29 C
Phnom Penh

អ្នក​​​ភូមិ​​​​​​​​​ឡ​​​ពាង​​​ដែល​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​ជាមួយ​​​ក្រុមហ៊ុន​​​ខេឌីស៊ី​​​របស់​​​លោក​​​ស្រី ជា​​ ខេង ត្រូវ​​​បាន​​​​ចាប់​​​ខ្លួន​​​បន្ថែម​​​ទៀត​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​​​បី​​​នាក់​​​ដែល​​​​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​​​​​របស់​​​ភរិយា​​​លោក ស៊ុយ​​​ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល​​​ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ ខណៈ​​​ពេលពួកគាត់​​​​​​កំពុង​​​ហែ​​​ក្បួន​​​ជា​​​មួយ​​​អ្នក​​​ភូមិ​​​ប្រហែល​​​៥០​​​នាក់​​​​​​ទៀត​​​មក​​​ពី​​​ភូមិ​​​ឡពាង ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង ​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​។

អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​មាន​​​គម្រោង​​​ហែ​​​ក្បួន​​​​​​ក្នុង​​​ចម្ងាយ​​​ផ្លូវ​​​ប្រមាណ​​​៧០​​​គីឡូ​​​ម៉ែត្រ​​​ពី​​​ឃុំ​​​តាជេស មក​​​កាន់​​​ក្រសួង​​​យុត្តិធម៌​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ​​​​​​ក្នុង​​​បំណង​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ដើម្បី​​​​​​​​​បញ្ចប់​​​វិវាទ​​​របស់​​​ពួក​​​គាត់​​​​​​​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​ខេឌីស៊ី របស់​​​លោកស្រី ជា ខេង ដែល​​​ត្រូវ​​​ជា​​​ភរិយា​​​របស់​​​លោក ស៊ុយ សែម ​​​និង​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​​​​ដោះ​​​លែង​​​អ្នក​​​ភូមិ​​​ពីរ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ដោយសារ​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​កាល​​​ពី​​​ខែ​​​មុន​​​ជា​​​មួយ​​​កម្មករ​​​ក្រុម​​​ហ៊ុន​​​នេះ​​​។

ប៉ុន្តែ នៅ​​​ពេល​​​ពួក​​គាត់​​​​​​ហែ​​​មក​​​ដល់​​​​​​កំណាត់​​​ផ្លូវ​​​​​​ជាតិ​​​លេខ​​​៥​​​ ក្នុង​​​ឃុំ​​​ឈូក​​​ស ខេត្ត​​​កំពង់​​​ឆ្នាំង ក៏​​​មាន​​​នគរ​​​បាល​​​ និង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ប្រដាប់​​​ដោយ​​​ដំបង និង​​​ខែល​​​ រង់​​​ចាំ​​​រារាំង​​​ពួក​​គាត់​​​នៅ​​​ទី​​​នោះ​​​ នេះ​​​បើ​​​យោង​​​តាម​​​អ្នក​​​ភូមិ​​​​​​ម្នាក់​​​ឈ្មោះ​​​ ខាត់​​​ សារួន ។

​​​អ្នក​​​ស្រី ខាត់ សារួន ​​​និយាយ​​​ថា “នគរបាល និង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បិទ​​​ផ្លូវ​​​ជាតិ​​​ ហើយ​​​ពួក​​​គេ​​​បាន​​​ចាប់​​​ផ្ដើម​​​បំផ្លាញ​​​ឆ្នាំង​​​បាយ​​​ ចាន​​​ក្បាន និង​​​សម្លៀក​​​បំពាក់​​​របស់​​​យើង​​​ ដែល​​​ទុក​​​នៅ​​​ក្នុង​​​រទេះ ដោយ​​​សារ​​​តែ​​​អ្នក​​​តវ៉ា​​​ដី​​​ធ្លី​​​ទាំង​​​នេះ​​​គ្រោង​​​ស្នាក់​​​នៅ​​​បណ្ដោះ​​​អាសន្ន​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ ពេល​​​នោះ​​​យើង​​​បាន​​​តតាំង​​​​​នឹង​​​​​នគរបាល​​​ដែល​​​កាន់​​​ខែល​​​ និង​​​ដំបង។ ពួក​​​គេ​​​បាន​​​ទះ​​​ខ្ញុំ​​​ពីរ​​​កំផ្លៀង ហើយ​​​បន្ទាប់​​​មក​​​បាន​​​​​ប្រើ​​​ដំបង​​​វ៉ៃ​​​ក្បាល​​​ ស្មា និង​​​ដៃ​​​របស់​​​ខ្ញុំ​​​ផ្ទួនៗ”។

លោក ជួប ចាន់​​​​​​ធឿន នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​តាជេស​​​ បាន​​​បង្វែរ​​​សំណួរ​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នេះ​​​ទៅ​​​នគរ​​​បាល​​​ខេត្ត​​​ដែល​​​​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​។ ប៉ុន្តែ លោក​​​បាន​​​បញ្ជាក់​​​ថា ពិត​​​ជា​​​មានការ​​​ចាប់ខ្លួន​​​មនុស្ស​​​បី​​​នាក់​​​មែន​​​ ហើយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា កូន​​​​​​ចៅ​​​របស់​​​លោក​​​កំពុង​​​តាម​​​ចាប់​​​ខ្លួន​​​អ្នក​​​ភូមិ​​​​​​បន្ថែម​​​ទៀត ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ហេតុការណ៍​​​ប៉ះទង្គិច​​​គ្នា​​​កាល​​​ពី​​​ខែ​​​កក្កដា។

បន្ទាប់​​​ពី​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នេះ​​​ នគរ​​​បាល​​​បាន​​​​​​ចាប់​​​ខ្លួនលោក ស្ងួន ញឿន ជា​​​អ្នក​​​ភូមិ​​​ម្នាក់​​​ក្នុង​​​​​ចំណោម​​​អ្នក​​​ភូមិ​​​ប្រាំ​​​បី​​​នាក់ ដែល​​​​​​មិន​​​គោរព​​​តាម​​​ដីកា​​​កោះ​​​ហៅ​​​ឲ្យ​​​ចូល​​​ខ្លួន​​​ទៅ​​​សាលា​​​ដំបូង​​​​​​​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ ដើម្បី​​​សាក​​​សួរ​​​​​​ជុំ​​​វិញ​​​ហេតុការណ៍​​​ប៉ះ​​​ទង្គិច​​​គ្នា​​​មួយ​​​កាល​​​ពី​​​ខែ​​​កក្កដា ជាមួយ​​​កម្មករ​​​ដែល​​​សាង​​​សង់​​​របង​​​ព័ទ្ធ​​​ជុំវិញ​​​ដី​​​មាន​​​វិវាទ​​​។

អ្នក​​​ភូមិ​​​ពីរ​​​នាក់​​​ទៀត​​​ឈ្មោះ ស្រ៊ុន​​​ ថា និង​​​ គុច ហុក ក៏​​​ត្រូវ​​​ចាប់ខ្លួន​​​ដែរ​​​។ អ្នក​​​ទាំង​​​បី​​​​​ត្រូវ​​​បាន​​​ដឹក​​​តាម​​​រថយន្ត​​​មួយ​​​គ្រឿង​​​ឆ្ពោះ​​​ទៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មុន​​​ពេល​​​បញ្ជូន​​​ខ្លួន​​​ទៅ​​កាន់​​​សាលា​​​ដំបូង​​​ដើម្បី​​​ធ្វើការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​ដោយ​​​ចេតនា​​​ និងពីបទ​​​​​​បង្ក​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​។

យោង​​​តាម​​​​​ប្រធាន​​​ពន្ធនាគារ​​​ខេត្ត​​​​​​កំពង់​​​​​​ឆ្នាំ​​​ង​​​ បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​យប់​​​មិញ បុរស​​​ទាំង​​​បី​​​នាក់​​​នេះ​​​​​បាន​​​ជាប់​​​ឃុំ​​​នៅ​​​ពន្ធនាគារ​​​ខេត្ត។

រឿង​​​រ៉ាវ​​​ចាប់ខ្លួន​​អ្នក​​​ភូមិ​​​​​​​​​បាន​​​ចាប់​​​ផ្ដើម​​​កាល​​​ពី​​​ជាង​​​មួយ​​​ទសវត្សរ៍​​​មុន​​​។កាល​​​ពី​​​ឆ្នាំ​​​២០០២​​​ ក្រុមហ៊ុន​​​របស់​​​លោក​​​ស្រី ជា ខេង បាន​​​ទិញ​​​ដី​​​​​​ទំហំ​​​៦០០ហិកតា រួម​​​​​​ទាំង​​​ដី​​​ទំហំ​​​១៤៥ហិកតា ដែល​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​ក្នុង​​​ភូមិ​​​ឡពាង ប្រើ​​​ប្រាស់​​​បង្ក​​​បង្កើន​​​ផល​​​កសិកម្ម​​​អស់​​​រយៈ​​​ពេល​​​រាប់​​​ទសវត្សរ៍​​​មក​​​ហើយ​​​ផង​​​ដែរ​​​។ អ្នក​​​ភូមិ​​​​​​បាន​​​ចាប់​​​ផ្ដើម​​​​​ប្ដឹងផ្ដល់​​​​​​​​ក្រុម​​​ហ៊ុន​​​នេះ​​​ទៅ​​​​​​តុលាការ ចំណែក​​​ឯ​​​តុលាការ​​​មិនបាន​​​អើពើ​​​នឹង​​​ពាក្យ​​​បណ្ដឹង​​​របស់​​​អ្នក​​​ភូមិ​​​​​ឡើយ ហើយ​​​បែរ​​​ជា​​​តាម​​​ចាប់​​​ខ្លួន​​​អ្នក​​​ដែល​​​ត្រូវ​​​ក្រុមហ៊ុន និង​​​កម្មករ​​​របស់​​​ក្រុមហ៊ុន​​​​​​ប្តឹង​​​ទៅ​​​វិញ​​​។

យោង​​​តាម​​​លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេកទេស​​​សើុប​​​​​​អង្កេត​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​លីកាដូ ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​ក្នុង​​​រយៈ​​​ពេល​​​ជាច្រើន​​​ឆ្នាំ​​​មក​​​នេះ អ្នក​​​ភូមិ​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​ “​​​បាន​​​ប្រឈម​​​នឹង​​​អំពើ​​​ហិង្សា​​​គ្រប់​​រូប​​​ភាព​​​ ការ​​​ចាប់ខ្លួន និង​​​ការ​​​ឃុំឃាំង​​​” ហើយ​​​តុលាការ​​​នៅ​​​តែ​​​​​​​​​កាន់​​​ជើង​​​លោក​​​ស្រី​​​ ជា ខេង ដដែល​​។

ដោយ​​​​​​ប្រឈម​​​​​ការ​​​បំភិត​​​បំភ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​​​​​​ខ្លាច​​​​​​​​ត្រូវ​​​ចាក​​​ចេញ​​​​​​ពី​​​ដីធ្លី​​​​​​របស់​​​ខ្លួន​​​ទាំង​​ដៃ​​​ទទេ អ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​​​​ក៏​​​បាន​​​សម្រេច​​​ចិត្ត​​​ទទួល​​​យក​​​សំណង​​​ពី​​​ក្រុមហ៊ុន​​​ខេឌីស៊ី ហើយ​​​ចាក​​​ចេញ​​​ពី​​​ដី​​​នោះ​​​។ ប៉ុន្តែ អ្នក​​​ភូមិ​​​ផ្សេង​​​ទៀត​​​​​​មានះ​​​មិន​​​ព្រម​​​​​​ទទួល​​​យក​​​សំណង​​​ឡើយ​​​។

លោក ចាន់ សុវ៉េត អ្នក​​​សើុប​​​អង្កេត​​​ជាន់​​​ខ្ពស់​​​នៅ​​​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា តាម​​​ពិត​​​ ករណី​​​នេះ​​​​​​បាន​​​កើត​​​ឡើង​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០១​​​មក​​​ម៉្លេះ​​​ នៅ​​​ពេល​​​អ្នក​​​ភូមិ​​​និយាយ​​​ថា ពួកគាត់​​​​​​ត្រូវ​​អតីត​​​ប្រធាន​​​ភូមិ​​​ឈ្មោះ ថៃ ហ៊ី ដែល​​​បាន​​​ក្លាយ​​​ជា​​​តំណាង​​​ក្រុមហ៊ុន​​​ខេឌីស៊ី ក្បត់​​​។ អ្នក​​​ភូមិ​​​និយាយ​​​ថា លោក ថៃ ហ៊ី បាន​​​ឃុប​​​ឃិត​​​ជាមួយ​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​ផ្សេង​​​ទៀត​​​ដើម្បី​​​លក់​​​ដី​​​​​​របស់​​​ពួក​​គាត់​​​​​ឲ្យ​​​ទៅ​​​ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​ស្រី ជា ខេង ។

លោក ចាន់ សុវ៉េត​​​ ​​​មាន​​​ប្រសាសន៍​​​​​​ថា ចាប់តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ “អ្នក​​​ភូមិ​​​យ៉ាង​​​ហោច​​​ណាស់​​​២៤​​​នាក់​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​នេះ​​​ ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​ ចោទ​​​ប្រកាន់​​​ ចាប់ខ្លួន និង​​​តាម​​​ចាប់​​​ខ្លួន​​​ដោយ​​​តុលាការ​​​​​​​​​ដោយ​​​សារ​​​​​​តែ​​​ការ​​​តវ៉ា​​​អហិង្សា ដើម្បី​​​ការ​​​ពារ​​​ដី​​​ដែល​​​ក្រុម​​​ហ៊ុន​​​ខេឌីស៊ី បាន​​​ចាប់​​​យក​​​”។ទន្ទឹម​​​នឹង​​​នេះ​​​ អាជ្ញាធរ​​​ “​​​ក៏​​​មិន​​​បាន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​វិវាទ​​​ដី​​​ធ្លី​​​នៅ​​​ឡពាង​​​ ដែរ​​​”។

លោក ចាន់ សុវ៉េត​​​ បាន​​​លើក​​​ឡើង​​​បន្ត​​​ថា “ក្រុមហ៊ុន​​​នេះ​​​មាន​​​ឥទ្ធិពល​​​ណាស់​​​ដោយ​​​សារ​​​តែ​​​ម្ចាស់​​​ក្រុមហ៊ុន​​​​នេះ​​​​​​ជា​​ពាណិជ្ជករ​​​ស្ដុក​​​ស្ដម្ភ ដែល​​​មាន​​​ប្តី​​​ជា​​​មន្ត្រី​​​រដ្ឋាភិបាល​​​ជាន់​​​ខ្ពស់”។ ដោយសារ​​​តែ​​​​​បែប​​​​​​នេះ “​​​អាជ្ញាធរ​​​មិន​​​បាន​​​សើុប​​​អង្កេត​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​ដើម្បី​​​ស្វែង​​​រក​​​ការ​​​ពិត​​​ថា តើ​​​អ្នក​​​ភូមិ​​ពិត​​​ជា​​​បាន​​​លក់​​​ដី​​​ឲ្យ​​​ទៅ​​​ក្រុមហ៊ុន​​​មែន​​​ ឬ​​​ក៏​​​អត់​​​នោះ​​ឡើយ​​​​​​”។​​​

កាល​​​ពី​​​ឆ្នាំ​​​២០០៩​​​ មេធាវី​​​ម្នាក់​​​របស់​​​លោកស្រី ជា ខេង បាន​​​គំរាម​​​ប្ដឹង​​​កាសែត​​​ខេមបូឌា ដេលី ប្រសិន​​​បើ​​​កាសែត​​​នេះ​​​នៅ​​​តែ​​​បន្ត​​​ចុះ​​​ផ្សាយ​​​ថា លោកស្រី​​​ជា​​​ភរិយា​​​របស់​​​លោក ស៊ុយ សែម ។ មេធាវី​​​​​​នេះ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ពេល​​​នោះ​​​ថា នេះ​​​គឺ​​​ជា​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​ “ព័ត៌​​​​​​មាន​​​​​​​​មិន​​​ពិត​​​”​​​​​​​​​​​​។

កាល​​​ពី​​​ខែ​​​កុម្ភៈ លោក​​​ស្រី ជា ខេង បាន​​​ផ្ដល់​​​ឯកសារ​​​ឲ្យ​​​អង្គការ​​​អាដហុក​​​ ដែល​​​បង្ហាញ​​​ថា លោក​​​ស្រី​​​បាន​​​ចំណាយ​​​ប្រាក់​​​ចំនួន​​​​​​៧០.០០០​​​ដុល្លារ​​​ទិញ​​​ដី​​​ទំហំ​​​៦០០ហិកតា រួម​​​ទាំង​​​ដី​​​មាន​​​វិវាទ​​​ទំហំ​​​១៤៥ហិកតា​​​ផង​​​ដែរ​​​។ នៅ​​​ក្នុង​​​ខែ​​​នោះ លោក​​​ស្រី​​​បាន​​​យល់​​​ព្រម​​​ឲ្យ​​​បង្កើត​​​គណៈ​​​កម្មការ​​​មួយ​​​ទទួល​​​បន្ទុក​​​សើុប​​​អង្កេត​​​​​ការ​​​អះអាង​​​របស់​​​អ្នក​​​ភូមិ​ដែល​​​លើក​​​ឡើង​​​ថា ​ដី​​​នោះ​​​ជា​​​ដី​​​របស់​​​ពួកគាត់​​​​​​។ ប៉ុន្តែ អ្នក​​​​​​ភូមិ​​​និយាយ​​​ថា គណៈកម្មការ​​​នោះ​​​មិន​​​បាន​​ប្រឹង​​​ប្រែង​​​កាត់​​​សេចក្ដី​​​ក្នុង​​​វិវាទ​​​នេះ​​​ទេ ហើយ​​​ផ្ទុយ​​​ទៅវិញ​​​បែរ​​​ជា​​​បង្ខំ​​​អ្នក​​​ភូមិ​​​ឲ្យ​​​​​​ទទួល​​​យក​​​សំណង​​​។

លោក នួន សន មេឃុំ​​​តាជេស ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​អះអាង​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​នេះ​​​​​ដោយ​​​​​​លោក​​​ស្រី ជា ខេង គឺ​​​ច្បាស់​​​លាស់​​​ណាស់​​​ ពីព្រោះ​​​លោក​​​ស្រី​​​មាន​​រាល់​​​​​​ឯកសារ​​​​​​ច្បាប់។  លោក​​​បាន​​​លើក​​​ឡើង​​​ថា “វា​​​មិន​​​មែន​​​មក​​​ពី​ក្រុម​​​ហ៊ុន​​​​​​​​​នេះ​​​មាន​​​ឥទ្ធិពល​​​នោះ​​​ទេ។ ​​​​​​ពិត​​ណាស់​​​​​​គឺ​​​ថា ក្រុមហ៊ុន​​​មាន​​រាល់​​​ឯកសារ​​​ច្បាប់​​​ចំពោះ​​​មុខ​​​ច្បាប់ ដើម្បី​​​បង្ហាញ​​​ពី​​​សិទ្ធិ​​​ស្រប​​​ច្បាប់​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​គ្រប់​​​គ្រង​​​លើ​​​ដី​​​នេះ​​​ នោះ​​​មិន​​​មែន​​​ជា​​​ការ​​​ចាប់​​​យក​​​ដី​​​ទេ​​​”។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា យោង​​​តាម​​​ច្បាប់​​​ភូមិ​​​បាល​​​ ប្រជា​​​ពល​​​រដ្ឋ​​​មាន​​​សិទ្ធិ​​​​​​ទទួល​​​បាន​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ធ្លី​​​តាមផ្លូវ​​​ច្បាប់ ប្រសិន​​​បើ​​​ពួក​​​គាត់​​​រស់​​​នៅ​​​លើ​​​ដី​​​ឯក​​​ជន​​​គ្មាន​​​វិវាទ​​​រយៈ​​​ពេល​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំ​​​ឆ្នាំ​​​ មុន​​​ឆ្នាំ​​​២០០១។

អ្នក​​​ភូមិ​​​វ័យ​​​ចំណាស់​​​ម្នាក់​​​ដែល​​​អះ​​​អាង​​​ថា បាន​​​រស់​​​នៅ​​​លើ​​​ដី​​​នេះ​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៧៩​​​មក​​​នោះ ​​​បាន​​​ចេញ​​​មុខ​​​ប្ដឹង​​​លោក​​​ស្រី ជា ខេង។ តុលាការ​​​បាន​​​កាត់​​​សេចក្ដី​​​ឲ្យ​​​លោក​​​ស្រី​​​ ជា ខេង ឈ្នះ ហើយ​​​​​បាន​​​បង្គាប់​​​ឲ្យ​​​​​​អ្នក​​​ភូមិ​​​​​​វ័យ​​​ចំណាស់​​​ដែល​​​ពេល​​​នោះ​​​មាន​​​វ័យ​​​៧០​​​ឆ្នាំ​​​ បង់​​​សំណង​​​២.៥០០​​​ដុល្លារ​​​ទៅ​​​​​​ក្រុមហ៊ុន​​​​​ខេឌីស៊ី។

កាល​​​ពី​​​ខែ​​​កក្កដា ទោះ​​​បី​​​ជា​​​ប្រជា​​​ពល​​​រដ្ឋ​​​ជាង​​​១៦​​​គ្រួសារ​​​​​​មិន​​​ព្រម​​​ទទួល​​​យក​​​សំណង​​​ពី​​​ក្រុម​​​ហ៊ុន​​​នៅឡើយ​​​​​​ក្តី​​​ ក៏​​​កម្មករ​​​របស់​​​ក្រុមហ៊ុន​​​ខេឌីស៊ី បាន​​​ចាប់​​​ផ្ដើម​​​សាង​​​សង់​​​របង​​​ព័ទ្ធ​​​ជុំវិញ​​​ដី​​​មាន​​​វិវាទ​​​ ហើយ​​​ភា​​​ព​​​តាន​​​តឹង​​​ក៏​​​បាន​​​ផ្ទុះ​​​ឡើង​​​។ អំឡុង​​​ហេតុការណ៍​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ជា​​​បន្ត​​​បន្ទាប់​​​កាល​​​ពីខែ​​​មុន​​​ កម្មករ​​​​​​ប្រដាប់​​​ដោយ​​​ចំពាម​​​កៅស៊ូ​​​​​​​​​​​​ បាន​​​​​បាញ់​​​​​​ដុំ​​​ថ្ម​​​តូច​​​ៗ​​​​​ទៅលើ​​​អ្នក​​​ភូមិ​​​ ហើយ​​​កម្មករ​​​​​​ទាំង​​​​​​នោះ​​​ក៏​​​បាន​​​រង​​​របួស​​​ដែរ​​​ ដោយ​​​សារ​​​អ្នក​​​ភូមិ​​​​​​គប់​​​​​​របស់​​​ផ្សេងៗ​​​ទៅ​​​លើ​​​ពួក​​​គេ​​​វិញ​​​​​​។

យ៉ាង​​​ហោច​​​ណាស់​​​មនុស្ស​​​ប្រាំ​​​បី​​​នាក់​​​មក​​​ពី​​​ភូមិ​​​ឡពាង និង​​​ភូមិ​​​ក្បែរ​​​ៗខាង ​​​ត្រូវ​​​បាន​​​តុលាការ​​​កោះ​​​ហៅ​​​ឲ្យ​​​ចូល​​​ខ្លួន​​​ក្រោយ​​​ពី​​​មាន​​​ហេតុការណ៍​​​ប៉ះ​​​ទង្គិច​​​គ្នា​​​​​លើក​​​ចុង​​​ក្រោយ​​​​​​ជា​​​មួយ​​​កម្មករ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧​​​ ខែ​​​កក្កដា។ មនុស្ស​​​ប្រាំ​​​នាក់​​​ រួម​​​ទាំង​​​​​​​​​បុរស​​​បី​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ​​​ផង ពេល​​​នេះ​​​កំពុង​​​ជាប់​​​ឃុំ​​​បណ្ដោះ​​​អាសន្ន។

លោក អំ សំអាត ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ថាន​​​ភាព​​​ចលាចល​​​​​​នៅ​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ក្នុង​​​ភូមិ​​​ឡពាង​​​ គឺ​​​ជា​​​រឿង​​​ចៀស​​​​មិន​​​ផុត ដែល​​​កើត​ឡើង​​​​​​​​ដោយ​​​សារ​​​​​​រដ្ឋាភិបាល​​​ និង​​តុលាការ​​​​​​មិន​​​បាន​​​​​បំពេញ​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​​​​ក្នុង​​​រយៈ​​​ពេល​​​ជាង​​​មួយ​​​ទសវត្សរ៍​​​មក​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “គេ​បាន​​​លើក​​​ឡើង​​​តាំង​​​ពីមុន​​​ និង​​​ពេល​​​នេះ​​​ថា ​​​រដ្ឋាភិបាល​​​​​​​​​​​ដឹង​​​ជា​​​យូរ​​​មក​​​ហើយ​​​​​​ថា វិវាទ​​​ដី​​​ធ្លី​​​ដែល​​​គ្មាន​​​ការ​​​ដោះ​​​ស្រាយ​​​ គឺ​​​ជា​​​ការ​​​​​​គំរាម​​​កំហែង​​​ចំពោះ​​​ស្ថិរភាព​​​សង្គម​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​”៕សុខុម​​​ (រាយការណ៍​​​បន្ថែម​​​ដោយ 
Lauren Crothers)​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស