29 C
Phnom Penh

ត​ុលា​ការ​នឹង​​​មិន​សាក​សួរ​សមា​ជិក​សភា​គណ​បក្ស​សង្គ្រោះ​ជាត​ិ​ជុំវិញ​ការ​ធ្វើ​កុបកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ចោទ​ប្រកាន់​ពីបទ​ “ដឹកនាំ​កុបកម្ម​” លើ​​​សមាជិក​សភា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាំពីរ​រូប​ បន្ទាប់ពី​ការ​តវ៉ា​ដ៏ហិង្សា​កាលពី​ខែ​មុន ឥឡូវ​នេះ​ទំនង​ជា​មិន​បន្ត​ទេ​ ដោយ​​មេធាវី​របស់​​​ពួក​​​គាត់​​​លើក​ឡើង​ថា ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​ពួក​គាត់​ថា លោក​​​មិន​អាច​​សាក​​សួរ​ពួក​គាត់​​​​​បាន​​​ទេ​​​ជុំវិញ​​ករណី​នេះ​​​ពីព្រោះ​ពួក​គាត់​បាន​ស្បថ​ចូល​​កាន់​​តំណែង​ជា​សមា​ជិក​ស​ភា​ទៅ​ហើយ​។

សមា​ជិក​សភា​ទាំង​ប្រាំពីរ​រូប​ រួម​ទាំង​មន្ត្រី​គណបក្ស​មួយ​រូប​ទៀត​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​​​បណ្តោះអាសន​្ន​​​​​ ពោល​​​គឺ​​​តែ​​​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​​​កិច្ច​ព្រម​ព្រៀង​កាល​ពីថ្ងៃ​ទី​២២ ខែ​កក្កដា ដើម្បី​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​​​ចូល​សភា​របស់​គណបក្ស​ប្រឆាំង​។ សកម្មជន​យុវ​ជន​គណបក្ស​សង្គ្រោះ​ជាតិ​បី​រូប​នៅ​​​​កំពុង​​​ជាប់​ពន្ធនាគារ​នៅ​ឡើយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ទាក់ទង​​គ្នា​នេះ​ដែរ​។

លោក កឹម សុខា អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចេញដីកាកោះ​ហៅ​​​កាល​ពី​ចុង​ខែ​មុន​​​ដោយ​​​កោះ​​​ហៅ​​​ឲ្យ​លោក​​​​ចូល​​​ខ្លួន​​​ទៅ​​​​សាលាដំបូង​​រាជ​ធានី​ភ្នំពេញ​​​​កាលពី​​​ម្សិលមិញ ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ​ការ​តវ៉ា​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ដែល​​​ជា​​​ចំណុច​​​ស្នូល​​​នៃ​​​ការ​ចោទ​ប្រកាន់​​​ទាំង​​​នេះ​​​។ លោក កឹម សុខា បាន​បញ្ជូន​មេធាវី​ពីរ​រូប​ទៅ​តុលាការ​ដើម្បី​តំណាង​រូប​លោក​កាល​ពី​ថ្ងៃម្សិលមិញ​។

លោកស្រី ម៉េង សុភារី ជា​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​​​ទាំង​នោះ​បាន​មាន​ប្រសាសន៍​សំដៅ​ដល់​ចៅក្រម​ កែវ មុនី ថា ” ខ្ញុំ​និង​លោក ចាន់ ចេន ជា​​​មេធាវី​មួយ​​​រូប​ទៀត​​បាន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ក្នុង​តួនាទី​ជា​មេធាវី​ការ​ពារ​ក្ដី​ឯក​​​ឧត្តម​ កឹម សុខា ប៉ុន្តែ​ចៅក្រម​ស៊ើប​សួរ​មិន​បាន​សាក​សួរ​ពួក​​​យើង​ទេ”។

លោក​ស្រី សុភារី បាន​មាន​ប្រសាសន៍​ថា “គាត់​បាន​ប្រាប់​ពួក​​​យើង​ថា គាត់​មិន​អាច​សាក​សួរ​ពួក​​​យើង​ ឬ​​​កូន​​​ក្ដី​របស់​យើង​បាន​ទេ​ ពីព្រោះ​កូនក្ត​ីរបស់​យើង​​ជា​សមាជិក​សភា​ ហេតុ​ដូច្នោះ​ហើយ គាត់​​​នឹង​​​ខុស​​​ប្រសិនបើ​​​គាត់​​​សាក​សួរ​សមាជិក​សភា​​”។

លោកស្រី​ សុភារី បាន​មាន​ប្រសាសន៍​ថា ទោះ​​​បី​​​ជា​​​ចៅ​​​ក្រម​​​សម្រេច​​​​បែប​​​នេះ​​​ក្តី​​​ ក៏​​​មិន​មាន​សេចក្ដី​សម្រេច​ណា​ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​​​​​សមាជិក​សភា​ទាំង​នោះ​ដែរ។ លោកស្រី​បាន​បន្ថែម​ថា “ចៅក្រម​ស៊ើបសួរ ​កែវ មុនី បាន​ប្រាប់​យើង​ថា លោក​បាន​បញ្ជូន​របាយការណ៍ទៅ​ក្រសួង​យុត្តិធម៌​ស្នើសុំ​​យោបល់​ពី​រដ្ឋសភា​អំពី​ករណី​នេះ​”។ គេ​មិន​អាច​ទាក់ទង​ចៅក្រម​ មុនី ដើម្បី​សុំអត្ថាធិប្បាយ​បាន​ទេ​។

​​​​​​​​​​​​​ មន្ត្រី​គណបក្ស​សង្គ្រោះ​​​ជាតិ​ទាំង​ប្រាំបីរូប​ដែល​ដឹក​នាំ​ដោយ​លោកស្រី មូរ សុខហួរ សមា​ជិកសភា​ជាន់​ខ្ពស់​​​​មក​​​ពី​​​គណបក្ស​ប្រឆាំង​​បាន​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​សប្ដាហ៍​ចាប់​តាំង​ពី​ការ​តវ៉ា​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​ដ៏ហិង្សា​រវាង​ក្រុម​អ្នក​តវ៉ា​ និង​សន្តិសុខ​ខណ្ឌ​ដូនពេញ បណ្ដាល​ឲ្យ​សន្ត​ិ​សុខ​​ឯកសណ្ឋាន​មួយ​ចំនួន​រង​របួស​ធ្ងន់​។

មេធាវី​ការ​ពារ​ក្ដី​បាន​លើក​ឡើង​ថា លោក អឿ ណារិទ្ធ មន្ត្រី​កិច្ច​ការ​សាធារណៈ​​​​របស់​​​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជាមួយ​សមាជិក​សភា​ទាំង​ប្រាំពីរ​រូប​​ នៅ​តែ​​​ត្រូវ​តុលាការ​គ្រោង​ធ្វើការ​​សាកសួរ​នៅ​ចុង​សប្ដាហ៍​​​នេះ​ដដែល​។

សកម្មជន​យុវជន​បី​​​រូប​ដែល​​​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ករណី​ដាច់​ដោយ​ឡែក​ពីគ្នា​ និងគួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ពោល​​​គឺ​​​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​​​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្បថ​ចូល​កាន់​តំណែងនោះ​ នៅ​ជាប់​ពន្ធនាគារ​ព្រៃ​ស​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ឡើយ​កាលពី​យប់​មិញ។

លោក កែត ឃី មេធាវី​ការ​ពារ​ក្ដី​តំណាង​​​ឲ្យ​​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ជួប​​ជាមួយ​លោក យូ ប៊ុនឡេង ប្រធាន​សាលា​ឧទ្ធរណ៍​កាលពី​ម្សិលមិញ ដើម្បី​សាក​សួរ​អំពី​បណ្ដឹង​ឧទ្ធរណ៍​​​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​ចៅក្រម​ មុនី ​​​កាល​​​ពី​​​ពីរ​សប្ដាហ៍​​​មុន​ ដែល​​​​ច្រាន​ចោល​សំណើ​សុំ​​​នៅ​ក្រៅ​ឃុំ​របស់​​​​សកម្មជន​យុវជន​គណបក្ស​សង្គ្រោះ​​​ជាតិ​។

លោក កែត ឃី បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ជួប​ជាមួយ​លោក យូ ប៊ុនឡេង ប្រធាន​សាលា​​ឧទ្ធរណ៍​នៅ​ថ្ងៃ​នេះ​។ លោក​បាន​ប្រាប់​ខ្ញុំ​ថា កាលបរិច្ឆេទ​បើក​សវនាការ​សុំ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ ប៉ុន្តែ​ថា លោក​បាន​ចាត់​តាំង​ចៅក្រម​ សេង ស៊ីវុត្ថា ឲ្យ​ចាត់​ការ​រឿង​ក្ដី​នេះ ដូច្នេះ​យើង​សង្ឃឹម​ថា នឹង​មាន​ការ​បើក​សវនាការ​លើ​សំណើ​សុំ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នៅ​ពេល​ឆាប់ៗ​នេះ​”។

លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​កាលពី​សប្ដាហ៍​មុន​ថា លោក​ទទួល​បាន​ការ​សន្យា​​ដោយ​ផ្ទាល់​ពី​លោក​ ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​មហាផ្ទៃ​ថា ការ​​​ប្តឹង​​​ទាស់​​​​នឹង​ត្រូវ​បានសម្រេច​​យល់​ព្រម ហើយ​សកម្មជន​ទាំង​បី​នាក់​នឹង​ត្រូវ​បាន​ដោះ​លែង​។

នៅ​ក្នុង​សុន្ទរកថា​មួយ​កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​បញ្ហា​ថា តើ​សមាជិក​សភា​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​បាន​ប្រាក់​ខែ​សម្រាប់​រយៈ​ពេល​១០​ខែ​ ដែល​ពួកគេ​បាន​​​ធ្វើ​ពហិការ​មិន​ចូល​សភា​ឬ​​​យ៉ាងណា​​​ដោយ​​​អះអាង​ថា ទឹក​ប្រាក់​សរុប​នឹង​មាន​ចំនួន​រហូត​ដល់​ជិត​១លាន​ដុល្លារ​ឯណោះ។

លោក​ ហ៊ុន​ សែន បាន​មាន​ប្រសាសន៍​ណែ​​​នាំ​​​​ឲ្យ​​​សមាជិក​សភា​គណបក្ស​ប្រឆាំង​​ស្នើ​សុំ​ការ​សម្រេច​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​​​ថា “កុំ​​​និយាយ​​​ពី​បញ្ហា​ប្រាក់​ខែ​ តាម​​​រយៈ​​​ការ​ស្នើ​សុំ​ជំនួយ​​​ពី​​នាយក​រដ្ឋមន្ត្រី​ ឬ​ប្រធាន​សភា​អី”។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​គោរព​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ។ កុំ​​​និយាយ​ថា ហ៊ុន សែន ជា​មនុស្ស​ចិត្ត​ចង្អៀត​ឲ្យ​សោះ។ លុយ​​​នោះ​​​ជា​លុយ​ជាតិ​ វា​បាន​មក​ពី​អ្នក​បង់​ពន្ធ​”។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ​​​ភ្លាមៗ​​​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​​​គម្រោង​​​​​ដាក់​សំណើ​បែប​នេះ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទេ ប៉ុន្តែ​នឹង​ពិចារណា​ពី​បញ្ហា​​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​បាន​គិត​ពី​រឿង​ហ្នឹង​ទេ។ វា​មិន​មែន​ជា​កង្វល់​ឡើយ ហើយ​វា​ក៏​​​មិន​មែន​ជា​​​បញ្ហា​អាទិភាព​ដែរ។ គេ​​​​ប្រហែល​ជា​គិត​ថា យើង​ចង់​បាន​ប្រាក់​ខែ​របស់​យើង ប៉ុន្តែ​គឺ​​​ខុស​​​ហើយ​​​ ហើយ​ខ្ញុំ​មិនទាំង​​​​ចង់​លើក​ឡើង​ពី​បញ្ហា​នេះ​​​ផង​​​”៕ សារុន (រាយ​​​ការណ៍បន្ថែម​ដោយ AlexWillemyns)​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស