ក្រុមហ៊ុនចម្ការកៅស៊ូមួយរបស់វៀតណាម នៅក្នុងខេត្តរតនគិរី ដែលរងការចោទប្រកាន់ម្តងហើយម្តងទៀតថា បានទន្ទ្រានចូលដីរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ បានយល់ព្រមបញ្ឈប់សកម្មភាពកំណត់ព្រំប្រទល់ដីបន្ថែមទៀតកាលពីម្សិលមិញ បន្ទាប់ពីអ្នកភូមិមួយក្រុមបានចេញមុខតតាំងនឹងក្រុមហ៊ុននេះ ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះបានបំពានកិច្ចព្រមព្រៀងមួយ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីដើមឆ្នាំនេះ។
យោងតាមមន្ត្រីមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា នៅក្នុងពេលថ្មីៗនេះក្រុមហ៊ុនហ័ងអាញ់ លំផាត់ បានយល់ព្រមបែងចែកដីមានវិវាទទំហំ១.៤០០ហិកតានៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ជាពីរចំណែក ដោយរក្សាទុកចំណែកពាក់កណ្ដាលសម្រាប់ខ្លួនឯង និងពាក់កណ្ដាលទៀតទុកឲ្យអ្នកភូមិក្នុងមូលដ្ឋានប្រើប្រាស់។
តែទោះជាយ៉ាងណា អ្នកភូមិម្នាក់ឈ្មោះ កែវ សូឡឹង បាននិយាយថា គាត់ និងអ្នកភូមិចំនួន១៤នាក់ទៀតបានតតាំងនឹងកម្មករចម្ការកៅស៊ូមួយក្រុមមានគ្នាប្រហែល១០នាក់ ដែលគាត់និយាយថា កំពុងប្រើប្រាស់បង្គោលឈើដើម្បីកំណត់ព្រំប្រទល់ដី៣០ហិកតាទៀត នៅលើដីដែលក្រុមហ៊ុនបានអនុញ្ញាតឲ្យអ្នកភូមិរក្សាទុកប្រើប្រាស់។
អ្នកភូមិរូបនេះបាននិយាយទៀតថា “យើងបានប្រមូលអ្នកភូមិមួយចំនួន ដើម្បីបញ្ឈប់សកម្មភាពកម្មករកុំឲ្យបោះបង្គោលព្រំដី។ យើងបានរាយការណ៍ទៅមេឃុំថា ក្រុមហ៊ុននេះបានបំពានចូលដីរបស់អ្នកភូមិ ប៉ុន្តែ ខ្ញុំមិនដែលទទួលបានការឆ្លើយតបទេ”។
លោក គឹម ផាត មេឃុំជ័យឧត្តមបានមានប្រសាសន៍ថា លោកបានបញ្ជូនលោក មីុ ចាយ ប្រធានភូមិស្រែឈូក ឲ្យទៅសើុបអង្កេតហើយ ប៉ុន្តែ មិនទាន់ទទួលបានព័ត៌មានមកវិញទេ។
លោក មីុ ចាយ បានលើកឡើងថា លោកបានចូលរួមជាមួយអ្នកភូមិ នៅពេលពួកគេទៅប្រឈមតតាំងនឹងកម្មករចម្ការកៅស៊ូ ហើយនិយាយថា ក្រុមហ៊ុនបានយល់ព្រមបញ្ឈប់សកម្មភាពកំណត់ព្រំប្រទល់ដីតំបន់នោះ បន្ទាប់ពីអ្នកគ្រប់គ្រងក្រុមហ៊ុនម្នាក់ដែលនិយាយតែភាសាវៀតណាម បានទៅដល់ទីនោះ ដើម្បីចរចាជាមួយអ្នកភូមិតាមរយៈអ្នកបកប្រែ។
លោកបានលើកឡើងបន្ថែមទៀតថា “អ្នកគ្រប់គ្រងរូបនោះបានប្រាប់យើងថា គាត់មិនបានបញ្ជាឲ្យកម្មករបោះបង្គោលព្រំដីនៅទីនោះទេ គឺកម្មករទាំងនោះធ្វើដោយខ្លួនឯង”។
លោក គង់ ស៊្រុន អភិបាលស្រុកលំផាត់ ដែលមានប្រសាសន៍ថា លោកជាអ្នកជួយចរចាឲ្យមានការបែងចែកដីរវាងអ្នកភូមិ និងក្រុមហ៊ុនកាលពីខែមិថុនា បានមានប្រសាសន៍ថា លោកប្រាកដជាអនុវត្តតាមការព្រមព្រៀងនោះ។
លោកមានប្រសាសន៍បន្តថា “វានឹងមិនពិបាក [ ដោះស្រាយ ] ទេ ប្រសិនបើក្រុមហ៊ុនបំពានចូលដីរបស់អ្នកភូមិ។ យើងនឹងចុះទៅពិនិត្យមើលនៅក្នុងតំបន់នោះនៅពីរបីថ្ងៃក្រោយ រួចប្រគល់ដីនោះឲ្យទៅអ្នកភូមិវិញ ពីព្រោះយើងបានព្រមព្រៀងគ្នារួចហើយជាមួយក្រុមហ៊ុននេះ”៕ សុខុម