យោងតាមអភិបាលស្រុកម្នាក់ក្នុងខេត្តឧត្តរមានជ័យបានឲ្យដឹងថា អ្នកស្រី អឹុម ចែម ជាជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យបីនាក់ក្នុងសំណុំរឿង០០៤ ដែលជំទាស់ដោយរដ្ឋាភិបាលនៅសាលាក្ដីខ្មែរក្រហមនោះ ត្រូវបានកោះហៅឲ្យបង្ហាញខ្លួនដើម្បីធ្វើការសាកសួរ។
អ្នកស្រី អុឹម ចែម អាយុ៦៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទសម្របសម្រួលការធ្វើវិសុទ្ធិ កម្មក្នុងតំបន់ភាគពាយព្យក្នុងនាមជាកម្មាភិបាលខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ១៩៧០។
ការស៊ើបអង្កេតលើអ្នកស្រី និងជនសង្ស័យឈ្មោះ តា ទិត្យ និង តា អាន កំពុងត្រូវបានបន្តដោយលោក ម៉ាក ហាម៉ុន សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅសាលាក្ដីខ្មែរក្រហម។
លោក យឹម ផាន់ណា អភិបាលស្រុកអន្លង់វែង បានមានប្រសាសន៍ថា ” មន្ត្រីរបស់ខ្ញុំបានប្រាប់ខ្ញុំថា តុលាការបានកោះហៅអ្នកស្រីទៅសាកសួរនៅថ្ងៃច័ន្ទ ប៉ុន្តែខ្ញុំមិនដឹងកាលបរិច្ឆេទជាក់លាក់ថា តើនៅថ្ងៃនេះឬនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយឡើយ ពីព្រោះខ្ញុំមិនទាន់បានឃើញដីការបស់តុលាការនៅឡើយទេ”។
លោកបានមានប្រសាសន៍ថា ” អ្នកស្រីស្ថិតនៅផ្ទះរបស់គាត់នៅឡើយនៅថ្ងៃនេះ”។ អ្នកស្រី អុឹម ចែម រស់នៅក្នុងភូមិអូរអង្រែ ឃុំត្រពាំងតាវ។ លោក ប៊ិត សា៊ងលីម មេធាវីជនជាតិខ្មែររបស់អ្នកស្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
លោក សូ នៅ អធិការរងនគរបាលស្រុកបានមានប្រសាសន៍ថា លោកមិនបានឃើញដីកាកោះហៅទេ។
លោក ឡុង បញ្ញាវុធ អ្នកឃ្លាំមើលតុលាការនិងជាមន្ត្រីកម្មវិធីនៅអង្គការគំនិតផ្ដួចផ្ដើមយុត្តិធម៌កម្ពុជា បានមានប្រសាសន៍ថា “មែនហើយពួកគេបានកោះហៅអ្នកស្រីមែន ពួកគេបានកោះហៅអ្នកស្រីពីរលើកហើយ ប៉ុន្តែអ្នកស្រីមិនបានបង្ហាញខ្លួនទេ…។ យើងរង់ចាំមើលថា តើដីកាបង្គាប់ឲ្យនាំខ្លួននេះត្រូវបានចេញឬយ៉ាងណា…យើងត្រូវឃ្លាំមើលឲ្យបានដិតដល់”។ ដីកាបង្គាប់ឲ្យនាំខ្លួនត្រូវបានេចញដល់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងករណីដែលដីកាកោះហៅត្រូវបានធ្វើមិនដឹងមិនឮ៕ សារុន