចុងភៅ​​​ភោជនីយ​​​ដ្ឋាន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ទាហាន​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ម្នាក់​​​បាន​​​បាញ់​​​សម្លាប់​​​សាច់​​​ញាតិ​របស់​​​ខ្លួន​​​ម្នាក់​​​ បន្ទាប់​​​ពី​​​មាន​​​ជម្លោះ​​​ក្នុង​​​គ្រួសារ​​​មួយ​​​ ក្រោយថ្ងៃ​​​​សែន​​​ក្បាល​​​ទឹក​​​។ រី​​​ឯ​​​ទាហាន​​​ម្នាក់​​​ទៀត​​​បាន​​​ប្រើ​​​កាំភ្លើង​​​អាកា​​​​​​៤៧​បាញ់​​​នៅ​ភោជនីយ​​​ដ្ឋាន​​​មួយ​​​ក្នុង​ខេត្ត​ព្រះវិហារ​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍ ដោយ​​​ធ្វើ​​​ឲ្យ​​​​​​អ្នក​ឈរ​ក្បែរ​​​​ម្នាក់​​​រង​​​របួស។

លោក ម៉ក់ ហុង អធិការ​​​​​​នគរបាល​​​ខណ្ឌ​​​សែន​​​សុខ​​​បាន​​​ឲ្យដឹង​​​ថា លោក ​​​អៀប សុខម៉េង​​​ អាយុ​​​៣៦​​​ឆ្នាំ​​​​​​បាន​​​បាញ់​​​សម្លាប់​​​ប្អូន​​​ថ្លៃ​​​ប្រុស​​​ឈ្មោះ តាំង​​​ ងី អាយុ​​​២៨​​​ឆ្នាំ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨​​​និង​​​១៥​​​នាទី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​​​ ក្នុង​​​ខណ្ឌ​​​សែន​​​សុខ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​ទាំង​​​ពីរ​​​បាន​​​ឈ្លោះ​​​ប្រហែក​​​គ្នា​​​ “​​​រឿង​​​ទំនាស់​​​ក្នុង​​​គ្រួសារ​​​”។​​​​​​​​​​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​កង​​​កម្លាំង​​​នគរបាល​​​​​​របស់​​​យើង​​​កំពុង​​​ធ្វើ​​​ការ​​​លើ​​​ករណី​​​នេះ​​​ហើយ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា លោក ងី ត្រូវ​​​គ្រាប់​​​កាំភ្លើង​​​ចំ​​​ដោះ​ខាង​​​​ស្តាំ​​​មួយ​​​គ្រាប់ និង​​​ត្រង់​​​ពោះ​​​ខាង​​​ឆ្វេង​​​ពីរ​​​គ្រាប់​​​។ របាយការណ៍​​​របស់​​​នគរបាល​​​សង្កាត់​​​ទឹក​​​ថ្លា​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក សុខ​​​ម៉េង “​​​បាញ់​​​​​​​ក្នុង​គោល​បំណង​​សម្លាប់​​​តែ​​​ម្តង​​​” ក្រោយ​​​ជម្លោះ​​​ពាក្យ​​​​​សំដី​​​​​​។

លោក​​​ ម៉ក់ ហុង​​​ បាន​​​លើក​​​ឡើង​​​បន្ត​​​ថា លោក សុខម៉េង កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​។

យោង​​​តាម​​​ក្រុម​​មន្ត្រី​​​បាន​​​ឲ្យដឹង​​​ថា  នៅ​​​ក្នុង​​​ហេតុការណ៍​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ទាហាន​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ម្នាក់​​​ទៀត​​​ ដែល​​​ក៏​​​ជា​​​កូន​​​ប្រុស​​​មន្ត្រី​​​យោធា​​​បុណ្យ​​​ស័ក្ដិ​​​ខ្ពស់​​មួយ​​​រូប​​​ផង​​​នោះ​​​បាន​​​ប្រើ​​​កាំភ្លើង​​​អាកា​​​៤៧​បាញ់​​​​នៅ​ភោជនីយដ្ឋាន​​​មួយ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​​​​ដោយ​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​​​​​​​ម្នាក់​​​​​​រង​​​របួស​​​ធ្ងន់​​​។

​​​យោង​​​តាម​​​របាយ​ការណ៍​​​​​​​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ហីុង លីដា អាយុ​​​២២​​​ឆ្នាំ កូន​​​ប្រុស​​​របស់​​​វរ​​​សេនីយ៍​​​ឯក​​​ ហីុង សកម្ម​​​ មេបញ្ជាការ​​​កង​​​ពល​​​តូច​​​លេខ​​​៧​​​ ចំណុះ​កង​ពល​ធំ​លេខ​៣​ ​​​​​តំបន់​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​បាន​​​បាញ់​​​យ៉ាង​​​តិច​​​១០​​​គ្រាប់​​​លើ​​​ភោជនីយ​​​​​​ដ្ឋាន​​​ឈ្មោះ ជំនោរ​​​ដង​​​ស្ទឹង​​​ ហើយ​​​បាន​​​ធ្វើ​​​ឲ្យ​​​ចុង​​​ភៅ​​​អាយុ​​​១៩​​​ឆ្នាំ​​​ម្នាក់​​​ ឈ្មោះ ដួង​​​ ចិត្ត រង​​​របួស​​​។ ​​​​​​

របាយ​ការណ៍​​​នេះ​​​មាន​​​ខ្លឹមសារ​​​ថា លោក​​​ លីដា បាន​​​បើក​​​ការ​​​បាញ់​​​ប្រហារ​​​ទៅ​​​លើ​​​ភោជនីយដ្ឋាន​​​ដោយ​​ប្រើ​​​កាំ​​​ភ្លើង​​​អាកា នៅ​​​ម៉ោង​​​ប្រហែល​​​១២និង​​​៣០​​​នាទី រំលង​​​អធ្រាត្រ បន្ទាប់​​​ពី​​​ឈ្លោះ​​​ប្រកែក​​​ជាមួយ​​​គូ​​​ស្នេហ៍​​​របស់​​​ខ្លួន​​​​​​ដែល​​​ត្រូវ​​​ជា​​​កូនស្រី​​​របស់​​​ម្ចាស់​​​ភោជនីយដ្ឋាន​​​។ បន្ទាប់​​​ពី​​​ហេតុការណ៍​​​បាន​​​កើត​​​ឡើង​​​ លោក លីដា បាន​​​គេច​​​ខ្លួន​​​ចេញ​​​ពី​​​កន្លែង​​​កើត​​​ហេតុ​។

វរសេនីយ៍​​​ឯក មាស យឿន បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​រង​​​គ្រោះ ដួង ចិត្ត ត្រូវ​​​​​​គ្រាប់​​​កាំ​​​ភ្លើង​​​មួយ​​​គ្រាប់​​​​​​​​ ហើយ​​​បាន​​​រង​​​របួស​​​ធ្ងន់​​​មុន​​​ពេល​​​ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ព្យាបាល​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ។

​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្មាន់​​​កាំភ្លើង​​​ គឺ​​​ជា​​​ទាហាន​​​ម្នាក់​​​នៅ​​​កង​ពល​ធំលេខ​​​​៣​​​។ ការ​​​បាញ់​​​ប្រហារ​​​ឲ្យ​​​រង​​​របួស​​​ចុង​​​ភៅ​​​ភោជនីយ​​​ដ្ឋាន​​​នេះ គឺ​​​ជា​​​ការ​​​បាញ់​​​ប្រហារ​​​លើក​​​ទី​​​៣​​​ហើយ​​​។ ការ​​​បាញ់​​​លើក​​​ទី​​​១​​​ និង​​​លើក​​​ទី​​​២​​​ គឺ​​​លោក​​​ លីដា គ្រាន់​​​តែ​​​បាញ់​​​គំរាម​​​ម្ចាស់​​​ភោជនីយដ្ឋាន​​​ប៉ុណ្ណោះ​​​។

លោក ស៊ី គិរី ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​ឲ្យដឹង​​​ថា នគរ​​​បាល​​​កំពុង​សើុប​​​អង្កេត​​​ដើម្បី​​​តាម​​​ចាប់ខ្លួន​​​លោក លីដា ហើយ៕ គឹម​​​ហឿន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស